ជនជាតិដើមភាគតិចព្នង មកពីស្រុកចិត្តបុរី ខេត្តក្រចេះ បានឡើងមកភ្នំពេញដើម្បីត្រៀមដាក់ពាក្យបណ្ដឹងពីកង្វល់ខ្លាចបាត់ដីស្រែ និងដីព្រៃធ្លាប់រស់អាស្រ័យផល ដោយសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន ដូវទឺសៃហ្គ៊ន ប៊ិញភឿក ពង្រីកទំហំផ្ទៃដីក្រុមហ៊ុន។ ប៉ុន្តែកង្វល់នេះ ត្រូវតំណាងក្រុមហ៊ុនថ្លែងបដិសេធថា សកម្មភាពក្រុមហ៊ុនមិនប៉ះពាល់ដីស្រែ ឬដីព្រៃកេរដូនតារបស់ជនជាតិដើមភាគតិចព្នង នោះទេ។
តំណាងជនជាតិដើមភាគតិចព្នង ជាង ២០នាក់ មកពីភូមិផ្អៀ ឃុំថ្មី ស្រុកចិត្តបុរី ខេត្តក្រចេះ ដែលអះអាងថា ខ្លួនជាតំណាងឲ្យពលរដ្ឋជិត ២០០គ្រួសារ បានប្រមូលផ្តុំគ្នានៅទីស្នាក់ការធំរបស់សមាគមអាដហុក នាទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៤។
លោក ហ៊ុំ ញ៉ន តំណាងជនជាតិព្នង ម្នាក់មកពីស្រុកចិត្តបុរី ខេត្តក្រចេះ ដែលឡើងមកដល់ទីស្នាក់ការសមាគមអាដហុក (adhoc) ព្រឹកថ្ងៃអង្គារ ទី១៧ ខែមិថុនា។ លោកបញ្ជាក់ថា គោលបំណងប្រមូលផ្តុំគ្នានេះ គឺដើម្បីស្នើឲ្យសមាគមអាដហុក ជួយណែនាំដាក់ពាក្យបណ្ដឹងទៅស្ថាប័នមួយចំនួន នៃរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់សកម្មភាពឈូសឆាយដីពង្រីកផ្ទៃដីរបស់ក្រុមហ៊ុន ដូវទឺសៃហ្គ៊ន ប៊ិញភឿក នៅស្រុកចិត្តបុរី។
តំណាងរូបនេះស្នើដល់រដ្ឋាភិបាល ជួយរក្សាដីព្រៃមួយផ្នែកនៅឃុំថ្មី ស្រុកចិត្តបុរី ទុកសម្រាប់ជនជាតិដើមភាគតិចព្នង បានប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ និងទុកសម្រាប់សត្វពាហនៈនាថ្ងៃអនាគត៖ «សំណូមពរ និងគោលដៅដែលចង់បានដីហ្នឹង គឺតាំងពីបែកទ្រី អូប្រឹម និងបង្គោល ២០ហ្នឹង។ កុំឲ្យវាប្រឈមនឹងការបាត់បង់គោក្របី ព្រោះកន្លងទៅគោក្របីបានបាត់បង់ច្រើនណាស់ ចាប់តាំងពីក្រុមហ៊ុនបានមកនៅក្បែរៗហ្នឹង»។
ពលរដ្ឋផ្សេងទៀតក៏បានលើកឡើងពីកង្វល់បាត់បង់ដីព្រៃចម្ការវិលជុំ ឬដីព្រៃធ្លាប់រស់អាស្រ័យផល ដោយសារសកម្មភាពឈូសឆាយពង្រីកទំហំផ្ទៃដីរបស់ក្រុមហ៊ុន ដូវទឺសៃហ្គ៊ន ប៊ិញភឿក នេះដែរ។ ជនជាតិព្នង ទាំងនោះស្នើដល់ប្រមុខដឹកនាំរដ្ឋាភិបាល ឲ្យជួយកាត់ផ្ទៃដីព្រៃនៅស្រុកចិត្តបុរី ចេញពីសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន ទុកជូនជនជាតិដើមភាគតិចពួកគាត់សម្រាប់រស់អាស្រ័យផលនាថ្ងៃអនាគត៖ «វាមិនទាន់ថាវាទៅសម្លាប់អីទេ ក៏ប៉ុន្តែវាលំបាក ព្រោះស្រែខ្ញុំហ្នឹងក្រុមហ៊ុនឈូសជុំវិញអស់ហើយ ស្រែខ្ញុំនៅកណ្ដាលក្រុមហ៊ុនទេ។ អ៊ីចឹងផលប៉ះពាល់វាប៉ះពាល់ធ្ងន់ធ្ងរដល់ជីវិតពួកខ្ញុំ។ កំណត់ខ្ញុំហ្នឹង គឺចង់បានទុកដីនៅផ្លូវបែកទ្រី អូប្រឹម និងបង្គោលលេខ២០ ខ្ញុំចង់បានទុកប៉ុណ្ណឹង។ ដីដែលខ្ញុំចង់បានហ្នឹងរៀបថា ទុកឃ្វាលគោក្របី ទុកព្រៃហ្នឹងកាប់អុស សរសេរផ្ទះ កាប់បង្គោលរបង និងធ្វើស្រែជាដើម»។
