ពលរដ្ឋ​៤​គ្រួសារ​នៅ​ឃុំ​កោះស្ដេច​ចោទ​ក្រុមហ៊ុន​ចិន​ថា​ហ៊ុមព័ទ្ធ​របង​បិទ​ផ្លូវ​ចូល​លំនៅឋាន

0:00 / 0:00

ប្រជាពលរដ្ឋ​ចំនួន ៤​គ្រួសារ​រស់នៅ​តំបន់​ពយ​ជប៉ុន ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង ចោទ​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប ហៅ​កាត់​ថា យូ.ឌី.ជី (Union Development Group Co.,Ltd) ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​កម្ពុជា ដើម្បី​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ថា​បាន​បិទ​ផ្លូវ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​មិន​ឲ្យ​ចេញ​ចូល​ទៅ​លំនៅឋាន។

បញ្ហា​នេះ អ្នកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ដែល​ទើប​ទទួល​តំណែង​ថ្មី​មាន​ប្រសាសន៍​ថា នឹង​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​ពិនិត្យ​លើ​កង្វល់​ប្រជាពលរដ្ឋ ៤​គ្រួសារ​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូ.ឌី.ជី ដើម្បី​ឈាន​ដល់​ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​ដោយ​សន្តិវិធី​នា​ថ្ងៃ​ខាង​មុខ។

ស្ត្រី​វ័យ​ចំណាស់​ឈ្មោះ ងិន ម៉ុន ជា​ភរិយា​សព​លោក ប្រាក់ ថន អតីត​តំណាង​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​នៅ​ចំណុច​ពយ​ជប៉ុន មាន​លំនៅឋាន​ក្នុង​ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ បាន​សំណូមពរ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពិនិត្យ​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន ដែល​ធ្វើ​របង​ហ៊ុមព័ទ្ធ​ផ្លូវ​ចេញ​ចូល​ផ្ទះ​ពលរដ្ឋ ៤​គ្រួសារ មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​នៅ​ពេល​នេះ។

ស្ត្រី​រូប​នេះ​បាន​ចោទ​អាជ្ញាធរ​ឃុំ​កោះស្ដេច អភិបាល​ស្រុក​គិរីសាគរ ថា​មិន​បាន​ជួយ​ឈឺឆ្អាល​ដោះស្រាយ​កង្វល់​ដែល​ត្រូវ​ក្រុមហ៊ុន​បិទ​ផ្លូវ​ចេញ​ចូល​ភូមិ និង​លំនៅឋាន​នេះ​ទេ ហើយ​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ទាល់​តែ​មាន​ការ​អនុញ្ញាត​ពី​កង​សន្តិសុខ​ក្រុមហ៊ុន និង​កម្លាំង​សមត្ថកិច្ច​ដែល​ក្រុមហ៊ុន​ជួល​ឲ្យ​ប្រចាំ​ការ​យាម​របង​ទើប​ហ៊ុមព័ទ្ធ​ថ្មី ទើប​អាច​ឆ្លង​កាត់​បាន។

ស្ត្រី​ឈ្មោះ ងិន ម៉ុន ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន យូ.ឌី.ជី បង្ហាញ​វត្តមាន​នៅ​ឃុំ​កោះស្ដេច មក មាន​វត្ត​អារាម​មួយ​នៅ​ចំណុច​ពយ​ជប៉ុន ឬ​ហៅ​ថា​វត្ត​ពយ​ជប៉ុន ត្រូវ​បិទ​ទ្វារ ដោយសារ​ក្រុមហ៊ុន​បញ្ជា​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​នេះ​បង្ខំ​បណ្ដេញ​ព្រះសង្ឃ​ឲ្យ​ចាកចេញ​មិន​ឲ្យ​គង់​ក្នុង​វត្ត​កាល​ពី​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ហើយ​បច្ចុប្បន្ន វត្ត​ពយ​ជប៉ុន ត្រូវ​បិទ​ទ្វារ​គ្មាន​ព្រះសង្ឃ​គង់​ដូច​កាល​ពី​ជំនាន់ ប៉ុល ពត អ៊ីចឹង​ដែរ « ក្រុមហ៊ុន​គេ​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ ឬ​សាធារណជន​ទូទៅ​ដើរ ឬ​ជិះ​ឆ្លង​កាត់​ចេញ​ចូល​ភូមិ​ខ្ញុំ​ដូច​ពេល​មុន​ទៀត​ទេ គឺ​គេ​អនុញ្ញាត​ឲ្យ​ចេញ​ចូល​តែ​ផ្លូវ​មួយ ដែល​ជា​កម្មសិទ្ធិ​របស់​អភិបាល​ស្រុក​គីរីសាគរ គឺ​លោក ឃឹម ចាន់ឌី មួយ​ទេ ទើប​ក្រុមហ៊ុន​គេ​មិន​ផាក​ពិន័យ​ពលរដ្ឋ ប៉ុន្តែ​បើ​ចូល​ផ្លូវ​ចេញ​ចូល​តាម​វត្ត​ពយជប៉ុន គឺ​ត្រូវ​ក្រុមហ៊ុន​ផាក​ពិន័យ »

