Opens in new windowពលរដ្ឋ ១២គ្រួសាររស់នៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ បារម្ភពីការរំលោភដីធ្លីអាស្រ័យផលដោយមនុស្សមួយក្រុម ដែលអ្នកមានអំណាចនៅពីក្រោយខ្នង។ ការបារម្ភនេះ កើតឡើងស្របពេលដីធ្លីអាស្រ័យផលអ្នកភូមិចំនួន ១២គ្រួសារ ធ្លាប់គ្រប់គ្រងជាច្រើនឆ្នាំមកហើយ ត្រូវបានអ្នកមានអំណាចមកដាំដំណាំ និងបាញ់ថ្នាំកំណត់ព្រំដី ដោយសំអាងថា ជាដីរបស់ខ្លួន។
ពលរដ្ឋរស់នៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល កំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្ត និងអង្គការមិនមែនរដ្ឋាភិបាល ករណីអ្នកមានអំណាចរំលោភយកដីពួកគាត់ ១២គ្រួសារ។
តំណាងពលរដ្ឋ លោក ទេស ឆុន ចោទប្រកាន់ថា បុរសឈ្មោះ រស់ ថា មានមហិច្ឆតារំលោភយកដីធ្លីអាស្រ័យផលពលរដ្ឋចំនួន ៣៩ហិកតារ ឋិតនៅភូមិសំបួរ ឃុំស្វាយជ្រះ ស្រុកស្នួល។ លោកថា បុរសឈ្មោះ រស់ ថា ព្រមទាំងបក្ខពួកមួយចំនួនទៀត មានខ្នងបង្អែកងារជាឯកឧត្តមឈ្មោះ វ៉ា សារឿន នៅពីក្រោយខ្នងនៃសកម្មភាពរំលោភយកដីពលរដ្ឋ ហើយបានលួចដាំដំណាំលើដីពលរដ្ឋ និងបាញ់ថ្នាំក្រហមកំណត់ព្រំដីជាក់ស្តែង ថាជាដីរបស់ខ្លួន។ លោកបញ្ជាក់ថា បុរសឈ្មោះ រស់ ថា ក៏បានដាក់ពាក្យប្ដឹងពលរដ្ឋទៅអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរខេត្ត ដោយចោទពលរដ្ឋវិញថា មកអាស្រ័យផលលើដីរបស់ខ្លួនទៅវិញកាលពីដើមឆ្នាំ២០១៥។ លោកកត់សម្គាល់ថា ដីធ្លីអាស្រ័យផលប្រភេទជាដីចម្ការ ដែលពលរដ្ឋចំនួន ១២គ្រួសារ ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ២០០២ ព្រមទាំងមានលិខិតទទួលស្គាល់ដោយអាជ្ញាធរមូលដ្ឋានផងដែរ៖ «ដៃស្តាំរបស់ វ៉ា សារឿន ហ្នឹង រស់ ថា គេថាឯកឧត្តមផ្កាយពីរ។ គាត់ចង់បានដីចម្ការប្រជាជនទាំងអស់ហ្នឹង។ យកអំណាចមកគាបសង្កត់រំលោភយករបស់ប្រជាជនទាំងអស់ អយុត្តិធម៌អត់ត្រឹមត្រូវទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក រស់ ថា និងលោក វ៉ា សារឿន ដើម្បីសុំការបញ្ជាក់បញ្ហានេះបានទេ នៅថ្ងៃទី៥ តុលា។
ចំណែកអាជ្ញាធរភូមិសំបួរ ឲ្យដឹងថា កាលពីដើមឆ្នាំ២០១៥ អាជ្ញាធរស្រុកធ្លាប់មកដោះស្រាយសម្របសម្រួលតម្រូវកាត់ដីពលរដ្ឋចំនួន ៣គ្រួសារ ទំហំជាង ២ហិកតារ ឲ្យទៅ លោក រស់ ថា និងបក្ខពួក ដើម្បីបញ្ចប់ជម្លោះ ហើយភាគីទាំងសងខាង ក៏យល់ព្រមចំពោះការសម្របសម្រួលនោះ ក៏ប៉ុន្តែរហូតមកដល់ខែមេសា ឆ្នាំ២០១៥ បុរសឈ្មោះ រស់ ថា ក៏បានដាក់ពាក្យប្ដឹងពលរដ្ឋទាំង ១២គ្រួសារទៀតទៅអាជ្ញាធរស្រុក និងខេត្ត ដោយចោទពលរដ្ឋថា បានរំលោភយកដីរបស់ខ្លួន។
