តំណាងប្រជាពលរដ្ឋជាង ៣០០គ្រួសារ នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានច្រានចោលសេចក្តីសម្រេចរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តក្រចេះ រួមនិងក្រុមការងារដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី៨ កក្កដា។ ការបដិសេធនេះ ដោយសារសេចក្តីសម្រេចរបស់អាជ្ញាធរលើទំនាស់ដី បានធ្វើឱ្យប្រជាពលរដ្ឋខាតបង់ដីយ៉ាងច្រើន ហើយមានមួយចំនួនត្រូវបាត់បង់ដីចម្ការតែម្តង។
កិច្ចប្រជុំមួយព្រឹករវាងអាជ្ញាធរខេត្ត និងតំណាងប្រជាពលរដ្ឋ ៨នាក់ ដើម្បីសម្រេចជុំវិញបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅឃុំស្នួល ស្រុកស្នួល ប្រមាណជាង ៣០០គ្រួសារ ជាមួយក្រុមហ៊ុនកូរ៉េមួយឈ្មោះ ហូរ៉ាយស៊ិន អាគ្រីខាល់ឆឺរ ឌីវ៉ូឡប់មែន (Horizon Agriculture Development) ត្រូវបានបញ្ចប់ទាំងតំណាងប្រជាពលរដ្ឋមិនពេញចិត្ត។
តំណាងប្រជាពលរដ្ឋម្នាក់រស់នៅឃុំស្នួល លោក សួន វិច្ឆិកា ឱ្យដឹងថា ការប្រជុំសម្រេចនោះ គឺក្រុមការងារដោះស្រាយទំនាស់ដីធ្លីខេត្តជាអ្នកធ្វើឡើងតែម្នាក់ឯង រីឯតំណាងប្រជាពលរដ្ឋ ៨នាក់ គឺបានត្រឹមតែអង្គុយស្តាប់តែប៉ុណ្ណោះ ដោយមិនត្រូវអនុញ្ញាតឱ្យតវ៉ា ឬបញ្ចេញមតិអ្វីឡើយ។
លោកបន្តថា ក្នុងសេចក្តីសម្រេច គឺមាន ៦ចំណុច រួមមាន កាត់ផ្ទៃដីឱ្យប្រជាពលរដ្ឋដែលមានផ្ទៃដីលើសពី ៣ហិកតារ គឺអាជ្ញាធរផ្តល់ជូនតែត្រឹម ៣ហិកតារ រីឯប្រជាពលរដ្ឋដែលមានផ្ទៃដីលើសពី ២ហិកតារ គឺឱ្យត្រឹម ២ហិកតារ សល់ក្រៅពីនោះ គឺទុកជាដីរបស់រដ្ឋ។ ទី២ និងទី៣ ប្រជាពលរដ្ឋដែលមានក្បាលដីពីរ ឬ បីកន្លែង អាជ្ញាធរវាស់ឱ្យតែមួយក្បាលដី គឺមួយកន្លែងប៉ុណ្ណោះ។ ទី៤ ប្រជាពលរដ្ឋដែលធ្លាប់មានប័ណ្ណកម្មសិទ្ធិម្តងហើយ ហើយមានដីក្នុងទីតាំងដីទំនាស់ទៀត គឺរដ្ឋត្រូវដកហូត។ ទី៥ ប្រជាពលរដ្ឋដែលមកពីខេត្តផ្សេងៗ ដោយមិនមានឯកសារបញ្ជាក់ច្បាស់លាស់ ហើយមានដីស្ថិតក្នុងដីទំនាស់ គឺរដ្ឋត្រូវដកយកតែម្តង និងចុងក្រោយ ក្បាលដីទាំងឡាយណាដែលមិនមានវត្តមានម្ចាស់ ក៏រដ្ឋត្រូវដកយកដែរ។ លោកអះអាងថា ការសម្រេចនេះ គឺតំណាងប្រជាពលរដ្ឋទាំងអស់យល់ថា គឺជារឿងមិនត្រឹមត្រូវនោះឡើយ។
លោក សួន វិច្ឆិកា៖ «បាទ! តំណាងប្រជាពលរដ្ឋយើងខ្ញុំមិនទទួលយកតាមសេចក្តីសម្រេចនេះឡើយ ពីព្រោះអ្នកខ្លះមានប័ណ្ណ ហើយបានតែសង់ផ្ទះ រីឯដីចម្ការមិនទាន់បាន។ ហើយបែរជារដ្ឋខេត្តហ្នឹងដកជាដីរបស់រដ្ឋ។ ទាំងនោះជាទង្វើមួយដែលធ្វើបាត់បង់ដីរបស់ប្រជាពលរដ្ឋ ហើយមិនមានអ្វីសម្រាប់បង្កបង្កើនផលចិញ្ចឹមអាយុជីវិតបាន»។
