ប្រជាពលរដ្ឋរស់នៅឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលចោទប្រកាន់ក្រុមហ៊ុន សុវណ្ណវិវឌ្ឍន៍ ថាបានរំលោភយកដីធ្លីរបស់ពួកគាត់ បានប្រតិកម្មចំពោះក្រុមហ៊ុននេះដែលយកកម្លាំងប្រដាប់អាវុធ ដាក់កុងត្រូលបិទផ្លូវមិនឲ្យពួកគាត់ដឹកផលកសិកម្មឆ្លងកាត់ ដែលនាំឲ្យពួកគាត់ជួបការលំបាក។ បញ្ហានេះ ពួកគាត់ធ្លាប់បានដាក់ញត្តិសុំឲ្យអភិបាលស្រុក អន្តរាគមន៍ថាពុំមានដំណោះស្រាយ។
ពលរដ្ឋ ១៤គ្រួសារនៅភូមិពេជ្រសង្វា ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច បានស្នើឲ្យអាជ្ញាធរស្រុកឆ្លើយតបចំពោះញត្តិដែលពួកគាត់សុំឲ្យអន្តរាគមន៍ទៅក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ ដករបាំងចេញពីផ្លូវដែលពួកគាត់ធ្វើដំណើរឆ្លងកាត់។
បុរសអ្នកភូមិពេជ្រសង្វា ម្នាក់ក្នុងចំណោមពលរដ្ឋដាក់ញត្តិ គឺលោក ថោង បូរ៉ា ថ្លែងនៅថ្ងៃទី៣០ សីហា ថា ក្រុមហ៊ុន សុវណ្ណ វិវឌ្ឍន៍ ដែលមានបញ្ហាដីធ្លីជាមួយអ្នកភូមិមិនទាន់ដោះស្រាយនោះ បានដាក់របាំងលើផ្លូវ និងដាក់កម្លាំងទាហានយាមល្បាត មិនឲ្យអ្នកភូមិជិះចូល និងឆ្លងកាត់នោះទេ ហើយបានប្រើពាក្យសម្ដីគំរាមកំហែងអ្នកភូមិប្រមាណ ៣ខែនេះ។ លោកស្នើឲ្យអាជ្ញាធរស្រុកភ្នំស្រួច ដោះស្រាយសំណូមពររបស់អ្នកភូមិដែលបានដាក់ញត្តិជូន កាលពីថ្ងៃទី១៤ ខែសីហា កន្លងទៅ។
លោក ថោង បូរ៉ា៖ «ប្រជាពលរដ្ឋទូទៅហ្មង ព្រោះអីឃើញគាត់បរគោយន្តហ្នឹង ទាល់តែអោនក្រោមកុងត្រូលហ្នឹង បានទៅរួច គេដាក់បារ៉ាស់ហ្នឹង គឺអាចឆ្លងទៅរួចប្រហែលជាមួយម៉ែត្រកន្លះ និងអាចជិះម៉ូតូបាន ហើយយើងចង់ដឹកអីសំពីងសំពោងដឹកអីផ្សេងៗក៏ចូលអត់កើតដែរ ទាល់តែផ្អៀងឈប់រកដួលរកអ៊ីចឹង ដូចយើងដឹកសម្ភារៈផ្សេងៗ ដូចជា ពូជដំណាំ ដូចជា ដំឡូងមី ដូចជាកូនអំពៅ ចុងអំពៅអ៊ីចឹង វាអត់បើកឲ្យចូល។ យើងចូលយើងស្រាយរបស់គេចូលបាន ប៉ុន្តែគេនឹងធ្វើឲ្យយើងមើល គេមានកាំភ្លើងគេនិយាយចឹង តែយើងព្យាយាមទៅផ្លូវវៀង គេតាមប្រមាញ់តាមរករឿងយើងកណ្ដាលព្រៃ អាងមានកាំភ្លើងមានអ៊ីចឹង មើលទៅដូចអាក្រក់មើលដូចប្លន់អ៊ីចឹងណា»។
