ពលរដ្ឋ​ខេត្ត​កំពង់ធំ​ចង់​ឲ្យ​តុលាការ​ចាត់​វិធានការ​លើ​មន្ត្រី​អាង​អំណាច​រំលោភ​យក​ដី​អ្នក​ភូមិ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ លើក​ឡើង​ថា ពួក​គេ​ចង់​ឃើញ​មាន​ការ​ដាក់​ទោស​ទណ្ឌ​ដល់​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​ជំនាញ​ទាំងឡាយ​ណា​ដែល​បាន​យក​តួនាទី​របស់​ខ្លួន មក​រំលោភ​យក​ដី​ពួក​គាត់។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​សាលា​ដំបូង​ខេត្ត​កំពង់ធំ បាន​សម្រេច​ចាត់​ចែង​ដី​ជម្លោះ​រវាង​ប្រជាពលរដ្ឋ​ជាង ២០​គ្រួសារ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ ជូន​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្រោយ​ពេល​សាលា​ដំបូង​ខេត្ត​កំពង់ធំ សម្រេច​ចាត់​ចែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា ជា​បណ្ដោះអាសន្ន ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​សប្បាយ​រីករាយ។

បន្ថែម​ពី​នេះ ពួក​គាត់​ស្នើ​ឲ្យ​តុលាការ​សម្រេច​ផ្ដល់​ដី​ដែល​កំពុង​មាន​វិវាទ​ជាមួយ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ មក​ឲ្យ​ពួក​គាត់​ជា​ផ្លូវ​ការ ជៀសវាង​មាន​បញ្ហា​ពេល​ក្រោយ។ លើស​ពី​នេះ​ទៀត ពលរដ្ឋ​ក៏​ចង់​ឃើញ​ចំណាត់​ការ​របស់​តុលាការ ចំពោះ​មន្ត្រី​អាជ្ញាធរ​ណា​ដែល​យក​អំណាច និង​តួនាទី មក​គាប​សង្កត់​ពួក​គាត់​ទៀត​ផង។

តំណាង​ពលរដ្ឋ ២១​គ្រួសារ​នៅ​ភូមិ​ថ្មសំលៀង លោកស្រី យ៉ែម ហេង ឲ្យ​ដឹង​ថា ដី​ប្រជាពលរដ្ឋ​ជាង ២០​គ្រួសារ​ដែល​បាន​ចូល​កាន់​កាប់​ជា​បន្តបន្ទាប់​ក្រោយ​ឆ្នាំ​២០០០ ត្រូវ​បាន​ខាង​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កំពង់ធំ ឈូស​ឆាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណាំ​ផ្សេងៗ​របស់​អ្នក​ភូមិ​កាល​ពី​ពេល​កន្លង​ទៅ។ លោកស្រី​បន្ត​ថា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ លោក តិប ញាតា ជា​អ្នក​បញ្ជា​ឲ្យ​បក្ខពួក​ទៅ​ឈូស​ឆាយ​ដី​ពួក​គាត់ ដោយ​បញ្ជាក់​ថា​ជា​ដី​របស់​រដ្ឋបាល​ព្រៃ​ឈើ​សម្រាប់​ដាំ​កូន​ឈើ​ឡើង​វិញ ប៉ុន្តែ​ធាតុ​ពិត ពលរដ្ឋ​អះអាង​ថា គឺ​ឈូស​ឆាយ​ដើម្បី​យក​ដី​ពលរដ្ឋ​លក់​ឲ្យ​ឈ្មួញ​ច្រើន​ជាង៖ « ដាំ​កូន​ឈើ​មិន​សម​ទេ ព្រោះ​ជា​ដី​ដែល​ប្រជាពលរដ្ឋ​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០០ ឲ្យ​តែ​មុន​បទបញ្ជា​០១ »

កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ចៅក្រម​សាលា​ដំបូង​ខេត្ត​កំពង់ធំ លោក វង្ស សិរី បាន​ចេញ​ដីកា​ចាត់​ចែង​ដីធ្លី​ជាង ១០០​ហិកតារ​ជា​បណ្ដោះអាសន្ន​ជូន​ប្រជាពលរដ្ឋ ២១​គ្រួសារ​នៅ​ភូមិ​ថ្មសំលៀង ឃុំ​ក្រយា និង​ពលរដ្ឋ​នៅ​ឃុំ​បាក់ស្នា។ ក្នុង​លិខិត សម្រេច​មិន​ឲ្យ លោក តិប ញាតា ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់ធំ និង​តតិយជន ឬ​ជន​ផ្សេង​ទៀត​ដែល​តំណាង​ឲ្យ លោក តិប ញាតា ទៅ​ឈូស​ឆាយ​ដំណាំ ព្រម​ទាំង​ធ្វើ​សកម្មភាព​ផ្សេងៗ​លើ​ដី​ប្រជាពលរដ្ឋ​ចំនួន ២១​គ្រួសារ នៅ​ចំណុច​ភូមិ​ថ្មសំលៀង ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​តុលាការ​សម្រេច​ដល់​រឿង​អង្គ​សេចក្តី​ជា​មុន។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កំពង់ធំ លោក តិប ញាតា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៩ កុម្ភៈ ថា លោក​នៅ​មិន​ទាន់​ទទួល​បាន​លិខិត​នោះ និង​មិន​ទាន់​ដឹង​ច្បាស់​ថា តុលាការ​ចាត់​ចែង​ដី​នៅ​ចំណុច​ណា​ប្រាកដ​ទេ។ លោក​បញ្ជាក់​ថា ប្រសិន​បើ​ដី​នោះ​ស្ថិត​នៅ​ចំ​ចំណុច​របស់​រដ្ឋបាល​ព្រៃ​ឈើ​ធ្លាប់​ប្ដឹង​ប្រជាពលរដ្ឋ​កាល​ពី​ឆ្នាំ​២០១៣ ចំពោះ​ការ​ចូល​កាន់​កាប់​ដី​ព្រៃ​របស់​រដ្ឋ​ដោយ​ខុស​ច្បាប់​នោះ លោក​នឹង​ប្ដឹង​ជំទាស់។ បន្ថែម​ពី​នេះ លោក​ថា​នៅ​តំបន់​ដី​ជម្លោះ​ជាមួយ​ខាង​រដ្ឋបាល​ព្រៃ​ឈើ គឺ​គ្មាន​ប្រជាជន​ណា​ម្នាក់​ចូល​ទៅ​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០០ ឡើយ ប៉ុន្តែ​ជា​ពលរដ្ឋ​ចូល​ទៅ​កាន់​កាប់​ក្រោយ​បទបញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១២ ទៅ​វិញ។ លោក​បដិសេធ​ថា ការ​ឈូស​ឆាយ​ដី​កន្លង​មក មិន​មែន​សម្រាប់​លក់​ចែក​គ្នា​នោះ​ទេ ប៉ុន្តែ​ដើម្បី​រៀបចំ​ដាំ​កូន​ឈើ​ឡើង​វិញ​ប៉ុណ្ណោះ៖ « ប៉ុន្តែ​ផ្ទៃ​ដី ២១​គ្រួសារ​អី​ណា​ហ្នឹង វា​មិន​សម​ហេតុផល​ទេ។ ២១​គ្រួសារ​ទៅ​គ្រប់គ្រង​ដើម​ស្វាយចន្ទី បួន​ប្រាំ​ដើម​ហ្នឹង ដឹង​ថា​មិន​មែន​អ៊ីចឹង​ទេ ប្រាកដ​ជា​គាត់​បំពាន​ហើយ »

លោក​បន្ត​ទៀត​ថា ដី​តំបន់​នោះ​អាជ្ញាធរ​បាន​វាស់វែង​ជូន​ប្រជាពលរដ្ឋ​រួច​រាល់​ហើយ លើក​លែង​តែ​ពលរដ្ឋ​ចូល​ទៅ​កាន់​កាប់​ក្រោយ​បទបញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល ហើយ​ករណី​នេះ ខាង​លោក​ត្រូវ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​មាន​ការ​រំលោភ​ដី​របស់​រដ្ឋ​បន្ថែម​ទៀត។

