ប្រជាសហគមន៍នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ សម្ដែងការមិនពេញចិត្តចំពោះការសម្រេចរបស់អាជ្ញាធរឃុំ ក្នុងការបែងចែកដីសហគមន៍ទៅឲ្យពលរដ្ឋនៅភូមិផ្សេង។ ពួកគេថា ដីព្រៃសហគមន៍មួយនេះបានផ្តល់ប្រយោជន៍ច្រើនដល់ការរស់នៅរបស់ពួកគាត់ និងជាទ្រព្យសម្បត្តិរួម ប៉ុន្តែអាជ្ញាធរឃុំបែរជាឃុបឃិតគ្នាបែងចែកដីព្រៃសហគមន៍ឲ្យក្លាយជាសម្បត្តិឯកជនទៅវិញ។
ប្រជាសហគមន៍ឃ្មុំស្រករថ្លុកឫស្សី ឃុំត្រពាំងឫស្សី ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការទៅលើមន្ត្រីមូលដ្ឋានចំពោះការបែងចែកដីព្រៃសហគមន៍ ព្រមទាំងស្នើឲ្យរក្សាទុកដីព្រៃសហគមន៍ជាសម្បត្តិរួមដដែល។ បន្ថែមពីនេះ ពួកគេស្នើឲ្យបញ្ឈប់សកម្មភាពកាប់រាន ព្រមទាំងឈូសឆាយដីព្រៃសហគមន៍បន្តទៀត ព្រោះនឹងធ្វើឲ្យពលរដ្ឋម្ចាស់ស្រុកបាត់បង់មុខរបរប្រពៃណី និងបាត់បង់កន្លែងលែងគោក្របី ជាដើម។
អតីតប្រធានព្រៃសហគមន៍ និងបច្ចុប្បន្នជាសមាជិកព្រៃសហគមន៍ឃ្មុំស្រករថ្លុកឫស្សី លោក យ៉ាន យឿន មានប្រសាសន៍ថា ពលរដ្ឋនៅភូមិល្វៃ ជាង ១០០គ្រួសារ ទទួលផលប្រយោជន៍ពីព្រៃសហគមន៍មួយនេះ ប៉ុន្តែអាជ្ញាធរឃុំបែរជាឃុបឃិតគ្នាបែងចែកដីព្រៃសហគមន៍របស់ពួកគាត់ឲ្យពលរដ្ឋនៅភូមិផ្សេង ដោយមិនបានប្រាប់ប្រជាសហគមន៍ឡើយ។ លោកបន្តថា ការបែងចែកដីរួមទៅឲ្យពលរដ្ឋនៅភូមិផ្សេង និងអ្នកមានប្រាក់ គឺជារឿងមិនត្រឹមត្រូវទេ ហើយពួកគាត់ជំទាស់ដាច់ខាតចំពោះករណីនេះ៖ « ខ្ញុំថាមិនឲ្យខុសទេ ព្រោះគេបែងចែកនេះប្រៀបធៀបដូចពាក្យចាស់ថា យកស្បៃទៅបាំងទេលោកគ្រូអើយ »។
ព្រៃសហគមន៍ឃ្មុំស្រករថ្លុកឫស្សី បានបង្កើតឡើងកាលពីចុងទសវត្សរ៍ឆ្នាំ៩០ និងទទួលស្គាល់ពីមន្ត្រីរដ្ឋបាលព្រៃឈើកាលពីឆ្នាំ២០០៨ ដែលមានទំហំផ្ទៃដីជិត ១ពាន់ហិកតារ ប៉ុន្តែបច្ចុប្បន្ននៅសល់ជាង ៦០០ហិកតារ (៦៧០ហិកតារ) ប៉ុណ្ណោះ។
