ប្រជាពលរដ្ឋជាង ៤០០គ្រួសារ ដែលកំពុងតាំងលំនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រងនូវការចោទប្រកាន់ថា រស់នៅលើដីកម្មសិទ្ធិរបស់អ្នកដទៃ ហើយអាជ្ញាធរមិនបានចុះបញ្ជីដីធ្លីឲ្យនោះទេ។ ក្នុងករណីនេះ អ្នកភូមិខ្លះត្រូវសមាគមកសិករប្ដឹងឡើងតុលាការទាំង ៣ថ្នាក់ តែមិនទាន់ដោះស្រាយចប់នៅឡើយ។ ស្របពេលជាមួយគ្នានោះដែរ ប្រជាពលរដ្ឋជាង ៤០០គ្រួសារ បានប្ដឹងតវ៉ាទាមទាររកយុត្តិធម៌ពីស្ថាប័នដែលពាក់ព័ន្ធជាបន្តបន្ទាប់។
គណៈកម្មការដោះស្រាយវិវាទដីធ្លីចុះវាស់ដីទំនាស់ច្រើនភូមិ នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ តទៅ។
ការចុះវាស់ដីនេះ បានធ្វើឡើងក្រោយពីអ្នកភូមិជាង ៤០០គ្រួសារ បានដាក់ញត្តិទៅស្ទើរគ្រប់ស្ថាប័ន ទាមទារយុត្តិធម៌រឿងដីធ្លីពួកគាត់ដែលកំពុងអាស្រ័យផល បានពាក់ព័ន្ធច្រើនស្ថាប័នរហូតមានការប្ដឹងអ្នកភូមិទៅតុលាការច្រើនថ្នាក់ទៀតផង។
ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ លោក អ៊ុំ វុធី ថ្លែងថា ការចុះវាស់ដីនេះ គឺតាមបញ្ជាពីអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ក្រោយពីបានទទួលបណ្ដឹងពីអ្នកភូមិ ស្នើសុំដោះស្រាយដីកំពុងស្នាក់នៅ និងអាស្រ័យផលតាមផ្លូវជាតិលេខ៤ បែរជាស្ថិតនៅក្នុងប្លង់កម្មសិទ្ធិជនជាតិចិនតៃវ៉ាន់ និងរបស់អង្គការក្រៅរដ្ឋាភិបាល។ លោកថា បញ្ហាកម្មសិទ្ធិដីហាក់មិនប្រក្រតីនេះ ទើបអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី បង្កើតគណៈកម្មការមួយនៅថ្នាក់ខេត្ត ឲ្យចុះវាស់ដីជម្លោះនៅក្នុងឃុំត្រែងត្រយឹង ដែលមានពលរដ្ឋចំនួន ៤៤៧គ្រួសារ រស់នៅក្នុងភូមិចំនួន៣ គឺភូមិចម្ការចេក ភូមិ៣ និងភូមិ៦ ឲ្យដឹងចំនួនពិតថាប៉ុន្មានគ្រួសាររស់នៅលើប្លង់កម្មសិទ្ធិរបស់ជនណា ឬអង្គការណា?៖ «ប្រជាពលរដ្ឋយើង ៤៤៧គ្រួសារហ្នឹង គាត់រស់នៅលើដីរបៀបម៉េច ហើយពាក់ព័ន្ធជាមួយនឹងដីគេហ្នឹងរបៀបម៉េច? ឧទាហរណ៍ថា ក្នុងដីមួយប្លង់របស់គេ ដែលមានប័ណ្ណចាស់ តើប្រជាពលរដ្ឋប៉ុន្មានគ្រួសារដែលរស់នៅលើដីហ្នឹង»។
មេឃុំត្រែងត្រយឹង អ្នកស្រី កែវ សុផាត ថ្លែងថា ការចុះវាស់ដីជម្លោះនៅក្នុងឃុំនេះ ទើបចាប់ផ្ដើមនៅថ្ងៃទី១២ ខែសីហា។ អ្នកស្រីថា អ្នកភូមិច្រើនរយគ្រួសារបារម្ភខ្លាំងពីការបាត់បង់ដី និងផ្ទះ ដែលពាក់ព័ន្ធកម្មសិទ្ធិអ្នកដទៃនោះ។
