ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ៤៩គ្រួសារ នៅភូមិអូរខ្ចៅ សង្កាត់កូនក្រៀល ក្រុងសំរោង ជាមួយនឹងអង្គភាពយោធាដែលនៅក្បែរនោះ កំពុងតែអូសបន្លាយធ្វើឲ្យប្រជាពលរដ្ឋខ្លះគ្មានដីធ្វើកសិកម្មចិញ្ចឹមជីវិតបានគ្រប់គ្រាន់ទេ។ កាលពីរដូវវស្សាឆ្នាំមុន ប្រជាពលរដ្ឋជាច្រើនគ្រួសារមិនអាចចូលទៅធ្វើស្រែនៅលើដីដែលពួកគេធ្លាប់ដាំដុះបានទេ ដោយគេអះអាងថា មានកងទាហាននៅចាំហាមឃាត់។
ប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ នៅសង្កាត់កូនក្រៀល ក្រុងសំរោង នៃខេត្តឧត្តរមានជ័យ អំពាវនាវឲ្យប្រមុខរដ្ឋាភិបាលជួយអន្តរាគមន៍ទៅលើបញ្ហាជម្លោះដីស្រែរបស់ពួកគេ ដែលកងទាហានកំពុងតែហាមឃាត់មិនឲ្យចូលទៅដាំដុះក្នុងពេលបច្ចុប្បន្ននេះ។
ក្រុមអ្នកភូមិដែលរស់នៅជិតបង្កើយនឹងបន្ទាត់ព្រំដែនខ្មែរ-ថៃ ព្រួយបារម្ភថា ប្រសិនបើពួកគេនៅតែខ្វះដីធ្វើកសិកម្មចិញ្ចឹមជីវិត ហើយរដ្ឋាភិបាលមិនដោះស្រាយទេនោះ គឺមិនយូរមិនឆាប់ ពួកគេនឹងនាំគ្នាធ្វើចំណាកស្រុកទៅរកការងារធ្វើឯប្រទេសថៃ អស់ជាមិនខាន។
ស្ត្រីម្នាក់ក្នុងចំណោមអ្នកភូមិអូរខ្ចៅ ដែលអង្គុយនៅផ្ទាល់ដី បង្ហាញទឹកមុខក្រៀមក្រំ គឺលោកស្រី សេង រ៉េត។ លោកស្រីមានប្រសាសន៍ថា ជាច្រើនឆ្នាំមកហើយ លោកស្រីមានដីស្រែទំហំ ១៥ហិកតារ ដោយចែកទៅឲ្យកូនៗចំនួន ៥នាក់។ រយៈពេលពីរឆ្នាំមកនេះ ដីស្រែរបស់គាត់ភាគច្រើន ត្រូវទាហានយកទៅធ្វើជាតំបន់អភិវឌ្ឍន៍ ហើយហាមឃាត់មិនឲ្យចូលទៅធ្វើស្រែទៀតទេ។ លោកស្រី សេង រ៉េត ត្អូញត្អែរថា រយៈពេលពីរឆ្នាំមកនេះ គ្រួសាររបស់គាត់មិនមានស្បៀងអាហារគ្រប់គ្រាន់ទេ ដោយសារតែគ្មានដីធ្វើស្រែ៖ « ខ្ញុំរកដីស្រែធ្វើចិញ្ចឹមគ្រួសារ ខ្ញុំក៏មិនមានសព្វថ្ងៃនេះ។ សព្វថ្ងៃនេះខ្ញុំរស់រងទុក្ខវេទនាណាស់ សូមឲ្យសម្ដេច ហ៊ុន សែន ជួយ »។
អ្នកភូមិជាច្រើនទៀតក៏បានត្អូញត្អែរប្រហាក់ប្រហែលនឹងលោកស្រី សេង រ៉េត នេះដែរ។ បុរសឈ្មោះ តូច តន អះអាងថា គាត់មានដីស្រែទាំងអស់ចំនួន ១៥ហិកតារ ក៏ប៉ុន្តែដីចំនួន ១០ហិកតារ ត្រូវកងទាហានយកទៅហើយ។ បុរសដដែលបញ្ជាក់ថា រយៈពេលពីរឆ្នាំជាប់ៗគ្នាមកនេះ រូបលោកព្យាយាមចូលទៅធ្វើស្រែចម្ការនៅតំបន់ដែលទាហានដកហូតយកនោះ ក៏ប៉ុន្តែត្រូវកងទាហានហាមឃាត់ ព្រមទាំងចាប់ដកហូតយកសម្ភារធ្វើកសិកម្មខ្លះផង៖ « គេប្រាប់ថាមិនឲ្យយើងចូលទៅធ្វើ បើយើងចូលទៅធ្វើ គឺទាហានគេចាប់។ បើខ្ញុំចូលទៅដាំដំឡូង គេដកចោលអស់ ដាំត្រសក់ ឪឡឹក ក៏គេកាប់គល់ចោលអស់ »។
