ពលរដ្ឋ​នៅ​កោះរ៉ុង​ចោទ​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​ថា​ឈូស​ឆាយ​ដី​ប៉ះពាល់​ដំណាំ​អ្នក​ភូមិ

0:00 / 0:00

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ដង្ហោយ​រក​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ទប់ស្កាត់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផល​ដំណាំ។ ក្រុមហ៊ុន​នេះ ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល ដើម្បី​អភិវឌ្ឍ​តំបន់​នេះ​រយៈពេល ៩៩​ឆ្នាំ។

មន្ត្រី​សង្គម​ស៊ីវិល​ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​កើត​មាន​ទំនាស់ បាន​ចាត់​ទុក​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ថា​បាន​អនុវត្ត​ផ្ទុយ​ពី​គោល​នយោបាយ​ស្បែក​ខ្លា ដែល​ប្រមុខ​ដឹក​នាំ​បាន​ដាក់​ឲ្យ​ក្រុមហ៊ុន ឬ​ក្រុម​ការងារ​រដ្ឋាភិបាល ចុះ​ពិនិត្យ​ដោះស្រាយ​គម្រោង​អភិវឌ្ឍន៍​លើ​កោះរ៉ុង។

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​កោះតូច សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​ចោទ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​បាន​សិទ្ធិ​វិនិយោគ​អភិវឌ្ឍ​កោះរ៉ុង រយៈពេល ៩៩​ឆ្នាំ ថា​បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ចម្ការ និង​បំផ្លាញ​ដំណាំ​ស្វាយចន្ទី ខ្នុរ ដូង និង​ដើម​ស្វាយ ជាដើម រាប់​រយ​ដើម ទាំង​មិន​បាន​ផ្តល់​សំណង ឬ​ជួប​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ជា​មុន​ទេ។

ពលរដ្ឋ​ចោទ​ថា សកម្មភាព​ប្រើ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ប៉ះពាល់​ដី​ចម្ការ​ពលរដ្ឋ​ចំនួន ៣​គ្រួសារ​មាន​ទំហំ​ផ្ទៃ​ដី​ជិត ២​ហិកតារ និង​មាន​ដាំ​ដំណាំ​ចម្រុះ ត្រូវ​បំផ្លាញ​ទាំង​ស្រុង​ចាប់​ពី​ខែ​មិថុនា បន្ត​មក​ដល់​ខែ​សីហា នេះ។

អតីត​ប្រធាន​ភូមិ​កោះតូច និង​ជា​ចាស់​ទុំ​ម្នាក់​ឈ្មោះ នាង សំប៊ុន បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺ​អនុវត្ត​ផ្ទុយ​ពី​អនុក្រឹត្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​ដាក់​ចេញ និង​តម្រូវ​ឲ្យ​ក្រុមហ៊ុន ឬ​មន្ត្រី​ក្រុម​ការងារ ពិនិត្យ​តាម​ដាន​ការ​អភិវឌ្ឍ​នៅ​លើ​កោះរ៉ុង។ អនុក្រឹត្យ​របស់​ប្រមុខ​ដឹក​នាំ បាន​តម្រូវ​ឲ្យ​ផែនការ​អភិវឌ្ឍន៍​នៅ​លើ​កោះរ៉ុង ត្រូវ​អនុវត្ត​តាម​គោល​នយោបាយ​ស្បែក​ខ្លា ដើម្បី​ធានា​ថា ផែនការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​តាំង​លំនៅឋាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ។ ជាង​នេះ ក៏​តម្រូវ​ឲ្យ​ក្រុម​ការងារ​អចិន្ត្រៃយ៍​ដើម្បី​ដោះស្រាយ ជំរុញ និង​តាម​ដាន​ការ​អភិវឌ្ឍ​កោះរ៉ុង ត្រូវ​រក​ដំណោះស្រាយ​វិវាទ​ផ្សេងៗ​ជាមួយ​ពលរដ្ឋ ជាមួយ​ក្រុមហ៊ុន ឲ្យ​ស្រប​តាម​អនុក្រឹត្យ​របស់​ប្រមុខ​ដឹក​នាំ​ដាក់​ឲ្យ​អនុវត្ត កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤។

