ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុម​យោធា​នៅ​ខេត្ត​កំពត​ទទូច​ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

ពលរដ្ឋ​ជិត ៣០​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​តេជោ​អន្លង់​ក្មេង​លេង ស្រុក​ឈូក ខេត្ត​កំពត ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត និង​រាជ​រដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​របស់​ពួក​គាត់​ជាមួយ​ក្រុម​យោធា នៃ​កង​ពល​តូច​លេខ​៣១ ឲ្យ​បាន​ឆាប់​រហ័ស។ ពលរដ្ឋ​អះអាង​ថា បើ​មិន​មាន​ដំណោះស្រាយ ពួក​គាត់​នឹង​មិន​ខ្លាច​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា ត​ទល់​នឹង​ក្រុម​យោធា​ដែល​មាន​បំណង​គ្រប់គ្រង​ដី​ទំនាស់​នោះ​ឡើយ។

ប្រជាពលរដ្ឋ​ភូមិ​តេជោ​អន្លង់​ក្មេង​លេង នៃ​ឃុំ​តេជោ​អភិវឌ្ឍន៍ ខេត្ត​កំពត ចំនួន ២៧​គ្រួសារ កំពុង​ទន្ទឹង​រង់ចាំ​ដំណោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត ជុំវិញ​ទំនាស់​ដីធ្លី​មួយ​កន្លែង​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុម​យោធា នៃ​កង​ពល​តូច​លេខ​៣១។

ពលរដ្ឋ​ភូមិ​តេជោ​អន្លង់​ក្មេង​លេង លោក ទិត ស៊ាវ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​៤ តុលា ថា រូប​លោក និង​ពលរដ្ឋ​ដទៃ​ទៀត ចង់​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​រហ័ស ដើម្បី​ឲ្យ​ពួក​គាត់​អាច​បង្កបង្កើនផល​លើ​ដី​នោះ​បាន។ លោក​បន្ត​ថា លោក និង​ពលរដ្ឋ​ដទៃ​ទៀត នៅ​តែ​ប្រកាន់​ជំហរ​មិន​ឲ្យ​មាន​ការ​ឈូស​ឆាយ​ណា​មួយ​នៅ​លើ​ដី​ទំនាស់​ឡើយ។ លោក​បញ្ជាក់​ទៀត​ថា ពួក​លោក​នឹង​ឡើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បើ​សិន​ជា​អាជ្ញាធរ​ខេត្ត​ព្រងើយ​កន្តើយ​មិន​ដោះស្រាយ​ឲ្យ​ពួក​គាត់៖ «យើង​រស់នៅ​ក្រោម​អាជ្ញាធរ​ដែន​ដី​របស់​គេ បើ​យើង​ដាក់​ទៅ​តាម​ហ្នឹង​ហើយ មេ​ភូមិ មេ​ឃុំ គេ​គាំទ្រ​ហើយ ហើយ​បើ​អាជ្ញាធរ​ស្រុក-ខេត្ត មិន​ដោះស្រាយ អា​ហ្នឹង​ទៅ​តាម​ដំណើរ​ទៅ។ មាន​តែ​ប្រជាពលរដ្ឋ​ប្រើ​អំពើ​ហិង្សា​ទៅ​តាម​ហ្នឹង​ឯង»

លោក ទិត ស៊ាវ បញ្ជាក់​ថា ពលរដ្ឋ​កាន់​តែ​មាន​កំហឹង និង​ជំហរ​ដាច់ខាត ក្រោយ​ពេល​ដែល​ក្រុម​យោធា​នៃ​កង​ពល​តូច​លេខ​៣១ ដឹក​នាំ​ដោយ លោក គង់ ឡុំ បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​លើ​ដី​ទំនាស់​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​កញ្ញា កន្លង​ទៅ។

