អ្នកភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ១៤គ្រួសារ ឲ្យដឹងថា ពួកគាត់លក់ដី ១០ឆ្នាំកន្លងមកមិនមានបញ្ហារឿងព្រំដីទេ ប៉ុន្តែនៅពេលតម្លៃដីឡើងថ្លៃ អាជ្ញាធរ និងឈ្មួញដី បន្លំទំហំដី នាំឲ្យបង្កើតជាជម្លោះឡើង។
បញ្ហាដីនេះ អាជ្ញាធរស្រុកកៀនស្វាយ កំពុងសិក្សាភូមិសាស្ត្រដីជម្លោះមុន និងក្រោយលក់ ដើម្បីដោះស្រាយបណ្ដឹងរបស់អ្នកភូមិ។
ពលរដ្ឋក្រុម១៣ ក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ចោទមេភូមិថាលក់ដីរួមក្រុមរបស់ពួកគាត់ ទៅឲ្យឈ្មួញ។ ការចោទប្រកាន់នេះ បានធ្វើឡើងក្រោយពីបង្គោលព្រំដីរួមក្រុមនៅជាប់បឹងធំ ដែលបានបោះកាលពីឆ្នាំ២០០៥ មិននៅកន្លែងចាស់ តែបានទៅបោះហួសចូលទៅក្នុងដីបឹងធំ ដែលកំពុងគោកទឹក។
អ្នកភូមិតារាបដូនស ថ្លែងថា ដីរួមក្រុមនេះកាលពីឆ្នាំ២០០៥ ពួកគាត់បានលក់ដីទៅឲ្យឈ្មួញម្នាក់។ ដីលក់ គឺមានទទឹង ៨៧ម៉ែត្រ បណ្តោយ ១៥០ម៉ែត្រ តម្លៃ ១ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ពួកគាត់ថា បង្គោលបោះលក់ដីនោះ គឺនៅក្នុងទឹកបឹងធំ គឺវាស់ក្នុងចម្ងាយ ១៥០ម៉ែត្រពីភ្លឺ។ ប៉ុន្តែ ១០ឆ្នាំក្រោយមក ទឹកបឹងគោក ស្រាប់តែបង្គោលបោះកំណត់ព្រំដីចម្ងាយ ១៥០ម៉ែត្រនោះ ត្រូវបានគេបោះវាជាថ្មីចម្ងាយ ១៥០ម៉ែត្របន្ថែមទៀតចូលទៅក្នុងទឹកបឹងធំ ទើបពួកគាត់ចោទថា អ្នកទិញដី និងអាជ្ញាធរភូមិត្រូវរ៉ូវគ្នា លក់កន្ទុយដីរួមក្រុមនៅសល់របស់ពួកគាត់៖ «ប្រុស៖ មានបង្គោលមានអីត្រឹមត្រូវហ្នឹង។ ដល់តែពេលបឹងគោក ប្រធានភូមិ ហើយនិងម្ចាស់ដី ហើយនិងអ្នកកួកជេ ទៅវាស់យកដីក្រោមលក់បង្ហូត ធ្វើប្លង់ភ្ជាប់បណ្តោយទៅ ដាក់ក្នុងក្រដាសគេហ្នឹងជាប់រហូតទៅទល់មាត់បឹង ហើយគេមកដកអាបង្គោលចាស់ហ្នឹង យកទៅដោតនៅមាត់បឹងបណ្តោយ។ ស្រី៖ គឺវាស់ម៉ែត្រពីភ្លឺចុះមក ១៥០ម៉ែត្រតែម្តង។ ប្រុស៖ មិនសុខចិត្តព្រោះអី ដីខ្ញុំលក់តែមួយកំណាត់ តែមេភូមិគាត់យកដីខ្ញុំលក់»។