អតីត​ប្រធាន​ភូមិ​កោះតូច លោក នាង សំប៊ុន បាន​បន្ថែម​ថា ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១០០​គ្រួសារ​ដែល​បាន​មក​តាំង​លំនៅ​ក្នុង​មូលដ្ឋាន​នេះ មាន​ពលរដ្ឋ​ខ្លះ​បាន​មក​រស់នៅ​តាំង​ពី​ឆ្នាំ​១៩៩៥ និង​បាន​ប្រកប​មុខ​របរ​នេសាទ​សមុទ្រ ឬ​ធ្វើ​ចម្ការ មុន​នឹង​ចាប់​យក​របរ​បម្រើ​សេវា​ភ្ញៀវ​ទេសចរ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ប៉ុន្តែ​លោក​ថា ទើប​មក​ដល់​ឆ្នាំ​២០០៨ ដែល​មាន​វត្តមាន​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​រដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​វិនិយោគ​នៅ​លើ​កោះរ៉ុង ត្រូវ​ក្រុមហ៊ុន​នេះ​ប្រើ​កម្លាំង​នគរបាល ឬ​កង​រាជ​អាវុធហត្ថ មក​គំរាម​ពលរដ្ឋ​មិន​ឲ្យ​សង់​ផ្ទះ ឬ​ដាំ​ដំណាំ ព្រម​ទាំង​ហាម​មិន​ឲ្យ​ពលរដ្ឋ​កាប់​ឆ្ការ​ព្រៃ​នៅ​លើ​ដី​ចម្ការ​ធ្លាប់​បង្កបង្កើនផល​របស់​ខ្លួន ជាដើម។

មនុស្ស​វ័យ​ចាស់​រូប​នេះ បាន​ចោទ​ថា សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្នុង​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ និង​ស្ថាបនា​កំពង់ផែ នាំ​ឲ្យ​ប៉ះពាល់​ផល​ដំណាំ និង​ដី​ចម្ការ​ពលរដ្ឋ​ក្នុង​តំបន់​នេះ​ជិត ២០​គ្រួសារ។ ហើយ​ថា ក្នុង​ចំណោម​នេះ គ្រួសារ​ខ្លះ​បាន​ប៉ះពាល់​ដី​ចម្ការ​ចាប់​ពី ៣០​អា រហូត​ដល់ ១​ហិកតារ ក្នុង​នោះ​មាន​ពលរដ្ឋ​ចំនួន ៣​គ្រួសារ​ត្រូវ​បាត់បង់​ដី​ចម្ការ មាន​ដាំ​ដើម​ស្វាយចន្ទី ស្វាយ ខ្នុរ ដូង និង​ដើម​ឫស្សី​ជាដើម អស់​ជាង ៤០០​ដើម និង​បាត់បង់​ដី​ចម្ការ​សរុប​ជិត ២​ហិកតារ៖ «កន្លង​មក​ហ្នឹង​អាជ្ញាធរ​បាន​ដាក់​កម្លាំង​បង្ក្រាប​ពលរដ្ឋ​មិន​ឲ្យ​ទៅ​កាប់​ឆ្ការ​ព្រៃ ឬ​ចូល​ទៅ​ថែទាំ​ផល​ដំណាំ​នៅ​លើ​ដី​ចម្ការ​របស់​ពួក​គាត់​ទេ​កន្លង​មក។ រហូត​ដល់​ពេល​ខ្លះ សមត្ថកិច្ច​នគរបាល​ជាដើម បាន​ចាប់​ប្រជាពលរដ្ឋ​បញ្ជូន​ទៅ​កាន់​ក្រសួង​បរិស្ថាន ដោយ​ចោទ​ពី​បទ​បំផ្លិចបំផ្លាញ​ព្រៃ​ឈើ ឬ​បរិស្ថាន​ជា​ដើម»

ផ្ដើម​ពី​បញ្ហា​នេះ អតីត​មេ​ភូមិ​កោះតូច លោក នាង សំប៊ុន បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ជួយ​ពិនិត្យ​សកម្មភាព​រំលោភ​បំពាន​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​បាន​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ជា​បន្តបន្ទាប់ ឬ​ក៏​ឈាន​ដល់​ពិចារណា​ដក​ហូត​សិទ្ធិ​ក្រុមហ៊ុន​វិនិយោគ​មួយ​នេះ​នា​ថ្ងៃ​អនាគត។

ក្រុម​ប្រជាពលរដ្ឋ​ផ្សេង​ទៀត​ដែល​ដី​ចម្ការ និង​ដំណាំ​ពួក​គាត់​ត្រូវ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈូស​ឆាយ​កម្ទេច​ចោល​គ្មាន​សល់ ក៏​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ ជួយ​កាត់​ឆ្វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា ដែល​ប្រមុខ​ដឹក​នាំ​បាន​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​កន្លង​មក សកម្មភាព​របស់​ក្រុមហ៊ុន​និង​អាជ្ញាធរ មិន​បាន​អនុវត្ត​តាម​គោល​នយោបាយ​នេះ​ទេ។

