អាជ្ញាធរ​ឃុំ​ខេត្ត​កំពង់ធំ​រង​ការ​ចោទ​ថា​ឃុបឃិត​ចែក​ដី​សហគមន៍​ឲ្យ​ពលរដ្ឋ​ផ្សេង

ដោយ សូត សុខប្រាថ្នា
2017.07.26
ជម្លោះ​ដី​ព្រៃ​សហគមន៍​ឃ្មុំ​ស្រករ​ថ្លុក​ឫស្សី ២០១៧ ១៤៤០ សមាជិក​ព្រៃ​សហគមន៍​ឃ្មុំ​ស្រករ​ថ្លុក​ឫស្សី នៅ​ឃុំ​ត្រពាំងឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ ចុះ​ពិនិត្យ​មើល​ទីតាំង​ដែល​អាជ្ញាធរ​មូលដ្ឋាន​បែងចែក​ដី​សហគមន៍​ជូន​ពលរដ្ឋ​តំបន់​ផ្សេង នៅ​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៧។ Photo LICADHO
Photo LICADHO

ប្រជា​សហគមន៍​នៅ​ឃុំ​ត្រពាំងឫស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំពង់ធំ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​របស់​អាជ្ញាធរ​ឃុំ ក្នុង​ការ​បែងចែក​ដី​សហគមន៍​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ផ្សេង។ ពួក​គេ​ថា ដី​ព្រៃ​សហគមន៍​មួយ​នេះ​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ការ​រស់នៅ​របស់​ពួក​គាត់ និង​ជា​ទ្រព្យ​សម្បត្តិ​រួម ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បែរ​ជា​ឃុបឃិត​គ្នា​បែងចែក​ដី​ព្រៃ​សហគមន៍​ឲ្យ​ក្លាយ​ជា​សម្បត្តិ​ឯកជន​ទៅ​វិញ។

ប្រជា​សហគមន៍​ឃ្មុំ​ស្រករ​ថ្លុក​ឫស្សី ឃុំ​ត្រពាំងឫស្សី ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាត់​វិធានការ​ទៅ​លើ​មន្ត្រី​មូលដ្ឋាន​ចំពោះ​ការ​បែងចែក​ដី​ព្រៃ​សហគមន៍ ព្រម​ទាំង​ស្នើ​ឲ្យ​រក្សា​ទុក​ដី​ព្រៃ​សហគមន៍​ជា​សម្បត្តិ​រួម​ដដែល។ បន្ថែម​ពី​នេះ ពួក​គេ​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​កាប់​រាន ព្រម​ទាំង​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​បន្ត​ទៀត ព្រោះ​នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​ម្ចាស់​ស្រុក​បាត់បង់​មុខ​របរ​ប្រពៃណី និង​បាត់បង់​កន្លែង​លែង​គោ​ក្របី ជាដើម។

អតីត​ប្រធាន​ព្រៃ​សហគមន៍ និង​បច្ចុប្បន្ន​ជា​សមាជិក​ព្រៃ​សហគមន៍​ឃ្មុំ​ស្រករ​ថ្លុក​ឫស្សី លោក យ៉ាន យឿន មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​ភូមិ​ល្វៃ ជាង ១០០​គ្រួសារ ទទួល​ផល​ប្រយោជន៍​ពី​ព្រៃ​សហគមន៍​មួយ​នេះ ប៉ុន្តែ​អាជ្ញាធរ​ឃុំ​បែរ​ជា​ឃុបឃិត​គ្នា​បែងចែក​ដី​ព្រៃ​សហគមន៍​របស់​ពួក​គាត់​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ផ្សេង ដោយ​មិន​បាន​ប្រាប់​ប្រជា​សហគមន៍​ឡើយ។ លោក​បន្ត​ថា ការ​បែងចែក​ដី​រួម​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ផ្សេង និង​អ្នក​មាន​ប្រាក់ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ ហើយ​ពួក​គាត់​ជំទាស់​ដាច់ខាត​ចំពោះ​ករណី​នេះ៖ «ខ្ញុំ​ថា​មិន​ឲ្យ​ខុស​ទេ ព្រោះ​គេ​បែងចែក​នេះ​ប្រៀបធៀប​ដូច​ពាក្យ​ចាស់​ថា យក​ស្បៃ​ទៅ​បាំង​ទេ​លោកគ្រូ​អើយ»

ព្រៃ​សហគមន៍​ឃ្មុំ​ស្រករ​ថ្លុក​ឫស្សី បាន​បង្កើត​ឡើង​កាល​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​៩០ និង​ទទួល​ស្គាល់​ពី​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​កាល​ពី​ឆ្នាំ​២០០៨ ដែល​មាន​ទំហំ​ផ្ទៃដី​ជិត ១​ពាន់​ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​ជាង ៦០០​ហិកតារ (៦៧០​ហិកតារ) ប៉ុណ្ណោះ។

