ប្រជាពលរដ្ឋរស់នៅភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នៅថ្ងៃទី៣០ ខែសីហា បាន នាំគ្នាចែកខិត្តប័ណ្ណនៅតាមផ្លូវជាតិលេខ៤៨ ដើម្បីផ្សព្វផ្សាយពីគម្រោងរបស់ខ្លួន ដែលនឹងហែញត្តិ ទៅដាក់ជូនអាជ្ញាធរពាក់ព័ន្ធ និងហែចូលរោងចក្រក្រុមហ៊ុនរបស់ លោក លី យ៉ុងផាត់ ដើម្បីទាមទារ ឲ្យដោះស្រាយបញ្ហាដីធ្លី។
តំណាងពលរដ្ឋឃុំជីខលើ លោក តេង កៅ មានប្រសាសន៍ថា ពួកគាត់ចែកខិត្តប័ណ្ណជូនអ្នកដំណើរនៅតាមផ្លូវជាតិលេខ៤៨ ចំនួន ៤០០សន្លឹក ដើម្បីអំពាវនាវឲ្យសាធារណជនបានដឹងពីទុក្ខលំបាករបស់ពួកគាត់។ លោកថា បន្ទាប់ពីចែកខិត្តប័ណ្ណនេះ នៅថ្ងៃទី១៨ ខែកញ្ញា ពួកគាត់នឹងដង្ហែញត្តិដាក់ជូនទៅអាជ្ញាធរឃុំ និងស្រុក រួចហើយនឹងហែញត្តិចូលទៅក្រុមហ៊ុនកោះកុងស៊ូហ្គ័រ (Koh kong Sugar) របស់ លោក លី យ៉ុងផាត់ តែម្ដង។ លោកបញ្ជាក់ថា ពលរដ្ឋដាក់ញត្តិនេះមានបំណងឲ្យក្រុមហ៊ុនកាត់ដីទំហំជាង ១.៣០០ហិកតារ ឲ្យពលរដ្ឋចំនួន ២០០គ្រួសារ និងផ្ដល់សំណងដែលក្រុមហ៊ុនបានឈូសឆាយដំណាំពួកគាត់វិញ។
លោក តេង កៅ៖ «ឲ្យដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ ហើយឲ្យក្រុមហ៊ុននោះទទួលខុសត្រូវ។ ទី១ សុំដី ទី២ សុំផ្ដល់សំណងដែលក្រុមហ៊ុនបានឈូសឆាយបំផ្លិចបំផ្លាញដីធ្លីស្រែចម្ការពួកខ្ញុំ បាញ់សម្លាប់សត្វគោក្របី ដើម្បីសងពួកខ្ញុំវិញ។ បើគាត់មិនធ្វើការដោះស្រាយទេ ខ្ញុំនឹងធ្វើសកម្មភាពដាក់នៅសាលាខេត្ត ហើយនិងដាក់ពាក្យបណ្ដឹងទៅខាងសុរិយោដី ឲ្យរឿងរ៉ាវរបស់យើង ខ្ញុំនឹងឲ្យសុរិយោដីបង្វិលរឿងក្ដីមកតុលាការវិញ»។
ពលរដ្ឋឃុំជីខលើ មានវិវាទដីធ្លីជាមួយក្រុមហ៊ុនកោះកុងស៊ូហ្គ័រ របស់ លោក លី យ៉ុងផាត់ តាំងពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០០៦ មក ដែលមានការប្ដឹងផ្ដល់គ្នាជាច្រើនលើកច្រើនសា ព្រមទាំងបានឡើងមកភ្នំពេញតវ៉ាស្ទើរគ្រប់ស្ថាប័នពាក់ព័ន្ធ តែពុំមានដំណោះស្រាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
