ពលរដ្ឋ​ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ​ថា​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ដាក់​កម្លាំង​រំលោភ​យក​ដី​របស់​ពួក​គាត់

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ក្រយា ស្រុក​សន្ទុក ខេត្ត​កំពង់ធំ ប្រមាណ ២០០​នាក់ លើក​គ្នា​ជំទាស់​ទៅ​នឹង​គម្រោង​សាងសង់​ទីស្នាក់ការ​រដ្ឋបាល​ព្រៃ​ឈើ​នៅ​លើ​ដី​របស់​ពួក​គាត់ នៅ​រសៀល​ថ្ងៃ​ទី​១៨ តុលា។ ពួក​គាត់​លើក​ឡើង​ថា នឹង​មិន​ដក​ថយ​ឡើយ បើ​ទោះ​បី​ជា​កម្លាំង​រដ្ឋបាល​ព្រៃ​ឈើ និង​សមត្ថកិច្ច​ដាក់​កាន់​តែ​ច្រើន ដើម្បី​គំរាម​ដល់​អ្នក​ស្រុក​ក៏ដោយ។

ពលរដ្ឋ​នៅ​ឃុំ​ក្រយា សុំ​លាក់​អត្តសញ្ញាណ មាន​ប្រសាសន៍​ថា ដី​នៅ​តំបន់​សូងសាង ឃុំ​ក្រយា ដែល​មាន​ពលរដ្ឋ​ជាង ១០០​គ្រួសារ​កំពុង​រស់នៅ និង​កាន់​កាប់​លើ​ផ្ទៃដី​ជាង ៣០០​ហិកតារ​នោះ គឺ​ពួក​គាត់​បាន​អាស្រ័យ​ផល​មុន​បទបញ្ជា​០១ របស់​រាជ​រដ្ឋាភិបាល​ទៅ​ទៀត។ លោកស្រី​បញ្ជាក់​ថា នៅ​យប់​ថ្ងៃ​ទី​១៨ តុលា កម្លាំង​មន្ត្រី​ជំនាញ ទាហាន និង​កង​រាជ​អាវុធហត្ថ​កាន់​តែ​ច្រើន​បន្ថែម​ទៀត ដែល​មាន​គ្នា​ជិត ២០​ឡាន ស្ថិត​នៅ​ទីតាំង​ដែល​កំពុង​មាន​ជម្លោះ « ជួយ​ឲ្យ​ដល់​សម្ដេច​ជួយ​កូន​ចៅ​ផង ដី​នេះ​បើ​តាម ​ជាក់ស្តែង បើ​សិន​បើ​គិត​តាម​សម្ដេច​ស្រែក ដី​ហ្នឹង​មុន ០១ ទាំងអស់ »

លោកស្រី​អះអាង​ថា កន្លង​ទៅ ពលរដ្ឋ​ធ្លាប់​បាន​ស្នើសុំ​ទៅ​អាជ្ញាធរ​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ចេញ​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយតប​ឡើយ។ ចំណែក​ពលរដ្ឋ​ដែល​ហ៊ាន​ចេញ​តវ៉ា​ខ្លាំង មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ និង​សមត្ថកិច្ច កំពុង​ស្វែងរក​ចាប់​ខ្លួន​ថែម​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។