ដូចគ្នាដែរ មេភូមិចម្ការចេក លោក ងឹម សុផល ឲ្យដឹងថា ការតាំងលំនៅរបស់ពលរដ្ឋនៅក្នុងភូមិនេះ មានខ្លះចាប់ផ្តើមពីឆ្នាំ១៩៧៩ មក ខ្លះក៏មកនៅជាង ១០ឆ្នាំកន្លងមកនេះ។ ចំណែកបញ្ហាជម្លោះដីវិញ បានកើតឡើងអំឡុងឆ្នាំ២០០៦ ទៅដល់ឆ្នាំ២០១១ ដែលកាលនោះភូមិចម្ការចេក ចំណុះឲ្យភូមិ៣។ លោកថា បច្ចុប្បន្នភូមិចម្ការចេក ក៏មិនទាន់មានការទទួលស្គាល់ពីក្រសួងមហាផ្ទៃ នៅឡើយ ប៉ុន្តែមានអ្នកភូមិរស់នៅ ៣២៣គ្រួសារ ដែលបានផ្ដិតមេដៃប្ដឹងតវ៉ាដីធ្លីទៅអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ដើម្បីបានរស់នៅលើដីរបស់ខ្លួន។ លោកបន្តថា ការចុះវាស់ដីនៅក្នុងភូមិចម្ការចេក នៅថ្ងៃទី១២ ខែសីហា ទើបបាន ១០គ្រួសារទេ។
ចំណែកតំណាងពលរដ្ឋភូមិចម្ការចេក លោក ឌួង ស៊ីប៊ុនថុល លោកស្រី ប៉ូ វីរ៉ា និងលោកស្រី សុខ គង់ អះអាងថា ដីភូមិ៣ បានពាក់ព័ន្ធកម្មសិទ្ធិអង្គការក្រៅរដ្ឋាភិបាលឈ្មោះសមាគមកសិករ ដែលបានប្ដឹងអ្នកភូមិពីឆ្នាំ២០០៦ ថាបានតាំងលំនៅលើដីពួកគេ ហើយតុលាការ ៣ថ្នាក់ បានផ្ទេរមកឲ្យអាជ្ញាធរខេត្តដោះស្រាយវិញ។ បន្ទាប់មកនៅឆ្នាំ២០១១ មានជនជាតិចិន ២នាក់ ចោទអ្នកភូមិចំនួន៣ គឺភូមិចម្ការចេក ភូមិ៣ និងភូមិ៦ រស់នៅក្នុងប្លង់កម្មសិទ្ធិរបស់ពួកគេ ទើបអ្នកភូមិប្ដឹងទៅអាជ្ញាធរខេត្តកំពង់ស្ពឺ ប្ដឹងទៅទីស្ដីការគណៈរដ្ឋមន្ត្រី ប្ដឹងទៅរដ្ឋសភា ប្ដឹងទៅអាជ្ញាធរជាតិដោះស្រាយវិវាទដីធ្លី ស្នើសុំរកដំណោះស្រាយ៖ «ព្រោះអ្នកខ្លះរហូតដល់អត់ហ៊ានដាំដំណាំលើដីរបស់ខ្លួន ខ្លាចដាំទៅបានទៅលើគេទៅទៀត»។
លោក សំ តាំង តំណាងពលរដ្ឋភូមិ៦ អះអាងថា អ្នកភូមិ ៦៧គ្រួសារបានផ្ដិតមេដៃប្ដឹងជនជាតិចិន ធ្វើប្លង់កម្មសិទ្ធិរំលោភយកដីពួកគាត់ ទើបគណៈកម្មការដោះស្រាយវិវាទដីធ្លីចុះវាស់ដី ប៉ុន្តែមិនទាន់វាស់មកដល់ភូមិ៦ នេះនៅឡើយ។
មន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្រុកភ្នំស្រួច លោក អ៊ុំ វុធី ឲ្យដឹងថា គណៈកម្មការដោះស្រាយវិវាទដីធ្លីនេះនឹងវាស់ដីជម្លោះរហូតចប់ចំនួនអ្នកប្ដឹង ៤៤៧គ្រួសារនោះ ដើម្បីសិក្សាពីទំហំប៉ះពាល់ ហើយដាក់របាយការណ៍វាស់វែងជូនអាជ្ញាធរជាតិដោះស្រាយ។ លោកថា ការចុះវាស់ដីនៅថ្ងៃនេះមិនទាន់មានអ្នកជំទាស់នៅឡើយទេរហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។