ពលរដ្ឋ​ស្រុក​ស្ទោង​ខេត្ត​កំពង់ធំ​ឃាត់​គ្រឿងចក្រ​ដែល​ចូល​ភ្ជួរ​ដី​មាន​ទំនាស់

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ឃុំ​បន្ទាយស្ទោង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ ប្រមាណ ២០​គ្រួសារ​លើក​គ្នា​ទៅ​ឃាត់​គ្រឿងចក្រ​មួយ​គ្រឿង ព្រោះ​បាន​ទៅ​ភ្ជួរ​រាស់​លើ​ដី​ដែល​កំពុង​មាន​ទំនាស់ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា។ ពលរដ្ឋ​យល់​ថា​ជា​រឿង​មិន​ត្រឹមត្រូវ​ឡើយ ពីព្រោះ​ដី​តំបន់​នោះ អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​ឲ្យ​បាន​ចប់​សព្វគ្រប់ ស្រប​តាម​ការ​ទាមទារ​របស់​អ្នក​ភូមិ​ឡើយ។ ចំណែក​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា នឹង​ចុះ​ពិនិត្យ​លើ​បញ្ហា​នេះ។

គ្រឿងចក្រ​មួយ​គ្រឿង និង​កម្លាំង​សមត្ថកិច្ច ដែល​បាន​ដាក់​លើ​ដី​មាន​វិវាទ សម្រេច​ដក​ចេញ​ពី​តំបន់​ដី​មាន​ទំនាស់​វិញ​នៅ​ម៉ោង​ប្រមាណ ១២ ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២២ មិថុនា។ ការ​សម្រេច​ដក​ចេញ​នោះ ក្រោយ​ពេល​មាន​ប្រជាពលរដ្ឋ​ប្រមាណ ២០​នាក់ លើក​គ្នា​ទៅ​រារាំង​មិន​ឲ្យ​ភ្ជួរ​លើ​ដី​ដែល​កំពុង​មាន​ទំនាស់​ឡើយ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ជា​មុន។ ទោះ​បី​ជា​កម្លាំង​សមត្ថកិច្ច និង​គ្រឿងចក្រ​ដក​ចេញ​ពី​តំបន់​ដី​មាន​ទំនាស់​ក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋ​នៅ​តែ​បារម្ភ​ខ្លាច​សកម្មភាព​ភ្ជួរ​រាស់ នឹង​កើត​មាន​បន្ត​ទៀត ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​ទេ​នោះ។

ពលរដ្ឋ​នៅ​ឃុំ​បន្ទាយស្ទោង លោក សិត វឿន ឲ្យ​ដឹង​ថា មូលហេតុ​ពលរដ្ឋ​លើក​គ្នា​ទៅ​ហាមឃាត់​ត្រាក់ទ័រ​ដែល​បាន​ចូល​ទៅ​ភ្ជួរ​ដី​តំបន់​ព្រៃ​កន្សោមអក ពីព្រោះ​ដី​តំបន់​នោះ​នៅ​មិន​ទាន់​ដោះស្រាយ​ឡើយ។ លោក​បន្ត​ថា កន្លង​មក អាជ្ញាធរ​ខេត្ត​បាន​សម្រេច​មិន​ឲ្យ​បុគ្គល​ណា​ម្នាក់​ប៉ះពាល់​ដី​មាន​វិវាទ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ការ​ដោះស្រាយ​ជា​មុន « ចិត្ត​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​នេះ ចង់​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ ខាង​ ខេត្ត​ខាង​អី ជួយ​ដោះស្រាយ​ឲ្យ​បាន​ហើយ កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ខាត ​ពេលវេលា និង​យាមកាម​កន្លែង​ដី​មាន​ទំនាស់​ហ្នឹង »

ពលរដ្ឋ​សង្ស័យ​ថា គ្រឿងចក្រ​ចូល​ទៅ​ភ្ជួរ​ដី​តំបន់​មាន​ជម្លោះ​ជា​របស់​អភិបាល​រង​ស្រុក​ស្ទោង បញ្ជូន​ទៅ ដោយ​អម​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប្រមាណ ៥​នាក់​ទៅ​ជាមួយ​ផង។

