អាជ្ញាធរ​ពាក់ព័ន្ធ​សហការ​ជាមួយ​អង្គការ CLEC ពន្លឿន​ដោះស្រាយ​ដីធ្លី​នៅ​ឃុំ​ជីខលើ

0:00 / 0:00

អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់​ពី​ថ្នាក់​ជាតិ​ដល់​ថ្នាក់​ខេត្ត បាន​រួម​សហការ​គ្នា​ជាមួយ​អង្គការ ស៊ី.អ៊ិល.អ៊ី.ស៊ី (CLEC) ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ប្រជាពលរដ្ឋ​ចំនួន ២០០គ្រួសារ នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​កោះកុង ឬ​ហៅ​កាត់​ថា ខេ.អេស.អាយ (KSI) ចប់​ឲ្យ​បាន​ឆាប់។

តំណាង​ពលរដ្ឋ ស្វាគមន៍​ចំពោះ​ចំណាត់ការ​នេះ ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ​ជួយ​ពន្លឿន​រក​ដំណោះស្រាយ​លើ​ជម្លោះ​ដីធ្លី​នេះ​ចប់​ឲ្យ​បាន​ឆាប់ ព្រោះ​ពួក​គេ​មិន​មាន​ដី​បង្កបង្កើនផល​កសិកម្ម​ជាង ១០​ឆ្នាំ​មក​ហើយ ហើយ​ធ្លាក់​ខ្លួន​ក្រ​តោកយ៉ាក។

ប្រធាន​កម្មវិធី​អភិបាលកិច្ច​ល្អ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ ហៅ​កាត់​ថា ស៊ី.អ៊ិល.អ៊ី.ស៊ី (CLEC) លោក គិត ទូច ដែល​ជា​អ្នក​រៀបចំ​កម្មវិធី​ប្រជុំ ឲ្យ​ដឹង​ថា កិច្ច​ពិភាក្សា​គ្នា​រវាង​តំណាង​អាជ្ញាធរ​ថ្នាក់​ជាតិ ថ្នាក់​ខេត្ត តំណាង​ពលរដ្ឋ ២០០​គ្រួសារ និង​ក្រុមហ៊ុន ខេ.អេស.អាយ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា មិន​ទាន់​មាន​លទ្ធផល ១០០​ភាគរយ​ទេ ប៉ុន្តែ​ខាង​តំណាង​ថ្នាក់​ជាតិ​មក​ពី​ក្រសួង​មហាផ្ទៃ តំណាង​ថ្នាក់​ខេត្ត មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​តំណាង​ពលរដ្ឋ ព្រម​ទាំង​តំណាង​ក្រុមហ៊ុន​ស្ករ​អំពៅ ខេ.អេស.អាយ នឹង​ជួប​ពិភាក្សា​ជា​បន្តបន្ទាប់​ទៀត​នៅ​ថ្ងៃ​ខាង​មុខ ព្រោះ​យោង​តាម​លទ្ធផល​ចរចា​រក​ដំណោះស្រាយ​កន្លង​ទៅ​រវាង​តំណាង​ពលរដ្ឋ ជាមួយ​ក្រុមហ៊ុន មាន​លទ្ធផល​ជា​វិជ្ជមាន​ច្រើន​ហើយ។

លោក គិត ទូច បាន​អះអាង​ថា កន្លង​ទៅ អង្គការ ស៊ី.អ៊ិល.អ៊ី.ស៊ី បាន​ជួប​ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន ខេ.អេស.អាយ និង​ក្រុមហ៊ុន​បញ្ជា​ទិញ​ស្ករ​អំពៅ​របស់​ក្រុមហ៊ុន​នេះ​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស ឈ្មោះ ថេត អែន ឡាយ (Tate & Lyle) ឈាន​ដល់​ក្រុមហ៊ុន​ស្ករ​អំពៅ ខេ.អេស.អាយ ព្រម​កាត់​ដី​ចំនួន ៣០០​ហិកតារ​សម្រាប់​បែងចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២០០​គ្រួសារ​នេះ​រួច​ហើយ។