ស្ត្រី​វ័យ​ចំណាស់​ម្នាក់​ទៀត​ឈ្មោះ អ៊ុក សាវន មាន​ផ្ទះ​រស់នៅ​តំបន់​ពយ​ជប៉ុន ភូមិ​ព្រែកស្មាច់ ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ ៤​គ្រួសារ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូ.ឌី.ជី។ ស្ត្រី​រូប​នេះ​បាន​សំណូមពរ​ដល់​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដែល​ទើប​ទទួល​បាន​តំណែង​ថ្មី ជួយ​សម្របសម្រួល​ដោះស្រាយ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន យូ.ឌី.ជី ជូន​ពួក​គាត់​ដែល​នៅ​សេសសល់​ចំនួន ៤​គ្រួសារ ឲ្យ​មាន​យុត្តិធម៌​ផង។

ពលរដ្ឋ​រងគ្រោះ​ដីធ្លី​រូប​នេះ ឲ្យ​ដឹង​ថា កន្លង​ទៅ ពលរដ្ឋ​ពួក​គាត់​បាន​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ចិន យូ.ឌី.ជី ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ពី​រដ្ឋាភិបាល ឲ្យ​កាត់​ឆ្វៀល​ដី​ចម្ការ និង​លំនៅឋាន​ជូន​ពលរដ្ឋ ប៉ុន្តែ​បច្ចុប្បន្ន​នេះ ពួក​គាត់​សុខ​ចិត្ត​ទទួល​យក​សំណង​ជា​លុយកាក់​ជំនួស​ឲ្យ​ការ​កាត់​ឆ្វៀល​ដី បើ​ក្រុមហ៊ុន​ផ្តល់​សំណង​ជូន​ពួក​គាត់​ទាំង ៤​គ្រួសារ​ឲ្យ​បាន​សមរម្យ « ក្រុមហ៊ុន​ចិន យូ . ឌី . ជី គេ​មក​ហាម​ពលរដ្ឋ​នានា​មិន​ឲ្យ​ចេញ​ចូល​ទៅ​ភូមិ​ព្រែកស្មាច់ តំបន់​វត្ត​ពយជប៉ុន ទៀត​ទេ សម្រាប់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ផ្នែក​ខាង​លើៗ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ពួក​ខ្ញុំ​នៅ​សល់​បួន​គ្រួសារ​ហ្នឹង ក្រុមហ៊ុន​ចិន ហ្នឹង​គេ​ឲ្យ​ចូល​មក​ក្នុង​ភូមិ »

អ្នក​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​ចំណុច​ពយ​ជប៉ុន ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ទទួល​ស្គាល់​ថា ពលរដ្ឋ​ទាំង ៤​គ្រួសារ​ពិត​ជា​ត្រូវ​ក្រុមហ៊ុន យូ.ឌី.ជី ធ្វើ​របង​ហ៊ុមព័ទ្ធ​ផ្លូវ​ចេញ​ចូល​ទៅ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ទាំង ៤​គ្រួសារ​ពិត​មែន។ លោក​ថា ពលរដ្ឋ​នៅ​សល់ ៤​គ្រួសារ​នេះ គឺ​ជា​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន យូ.ឌី.ជី នៅ​សល់​ចុង​ក្រោយ​ដែល​មិន​ទាន់​មាន​ដំណោះស្រាយ​ពី​ក្រុមហ៊ុន ជា​ថ្នូរ​ចាកចេញ​ពី​លំនៅឋាន។

អ្នក​ឃ្លាំ​មើល​ការ​គោរព​សិទ្ធិ​មនុស្ស​រូប​នេះ ចាត់​ទុក​សកម្មភាព​ធ្វើ​របង​ហ៊ុមព័ទ្ធ​មិន​ឲ្យ​ប្រជាពលរដ្ឋ ៤​គ្រួសារ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ចូល​លំនៅឋាន​ធ្លាប់​រស់នៅ​ជា​យូរ​ឆ្នាំ ថា​បាន​រំលោភ​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ​ទាំង ៤​គ្រួសារ ដែល​បាន​រស់នៅ​ជា​អចិន្ត្រៃយ៍​នា​មូលដ្ឋាន​នេះ​យូរ​ឆ្នាំ​មក​ហើយ។