ប្រជា​សហគមន៍​នេះ​ទើប​ដឹង​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​បែងចែក​ដី​របស់​ពួក​គាត់​ទៅ​ឲ្យ​ពលរដ្ឋ​នៅ​ភូមិ​ត្រពាំងថ្ម ចំនួន ៦០​គ្រួសារ​កាល​ពី​ថ្ងៃ​ទី​១០ កក្កដា ប៉ុន្តែ​មិន​ទាន់​ដឹង​ថា ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ដី​ចំនួន​ប៉ុន្មាន​ហិកតារ​ទេ។ ប្រភព​ដដែល​បញ្ជាក់​ថា ក្រោយ​ពេល​ដឹង​ថា​ដី​សហគមន៍​របស់​ពួក​គាត់​ត្រូវ​បាន​អាជ្ញាធរ​បែងចែក​ឲ្យ​ពលរដ្ឋ​តំបន់​ផ្សេង រូបភាព​ចូល​កាប់​ឈើ និង​ឈូស​ឆាយ​ដី​ព្រៃ​កើត​ឡើង​ជា​ហូរហែ ហើយ​លោក​ប៉ាន់​ប្រមាណ​ថា សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​អស់​ប្រហែល ៤០​ហិកតារ​ហើយ ចំណែក​ប្រជា​សហគមន៍​ក៏​នាំ​គ្នា​ទៅ​ឃាត់​សកម្មភាព​ឈូស​ឆាយ​ទាំងនោះ​ជា​បន្តបន្ទាប់ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ជា​មុន​សិន។

អាស៊ីសេរី មិន​អាច​ទាក់ទង​មេ​ឃុំ​ត្រពាំងឫស្សី ដើម្បី​ឆ្លើយតប​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៦ កក្កដា។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ធំ លោក តិប ញាតា អាស៊ីសេរី​ក៏​មិន​ទាន់​អាច​សុំ​ការ​បំភ្លឺ​បាន​នៅ​ឡើយ​ដែរ ដោយសារ​ប្រព័ន្ធ​ទូរស័ព្ទ​រអាក់រអួល​ស្តាប់​គ្នា​មិន​បាន។

ទោះ​បី​ជា​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​កំពុង​ប្រមូល​ស្នាម​មេដៃ​ដាក់​ពាក្យ​ប្ដឹង​អាជ្ញាធរ និង​ឈ្មួញ​មួយ​ចំនួន​ចំពោះ​ការ​បែងចែក ព្រម​ទាំង​ឈូស​ឆាយ​ដី​សហគមន៍ ព្រោះ​ពួក​គាត់​យល់​ថា ការ​បែងចែក​ដី​ជូន​ពលរដ្ឋ​នៅ​តំបន់​ផ្សេង​នោះ អាច​គ្រាន់​តែ​ជា​លេស​លក់​ដី​ឲ្យ​ឈ្មួញ​តែ​ប៉ុណ្ណោះ។

មន្ត្រី​សម្របសម្រួល​ស្តីទី​អង្គការ​លីកាដូ (LICADHO) ខេត្ត​កំពង់ធំ លោក ឈួម រុណ ដែល​បាន​ចុះ​តាមដាន​ករណី​នេះ មាន​ប្រសាសន៍​ថា ដី​ព្រៃ​សហគមន៍​ពិត​ជា​ត្រូវ​បាន​បែងចែក និង​រង​ការ​កាប់​រាន ព្រម​ទាំង​ឈូស​ឆាយ​ប្រាកដ​មែន។ លោក​ត្រេកអរ​ប្រសិន​បើ​មាន​ការ​បែងចែក​ដី​ជូន​ពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ ស្រប​តាម​ទម្រង់​ដី​សម្បទាន​សង្គមកិច្ច ប៉ុន្តែ​លោក​បារម្ភ​ខ្លាច​តែ​ធ្លាក់​លើ​ដៃ​ឈ្មួញ ម្យ៉ាង​ដី​ព្រៃ​សហគមន៍​ដែល​ទទួល​ស្គាល់​ដោយ​ច្បាប់ អាជ្ញាធរ​គឺ​មិន​អាច​បែងចែក ឬ​លក់ដូរ​បាន​ទេ៖ «អ៊ីចឹង​បើ​សិន​ជា​អាជ្ញាធរ​គាត់​លូក​ដៃ​បែងចែក ឬ​ធ្វើ​អ្វី​មួយ​មិន​ត្រឹមត្រូវ គឺ​បាន​ន័យ​ថា គាត់​រំលោភ​ច្បាប់»

លោក ឈួម រុណ បញ្ជាក់​ថា នឹង​រៀបចំ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដើម្បី​ដាក់​អន្តរាគមន៍​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ព្រម​ទាំង​អាជ្ញាធរ​ខេត្ត​តែ​ម្តង ជុំវិញ​ករណី​មន្ត្រី​មូលដ្ឋាន​បែងចែក​ដី​សហគមន៍​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។