លោកបន្ថែមទៀតថា ពួកគាត់នឹងនាំគ្នាឡើងទៅតវ៉ានៅរាជធានីភ្នំពេញបន្តទៀត ពីព្រោះពួកគាត់មិនអាចទទួលយកការសម្រេចរបស់ថ្នាក់ខេត្តឡើយ។ លោកបញ្ជាក់ថា ប្រជាពលរដ្ឋ ៣២៩គ្រួសារ ដែលមានផ្ទៃដីជាង ១ពាន់ហិកតារ (១.៥៦២,៧៥) កាលពីឆ្នាំ២០១២ ត្រូវបានក្រុមនិស្សិតចុះវាស់វែង និងចេញសលាកបត្ររួចហើយ នៅឡើយរង់ចាំតែប្លង់កម្មសិទ្ធិប៉ុណ្ណោះ ប៉ុន្តែត្រូវខកខានដោយក្រុមហ៊ុនកូរ៉េប្ដឹងជំទាស់ទៅវិញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ខេត្តក្រចេះ លោក កៅ ម៉ាឌីឡែន និងអភិបាលរងខេត្តក្រចេះ ទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី លោក ខ័ណ្ឌ ចំណាន បានទេនៅថ្ងៃទី៨ កក្កដា។
យ៉ាងណាក៏ដោយ មេឃុំស្នួល ដែលជាអ្នកចូលរួមប្រជុំសម្រេចនោះដែរ លោក វ៉ាន់ ឌឿន មានប្រសាសន៍ថា ការដោះស្រាយ គឺខាងអាជ្ញាធរខេត្តបានយកគោលនយោបាយឈ្នះៗ គឺឈ្នះទាំងប្រជាពលរដ្ឋ និងក្រុមហ៊ុនមកអនុវត្ត ក៏ប៉ុន្តែការសម្រេចនោះមិនអាចឱ្យប្រជាពលរដ្ឋស្ងប់ចិត្តឡើយ។ លោកបន្តថា កិច្ចប្រជុំនោះពិតជាបានហាមឃាត់មិនឱ្យតំណាងប្រជាពលរដ្ឋតវ៉ា ឬឆ្លើយតបថាយ៉ាងណានោះទេ ក៏ប៉ុន្តែប្រជាពលរដ្ឋអាចធ្វើការតវ៉ាណាមួយបន្តទៀតទៅថ្នាក់ជាតិ ក្នុងរយៈពេលមួយខែ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តក្រចេះ អ្នកស្រី ធីម ណារីន មើលឃើញថា កិច្ចប្រជុំពិភាក្សាសម្រេចដោយមិនមានការបញ្ចេញមតិតតាំង ហើយហាក់មានលក្ខណៈចាប់បង្ខំបែបនេះ គឺជារឿងខុសទៅនឹងនីតិវិធី៖ «ខ្ញុំយល់ថានៅក្នុងនីតិវិធីនៃការដោះស្រាយតាមរយៈគណៈកម្មាធិការសុរិយោដី ភាគីទាំងអស់ពាក់ព័ន្ធគឺមានសិទ្ធិក្នុងការជជែក ដើម្បីរកចំណុចរួមមួយក្នុងហ្នឹង។ ហើយគណៈកម្មការគ្រាន់តែជាទទួលយកនូវសំណូមពររបស់ភាគី ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់។ ហើយបើសិនជាថាគ្រាន់តែជាការចេញសេចក្តីសម្រេច ហើយអានជូនពួកគាត់ ខ្ញុំគិតថាចំណុចនេះវាមិនទាន់ត្រឹមត្រូវទៅតាមនីតិវិធីនៅឡើយទេ។ ហាក់ដូចជាការចាប់បង្ខំពួកគាត់ឱ្យទទួលយកនូវអ្វីដែលការសម្រេចរបស់ថ្នាក់ខេត្ត»។
អ្នកស្រីបញ្ជាក់ថា ក្នុងរយៈពេល ៣០ថ្ងៃ ការតវ៉ារបស់ប្រជាពលរដ្ឋទៅដល់ថ្នាក់ជាតិ ឬស្ថាប័នណាមួយនោះ គឺរឿងអាចធ្វើបាន ព្រោះវាជាសិទ្ធិសេរីភាពរបស់ពួកគាត់ ហើយវាក៏មិនខុសទៅនឹងផ្លូវច្បាប់នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។