ឆ្លើយតបបញ្ហានេះ អភិបាលស្រុកភ្នំស្រួច លោក ពេជ្រ ចន្ថា បានអះអាងថា អ្នកភូមិ ១៤គ្រួសារដែលកំពុងតវ៉ានោះ បានមករស់នៅ និងបង្កបង្កើនផលក្រោយក្រុមហ៊ុន សុវណ្ណវិវឌ្ឍន៍។ ដូច្នេះ ក្រុមហ៊ុនគេត្រូវតែការពារដីរបស់ក្រុមហ៊ុន។ លោកបញ្ជាក់ថា លោកនឹងពន្យល់បញ្ហានេះទៅពលរដ្ឋ កុំឲ្យមានការតវ៉ាតទៅទៀត។
លោក ពេជ្រ ចន្ថា៖ «មិនមែនគេបិទផ្លូវទេ បើនិយាយទៅបងប្អូនហ្នឹងគាត់ចូលកាន់កាប់ដីហ្នឹង ក្រោយក្រុមនិស្សិតចូលវាស់វែងរួច គេដែលមានដីពាក់ព័ន្ធពីមុននោះ ក្រុមនិស្សិតគេវាស់វែងរួចអស់ហើយ គេកាត់ដីក្រុមហ៊ុនហ្នឹងណាឲ្យទៅពួកគាត់ ប៉ុន្តែ ១៤គ្រួសារ និងនៅក្រោយក្រុមនិស្សិតទៅចូលយកដីរបស់ក្រុមហ៊ុន និងគេអត់ឲ្យចូលហ្នឹង គេមិនមែនមិនឲ្យដើរចូលទេ គេអត់ឲ្យយកឡានដឹកអំពៅដឹកអីហ្នឹងណា យកទៅដាំលើដីរបស់ក្រុមហ៊ុន គេរារាំង រឿងពិតវាចឹងទេ មិនមែនគេបិទផ្លូវទេ។ អ្នកស្រុកដែលមានដីនៅក្នុងក្រុមហ៊ុនកាលនិស្សិតគេវាស់ឲ្យហ្នឹង គេចេញចូលធម្មតាតាស៎»។
បើទោះបីជាមានការអះអាងថាយ៉ាងនេះក្ដី ពលរដ្ឋដដែលបានបដិសេធថា ពួកគាត់ទៅរស់នៅ និងបង្កបង្កើនផលលើដីនោះតាំងពីឆ្នាំ២០០៥ ក្រោយក្រុមហ៊ុនមួយឈ្មោះ ស្លាតសាណាន ក៏ប៉ុន្តែមានការទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានត្រឹមត្រូវ។ រីឯក្រុមហ៊ុន សុវណ្ណវិវឌ្ឍន៍ បានមកកាន់កាប់ឆ្នាំ២០១០ នឹងបានរារាំងមិនឲ្យក្រុមនិស្សិតចុះវាស់វែងដីជូនពលរដ្ឋទៀតផង។ ពួកគាត់ក្នុងមួយគ្រួសារ កាន់កាប់ដីកសិកម្ម ៥ហិកតារ ដែលក្រុមហ៊ុននេះគួរតែដោះស្រាយជូនពួកគាត់ដែលមានជីវភាពខ្វះខាត។
ទាក់ទងបញ្ហាវិវាទដីធ្លីនេះ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៣ ប្រជាពលរដ្ឋបានប្ដឹងក្រុមហ៊ុននេះទៅតុលាការខេត្តពីបទប្រើអំពើហិង្សា ដុតបំផ្លាញផ្ទះ និងឈូសឆាយដំណាំរបស់អ្នកភូមិ។ តុលាការខេត្តបានចេញដីកាកោះហៅរូប លោក ថោង បូរ៉ា ជាដើមបណ្ដឹងឲ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៤ ខាងមុខ។ ពួកគាត់បានហៅចំណាត់ការរបស់តុលាការនេះ ថាជាការអូសបន្លាយពេលវេលាមិនដោះស្រាយជូនពលរដ្ឋឲ្យបានទាន់ពេល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។