Opens in new windowអាជ្ញាធរជាមន្ត្រីរដ្ឋបាលព្រៃឈើនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ សម្រេចផ្អាកការឈូសឆាយលើដីទំនាស់ជាមួយប្រជាពលរដ្ឋ នៅភូមិថ្មសំលៀង បណ្ដោះអាសន្ន។ ការផ្អាកនេះ បន្ទាប់ពីប្រជាពលរដ្ឋនៅឃុំក្រយា ប្រមាណ ២០នាក់ លើកគ្នាទៅហាមឃាត់គ្រឿងចក្រមួយគ្រឿងរបស់ខាងមន្ត្រីរដ្ឋបាលព្រៃឈើ ដែលឈូសឆាយលើដីចម្ការ និងប្លង់ដីលំនៅឋានរបស់ពួកគាត់ នៅព្រឹកថ្ងៃទី១៦ កញ្ញា។
តំណាងប្រជាពលរដ្ឋនៅភូមិថ្មសំលៀង ឃុំក្រយា អ្នកស្រី ឌឹត គឹមយ៉ុន មានប្រសាសន៍ថា មន្ត្រីរដ្ឋបាលព្រៃឈើ និងកម្លាំងសមត្ថកិច្ច បានដឹកនាំគ្រឿងចក្រទៅឈូសឆាយដីប្រជាពលរដ្ឋ ដោយអះអាងថាជាដីរបស់រដ្ឋបាលព្រៃឈើ។ អ្នកស្រីបន្តថា ក្រោយពេលមានអ្នកភូមិលើកគ្នាទៅហាមឃាត់ ព្រមទាំងប៉ះពាក្យសម្ដីគ្នាខ្លាំងៗទៅវិញទៅមក ប៉ុន្តែមិនមានអំពើហិង្សាទេ ទើបខាងអាជ្ញាធរបញ្ឈប់សកម្មភាពឈូសឆាយរបស់ខ្លួននៅព្រឹកថ្ងៃដដែលនោះ៖ «ឲ្យដីកន្លែងណាថ្លៃ គឺគាត់ជ្រកក្រោមស្លាករបស់រដ្ឋហ្នឹងហើយ មករំលោភដីប្រជាពលរដ្ឋ។ សូមឲ្យខាងរាជរដ្ឋាភិបាល ជួយដោះស្រាយជូនប្រជាពលរដ្ឋផង ព្រោះពួកខ្ញុំក្រីក្រណាស់។ រាល់ថ្ងៃទៅស៊ីឈ្នួលយួន និងមួយចំនួនចំណាកស្រុកអស់ហើយ»។
ទំនាស់ដីធ្លីនេះ ប្រជាពលរដ្ឋដាក់ពាក្យប្ដឹងទៅអាជ្ញាធរតាំងពីឆ្នាំ២០១២ ដើម្បីឲ្យជួយដោះស្រាយ ប៉ុន្តែពុំមានលទ្ធផលនោះទេ។ ប្រជាពលរដ្ឋមានទំនាស់ដំបូងឡើយ គឺមានប្រមាណ ៣០គ្រួសារ លើទំហំដីជិត ៤០ហិកតារ។ ក្រោយមក ប្រជាពលរដ្ឋខ្លះទទួលបានប្លង់កម្មសិទ្ធិ ប៉ុន្តែភាគច្រើនមិនបានទទួលនោះទេ។ យ៉ាងណា ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានភាពស្របច្បាប់លើដីនោះ នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ទៅថ្នាក់លើបន្ថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