លោក គិត ទូច ឲ្យ​ដឹង​ថា កិច្ចប្រជុំ​ពិភាក្សា​គ្នា​មួយ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១៩ ខែ​កក្កដា នា​សាល​ប្រជុំ​ក្នុង​បរិវេណ​សណ្ឋាគារ​កោះកុង​ស៊ីធី មាន​ឈ្មោះ​ថា "កិច្ច​សន្ទនា​ពហុ​តួអង្គ​ថ្នាក់​ខេត្ត​ស្តី​អំពី៖ អនុសាសន៍​រួម និង​ជម្រើស​នានា​បញ្ចប់​ករណី​ទំនាស់​ដីធ្លី គម្រោង​ឧស្សាហកម្ម​ស្ករ​អំពៅ​នៅ​ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង"។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក គិត ទូច អះអាង​ថា ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​រវាង​ពលរដ្ឋ ២០០​គ្រួសារ​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ ខេ.អេស.អាយ នៅ​ខេត្ត​កោះកុង នេះ ជិត​នឹង​បញ្ចប់​ហើយ ដោយ​រង់ចាំ​ពិនិត្យ​នីតិវិធី​ឲ្យ​ស្រប​តាម​ច្បាប់ ពិសេស​សេចក្តី​សម្រេច​ចុង​ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ឈាន​ដល់​កាត់​ឆ្វៀល​បរិវេណ​ដី​ទំហំ ៣០០​ហិកតារ​ចេញ​ពី​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន ខេ.អេស.អាយ តែ​ប៉ុណ្ណោះ៖ « ខ្ញុំ​កត់ត្រា​រាល់​អនុសាសន៍​នានា​ពី​កិច្ចប្រជុំ​នេះ បន្ទាប់​មក​នឹង​កសាង​ឯកសារ​មួយ​ដាក់​ជូន​លោក​ជំទាវ​អភិបាល​ខេត្ត​កោះកុង និង​ថ្នាក់​ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ថ្នាក់​ជាតិ ដើម្បី​ស្នើសុំ​ឲ្យ​មាន​កិច្ចប្រជុំ​កម្រិត​បច្ចេកទេស​តុ​មូល​មួយ​ទៀត​នៅ​ថ្នាក់​ជាតិ។ បន្ទាប់​មក​ទៀត ឈាន​ដល់​ក្រុមហ៊ុន ក្រសួង​កសិកម្ម និង​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ លោក​ពិនិត្យ​សម្រេច​តែ​ម្តង​ថា ( ខ១ ) យន្តការ​នៅ​មូលដ្ឋាន​មាន​អ្វី​ខ្លះ ? ( ខ២ ) ទំហំ​ផ្ទៃដី​ចំនួន ៣០០​ហិកតារ​ដែល​នឹង​ត្រូវ​កាត់​ចេញ​ហ្នឹង ត្រូវ​ប្រើប្រាស់​តាម​រូបភាព​ជា​ប្រទានកម្ម ឬ​ក្រោម​រូបភាព​ផ្តល់​សិទ្ធិ​កាន់កាប់ ប្រើប្រាស់ និង​អាស្រ័យ​ផល នៅ​ពេល​ត្រូវ​ចែក​ជូន​ដល់​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ​នេះ »

នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ លោក ស៊ុន តារា អភិបាល​រង​ខេត្ត​កោះកុង ដែល​ចូលរួម​ជា​អធិបតី បាន​ផ្តល់​អនុសាសន៍​ទៅ​អង្គការ ស៊ី.អ៊ិល.អ៊ី.ស៊ី ស្នើ​ឲ្យ​ចងក្រង​ឯកសារ​ពាក់ព័ន្ធ​នៃ​អត្តសញ្ញាណ​របស់​ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ទាំង ២០០​គ្រួសារ ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន មុន​បញ្ជូន​ឯកសារ​ដោះស្រាយ​បញ្ចប់​ទំនាស់​ដីធ្លី​នេះ​ដាក់​ជូន​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​សម្រេច​ចុង​ក្រោយ៖ « ទី​១ យើង​សុំ​ស្នើ​កាត់​ឆ្វៀល​ផ្ទៃដី ៣០០​ហិកតារ​ពី​ផ្ទៃដី​វិនិយោគ​របស់​ក្រុមហ៊ុន​ស្ករ​អំពៅ ដាក់​ជូន​ទៅ​ក្រសួង​ពាក់ព័ន្ធ។ បន្ត​មក​ទៀត យើង​ត្រូវ​កំណត់​អំពី​ចំនួន​ស្ថិតិ​ពលរដ្ឋ​ដែល​យើង​បាន​ពិនិត្យ​វិនិច្ឆ័យ​រួច ២០០​គ្រួសារ​ហ្នឹង គឺ​សុទ្ធតែ​ជា​អ្នក​នឹង​ទទួល​បាន​គោល​នយោបាយ​ដោះស្រាយ​ដីធ្លី​ឲ្យ​បាន​ច្បាស់លាស់។ ករណី​នេះ យើង​ត្រូវ​ពិនិត្យ​ពិចារណា​ទៅ​លើ​ចំនួន​ពលរដ្ឋ ២០០​គ្រួសារ​នេះ តើ​មាន​អត្តសញ្ញាណ​ដូចម្តេច​ខ្លះ ដែល​ជា​មុខ​សញ្ញា​ត្រូវ​ដោះស្រាយ​បែងចែក​ដីធ្លី​ជូន​ពួក​គាត់។ ហើយ​ថ្ងៃ​នេះ ខាង​តំណាង​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ គឺ​មាន​សិទ្ធិ​ត្រឹម​តែ​មក​ស្តាប់ និង​រាយការណ៍​អំពី​សំណូមពរ ឬ​អនុសាសន៍​ផ្សេងៗ​ដែល​មាន​នៅ​ក្នុង​កិច្ចប្រជុំ​នេះ សម្រាប់​ដាក់​ជូន​មេ​របស់​គាត់​តែ​ប៉ុណ្ណោះ ព្រោះ​មេ​គាត់​ជាប់​រវល់​ចុះ​ទៅ​បំពេញ​ការងារ​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ »

តំណាង​ប្រជាពលរដ្ឋ ២០០​គ្រួសារ​ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ពន្លឿន​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ ព្រោះ​ពួក​គេ​គ្មាន​ដី​កសិកម្ម​ធ្វើ​ស្រែ​ចម្ការ​អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ៖ « ខ្ញុំ​ជា​អ្នក​ក្រីក្រ ខ្ញុំ​សុំ​សំណូមពរ​ទៅ​ដល់​សម្ដេច​នាយក ឲ្យ​លោក​ជួយ​ដល់​ប្រជាពលរដ្ឋ​ពួក​ខ្ញុំ និង​រូប​ខ្ញុំ​ផ្ទាល់​នៅ​ភូមិ​ត្រពាំងកណ្ដោល ឃុំ​ជីខលើ ស្រុក​ស្រែអំបិល ឲ្យ​ទទួល​បាន​ដី​កសិកម្ម​សម្រាប់​ដាំ​ដំណាំ​ចិញ្ចឹម​ជីវិត​ដូច​ដើម​វិញ។ ខ្ញុំ​ស្នើសុំ​ឲ្យ​សម្ដេច​ជួយ​ដល់​ពួក​ខ្ញុំ ដែល​ជា​អ្នក​ក្រីក្រ ជា​អ្នក​រងគ្រោះ​ដោយ​ការ​រំលោភ​បំពាន​ដីធ្លី​ពី​សំណាក់​ក្រុមហ៊ុន​ស្ករ​អំពៅ​នេះ​ផង។ ខ្ញុំ​សុំ​អស់​យោបល់​ហើយ ព្រោះ​អួល​ដើម​ក​និយាយ​មិន​ចេញ​ទេ​លោក​ប្អូន »