ការ​ឈូស​ឆាយ បាន​បង្ក​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពលរដ្ឋ​ប្រមាណ ១០០​នាក់ និង​កង​ទាហាន​រាប់​សិប​នាក់ ដែល​ប្រដាប់​ដោយ​កាំបិត និង​ដំបង ប៉ុន្តែ​មិន​បាន​ផ្ទុះ​ជា​អំពើ​ហិង្សា​ណា​មួយ​ឡើយ ដោយសារ​មាន​ការ​សម្រប​សម្រួល​ពី​អាជ្ញាធរ​ភូមិ-ឃុំ។

អនុប្រធាន​ភូមិ​តេជោ​អន្លង់​ក្មេង​លេង លោក ឱ សារិទ្ធ បាន​បញ្ជាក់​ថា កង​យោធា​បាន​ឈូស​ឆាយ​ដី​ទំហំ ៦​ហិកតារ ដែល​ប៉ះពាល់​ដល់​ពលរដ្ឋ ២៧​គ្រួសារ រស់នៅ​ក្នុង​ភូមិ​តេជោ​អន្លង់​ក្មេង​លេង ឃុំ​តេជោ​អភិវឌ្ឍន៍ ខេត្ត​កំពត។ ទំនាស់​ដី​ធ្លី​នេះ ផ្ដើម​ចេញ​ពី​ការ​ស្នើសុំ​របស់​មន្ត្រី​សុរិយោដី​ខេត្ត​កំពត នូវ​ដី​មួយ​កន្លែង ដើម្បី​យក​ទីតាំង​ធ្វើ​ជា​កន្លែង​ដាក់​ឈើ និង​សម្ភារៈ​សំណង់ អំឡុង​ពេល​ស្ថាបនា​ភូមិករ​ឲ្យ​យោធិន​ចូល​និវត្តន៍​កាល​ពី​ឆ្នាំ​២០១០។ ប៉ុន្តែ​នៅ​ពេល​បញ្ចប់​ការ​សាងសង់ ពលរដ្ឋ​មិន​អាច​ទៅ​ធ្វើ​ការ​បង្កបង្កើនផល​ដូច​មុន​ឡើយ ពោល​គឺ​ដី​នេះ​ត្រូវ​បាន លោក គង់ ឡុំ ជា​មេ​បញ្ជាការ​កង​ពល​តូច​លេខ​៣១ អះអាង​ថា ជា​ដី​របស់​លោក​ទៅ​វិញ។

អភិបាល​រង​ខេត្ត​កំពត លោក ហេង វន្ធា ដែល​ទទួល​បន្ទុក​ខាង​ដីធ្លី នៅ​តែ​អះអាង​ថា លោក​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍​ស្ដីពី​ទំនាស់​ដី​ធ្លី​នេះ​នៅ​ឡើយ ចាប់​តាំង​ពី​ថ្ងៃ​ទី​៣០ កញ្ញា រហូត​មក​ដល់​ថ្ងៃ​ទី​៤ តុលា។ ហេតុ​ដូច​នេះ លោក​មិន​អាច​កំណត់​បាន​ថា នឹង​ចុះ​ដោះស្រាយ​ទំនាស់​ដី​នេះ​នៅ​ពេល​ណា​បាន​ឡើយ៖ «អា​ហ្នឹង​ខ្ញុំ​អត់​ទាន់​ឃើញ​របាយការណ៍​គេ​បញ្ជូន​មក​ទេ។ ខ្ញុំ​អត់​ទាន់​បាន​ទទួល​ទេ ចាំ​មើល​សិន ព្រោះ​ថ្ងៃ​សៅរ៍-អាទិត្យ»