ទាក់ទិនបញ្ហានេះ លោក ចាន់ សុវ៉េត អនុប្រធានផ្នែកស៊ើបអង្កេតដីធ្លីសមាគមអាដហុក ថ្លែងថា សមាគមទើបទទួលបានបណ្ដឹងរបស់ជនជាតិដើមភាគតិចព្នង នៅស្រុកចិត្តបុរី ក្នុងសប្ដាហ៍នេះទេ។ ប៉ុន្តែ លោកថានឹងស៊ើបអង្កេតលើករណីនេះនាថ្ងៃអនាគត។ លោកបន្តថា ករណីនេះសមាគមអាដហុក បានត្រឹមជួយបំពេញសំណុំបែបបទ និងណែនាំឲ្យជនជាតិដើមព្នង ទាំងនោះ ដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នរដ្ឋមួយចំនួនមាន ខុទ្ទកាល័យប្រមុខដឹកនាំ ឬទីស្ដីការគណៈរដ្ឋមន្ត្រី ជាដើម។
ឆ្លើយតបបញ្ហានេះ លោក កែវ សុវណ្ណ តំណាងក្រុមហ៊ុន ដូវទឺសៃហ្គន ប៊ិញភឿក មានទីតាំងនៅឃុំថ្មី ស្រុកចិត្តបុរី ខេត្តក្រចេះ បដិសេធថា មិនបានប្រើគ្រឿងចក្រ ឬមានបំណងឈូសឆាយនាំឲ្យប៉ះពាល់ដល់ដីកេរដូនតា ឬដីស្រែពលរដ្ឋជនជាតិដើមភាគតិចនៅតំបន់នោះទេ។ លោកស្វាគមន៍ និងសហការជាមួយប្រជាពលរដ្ឋ និងសង្គមស៊ីវិលនានា បើសិនជាសកម្មភាពឈូសឆាយរបស់ក្រុមហ៊ុន បានប៉ះពាល់ដល់ផលប្រយោជន៍ពលរដ្ឋដូចកង្វល់ពលរដ្ឋមែននោះ៖ «សុំបដិសេធព័ត៌មានហ្នឹង ប៉ុន្តែបើសិនជាចង់លម្អិត មុននឹងមានវិធានការផ្សេងៗ យើងអាចទៅមើលដល់ទីកន្លែងជាមួយគ្នា។ ខាងក្រុមហ៊ុនយើងស្វាគមន៍ឲ្យមកឃើញជាក់ស្តែង ហើយឲ្យពលរដ្ឋមកចង្អុលថា កន្លែងណាដែលថាយើងឈូសទៅប៉ះពាល់ដល់ដីស្រែគាត់ គឺមិនទាន់មានសូម្បីតែ ១ហិកតារណាទេ»។
ករណីនេះ លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យ និងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីធ្លាប់ប្រកាសថា នឹងទទួលយកពាក្យបណ្ដឹងទាក់ទងទំនាស់ដីធ្លី និងបណ្ដឹងផ្សេងៗស្នើឲ្យរដ្ឋាភិបាលជួយអន្តរាគមន៍។ ប៉ុន្តែលោកស្នើឲ្យពាក្យបណ្ដឹង ឬការតវ៉ានោះ ត្រូវមានឯកសារជាក់ស្តែង និងត្រឹមត្រូវ។
សមាគមអាដហុក រកឃើញថា ទំនាស់ដីធ្លីដែលកើតមានស្ទើរទូទាំងប្រទេសកម្ពុជា មួយផ្នែកកើតឡើងដោយសារអ្នកមានបុណ្យសក្តិ ឬអ្នកមានទ្រព្យធនរំលោភយក ជាពិសេសការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលទៅឲ្យក្រុមហ៊ុនវិនិយោគ ដោយមិនបានសិក្សាពីផលប៉ះពាល់ជាមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