ពលរដ្ឋ​ត្អូញត្អែរ​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន​នេះ​បាន​មក​ឈូស​ឆាយ​រំលោភ​យក​ដី​ចម្ការ​ដំណាំ​ពួក​គេ​កាល​ពី​ឆ្នាំ​២០០៦ មក គឺ​ពួក​គេ​គ្មាន​ដីធ្លី​បង្កបង្កើនផល ជំពាក់​បំណុល​ធនាគារ ធ្លាក់​ខ្លួន​ក្រ​តោកយ៉ាក កូនៗ​មិន​បាន​ចូល​រៀន និង​មាន​យុវជន​ខ្លះ​ទៀត​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស ជាដើម៖ « ខ្ញុំ​សូម​សំណូមពរ​ដល់​សម្ដេច​នាយក​រដ្ឋមន្ត្រី ស្នើ​ឲ្យ​សម្ដេច​ជួយ​ដោះស្រាយ​ពី​រឿង​ដីធ្លី​របស់​ពួក​ខ្ញុំ ដែល​ត្រូវ​ក្រុមហ៊ុន​ស្ករ​អំពៅ​រំលោភ​ឈូស​ឆាយ​យក ហើយ​ដែល​គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ។ សូម​សម្ដេច​ជួយ​ដល់​ពលរដ្ឋ​ពួក​ខ្ញុំ​ផង ព្រោះ​អី​គ្រួសារ​ខ្ញុំ​នៅ ៤ ទៅ ៥​ឆ្នាំ​ចុង​ក្រោយ​នេះ គ្រួសារ​ខ្ញុំ​មាន​ការ​លំបាក​ក្នុង​ការ​ប្រកប​ការងារ​ចិញ្ចឹម​ជីវិត​ជា​ទីបំផុត រក​អ្វី​មក​ប្រៀប​ពុំ​បាន​ទេ ព្រោះ​គ្មាន​ដី​បង្កបង្កើនផល​ចិញ្ចឹម​កូន​ចៅ​ជាង ១០​ឆ្នាំ​មក​ហើយ វេទនា​ណាស់ៗ »

តំណាង​ក្រុមហ៊ុន​ស្ករ​អំពៅ ខេ.អេស.អាយ ស្រុក​ស្រែអំបិល ខេត្ត​កោះកុង លោក ជួប វីរៈ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​បែប​ណា​ទេ​ក្នុង​ការ​ស្នើសុំ​ដោះស្រាយ​បញ្ចប់​ជម្លោះ​ដីធ្លី​នេះ​ទេ នៅ​ក្នុង​អង្គ​ប្រជុំ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​កក្កដា ដោយ​បញ្ជាក់​ខ្លី​ថា នឹង​នាំ​យក​អនុសាសន៍ ឬ​សំណូមពរ​ផ្សេងៗ​ដាក់​ជូន​នាយក​ក្រុមហ៊ុន​សម្រេច​នៅ​ពេល​ក្រោយ​ទៀត។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក វិន ប្រុស តំណាង​មក​ពី​ក្រសួង​មហាផ្ទៃ ស្នើ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់ កុំ​បង្ក​ភាព​អនាធិបតេយ្យ ឬ​នាំ​គ្នា​ទៅ​សង់​ផ្ទះ​រស់នៅ​លើ​ដី​ដែល​ក្រុមហ៊ុន​ស្ករ​អំពៅ ខេ.អេស.អាយ បាន​ត្រៀម​បម្រុង​ទុក​ផ្តល់​ជូន​ពលរដ្ឋ​ទាំង ២០០​គ្រួសារ​នៅ​មុន​ពេល​អាជ្ញាធរ​មិន​ទាន់​បាន​ចុះ​បែងចែក​ជូន​ពលរដ្ឋ​រស់នៅ​ស្រប​ច្បាប់​នោះ ព្រោះ​បារម្ភ​ខ្លាច​កើត​មាន​ជម្លោះ​កើត​ឡើង​ថ្មី​ថែម​ទៀត។

