ប្រជាពលរដ្ឋប្រមាណជិត ១០០នាក់ក្នុងខេត្តកោះកុង នៅតែបន្តនាំគ្នាធ្វើកូដកម្មចូលដល់ថ្ងៃទី៤ ហើយ នៅក្បែរស្នាក់ការក្រុមហ៊ុនចិន ឈ្មោះ យូញៀន (Union) ដើម្បីទាមទារឲ្យក្រុមហ៊ុននេះផ្ដល់ដំណោះស្រាយដីធ្លី ជាពិសេសសុំកុំឲ្យឈូសឆាយផលដំណាំពួកគាត់។
ចំណែកកងកម្លាំងសមត្ថកិច្ច និងសន្តិសុខក្រុមហ៊ុន នៅតែដាក់ពង្រាយចាំឃ្លាំមើលកូដកម្មនោះ ដោយពុំទាន់មានកិច្ចអន្តរាគមន៍ដោះស្រាយយ៉ាងណានោះទេ។
តំណាងប្រជាពលរដ្ឋអ្នកធ្វើកូដកម្ម នៅថ្ងៃទី២ វិច្ឆិកា បានឲ្យដឹងថា ការធ្វើកូដកម្មរបស់ពួកគាត់ដោយបោះតង់ជ្រកនៅជិតក្រុមហ៊ុនទាំងថ្ងៃទាំងយប់នោះ កំពុងជួបការលំបាកដោយខ្វះទឹក ម្ហូបអាហារសម្រាប់បរិភោគ។
អ្នកភូមិម្នាក់ឈ្មោះ អ៊ុត ម៉ូន រស់នៅភូមិគៀនប្រង់ ឃុំកោះស្ដេច ស្រុកគីរីសាគរ បានឲ្យដឹងថា ការខ្វះខាតនេះដោយសារអាជ្ញាធរដាក់កម្លាំងបិទច្រក និងហ៊ុមព័ទ្ធកន្លែងពួកគាត់ស្នាក់នៅធ្វើកូដកម្មនោះ មិនឲ្យចេញចូល និងព្រមានបោសសម្អាតមិនឲ្យបោះតង់ស្នាក់នៅតវ៉ា នៅជិតទីតាំងក្រុមហ៊ុនចិន នោះទៀតឡើយ៖ «អត់ឲ្យពួកខ្ញុំចេញរកអីហូបចុកទេ ហើយគេចាប់ផ្ដើមដាក់កម្លាំងមកសម្អាតពួកខ្ញុំអ្នកតវ៉ាទៀត»។
ស្ត្រីដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនមួយរូបទៀតឈ្មោះ ភូ តាងគាន ចង់ឲ្យអាជ្ញាធរធ្វើយ៉ាងណាឲ្យក្រុមហ៊ុនរំខានដល់ការធ្វើស្រែចម្ការ និងដោះស្រាយសំណងសមរម្យ និងយុត្តិធម៌ជូនពលរដ្ឋ ជាជាងដាក់កម្លាំងគំរាមការតវ៉ាដោយអហិង្សា ដើម្បីការពារទ្រព្យសម្បត្តិស្របច្បាប់របស់ដូនតាគាត់ ហើយទៅការពារផលប្រយោជន៍ឲ្យក្រុមហ៊ុនចិន នោះ៖ «ខ្ញុំបានយកកូនចៅ កូនក្មួយទៅការពារចម្ការស្វាយចន្ទី កុំឲ្យក្រុមហ៊ុនឈូសឆាយ បើទៅគ្នាតិចបួនដប់នាក់វាដេញវាយរាល់ដង»។
ឆ្លើយតបនឹងការលើកឡើងរបស់ពលរដ្ឋនេះ អធិការរងស្រុកគីរីសាគរ មានប្រសាសន៍បដិសេធចំពោះការចោទប្រកាន់របស់ពលរដ្ឋ៖ «អត់មានបញ្ហាអីផងហ្នឹង គ្មានអ្នកណារាំងខ្ទប់មិនឲ្យយកស្បៀងចូល ពួកគាត់ដឹកមកបានតើ តាមគោយន្តពីក្រោមតាមគៀនប្រង់ មក»។