ផ្ទុយ​ពី​ការ​លើក​ឡើង​របស់​អភិបាល​រង​ខេត្ត ប្រធាន​ភូមិ​តេជោ​អន្លង់​ក្មេង​លេង លោក ទឹម ហុង បាន​អះអាង​ថា លោក​បាន​ធ្វើ​របាយ​ការណ៍ និង​បញ្ជូន​ទៅ​ក្រុម​ប្រឹក្សា​ឃុំ ដើម្បី​បញ្ជូន​បន្ត​ទៅ​ថ្នាក់​ស្រុក និង​ខេត្ត​រួច​រាល់​ហើយ។ មក​ទល់​នឹង​ពេល​នេះ លោក​ក៏​កំពុង​រង់ចាំ​ចំណាត់​ការ​ពី​អាជ្ញាធរ​ខេត្ត ដូច​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ដែរ៖ «ខ្ញុំ​នឹង​រង់ចាំ​មើល​ថា តើ​ដំណោះស្រាយ​គេ​ដោះ ឬ​គេ​ទុក​ឲ្យ​នៅ​រ៉ាំរ៉ៃ​ត​ទៅ​ទៀត។ ខ្ញុំ​នឹង​ព្យាយាម​គ្រប់​ទាំងអស់ ដើម្បី​ជួប​ឯកឧត្តម​អភិបាល​ខេត្ត ជួប​លោក​អភិបាល​ស្រុក ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្សេងៗ ដែល​ខ្ញុំ​ចង់​អំពាវនាវ​ដើម្បី​រក​ដំណោះស្រាយ​មិន​ចង់​ឲ្យ​នៅ​រ៉ាំរ៉ៃ»

ចំណែក​មេ​ឃុំ​តេជោ​អភិវឌ្ឍន៍ លោក សាន គ្រីយ៉ា វិញ បាន​ឆ្លើយ​ថា លោក​បាន​ធ្វើ​របាយ​ការណ៍​រួច​រាល់​ហើយ ប៉ុន្តែ​លោក​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ច្រើន​ទេ ដោយ​លោក​បិទ​ទូរស័ព្ទ​ភ្លាមៗ។

ភូមិ​តេជោ​អន្លង់​ក្មេង​លេង មាន​ពលរដ្ឋ​ជិត ៤០០​គ្រួសារ (៣៩៩​គ្រួសារ) កំពុង​រស់នៅ។ ពលរដ្ឋ ២៧​គ្រួសារ ដែល​មាន​ដី​ស្ថិត​ក្នុង​ទីតាំង​ទំនាស់ គឺ​ជា​គ្រួសារ​យោធិន​ពិការ គ្រួសារ​យោធិន​កាត់​រំសាយ និង​ខ្លះ​ទៀត​ជា​ពលរដ្ឋ​សាមញ្ញ។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ បាន​ថ្លែង​ថា អាជ្ញាធរ​ខេត្ត​មិន​គួរ​ទុក​បណ្តោយ​ឲ្យ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ពលរដ្ឋ និង​ក្រុម​យោធា​នោះ​ឡើយ៖ «អ្វី​ដែល​គាត់​ទាមទារ គឺ​ដើម្បី​យក​ជា​ដី​លំនៅឋាន​ទេ ដើម្បី​គាត់​មាន​លំនៅឋាន​សមរម្យ»

ដោយ​មាន​អតីត​ភាព​ជា​យោធា ពលរដ្ឋ​ក្នុង​ភូមិ​តេជោ​អន្លង់​ក្មេង​លេង មិន​ត្រឹម​តែ​មិន​ភ័យ​ខ្លាច​ចំពោះ​វត្តមាន​ក្រុម​ទាហាន នៃ​កង​ពល​តូច​លេខ​៣១ ប៉ុន្តែ​ថែម​ទាំង​ហ៊ាន​ងើប​តតាំង​ជាមួយ​ក្រុម​ទាហាន​ទាំង​នោះ​ទៀត​ផង។ ដោយ​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ហើយ ទើប​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស អំពាវនាវ​ដល់​មន្ត្រី​ថ្នាក់​ខេត្ត និង​រាជ​រដ្ឋាភិបាល ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​បញ្ចៀស​អំពើ​ហិង្សា​ណា​មួយ ដែល​អាច​ផ្ទុះ​ឡើង​រវាង​ពលរដ្ឋ និង​ក្រុម​យោធា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។