មេភូមិសំបួរ លោក ប៉ិន វូ កត់សម្គាល់ថា លោក រស់ ថា និងបក្ខពួក បានធ្វើទុក្ខបុកម្នេញអ្នកភូមិមិនឲ្យអាស្រ័យផលលើដីរបស់ខ្លួន ដោយអាងអ្នកមានអំណាចមានងារជាឯកឧត្តម ឈ្មោះ វ៉ា សារឿន ជាអ្នកកាងនៅពីក្រោយខ្នង នៃសកម្មភាពរំលោភយកដីនេះ។ លោកអំពាវនាវឲ្យរដ្ឋាភិបាល ដោះស្រាយករណីនេះ ដើម្បីផ្តល់យុត្តិធម៌ដល់ពលរដ្ឋក្រីក្រដែលកំពុងរងការរំលោភបំពានដោយអ្នកមានអំណាច៖ «ឲ្យគេគគោកហើយ ចង់បានតែទាំងអស់ គ្នាបានអី! ហើយដំណាំគ្នាមានស្វាយមានខ្នុរហើយ មិនមែនទេ គាត់នោះជាខ្នង បើតាមខ្ញុំមើលទៅ»។
ទាក់ទងករណីនេះ មេឃុំស្វាយជ្រះ ស្រុកស្នួល លោក វ៉ាន់ វេត ថ្លែងបញ្ជាក់ថា អាជ្ញាធរឃុំក៏ធ្លាប់ដោះស្រាយបញ្ហានេះដែរ តែនៅតែមិនអាចបញ្ចប់ជម្លោះបាន ក៏ប្រគល់ឲ្យអាជ្ញាធរស្រុកដោះស្រាយបន្ត។ យ៉ាងណាលោកថា ប្រសិនបើអ្នកមានអំណាចរំលោភយកដីពលរដ្ឋពិតមែន គឺជាអំពើល្មើសច្បាប់ និងរំលោភលើសិទ្ធិពលរដ្ឋធ្ងន់ធ្ងរ៖ «លោក វ៉ា សារឿន ទើបមកក្រោយទេ ហើយចង់វាតទីបានដី ពិបាកថាដែរខ្ញុំ»។
ដូចគ្នានេះដែរ មន្ត្រីស៊ើបអង្កេតនៃសមាគមអាដហុក (ADHOC) ខេត្តក្រចេះ ដែលបានចុះអង្កេតករណីនេះ លោក ឌិន ខន្នី កត់សម្គាល់ថា លិខិតកាន់កាប់ដីធ្លីរបស់លោក រស់ ថា មិនឋិតនៅទីតាំងដីដែលកំពុងមានជម្លោះនោះទេ ពោលគឺនៅតំបន់ផ្សេងគ្នា។ លោកយល់ថា អាជ្ញាធរខេត្តមិនមានអ្វីលំបាកនឹងដោះស្រាយជម្លោះនេះឡើយ ប្រសិនបើមានឆន្ទៈដោះស្រាយ។ លោកក៏អំពាវនាវឲ្យអាជ្ញាធរខេត្ត ចុះស៊ើបអង្កេតករណីនេះ និងពន្លឿនការដោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ដល់ពលរដ្ឋ៖ «ជាការរំលោភយកតែម្តង វាអត់មានដីពាក់ព័ន្ធគ្នា ដីផ្សេងគ្នាស្រឡះតែម្តង។ ខ្ញុំយល់ឃើញថា អាជ្ញាធរគួរតែចេញប័ណ្ណកម្មសិទ្ធិឲ្យ ១២គ្រួសារទៅ ដើម្បីបញ្ចប់ទំនាស់ ហើយនឹងចៀសវាងការកើតហិង្សានៅថ្ងៃណាមួយ»។
សមាគមអាដហុក រកឃើញថា លិខិតកាន់កាប់ដីធ្លីរបស់ លោក រស់ ថា មិនមែនជាលិខិតគតិយុត្តិទទួលស្គាល់ដោយអាជ្ញាធរឃុំនោះទេ គឺទទួលស្គាល់ត្រឹមតែមេភូមិ ហើយខ្លឹមសារក្នុងលិខិតចែងថា ទីតាំងដីរបស់ លោក រស់ ថា គឺមិនឋិតក្នុងតំបន់ដីដែលកំពុងមានជម្លោះនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