ប្រជាសហគមន៍នេះទើបដឹងថា អាជ្ញាធរមូលដ្ឋានបានបែងចែកដីរបស់ពួកគាត់ទៅឲ្យពលរដ្ឋនៅភូមិត្រពាំងថ្ម ចំនួន ៦០គ្រួសារកាលពីថ្ងៃទី១០ កក្កដា ប៉ុន្តែមិនទាន់ដឹងថា ក្នុងមួយគ្រួសារទទួលបានដីចំនួនប៉ុន្មានហិកតារទេ។ ប្រភពដដែលបញ្ជាក់ថា ក្រោយពេលដឹងថាដីសហគមន៍របស់ពួកគាត់ត្រូវបានអាជ្ញាធរបែងចែកឲ្យពលរដ្ឋតំបន់ផ្សេង រូបភាពចូលកាប់ឈើ និងឈូសឆាយដីព្រៃកើតឡើងជាហូរហែ ហើយលោកប៉ាន់ប្រមាណថា សកម្មភាពឈូសឆាយដីព្រៃអស់ប្រហែល ៤០ហិកតារហើយ ចំណែកប្រជាសហគមន៍ក៏នាំគ្នាទៅឃាត់សកម្មភាពឈូសឆាយទាំងនោះជាបន្តបន្ទាប់ ដោយរង់ចាំការដោះស្រាយជាមុនសិន។
អាស៊ីសេរី មិនអាចទាក់ទងមេឃុំត្រពាំងឫស្សី ដើម្បីឆ្លើយតបការចោទប្រកាន់នេះបានទេ នៅថ្ងៃទី២៦ កក្កដា។ ចំណែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ លោក តិប ញាតា អាស៊ីសេរីក៏មិនទាន់អាចសុំការបំភ្លឺបាននៅឡើយដែរ ដោយសារប្រព័ន្ធទូរស័ព្ទរអាក់រអួលស្តាប់គ្នាមិនបាន។
ទោះបីជាយ៉ាងនេះក្តី ប្រជាពលរដ្ឋកំពុងប្រមូលស្នាមមេដៃដាក់ពាក្យប្ដឹងអាជ្ញាធរ និងឈ្មួញមួយចំនួនចំពោះការបែងចែក ព្រមទាំងឈូសឆាយដីសហគមន៍ ព្រោះពួកគាត់យល់ថា ការបែងចែកដីជូនពលរដ្ឋនៅតំបន់ផ្សេងនោះ អាចគ្រាន់តែជាលេសលក់ដីឲ្យឈ្មួញតែប៉ុណ្ណោះ។
មន្ត្រីសម្របសម្រួលស្តីទីអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ឈួម រុណ ដែលបានចុះតាមដានករណីនេះ មានប្រសាសន៍ថា ដីព្រៃសហគមន៍ពិតជាត្រូវបានបែងចែក និងរងការកាប់រាន ព្រមទាំងឈូសឆាយប្រាកដមែន។ លោកត្រេកអរប្រសិនបើមានការបែងចែកដីជូនពលរដ្ឋក្រីក្រពិតប្រាកដ ស្របតាមទម្រង់ដីសម្បទានសង្គមកិច្ច ប៉ុន្តែលោកបារម្ភខ្លាចតែធ្លាក់លើដៃឈ្មួញ ម្យ៉ាងដីព្រៃសហគមន៍ដែលទទួលស្គាល់ដោយច្បាប់ អាជ្ញាធរគឺមិនអាចបែងចែក ឬលក់ដូរបានទេ៖ « អ៊ីចឹងបើសិនជាអាជ្ញាធរគាត់លូកដៃបែងចែក ឬធ្វើអ្វីមួយមិនត្រឹមត្រូវ គឺបានន័យថា គាត់រំលោភច្បាប់ »។
លោក ឈួម រុណ បញ្ជាក់ថា នឹងរៀបចំពាក្យបណ្ដឹងរបស់ពលរដ្ឋដើម្បីដាក់អន្តរាគមន៍ទៅស្ថាប័នពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខេត្តតែម្តង ជុំវិញករណីមន្ត្រីមូលដ្ឋានបែងចែកដីសហគមន៍មួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។