លោក វិន ប្រុស តំណាង​ពី​ក្រសួង​មហាផ្ទៃ អះអាង​ថា ពលរដ្ឋ​ទាំង ២០០​គ្រួសារ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ ខេ.អេស.អាយ នឹង​ទទួល​បាន​យុត្តិធម៌ និង​ទទួល​បាន​ចំណែក​ដី​កសិកម្ម​របស់​ខ្លួន​មក​វិញ​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ៖ « ធ្វើ​ម៉េច​យើង​ត្រូវ​ដោះស្រាយ​ទៅ​តាម​នីតិវិធី ដោយ​យើង​មិន​អាច​ឲ្យ​ប្រជាពលរដ្ឋ​ចុះ​ទៅ​ដណ្ដើម​ដី ឬ​ចាប់​ដី​ដោយ​ឯកឯង​បាន​ទេ។ ហើយ​ការងារ​នេះ គឺ​យើង​ត្រូវ​ធ្វើ​ឯកសារ​ឲ្យ​បាន​ជាក់លាក់ ឬ​ច្បាស់លាស់​ជាង​នេះ​បន្តិច។ ទី​១ ត្រូវ​ឲ្យ​ប្រាកដ​ថា ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​បាន​ឯកភាព​គ្នា​ក្នុង​ការងារ​ផ្តល់​ដី ៣០០​ហិកតារ និង​ការ​ព្រម​ទទួល​យក​ដោយ​សន្តិវិធី​ជា​មុន និង​ទី​២ ចំនួន​ប្រជាពលរដ្ឋ ២០០​គ្រួសារ​នោះ ត្រូវ​កំណត់​ឲ្យ​ច្បាស់​មាន​ឈ្មោះ​អត្តសញ្ញាណ​នៅ​ក្នុង​ភូមិ​ឃុំ​រស់នៅ​ជាក់ស្តែង និង​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ឲ្យ​ការ​រៀបចំ​នីតិវិធី​កាត់​ឆ្វៀល​ដី​ចែក​ជូន​ពួក​គាត់​ឲ្យ​បាន​ឆាប់ ព្រោះ​ពួក​គាត់​មាន​ការ​លំបាក​ក្នុង​ជីវភាព​គ្រួសារ​បំផុត »

បញ្ហា​នេះ​ដែរ លោក ញៀប សំអឿន អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​កោះកុង បាន​ឲ្យ​ដឹង​ថា ទំនាស់​ដីធ្លី​ដែល​កើត​មាន​ជាមួយ​ក្រុមហ៊ុន​ស្ករ​អំពៅ ខេ.អេស.អាយ នៅ​ឃុំ​ជីខលើ ទំនង​ជា​មិន​ទាន់​បញ្ចប់​ត្រឹម​ការ​ដោះស្រាយ​បែងចែក​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ២០០​គ្រួសារ​នេះ​ទេ។ លោក ញៀប សំអឿន ឲ្យ​ដឹង​ថា កន្លង​ទៅ​នេះ​មាន​ប្រជាពលរដ្ឋ​ជាង ៥០០​គ្រួសារ​ទៀត​នៅ​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង បាន​ដាក់​ពាក្យ​បណ្ដឹង​នៅ​សមាគម​អាដហុក ឲ្យ​ជួយ​អន្តរាគមន៍ និង​នាំ​យក​កង្វល់​ដែល​ត្រូវ​ក្រុមហ៊ុន ខេ.អេស.អាយ ឈូស​ឆាយ​រំលោភ​យក​ដី​កសិកម្ម​កន្លង​ទៅ ឲ្យ​ជួយ​ដាក់​ជូន​អាជ្ញាធរ​ថ្នាក់​ខេត្ត និង​ថ្នាក់​ជាតិ​ជួយ​រក​ដំណោះស្រាយ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។