ត្រង់​ចំណុច​នេះ ប្រជាពលរដ្ឋ​ភូមិ​កោះតូច បាន​ចោទ​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ក្រុម​ការងារ ត្រួត​ពិនិត្យ​សកម្មភាព​អភិវឌ្ឍន៍​លើ​កោះរ៉ុង ថា​បាន​អនុវត្ត​ផ្ទុយ​ពី​អនុក្រឹត្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ។

ទាក់ទិន​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ មាន​ឈ្មោះ លោក ឡុក វណ្ណា លោកស្រី សំ សុខ និង​លោក មាស ណារ៉ា ដែល​ដី​ចម្ការ​របស់​ពួក​គាត់​ជិត ២​ហិកតារ ត្រូវ​គ្រឿងចក្រ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឈូស​បំផ្លាញ​ចោល​ដោយ​គ្មាន​ផ្តល់​សំណង ឬ​ប្រាប់​ដំណឹង​ជា​មុន បាន​ផ្ដិត​ស្នាម​មេដៃ​ដាក់​ពាក្យ​សុំ​កិច្ច​អន្តរាគមន៍​ពី លោក អ៊ួង និត ចៅ​សង្កាត់​កោះរ៉ុង តាម​រយៈ លោក ហាប់ សៀកលី មេ​ភូមិ​កោះតូច ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គ្មាន​ចម្លើយ​ឆ្លើយ​តប​ទេ។

បញ្ហា​នេះ អនុប្រធាន​ភូមិ​កោះតូច លោក ស៊ុន រឿន បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ដែល​ចុះ​ផ្ទាល់​ដល់​កោះរ៉ុង បាន​ចោទ​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ចម្ការ​ដំណាំ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខ្លួន​ពិត​មែន ក្នុង​នោះ​មាន​ពលរដ្ឋ​ជិត ២០​គ្រួសារ​បាន​រង​ផល​ប៉ះពាល់ ហើយ​ក្រុមហ៊ុន​នេះ​មិន​ជួយ​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ទេ។ បញ្ហា​នេះ លោក​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ ជួយ​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ជួយ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​នេះ​ផ្តល់​សំណង​ខូចខាត​ជូន​ពលរដ្ឋ។

ជាង​នេះ​ទៀត លោក ស៊ុន រឿន អនុប្រធាន​ភូមិ​កោះតូច ក៏​បាន​ស្នើ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល ឲ្យ​ជួយ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន មុន​នឹង​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ។ លោក​បញ្ជាក់​ថា ភូមិ​កោះតូច មាន​ពលរដ្ឋ​រស់នៅ​ចំនួន ១១២​គ្រួសារ និង​មាន​មនុស្ស​គ្រប់​វ័យ​សរុប​ជាង ៤០០​នាក់៖ «ស្នើ​ដល់​វិទ្យុ​អាស៊ីសេរី ជួយ​ផ្សព្វផ្សាយ​ឲ្យ​បាន​ដឹង​ឮ​ដល់​សម្ដេច ហ៊ុន សែន ឲ្យ​ជួយ​អន្តរាគមន៍​កាត់​ឆ្វៀល​ដី ឬ​វាស់​ដី​បែង​ចែក​ជូន​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ឲ្យ​រួច​រាល់​ជា​មុន​សិន ទើប​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ឈូស​ឆាយ ឬ​អភិវឌ្ឍ​លើ​គម្រោង​របស់​ខ្លួន ទើប​គ្មាន​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ។ សូម​រដ្ឋាភិបាល​ចុះ​ឆ្វៀល​ដី​ចែក​ជូន​ពលរដ្ឋ​ក្នុង​ភូមិ​កោះតូច ត្រឹម​ណា ឬ​ដី​ក្រុមហ៊ុន​ត្រឹម​ណា ត្រូវ​កំណត់​ឲ្យ​បាន​ច្បាស់លាស់ និង​កុំ​ឲ្យ​ប៉ះពាល់​ដល់​ដី​ចម្ការ​ពួក​គាត់»

សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ នៅ​លើ​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៥។
សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ នៅ​លើ​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៥។ (RFA/Den Ayuthyea)

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ស្រ៊ុន ស្រ៊ន់ អភិបាល​រង​ខេត្ត​ព្រះសីហនុ ដែល​ទទួល​បន្ទុក​ការងារ​ដីធ្លី និង​លោក អ៊ួង និត ចៅ​សង្កាត់​កោះរ៉ុង ដើម្បី​បំភ្លឺ​ជុំវិញ​កង្វល់​របស់​ពលរដ្ឋ​ភូមិ​កោះតូច ដែល​ចោទ​ថា ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ​ផល​ដំណាំ ឬ​ចម្ការ​របស់​គាត់​បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​សីហា។