បន្ថែម​លើ​នេះ លោក អ៊ិន គង់ជិត បាន​ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ចាប់​ពី​ថ្នាក់​មូលដ្ឋាន​ឃុំ ស្រុក រហូត​ដល់​អភិបាល​ខេត្ត​កោះកុង គួរ​បញ្ឈប់​សកម្មភាព​គំរាម​កំហែង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​តទៅទៀត ហើយ​ត្រូវ​ងាក​មក​ជួយ​រក​ដំណោះស្រាយ​សម្របសម្រួល​ជាមួយ​ក្រុមហ៊ុន ឈាន​ដល់​ផ្តល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ​ទាំង ៤​គ្រួសារ ដើម្បី​ឲ្យ​ពួក​គាត់​ព្រម​ចាកចេញ​ពី​ដី​លំនៅឋាន​ដោយ​មាន​ការ​ឯកភាព និង​ដោយ​សន្តិវិធី។

ជម្លោះ​នេះ​ដែរ លោក គង់ជិត បាន​ស្នើ​ដល់​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដែល​ទើប​ទទួល​បាន​តំណែង​ថ្មី លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​នៅ​សល់ ៤​គ្រួសារ​ចុង​ក្រោយ​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ចិន យូ.ឌី.ជី ឲ្យ​បាន​ឆាប់។ ជាង​នេះ ក៏​ត្រូវ​អន្តរាគមន៍​បើក​របង​សំណាញ់​ហ៊ុមព័ទ្ធ​លំនៅឋាន​ពលរដ្ឋ ដែល​ក្រុមហ៊ុន យូ.ឌី.ជី បាន​បិទ​ផ្លូវ​ចេញ​ចូល ដើម្បី​អាច​ឲ្យ​ពលរដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ទូលំទូលាយ​ដូច​ពេល​មុន​វិញ « យើង​ឃើញ​ថា ក្រុមហ៊ុន​ចិន បាន​ប្រើ​កម្លាំង​កម្មករ​អម​ដោយ​កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​កោះកុង ជាង ២០​នាក់ បាន​ដាក់​ពង្រាយ​នៅ​ចំណុច​វត្ត​ពយជប៉ុន។ យើង​ឃើញ​ថា ការ​ធ្វើ​សំណាញ់​ហ៊ុមព័ទ្ធ​តំបន់​នេះ គឺ​ក្រុមហ៊ុន​ចិន បាន​ហ៊ុមព័ទ្ធ​ទៅ​លើ​ផ្ទៃដី​ជាង ១០​ហិកតារ​ក្នុង​គោល​បំណង​យក​ដី​រដ្ឋ និង​ដី​ប្រជាពលរដ្ឋ​នៅ​សល់ ៤​គ្រួសារ​ទៀត ដែល​មិន​ទាន់​យល់ព្រម​ចាកចេញ។ ការ​ធ្វើ​របង​សំណាញ់​ហ៊ុមព័ទ្ធ​ដី​នេះ គឺ​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយ​ក្រុមហ៊ុន​ចិន យូ . ឌី . ជី បាន​បំពាន​ទៅ​លើ​ម្ចាស់​នៃ​កម្មសិទ្ធិ​រស់នៅ​លើ​ដី​ជាក់ស្តែង »

ចំណែក​លោក ញៀប សំអឿន អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ខេត្ត​កោះកុង ដែល​បាន​តាមដាន​ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ​នៅ​ចំណុច​ពយ​ជប៉ុន ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ជាមួយ​ក្រុមហ៊ុន​ចិន យូ.ឌី.ជី យូរ​ឆ្នាំ ក៏​បាន​ស្នើ​ដល់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ជួយ​អន្តរាគមន៍​ជំរុញ​ទៅ​ក្រុមហ៊ុន ឲ្យ​ងាក​មក​ដោះស្រាយ​សំណង​ឲ្យ​បាន​សមរម្យ​ជូន​ពលរដ្ឋ​នៅ​សល់ ៤​គ្រួសារ​នេះ​ផង។

អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​រូប​នេះ ក៏​សំណូម​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន គួរ​លះបង់​សកម្មភាព​គំរាម​កំហែង​តាម​គ្រប់​រូបភាព​របស់​ខ្លួន ដែល​ធ្លាប់​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ឲ្យ​ចាកចេញ​ពី​ដីធ្លី​ធ្លាប់​រស់នៅ​កន្លង​ទៅ​ដើម្បី​ផ្គាប់​ចិត្ត​ក្រុមហ៊ុន ត្រូវ​តែ​បញ្ឈប់​ទង្វើ​នេះ​កុំ​ឲ្យ​កើត​មាន​តទៅទៀត « អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​មូលដ្ឋាន​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង គួរ​តែ​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ទាំង ៤​គ្រួសារ​នៅ​សល់​ចុង​ក្រោយ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន យូ . ឌី . ជី នេះ ឲ្យ​ពួក​គាត់​រស់នៅ​កន្លែង​នេះ​ឲ្យ​បាន​ស្រួល មាន​សន្តិសុខ និង​ដោយ​សេរី ដូច​កាល​មុន​វិញ និង​ផ្តល់​សិទ្ធិ​រស់នៅ​ដល់​ពួក​គាត់​រហូត​ដល់​មាន​ការ​រក​ដំណោះស្រាយ​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ ជាមួយ​ភាគី​ក្រុមហ៊ុន​ចិន ឲ្យ​ចប់​សព្វគ្រប់​ជា​មុន​សិន »

អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន ហៅ​កាត់​ថា យូ.ឌី.ជី ដើម្បី​បំភ្លឺ​លើ​ករណី​ដែល​ប្រជាពលរដ្ឋ ៤​គ្រួសារ ចោទ​ធ្វើ​របង​បិទ​ផ្លូវ​ចេញ​ចូល​លំនៅឋាន​នៅ​ចំណុច​ពយ​ជប៉ុន ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ នេះ​ទេ នៅ​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មិថុនា។

ចំណែក​អភិបាល​ខេត្ត​កោះកុង អ្នកស្រី មិថុនា ភូថង ដែល​ទើប​ចូល​កាន់​តំណែង​ថ្មី ផ្តល់​សម្ភាស​តាម​ទូរស័ព្ទ​ឲ្យ​អាស៊ីសេរី​ដឹង​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៤ ខែ​មិថុនា ថា នឹង​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​នេះ ចុះ​ពិនិត្យ​ជាក់ស្តែង ដែល​ក្រុមហ៊ុន​ចិន យូ.ឌី.ជី ត្រូវ​ប្រជាពលរដ្ឋ ៤​គ្រួសារ​រស់នៅ​ចំណុច​ពយ​ជប៉ុន ភូមិ​ព្រែកស្មាច់ ស្រុក​កោះស្ដេច បាន​លើក​ពី​កង្វល់​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ។

អ្នកស្រី​អភិបាល​ខេត្ត​កោះកុង ស្នើសុំ​ពេលវេលា​ដើម្បី​ទុក​ឱកាស​ឲ្យ​អ្នកស្រី​មាន​ពេលវេលា​ពិនិត្យ​ទៅ​លើ​ឯកសារ​នៃ​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​សល់ ៤​គ្រួសារ មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន យូ.ឌី.ជី នៅ​ឃុំ​កោះស្ដេច ស្រុក​គិរីសាគរ ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន ព្រោះ​អ្នកស្រី​ទើប​មក​ទទួល​តួនាទី​ជា​អភិបាល​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ទី​២៣ ខែ​មិថុនា ប៉ុណ្ណោះ « បង​សុំ​ទោស ឥឡូវ​នេះ​ខ្ញុំ​ក្តាប់​ព័ត៌មាន​នេះ​មិន​ទាន់​បាន​ច្បាស់​ទេ ចាំ​ខ្ញុំ​ឲ្យ​ខាង​មន្ត្រី​ខ្ញុំ​ទាក់ទង​ទៅ​បង​វិញ ព្រោះ​ឥឡូវ​នេះ​ខ្ញុំ​មិន​ទាន់​បាន​ចូល​ទៅ​ធ្វើ​ការងារ​ស៊ុប​នៅ​ឡើយ​ទេ ហើយ​ខ្ញុំ​ស្នើសុំ​ព័ត៌មាន​ពី​ខាង​បង​មក​វិញ »

ក្រុមហ៊ុន យូញៀន ឌីវីឡុបមែន គ្រុប ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​បរិស្ថាន លើ​ផ្ទៃដី​ឧទ្យាន​ជាតិ​បុទុមសាគរ មាន​ទំហំ ៣​ម៉ឺន ៦​ពាន់​ហិកតារ ដើម្បី​អនុវត្ត​គម្រោង​ទីក្រុង​ទេសចរណ៍​តំបន់​ឆ្នេរ​នា​មូលដ្ឋាន​នេះ​កាល​ពី​ឆ្នាំ​២០០៨៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។