ប្រជាពលរដ្ឋនៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលត្រូវបានអាជ្ញាធរបណ្ដេញចេញពីតំបន់បន្ទាយរងៀង កាលពីឆ្នាំ២០០៩ ត្អូញត្អែរពីបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ដូចជាគ្មានមុខរបរ ជំពាក់បំណុលគេ និងចំណាកស្រុក ជាដើម។ បញ្ហានេះកើតឡើងដោយសារពួកគាត់មួយចំនួន មិនទាន់ទទួលបានដីសម្បទានសង្គមកិច្ចប្រភេទដីចម្ការសម្រាប់បង្កបង្កើនផលនៅឡើយ។ អាជ្ញាធរស្រុកបញ្ជាក់ថា ពួកគេកំពុងស្វែងរកទីតាំងដីតំបន់ផ្សេងផ្តល់ជូនពលរដ្ឋទាំងនោះ។
ប្រជាពលរដ្ឋនៅភូមិសែនសិរីមង្គល ក្នុងឃុំក្រយា ជាង ១០០គ្រួសារ ស្នើឲ្យអាជ្ញាធរពន្លឿននីតិវិធីផ្តល់ដីសម្បទានសង្គមកិច្ចប្រភេទដីកសិកម្មដល់ពួកគាត់ឲ្យបានឆាប់រហ័ស។
ការស្នើនេះ បន្ទាប់ពីអ្នកភូមិមួយចំនួននៅតែទន្ទឹងរង់ចាំការដោះស្រាយរបស់អាជ្ញាធររដ្ឋអស់រយៈពេលជាង ៧ឆ្នាំមកហើយ ដើម្បីទទួលបានដីចម្ការសម្រាប់បង្កបង្កើនផលនឹងគេ។ អ្នកភូមិអះអាងថា ប្រសិនបើមានដីចម្ការ នឹងអាចជួយស្ដារជីវភាពរស់នៅរបស់ពួកគាត់ឲ្យប្រសើរជាងមុន។
តំណាងពលរដ្ឋនៅភូមិសែនសិរិមង្គល លោក យឿន គឹមហុង មានប្រសាសន៍ថា ក្រោយពេលអាជ្ញាធរបណ្ដេញពួកគាត់ជិត ៦០០គ្រួសារចេញពីតំបន់បន្ទាយរងៀង ឲ្យទៅរស់នៅតំបន់ថ្មី អាជ្ញាធរធ្លាប់សន្យាថា នឹងប្រគល់ដីលំនៅឋានទំហំ ២០ម៉ែត្រគុណនឹង ៤០ម៉ែត្រ ព្រមទាំងដីចម្ការពី ១ហិកតារទៅ ១ហិកតារកន្លះ ជូនពលរដ្ឋ។ លោកបន្តថា ដីលំនៅឋានប្រជាពលរដ្ឋទទួលបានគ្រប់គ្នា ប៉ុន្តែដីចម្ការវិញ គឺអ្នកភូមិមិនទទួលបានគ្រប់គ្នាទេ។ ជាក់ស្តែងមានពលរដ្ឋជាង ១០០គ្រួសារនៅមិនទាន់បានដីចម្ការឡើយ ហើយប្រជាពលរដ្ឋដែលទទួលបានដីចម្ការកន្លងមក ពួកគេមួយចំនួនត្រូវប្រឈមមុខជាមួយក្រុមអនាធិបតេយ្យ មិនអាចចូលទៅបង្កបង្កើនផលបាន ចំណែកការដោះស្រាយនៅមិនទាន់ចេញជារូបរាងទេ៖ « ក្នុងការប្រជុំអី ចៅហ្វាយស្រុក ចៅហ្វាយខេត្តអី អាជ្ញាធរឃុំអី ក៏បានសន្យាដែរ ប៉ុន្តែសន្យាខ្យល់ ដូចថាថ្ងៃនេះថ្ងៃនោះរហូត គឺចេះតែនិយាយ ប៉ុន្តែគ្មានការពិតអីផង »។