ទោះ​យ៉ាង​ណា នៅ​ក្នុង​ប្លង់​អភិវឌ្ឍន៍​កោះរ៉ុង​ទាំង​មូល​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ដែល​គេ​ចង​ព្យួរ​នៅ​តាម​ផ្លូវ​ដែល​ក្រុមហ៊ុន​នេះ​កំពុង​ឈូស​ឆាយ បាន​បង្ហាញ​ថា ផែនទី​បង្ហាញ​ទម្រង់ និង​ទីតាំង​ក្បាល​ដី​កោះរ៉ុង​ក្នុង​ភូមិសាស្ត្រ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ ទ្រព្យ​ឯកជន​របស់​រដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​មាន​ទំហំ​សរុប ៧.៨២៦​ហិកតារ។

យ៉ាង​នេះ​ក្តី ក្រុម​ពលរដ្ឋ​ភូមិ​កោះតូច ប្រមាណ ៣០​នាក់ ដែល​បាន​ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ចុះ​ពិនិត្យ​មើល​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហើយ​បាន​ប៉ះពាល់​ដី​ចម្ការ​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា បាន​ចោទ​ថា សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប គឺ​អនុវត្ត​ផ្ទុយ​ពី​អនុក្រឹត្យ ឬ​មិន​ស្តាប់​តាម​សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន ឬ​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ទៅ​តាម​គោល​នយោបាយ​ស្បែក​ខ្លា ដើម្បី​ធានា​ឲ្យ​ផែនការ​អភិវឌ្ឍន៍​ក្រុមហ៊ុន​នេះ មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​តាំង​លំនៅឋាន និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​លើ​កោះរ៉ុង ទេ៖ «ពលរដ្ឋ​ពួក​ខ្ញុំ​សំណូមពរ​ថា សូម​ស្នើ​ដល់​រដ្ឋាភិបាល​ទប់ស្កាត់​សកម្មភាព​គ្រឿងចក្រ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​បន្ត​ទៀត ព្រោះ​បាន​បំផ្លាញ​ផល​ដំណាំ​ពលរដ្ឋ​ស្ទើរ​ទាំង​ស្រុង និង​ត្រូវ​ងាក​មក​រក​ដំណោះស្រាយ។ ជាង​នេះ ក៏​ត្រូវ​កំណត់​ទីតាំង​ដី​ក្រុមហ៊ុន​ជាមួយ​ពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​ជា​មុន​សិន»

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ឃុន សាវឿន មន្ត្រី​អង្កេត​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​បាន​ចុះ​ដល់​ទីតាំង​ដី​កើត​មាន​ទំនាស់​ដីធ្លី​នៅ​ភូមិ​កោះតូច សង្កាត់​កោះរ៉ុង កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា បាន​ចាត់​ទុក​សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែល​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​នៅ​លើ​កោះរ៉ុង រយៈពេល ៩៩​ឆ្នាំ ថា​បាន​ធ្វើ​សកម្មភាព​បំពាន​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ធ្ងន់ធ្ងរ ហើយ​ក្រុមហ៊ុន​នេះ​បាន​អនុវត្ត​ផ្ទុយ​ពី​អនុក្រឹត្យ ឬ​សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​ឲ្យ​អនុវត្ត​ដោយ​សន្តិវិធី​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៤។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ​មើល​ឃើញ​ថា ចាប់​តាំង​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​សិទ្ធិ​វិនិយោគ​នៅ​លើ​កោះរ៉ុង​ពី​រដ្ឋាភិបាល​រួច​មក តែង​បង្ក​ការ​ភ័យ​ខ្លាច និង​គំរាម​កំហែង​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ចំនួន​ជាង ៤០០​គ្រួសារ ស្ថិត​ក្នុង​ភូមិ​ចំនួន​៤ មាន​ទីតាំង​ក្នុង​សង្កាត់​កោះរ៉ុង៖ «បំពាន​ត្រង់​កន្លែង​នេះ គឺ​បំពាន​ធ្ងន់ធ្ងរ​ទៅ​លើ​សម្ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ថា បើ​ក្រុមហ៊ុន​វិនិយោគ​ទទួល​បាន​សិទ្ធិ​ពី​រដ្ឋាភិបាល ហើយ​អភិវឌ្ឍ​ទៅ​ប៉ះ​ទៅ​លើ​ដី​របស់​ប្រជាពលរដ្ឋ ត្រូវ​តែ​កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ ដើម្បី​ជៀសវាង​មាន​បញ្ហា​ជាមួយ​ពលរដ្ឋ។ ប៉ុន្តែ​ត្រង់​កន្លែង​នេះ គឺ​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​បំពាន​ទៅ​លើ​លោក​នាយក​រដ្ឋមន្ត្រី ឬ​មិន​ខ្លាច​ញញើត​នូវ​ឫទ្ធិ​អំណាច​របស់​នាយក​រដ្ឋមន្ត្រី​ទេ»