ដោយឡែក​តំណាង​ពលរដ្ឋ​មួយ​រូប​ទៀត លោក ប្រាក់ សំអុល និយាយ​ថា ដោយសារ​អាជ្ញាធរ​មិន​បាន​វាស់វែង​ដី​ជូន​ពួក​គាត់​ពេល​នោះ ទើប​ធ្វើ​ឲ្យ​បញ្ហា​នេះ​មាន​ភាព​ចម្រូងចម្រាស​ឡើង។ លោក​ថា ពលរដ្ឋ​ចាប់​ផ្ដើម​តវ៉ា ព្រម​ទាំង​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​ពាក់ព័ន្ធ ក្រោយ​ពេល​ខាង​រដ្ឋបាល​ព្រៃ​ឈើ​ចូល​ទៅ​ឈូស​ឆាយ​ដំណាំ​ពួក​គាត់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥។ យ៉ាង​នេះ​ក្តី លោក​រីករាយ​ក្រោយ​ពេល​ដឹង​ថា តុលាការ​សម្រេច​ចាត់​ចែង​ដី​ទាំង​នោះ​ជូន​ពួក​គាត់ ប៉ុន្តែ​លោក​ស្នើ​ឲ្យ​មន្ត្រី​អាជ្ញាធរ អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​យក​តួនាទី​មក​ធ្វើ​បាប​ប្រជាពលរដ្ឋ៖ « ចាប់​ដាំ​ជា​ហូរហែ​តាំង​ពី​អើយ​មក មិន​ដែល​មាន​ពី​ណា​ហាម​ឃាត់ ទើប​តែ​ប៉ុន្មាន​ខែ​មុន​ហ្នឹង​មាន​ការ​ហាម​ឃាត់។ បើ​ឃាត់​តាំង​ពី​អើយ​មក គឺ​មិន​បញ្ហា​អី​ទេ »

ជាមួយ​គ្នា​នេះ ប្រធាន​អង្គការ​សិទ្ធិ​មនុស្ស​ដើម្បី​តម្លាភាព និង​សន្តិភាព អ្នកស្រី ម៉ម ស៊ីថា ដែល​បាន​តាម​ដាន​រឿង​នេះ មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​មាន​ទាំង​សាក្សី ព្រម​ទាំង​ដំណាំ​ដើម​ស្វាយចន្ទី​របស់​ខ្លួន​ដែល​អាច​បញ្ជាក់​ថា ពួក​គេ​បាន​ចូល​កាន់​កាប់​មុន​បទបញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល។ អ្នកស្រី​បន្ថែម​ថា កន្លង​មក ការ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​នៅ​មិន​ទាន់​បាន​ត្រឹមត្រូវ។ ម្យ៉ាង ពួក​គេ​មិន​បាន​គោរព​តាម​គោលការណ៍​ច្បាប់​ទៀត​ផង ដូចជា​ករណី​ចូល​ឈូស​ឆាយ​ដំណាំ ឬ​ដី​លំនៅឋាន​ប្រជាពលរដ្ឋ​ដោយ​គ្មាន​ការ​ជូន​ដំណឹង​ជា​មុន ជាដើម៖ « ក្រោយ​ពេល​មាន​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ គប្បី​ត្រូវ​មាន​ការ​ស្រាវជ្រាវ ការ​ស៊ើប​អង្កេត​ជុំវិញ​ការ​យក​អំណាច​រដ្ឋ​ទៅ​ប្រើប្រាស់ »

អ្នកស្រី ម៉ម ស៊ីថា យល់​ថា បញ្ហា​ដីធ្លី​នៅ​តែ​កើត​មាន​ឡើង ដោយសារ​តែ​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​លើក​ឡើង​ទៀត​ថា ដើម្បី​ជៀសវាង​ការ​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក អាជ្ញាធរ​ត្រូវ​ប្រើប្រាស់​យន្តការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់លាស់ ព្រម​ទាំង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។