ពលរដ្ឋមួយរូបទៀតមានវ័យ ៧០ឆ្នាំ អ្នកស្រី ខៀវ វណ្ណា មានប្រសាសន៍ថា គ្រាដែលគ្រួសារអ្នកស្រីរស់នៅតំបន់បន្ទាយរងៀង គឺមានដីចម្ការចំនួន ៥ហិកតារសម្រាប់ដាំដំណាំផ្សេងៗបាន ប៉ុន្តែពេលមករស់នៅតំបន់ថ្មីនេះ គ្រួសារគាត់នៅមិនទាន់ទទួលបានដីចម្ការសូម្បីតែមួយចំអាម។ អ្នកស្រីបញ្ជាក់ថា ដោយសារតែមិនមានដីសម្រាប់អាស្រ័យផល ទើបបណ្ដាលឲ្យគ្រួសារគាត់ត្រូវប្រឈមបញ្ហាជាច្រើន៖ « ចា៎ ! វេទនាណាស់ គឺថាខ្ញុំរស់នៅសព្វថ្ងៃនេះ កុំបានអង្គការលីកាដូ គាត់ចេះតែផ្តល់ឲ្យ ហើយដាំអីក៏មិនបាន បើគ្មានដីចម្ការផង »។
ក្រោយពេលអាជ្ញាធរបណ្ដេញពលរដ្ឋជិត ៦០០គ្រួសារចេញពីតំបន់បន្ទាយរងៀង ដោយយកដីតំបន់នោះវិនិយោគឲ្យក្រុមហ៊ុនវៀតណាម ឈ្មោះ តាន បៀង (Tan Bien)។ បច្ចុប្បន្ន ក្រុមហ៊ុនបានដាំកៅស៊ូ ហើយផ្តល់ផលបី ឬបួនឆ្នាំទៅហើយ ចំណែកពលរដ្ឋដែលត្រូវបានគេបណ្ដេញចេញឲ្យទៅរស់នៅតំបន់ថ្មីមួយចំនួនវិញ គឺមិនទាន់រកគោលដៅឃើញផង។
ទាក់ទងបញ្ហានេះ អភិបាលរងស្រុកសន្ទុក និងជាប្រធានគណៈកម្មការទទួលបន្ទុកដីសម្បទានសង្គមកិច្ច លោក រស់ សារីម មានប្រសាសន៍នៅថ្ងៃទី២៥ ធ្នូ ថា ក្នុងចំណោមពលរដ្ឋជិត ៦០០គ្រួសារដែលទៅរស់នៅតំបន់ថ្មី គឺមានពលរដ្ឋនៅក្នុងបញ្ជីចំនួន ១១០គ្រួសារ មិនទាន់បានកាន់កាប់ដីកសិកម្មពិតប្រាកដ។ លោកបញ្ជាក់ថា ក្នុងចំណោមពួកគាត់ទាំងនេះ អាជ្ញាធរបានប្រគល់ដីជូនពលរដ្ឋ ៥៣គ្រួសារ ប៉ុន្តែនៅមានភាពចម្រូងចម្រាសជាមួយក្រុមអនាធិបតេយ្យ ទើបពួកគាត់មិនអាចចូលទៅបង្កបង្កើនផលបាន។ ចំណែកពលរដ្ឋ ៥៧គ្រួសារទៀត អាជ្ញាធរខេត្តកំពុងស្វែងរកដីកន្លែងផ្សេងផ្តល់ជូនពួកគាត់។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តកំពង់ធំ លោក ញូង សាមឿន មើលឃើញថា ជីវភាពរស់នៅរបស់ពលរដ្ឋនៅភូមិសែនសិរីមង្គល មួយចំនួនមិនបានប្រសើរឡើងទេ គឺចេះតែដុនដាបទៅវិញ ពីព្រោះពួកគាត់គ្មានមុខរបរ ហើយគ្មានដីកសិកម្មសម្រាប់បង្កបង្កើនផល ជាដើម។ ចំណែកវិធានការដោះស្រាយរបស់អាជ្ញាធរ គឺមិនមានឆន្ទៈពិតប្រាកដឡើយ៖ « អាជ្ញាធរដែនដីមិនមានឆន្ទៈ ឬគោលការណ៍ដោះស្រាយដីជូនពលរដ្ឋទេ។ អ៊ីចឹងធ្វើឲ្យពលរដ្ឋរស់នៅទីនោះប្រឈមបញ្ហាខ្វះខាតជីវភាពហូបចុកអី »។
មន្ត្រីសិទ្ធិមនុស្សរូបនេះមើលឃើញថា ប្រសិនបើបញ្ហាប្រឈមរបស់ពលរដ្ឋចេះតែពន្យារពេលក្នុងការដោះស្រាយទៀត ពួកគាត់នឹងជួបការលំបាកក្នុងជីវភាពរស់នៅកាន់តែធ្ងន់ធ្ងរ។ បន្ថែមពីនេះ ពួកគេនឹងប្រឈមការរឹបអូសយកផ្ទះសម្បែង ឬលក់ដីលំនៅឋានទាំងនោះ ដើម្បីយកប្រាក់សងបំណុលគេ ម្យ៉ាងការចំណាកស្រុកនឹងកើតមានកាន់តែច្រើនថែមទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។