ដី​តំបន់​ព្រៃ​កន្សោមអក ដែល​មាន​ទំហំ ២៥​ហិកតារ ដើម​ឡើយ​ជា​តំបន់​ដី​ចម្ការ​វិល​ជុំ​របស់​អ្នក​ភូមិ ប៉ុន្តែ​ក្រោយ​មក អាជ្ញាធរ​ហាមឃាត់​មិន​ឲ្យ​ពលរដ្ឋ​ចូល​ទៅ​ដាំ​ដុះ​ទៀត​ឡើយ ដោយ​បញ្ជាក់​ថា​ជា​ដី​ព្រៃ​ជម្រក​សត្វ។ នៅ​ឆ្នាំ​២០១៤ មេ​ឃុំ​បន្ទាយស្ទោង និង​អភិបាល​រង​ស្រុក​ស្ទោង លោក តូច វិចិត្រ បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ព្រៃ​តំបន់​នោះ ដើម្បី​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។ បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ជាច្រើន​គ្រួសារ​តវ៉ា​ខ្លាំង ទើប​មេ​ឃុំ និង​អភិបាល​រង​ស្រុក សម្រេច​កាត់​ចំណែក​ដី​ខ្លះ​ប្រគល់​ជូន​ប្រជាពលរដ្ឋ ប៉ុន្តែ​អ្នក​ភូមិ​ជិត ៤០​គ្រួសារ ស្នើសុំ​រក្សា​ដី​តំបន់​កន្សោមអក ទាំងអស់ ដាក់​ជា​សម្បត្តិ​រួម​វិញ ទើប​ពួក​គាត់​សុខ​ចិត្ត។

ទាក់ទង​បញ្ហា​នេះ មេ​ឃុំ​បន្ទាយស្ទោង លោក សូត អ៊ុល មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ជុំវិញ​ការ​លើក​គ្នា​ទៅ​ឃាត់​គ្រឿងចក្រ​នៅ​ឡើយ​ទេ ព្រោះ​ពលរដ្ឋ​មិន​បាន​ប្ដឹង​មក​អាជ្ញាធរ​ឃុំ។ ចំណែក​គ្រឿងចក្រ​នោះ លោក​មិន​បាន​ដឹង​ថា​ជា​របស់​អ្នក​ណា​បញ្ជូន​ទៅ​ទេ « បើ​ខ្ញុំ​មិន​បាន​ដឹង​រឿង​ផង តើ​ឲ្យ​ខ្ញុំ​មាន​វិធានការ​ម៉េច​កើត? បើ​ប្រជាពលរដ្ឋ​មិន​បាន​ប្រាប់​ខ្ញុំ​ផង។ ឥឡូវ​លោក​ឯង​មក​ដោះស្រាយ​ទៅ បើ​គេ​ប្ដឹង​ឯណោះ​ហើយ »

យ៉ាង​នេះ​ក្តី​លោក​បញ្ជាក់​ថា កន្លង​មក បញ្ហា​ដីធ្លី​មួយ​នេះ​ធ្លាប់​ដោះស្រាយ​រួច​ទៅ​ហើយ ដោយ​ខាង​លោក និង​អភិបាល​រង​ស្រុក បាន​ប្រគល់​ចំណែក​ដី​មួយ​ចំនួន​ទៅ​ឲ្យ​អ្នក​ភូមិ ប៉ុន្តែ​នៅ​មាន​បញ្ហា​ស្មុគស្មាញ​ខ្លះ ទើប​ដំណើរ​ការ​ដោះស្រាយ​ត្រូវ​ផ្អាក​ទៅ​វិញ។

មន្ត្រី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ញូង សាមឿន បញ្ជាក់​ថា តាម​ច្បាប់​ភូមិបាល ដី​មាន​ទំនាស់​គឺ​មិន​អនុញ្ញាត​ឲ្យ​បុគ្គល​ណា​ម្នាក់​ចូល​ទៅ​កាន់​កាប់​ធ្វើ​ជា​កម្មសិទ្ធិ ដើម្បី​បម្រើ​ប្រយោជន៍​របស់​ខ្លួន​បាន​ទេ លើក​លែង​តែ​ដី​តំបន់​នោះ​ត្រូវ​បាន​ដោះស្រាយ​ចប់ « បើ​និយាយ​រឿង​ផល​ប៉ះពាល់​វិញ ទី​មួយ គឺ​ប៉ះពាល់​ទៅ​លើ​ផ្លូវ​ច្បាប់។ ទាក់ទង​អ្នក​មាន​អំណាច​ដែល​បាន​ទៅ​ទន្ទ្រាន​លើ​ដី​ដែល​មិន​ទាន់​បាន​ដោះស្រាយ​ចប់ »

លោក​មើល​ឃើញ​ថា វិវាទ​ដីធ្លី​មួយ​នេះ អាជ្ញាធរ​ខេត្ត​ចេះ​តែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ ហាក់​ទុក​ឱកាស​ឲ្យ​មន្ត្រី​មាន​អំណាច​រំលោភ​បំពាន​លើ​ប្រជាពលរដ្ឋ។

ទោះ​បី​ជា​យ៉ាង​ណា អ្នក​ភូមិ​នៅ​តែ​ប្រកាន់​ជំហរ​ថា នឹង​បន្ត​ហាមឃាត់​ចំពោះ​សកម្មភាព​ភ្ជួរ​រាស់ ឬ​កាន់​កាប់​ដី​តំបន់​មាន​ទំនាស់​រហូត ទាល់​តែ​អាជ្ញាធរ​សម្រេច​ដោះស្រាយ​ស្រប​តាម​ការ​ទាមទារ​របស់​ពួក​គាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។