គណៈកម្មការទី១នៃរដ្ឋសភា ទទួលបន្ទុកសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា គ្រោងជួបពិភាក្សា និងប្រមូលព័ត៌មានពីសង្គមស៊ីវិល ទាក់ទងនឹងរឿងដីធ្លីនៅភូមិឡពាង។
ស្របពេលគ្នានេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានកោះហៅតំណាងអ្នកភូមិចំនួន ៥នាក់ ឲ្យចូលទៅសាលាខេត្ត ដើម្បីពិភាក្សាដោះស្រាយបញ្ហាជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី៤ ខែកញ្ញា។
ប្រធានគណៈកម្មការទី១នៃរដ្ឋសភា លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ បានធ្វើការរួមគ្នាក្នុងការដោះស្រាយបញ្ហាដីធ្លីនៅភូមិឡពាង និងនៅតាមខេត្តមួយចំនួនទៀត។ ករណីនៅភូមិឡពាង ខាងគណៈកម្មការបានទទួលពាក្យបណ្ដឹង និងប្រមូលបានព័ត៌មានបានខ្លះពីប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុន ហើយគ្រោងជួបសង្គមស៊ីវិលជាបន្តទៀត។
លោក អេង ឆៃអ៊ាង ថ្លែងបញ្ជាក់ថា បន្ទាប់ពីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ គណៈកម្មការនឹងធ្វើការសម្របសម្រួលរកដំណោះស្រាយ ប៉ុន្តែបើសម្របសម្រួលមិនបាន នឹងធ្វើលិខិតអន្តរាគមន៍មួយទៅស្ថាប័ននីតិប្រតិបត្តិដែលពាក់ព័ន្ធ ដើម្បីដោះស្រាយក្នុងរយៈពេលមួយសមស្រប ហើយបើស្ថាប័នពាក់ព័ន្ធទាំងនោះអើពើ ឬដោះស្រាយទេ គណៈកម្មការនឹងកោះហៅមកសួរនាំដោយផ្ទាល់តែម្ដង៖ «នៅថ្ងៃស្អែកនេះ គឺគណៈកម្មការទី១នៃរដ្ឋសភាយើងនេះ បានអញ្ជើញតំណាងអង្គការអាដហុក (Adhoc) និងលីកាដូ (Licadho) ដែលគាត់បានដឹងរឿងរ៉ាវនោះដែរហ្នឹង ដើម្បីសុំឲ្យគាត់ជួយផ្ដល់ជាព័ត៌មាន ផ្ដល់ឯកសារពាក់ព័ន្ធ និងផ្ដល់ជាអនុសាសន៍ក្នុងការដោះស្រាយរឿងហ្នឹងនៅម៉ោង៨ តែប៉ុណ្ណឹងទេ។ យើងមិនដោះស្រាយទេ អានេះយើងប្រមូលសិន គឺមុននឹងយើងធ្វើអន្តរាគមន៍»។
ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (Adhoc) លោក នី ចរិយា ថ្លែងថា ខាងលោកបានត្រៀមឯកសារទាក់ទងករណីដីធ្លីនេះទៅបង្ហាញជូនគណៈកម្មការ ហើយលោកគាំទ្ររាល់ការដោះស្រាយបញ្ហាដោយអហិង្សា ជៀសវាងការប្រើកម្លាំងកម្មករទៅតទល់ជាមួយអ្នកភូមិ ដូចដែលក្រុមហ៊ុនបានធ្វើកន្លងមក។ ចំណែកវិធីសាស្ត្រនៃការដោះស្រាយរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង នាពេលនេះ លោកមិនបានដឹងច្បាស់ថាយ៉ាងណានោះទេ ប៉ុន្តែកន្លងទៅ ការដោះស្រាយរបស់អាជ្ញាធរមិនដែលឈរលើទិដ្ឋភាពស្មើភាពរវាងពលរដ្ឋ និងក្រុមហ៊ុនឡើយ៖ «ក្រុមហ៊ុនប្រើប្រាស់មធ្យោបាយប្រើហិង្សាយកកម្មករទៅមានគ្រាប់ចម្ពាមគ្រាប់ដែកមានអី យកទៅបាញ់ ហើយព័ទ្ធក្រុមអង្គការសង្គមស៊ីវិលថែមទៀតហ្នឹង គឺថាអាហ្នឹងជាមធ្យោបាយទេ។ អាជ្ញាធរខេត្តនេះ គឺច្រើនលើកច្រើនសាហើយ ក្នុងការអញ្ជើញគាត់ទៅធ្វើការដោះស្រាយហ្នឹង ក៏ប៉ុន្តែមិនដែលឃើញមានការដោះស្រាយណាមួយឈរលើទិដ្ឋភាពស្មើភាពរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនទេ របៀបឈរលើទិដ្ឋភាពមួយ គឺអាជ្ញាធរខេត្តជាតំណាងឲ្យក្រុមហ៊ុនតែម្ដង»។
អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន មានប្រសាសន៍យ៉ាងខ្លីថា អាជ្ញាធរពិតជាបានអញ្ជើញតំណាងពលរដ្ឋមកជជែកមែន ប៉ុន្តែការចាត់ចែងយ៉ាងណានោះ គឺនៅខាងផ្នែករដ្ឋបាល។ ចំណែកអគ្គលេខាសាលាខេត្ត លោក អ៊ុក ឌឹម បង្ហើបថា ការអញ្ជើញតំណាងពលរដ្ឋមានបញ្ហាដីធ្លីមកពិភាក្សារកដំណោះស្រាយនេះ គឺលោកមិនច្បាស់ឡើយ ប៉ុន្តែដឹងថាមានមន្ទីរពាក់ព័ន្ធក្នុងខេត្តមួយចំនួន នឹងចូលរួមក្នុងកិច្ចប្រជុំនេះ៖ «ខ្ញុំអត់បានលិខិតអញ្ជើញ ប៉ុន្តែគ្រាន់ឃើញមានមន្ទីរពាក់ព័ន្ធតិចតួចប្រហែលពីរបីមន្ទីរ ហើយជាមួយប្រជាពលរដ្ឋហ្នឹង។ (អ្នកសម្របសម្រួល) ប្រហែលជាឯកឧត្ដមអភិបាលខេត្តមិនដឹង ទាន់តែមកដល់មើលបានដឹង»។
តំណាងពលរដ្ឋម្នាក់ក្នុងចំណោម ៥នាក់ ដែលអាជ្ញាធរខេត្តអញ្ជើញឲ្យមកជួបពិភាក្សារកដំណោះស្រាយរឿងដីធ្លី គឺលោក រាជ សីម៉ា ឲ្យដឹងថា ខ្លួន និងតំណាងចំនួន ៤នាក់ផ្សេងទៀត នឹងចូលរួមជជែករកដំណោះស្រាយជាមួយអាជ្ញាធរខេត្ត ប៉ុន្តែលោកគ្មានជំនឿថានឹងអាចដោះស្រាយចេញឡើយ ប្រសិនបើគេមិនព្រមចុះស៊ើបអង្កេតដល់ទីតាំងដីដែលមានជម្លោះ ហើយរកឲ្យឃើញថា ពលរដ្ឋណាខ្លះបានលក់ដី និងពលរដ្ឋណាដែលមិនបានលក់ដីឲ្យក្រុមហ៊ុននោះដែរ៖ «នៅក្នុងនេះ ខ្ញុំចាត់តំណាងតែ ៥នាក់មក ពួកខ្ញុំមិនអាចយកពលរដ្ឋបានទេ ដោយពលរដ្ឋខ្ញុំនៅ (ភ្នំពេញ) ទាមទារទាល់តែបានជោគជ័យ ហើយមានការដោះស្រាយ បានពួកខ្ញុំឲ្យពួកគ្នាខ្ញុំត្រឡប់មកផ្ទះវិញ។ យើងឃើញមូលហេតុក្រុមហ៊ុនជំទាវ ជា ខេង ហ្នឹងឯង អាងប្ដីខ្លួនមានអំណាច មិនយកអាភាពដេញដោលហ្នឹងមកទេ សុខចិត្តការពារខ្នង អាឈ្មួញដែលទិញដីឲ្យខ្លួនហ្នឹងដើម្បីខ្លួនកេងចំណេញ»។
ជម្លោះដីធ្លីរវាងពលរដ្ឋនៅភូមិឡពាង ភូមិបឹងកក់ និងភូមិសំរោង នៃឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី បានអូសបន្លាយអស់រយៈពេលជិត ១០ឆ្នាំហើយ។ បច្ចុប្បន្ន នៅមានពលរដ្ឋចំនួន ៨២គ្រួសារ កំពុងតវ៉ាទាមទារដីទំហំ ១៨២ហិកតារ។
តំណាងក្រុមហ៊ុនធ្លាប់បញ្ជាក់ថា ភាគីក្រុមហ៊ុននៅតែបន្តដោះស្រាយបញ្ចប់បញ្ហាជាមួយពលរដ្ឋចំនួន ១៥គ្រួសារ ក្នុងក្នុងចំណោម ៥២គ្រួសារ ដែលគណៈកម្មការថ្នាក់ខេត្ត លើកយកទៅដោះស្រាយនៅសេសសល់ ប៉ុន្តែសម្រាប់គ្រួសារដែលងើបឡើងតវ៉ាថ្មី គឺភាគីក្រុមហ៊ុនដាច់ខាតនឹងមិនធ្វើការដោះស្រាយជូនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។