ចំណែកមន្ត្រីអង្គការសិទ្ធិមនុស្សដែលបានចុះឃ្លាំមើលការតវ៉ាក្នុងរឿងនេះផ្ទាល់ បានសង្កេតឃើញថា អាជ្ញាធរមានសមត្ថកិច្ច ពិតជាបានហ៊ុមព័ទ្ធការធ្វើកូដកម្មរបស់ពលរដ្ឋ ដោយមិនឲ្យអ្នកនៅសហគមន៍ផ្សេងៗដែលមានជម្លោះដីធ្លីដូចគ្នាដែរនោះ មកចូលរួម និងយកស្បៀងអាហារចូលក្នុងបរិវេណបោះជំរំតវ៉ានោះឡើយ។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ប្រចាំខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា លោកបារម្ភខ្លាចកម្លាំងសន្តិសុខក្រុមហ៊ុន និងអាជ្ញាធរ ប្រើហិង្សាបំបែកក្រុមអ្នកតវ៉ាទាំងនោះ ព្រោះមធ្យោបាយទីមួយរបស់អាជ្ញាធរ គឺមិនឲ្យអ្នកតវ៉ាយកស្បៀងអាហារចេញចូលទៅកន្លែងបោះជំរំតវ៉ានោះបានឡើយ តាំងពីថ្ងៃទី១ ខែវិច្ឆិកា៖ «នេះជាការរំលោភសិទ្ធិមនុស្សមួយយ៉ាងធ្ងន់ធ្ងរ គឺសិទ្ធិទទួលបានអាហារហូបគ្រប់គ្រាន់ អ៊ីចឹងយើងសូមឲ្យអាជ្ញាធរពិចារណារឿងនេះឡើងវិញ ដើម្បីឲ្យពួកគាត់ទទួលបានស្បៀង ទឹកអីហូបចុកដូចធម្មតាឡើងវិញ»។
លោកស្រី ភូ តាងគាន ឲ្យដឹងទៀតថា ដីទំនាស់ដែលស្ថិតនៅឃុំកោះស្ដេច ស្រុកគីរីសាគរ ជាង ២ពាន់ហិកតារនោះ ពាក់ព័ន្ធនឹងពលរដ្ឋជាង ៣០០គ្រួសារ គឺជាគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនដែលមិនទាន់មានការដោះស្រាយជូនពួកគាត់នៅឡើយ ប៉ុន្តែក្រុមហ៊ុនបានឈូសឆាយដំណាំ និងផ្ទះសម្បែងរបស់ពួកគាត់ឲ្យខូចខាតជាច្រើន។
ជាមួយគ្នានេះដែរ អ្នកភូមិ អ៊ុត ម៉ូន បានបន្ថែមថា កន្លងអាជ្ញាធររបស់រដ្ឋាភិបាលជាច្រើនស្ថាប័នដែលពាក់ព័ន្ធក្នុងរឿងនេះ បានគាំទ្រឲ្យមានការដោះស្រាយផ្តល់សំណងសមរម្យ និងឲ្យផ្អាកការឈូសឆាយប៉ះពាល់ទៅលើដីពលរដ្ឋ និងត្រូវកាត់ឆ្វៀលដីរបស់ពួកគាត់ ដើម្បីអភិវឌ្ឍនៅនឹងកន្លែង ប៉ុន្តែខាងក្រុមហ៊ុនមិនដែលអនុវត្តតាមឡើយ៖ «គេអត់ដែលដោះស្រាយឲ្យទេ គេបំបិទយើងរហូត គ្រាន់តែមានពាក្យមួយថា គេនឹងឆ្វៀលកាត់ឲ្យ ប៉ុន្តែយើងចូលធ្វើអត់បាន យើងសុំលិខិតចូលធ្វើអីក៏អត់បានដែរ»។
ពលរដ្ឋបាននាំគ្នាបោះតង់ស្នាក់នៅរង់ចាំដំណោះស្រាយនេះក្បែរស្នាក់ការក្រុមហ៊ុន តាំងពីថ្ងៃទី៣០ ខែតុលា មក ដោយមានការឃ្លាំមើលពីប៉ូលិសទាហាន និងក្រុមសន្តិសុខក្រុមហ៊ុនជាច្រើននាក់ ប៉ុន្តែពុំមានផ្ទុះអំពើហិង្សាមកលើអ្នកតវ៉ានៅឡើយទេ រហូតមកដល់ល្ងាចថ្ងៃទី២ ខែវិច្ឆិកា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