បំភ្លឺចំពោះការចោទនោះ មេភូមិតារាបដូនស លោក ស ចាន់ថន ថ្លែងថា អ្នកភូមិបានផ្ដិតមេដៃលក់ដីរួមក្រុមនៅឆ្នាំ២០០៥ ដែលមានទំហំក្បាលដី ៨៧ម៉ែត្រ បណ្តោយទល់បឹងធំ មិនបានគិតម៉ែត្រទេ។ លោកថា អ្នកភូមិលក់ដីកាលនោះ គឺលក់ម៉ៅ មិនទាំងចេះគិតម៉ែត្រការ៉េទេ។ លោកបន្តថា អ្នកភូមិលក់ដីរួមក្រុមខ្លួនឯង មកចោទអាជ្ញាធរទៅវិញ៖ «អ៊ីចឹងបានថា បើគាត់ប្ដឹងទៅដល់ណាក៏ដោយ ខ្ញុំឲ្យឯកសារដែលខ្ញុំរក្សាទុកនៅនឹងខ្ញុំ។ គាត់ដាក់បណ្តោយទល់ទៅនឹងបឹង។ ហើយបណ្តោយហ្នឹងមួយ វាមានឯកសារ ២៩០ មួយ ២៨០ ឯមួយទៀត គាត់ថាមិនបាច់ដាក់អីទេ ពីព្រោះគាត់លក់ឲ្យគេអស់ហើយ ព្រោះទឹកនៅក្នុងបឹងនោះ»។
ដូចគ្នាដែរ មេឃុំគគីរ លោក គង់ ឆេង ថ្លែងថា ដីរួមក្រុមបានលក់ ១០ឆ្នាំមកហើយ អ្នកភូមិទើបមកសើរើនៅពេលដីឡើងថ្លៃ។ លោកមិនអាចដោះស្រាយបានទេ ហើយណែនាំឲ្យអ្នកភូមិដែលប្ដឹងទាស់ ១៤គ្រួសារ រស់នៅក្នុងក្រុម១៣ ក្នុងភូមិតារាបដូនស ដាក់ពាក្យប្ដឹងទៅសាលាស្រុក៖ «ហើយលក់ហ្នឹងអត់ដឹងការ៉េ មិនការ៉េទេ ព្រោះអាហ្នឹងគេម៉ៅឡូៗហ្នឹង ហើយមកនាំគ្នាស្រែកថា មួយការ៉េៗ គឺអត់មានទេ ហើយគាត់បានផ្ដិតមេដៃឲ្យគេត្រឹមត្រូវហើយ គាត់ដាក់ក្នុងសំបុត្រស្នាម គាត់ថាដាក់ទល់បឹង គឺតែកាលណាទឹកនោះ គឺបឹង។ ដល់ឥឡូវ ១០ឆ្នាំមកហ្នឹង បឹងកាន់តែគោកទៅៗ ដេញទៅក្នុងបឹង។ គាត់ថាតាមទៅយកអាហ្នឹងទៀត គឺនោះជាដីគាត់»។
ក្នុងជំហរដោះស្រាយជម្លោះដីរួមក្រុមនៅភូមិតារាបដូនស អភិបាលស្រុកកៀនស្វាយ លោក អ៊ូ ឈាង ថ្លែងថា លោកបានចាត់ចែងឲ្យអភិបាលរងស្រុកម្នាក់ កំពុងចុះសិក្សាតាមបណ្ដឹងរបស់អ្នកភូមិតារាបដូនស ហើយ៖ «ឲ្យគាត់សង្ឃឹមថា អាជ្ញាធរនឹងខិតខំប្រឹងប្រែងដោះស្រាយរឿងនេះជូនគាត់»។
អ្នកភូមិតារាបដូនស ឲ្យដឹងថា ពួកគាត់ ១៤គ្រួសារ លើកគ្នាតវ៉ានៅសាលាឃុំគគីរ ដើម្បីសុំឲ្យអាជ្ញាធរឃុំសើរើបណ្ដឹងដីរួមក្រុម ដែលគាត់លក់ត្រឹម ១៥០ម៉ែត្រ ប៉ុន្តែបង្គោលបោះថ្មីចូលទៅដល់ក្នុងបឹងធំ ដែលមានចម្ងាយជាង ៣០០ម៉ែត្រ លើសពីការយល់ព្រមលក់ពីមុនតែ ១៥០ម៉ែត្រ។ បង្គោលថ្មីនោះ បោះចូលទៅក្នុងបឹង នាំឲ្យបាត់កន្ទុយដីរួមក្រុមរបស់ពួកគាត់ជាងពាក់កណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។