អតីតទាហានក្នុងកងពលតូចលេខ៤២ ម្នាក់ទៀតដែលចូលនិវត្តន៍មកជាជនស៊ីវិល លោក ឡុង ស៊ុយ បានត្អូញត្អែរថា តាំងតែពីរូបលោកឈប់ធ្វើទាហាន ហើយមករស់នៅក្នុងជីវភាពជាប្រជាពលរដ្ឋវិញ គឺទីពឹងលើដីស្រែចម្ការ ប៉ុន្តែបើដីស្រែចម្ការរបស់គាត់ត្រូវទាហានយកទៅធ្វើជាតំបន់អភិវឌ្ឍន៍ ហើយពលរដ្ឋចូលទៅធ្វើស្រែមិនបានដូច្នេះ តើឲ្យគ្រួសាររបស់គាត់រស់នៅយ៉ាងដូចម្ដេច? លោក ឡុង ស៊ុយ បញ្ជាក់ថា រយៈពេលពីរឆ្នាំមកនេះ នៅពេលដែលប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាមួយទាហាន គឺមេភូមិ និងចៅសង្កាត់មិនដែលយកចិត្តទុកដាក់ជួយដោះស្រាយទេ មានតែគំរាមកុំឲ្យអ្នកភូមិតវ៉ា៖ « ឲ្យមេភូមិហ្នឹងកុំសូវមើលងាយប្រជាពលរដ្ឋខ្លួនឯងខ្លាំងពេក ឲ្យស្រឡាញ់ប្រជាពលរដ្ឋផង។ ស្អីបោលទៅរកតែទាហាន បើមេភូមិយកត្រាក់ទ័រទៅភ្ជួរបាន ដល់ប្រជាពលរដ្ឋយកគោយន្តទៅភ្ជួរ ទៅបោចវល្លិ ជីកក្ដាម ជីកខ្យងមិនបាន ទៅបាញ់គំរាមគ្នា »។
អ្នកភូមិអូរខ្ចៅ ឲ្យដឹងថា ទាហានដែលមានទំនាស់ដីធ្លីជាមួយពួកគេនោះ កាលពីមុនគឺជាអង្គភាពប្រចាំទិសទី៣ ប៉ុន្តែបច្ចុប្បន្នគេមិនដឹងថាដូរទៅជាអង្គភាពអ្វីទេ។

ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចស្វែងរកលេខទូរស័ព្ទដើម្បីទំនាក់ទំនងមេបញ្ជាការយោធាទីនោះ សុំការឆ្លើយតបចំពោះការចោទប្រកាន់របស់អ្នកភូមិបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី៩ ខែមីនា។
អភិបាលខេត្តឧត្តរមានជ័យ លោក ស ថាវី មានប្រសាសន៍ថា តាមលោកស្រាវជ្រាវ ដីនៅតំបន់នោះកាលពីមិនទាន់ធ្វើផ្លូវក្រវាត់ព្រំដែន គឺកងទ័ពបានស្នើសុំទៅរាជរដ្ឋាភិបាល រហូតដល់មានអនុក្រឹត្យសម្រាប់ធ្វើជាតំបន់អភិវឌ្ឍន៍យោធា។ នៅពេលដែលរដ្ឋាភិបាលសម្រេចធ្វើផ្លូវក្រវាត់ព្រំដែនលេខ៥៨ មក ក៏មានប្រជាពលរដ្ឋចូលទៅរស់នៅជាបន្តបន្ទាប់។
លោក ស ថាវី បញ្ជាក់ថា មានប្រជាពលរដ្ឋខ្លះបានចូលទៅរស់នៅតំបន់នោះរយៈពេល ៣-៤ឆ្នាំមុន និងខ្លះទៀតទើបតែចូលទៅរស់នៅថ្មីៗប៉ុណ្ណោះ ជាមូលហេតុដែលពិបាកដោះស្រាយ៖ « ខ្ញុំបានស្រាវជ្រាវហើយ អ្នកខ្លះទើបតែមកដល់ថ្មីៗនេះទេ អ្នកខ្លះទើបមកដល់ ២ឆ្នាំ ៣ឆ្នាំ អ៊ីចឹងខ្ញុំសួរគាត់ថា កាន់កាប់ដីនៅទីនេះពីឆ្នាំណា ? ហើយបានដីមកពីណា ? មានលិខិតស្នាមឬទេ គឺពួកគាត់អត់មានឯកសារអ្វីទាំងអស់ »។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន រកឃើញថា ក្នុងចំណោមអ្នកភូមិអូរខ្ចៅ ដែលកំពុងមានទំនាស់ដីធ្លីជាមួយទាហាននោះ គឺមានខ្លះជាអតីតទាហានខ្មែរក្រហម ហើយបានរស់នៅធ្វើស្រែចម្ការនៅតំបន់នោះជាយូរមកហើយ ចាប់តាំងតែពីក្រុមឧទ្ទាមខ្មែរក្រហមចុងក្រោយ ផ្ដាច់ខ្លួនចុះចូលជាមួយរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៨-១៩៩៩ មកម្ល៉េះ។
លោក ស្រី ណារ៉េន បញ្ជាក់ថា បញ្ហាជម្លោះដីធ្លីទីនោះ គឺមានភាពស្មុគស្មាញជាខ្លាំង ដោយសារតែមានអ្នករកស៊ីរត់ការខ្លះ កំពុងតែជួញរឿងក្តីនេះ ធ្វើឲ្យអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលពិបាកធ្វើការជ្រោមជ្រែងផ្នែកផ្លូវច្បាប់ ដើម្បីជួយដល់អ្នកភូមិដែលរងគ្រោះពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។