ឆ្លើយ​តប​បញ្ហា​នេះ លោក​ឧកញ៉ា ឈុន ប៊ុនថា តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង បាន​ផ្តល់​សម្ភាស​ដល់​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​សីហា ដោយ​បដិសេធ​ថា សកម្មភាព​ឈូស​ឆាយ​ផ្លូវ​ក្នុង​គម្រោង​អភិវឌ្ឍន៍​កោះរ៉ុង​របស់​ក្រុមហ៊ុន​នេះ មិន​បាន​បំផ្លាញ​ផល​ដំណាំ​ពលរដ្ឋ ឬ​ប៉ះពាល់​ដី​ចម្ការ​ច្រើន​ហិកតារ​ដូច​ការ​ចោទ​ទេ ហើយ​ថា សកម្មភាព​ប្រើ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បី​ស្ថាបនា​ផ្លូវ និង​កំពង់ផែ​នៅ​លើ​កោះរ៉ុង គឺ​ស្ថិត​នៅ​លើ​ផ្ទៃដី​ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល៖ «ទីតាំង​ដី​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះតូច តវ៉ា​នេះ គឺ​ស្ថិត​ក្នុង​ដី​វិនិយោគ​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ទាំងអស់»

ទោះ​ជា​បែប​នេះ​ក្តី មន្ត្រី​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ឃុន សាវឿន ដែល​បាន​ចុះ​អង្កេត​ផ្ទាល់​ដល់​ទីតាំង​លើ​កោះរ៉ុង បាន​ចាត់​ទុក​សកម្មភាព​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង​ក្រុម​ការងារ​ដោះស្រាយ តាម​ដាន​ការ​អភិវឌ្ឍ​លើ​កោះរ៉ុង ថា​មាន​សកម្មភាព​ផ្គើន​អនុក្រឹត្យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​តម្រូវ​ឲ្យ​អនុវត្ត​តាម​គោល​នយោបាយ​ស្បែក​ខ្លា ក្នុង​ផែនការ​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ៖ «សម្រាប់​ខ្ញុំ ខ្ញុំ​គិត​ថា លោក គិត ម៉េង នាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ហ្នឹង​ខ្លាំង​ជាង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ទៀត បាន​ជា​បំពាន​ទៅ​លើ​ដី​របស់​ប្រជាពលរដ្ឋ​នៅ​ភូមិ​កោះតូច ទាំង​មិន​ទាន់​មាន​ដំណោះស្រាយ។ បើ​សិន​ជា​ក្រុមហ៊ុន​ចង់​បាន​ដី​នៅ​តំបន់​នេះ គឺ​គួរ​ណាស់​ត្រូវ​មាន​ការ​សម្រប​សម្រួល ប៉ុន្តែ​ក្រុមហ៊ុន​មិន​ទាន់​ទាំង​បាន​សម្រប​សម្រួល​ជាមួយ​ពលរដ្ឋ​ផង បែរ​ជា​មក​ឈូស​បំពាន​ចូល​ដី​ប្រជាពលរដ្ឋ​ទៅ​ទៀត»

យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​ភូមិ​កោះតូច សង្កាត់​កោះរ៉ុង ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១០០​គ្រួសារ បាន​អះអាង​ថា កំពុង​រៀបចំ​ឯកសារ​ត្រៀម​ដាក់​ជូន​ថ្នាក់​ដឹក​នាំ​សាលា​ខេត្ត​ព្រះសីហនុ និង​ត្រៀម​ដាក់​ជូន​រដ្ឋសភា ដើម្បី​ស្នើ​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឲ្យ​ផ្អាក​សកម្មភាព​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ចម្ការ​ពួក​គាត់ ហើយ​ងាក​មក​អនុវត្ត​តាម​គោល​នយោបាយ​ស្បែក​ខ្លា កាត់​ឆ្វៀល​ដី​ជូន​ពលរដ្ឋ​ជា​មុន មុន​ក្រុមហ៊ុន​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​នា​ថ្ងៃ​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។