ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាង ១២០គ្រួសារនៅតំបន់ជប់ត្រកួន ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កំពុងឈានទៅរកភាពតានតឹងដាក់គ្នារវាងប្រជាពលរដ្ឋ និងអាជ្ញាធរស្រុកអន្លង់វែង។ ទំនាស់ដែលភាគីទាំងពីរនៅមិនទាន់អាចជួបជជែកដោះស្រាយគ្នាបាននេះ បានអូសបន្លាយតាំងពីអំឡុងចុងខែកុម្ភៈ បន្ទាប់ពីនាយករដ្ឋបាលសាលាស្រុកអន្លង់វែង បានយកគ្រឿងចក្រទៅឈូសឆាយដី ធ្វើឲ្យប៉ះពាល់ចម្ការដំឡូងមី និងស្វាយចន្ទីរបស់ប្រជាពលរដ្ឋចំនួន ១២គ្រួសារ។
ប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា យ៉ាងហោចណាស់មានប្រជាពលរដ្ឋ ២នាក់នៅតំបន់ជប់ត្រកួន ចំណុះឲ្យភូមិអូរតាម៉េង ឃុំអន្លង់វែង នៃខេត្តឧត្តរមានជ័យ បានចាកចេញពីផ្ទះ ពីព្រោះតែភ័យខ្លាចអាជ្ញាធរចាប់ខ្លួននៅក្នុងរឿងទំនាស់ដីធ្លី។
ប្រជាពលរដ្ឋម្នាក់នៅតំបន់ជប់ត្រកួន ក្នុងចំណោមអ្នកភូមិជាង ១២០គ្រួសារ ដែលកំពុងតែតវ៉ារឿងដីធ្លីនោះ គឺលោក ហឿង ហាក់។ លោកអះអាងនៅរសៀលថ្ងៃអង្គារ ទី៤ ខែមេសា ថា កាលពី ២ថ្ងៃមុន អាជ្ញាធរស្រុកអន្លង់វែង បានបញ្ជូនកម្លាំងប៉េអិម រួមនឹងទាហានខ្លះផង ទៅតំបន់របស់ពួកគាត់ ហើយគំរាមចាប់ខ្លួនអ្នកភូមិទាំងឡាយណាដែលតវ៉ាប្រឆាំងអាជ្ញាធរមិនឲ្យឈូសឆាយដីចម្ការ ដើម្បីយកទៅពុះជាឡូសម្រាប់ធ្វើជាទីទួលសុវត្ថិភាព ព្រមទាំងបែងចែកទៅឲ្យប្រជាពលរដ្ឋដែលអត់មានដីធ្លីផ្សេងទៀត។
លោក ហឿង ហាក់ បញ្ជាក់ថា តាមលោកដឹង គឺអាជ្ញាធរស្រុកអន្លង់វែង កំពុងគំរាមចាប់ខ្លួនតំណាងប្រជាពលរដ្ឋ ៣នាក់ដែលសកម្មក្នុងការតវ៉ារឿងដីធ្លី ហើយ ២នាក់ក្នុងចំណោមអ្នកដែលអាជ្ញាធរគំរាមចាប់ខ្លួន បានចាកចេញពីលំនៅឋានជាបណ្ដោះអាសន្នហើយ៖ « ក្នុងចំណោមហ្នឹងវាអាចនឹងជាប់ដល់ឈ្មោះរបស់ខ្ញុំដែរ ពីព្រោះអីខ្ញុំក៏ជាចំណុចដែលអាជ្ញាធរសម្គាល់ទុកដែរ »។
ប្រជាពលរដ្ឋតំបន់ជប់ត្រកួន បានបង្ហាញជំហរថា ប្រសិនបើអាជ្ញាធរស្រុកអន្លង់វែង ចាប់ខ្លួនពួកគេក្នុងរឿងតវ៉ាទំនាស់ដីធ្លីនោះមែន គឺពួកគេនឹងមិននៅស្ងៀមឡើយ។
ចាប់តាំងពីថ្ងៃទី២៦ ខែកុម្ភៈ នាយករដ្ឋបាលសាលាស្រុកអន្លង់វែង បានយកគ្រឿងចក្រទៅឈូសឆាយដីបណ្ដាលឲ្យប៉ះពាល់ដល់ចម្ការស្វាយចន្ទី និងចម្ការដំឡូងមីរបស់អ្នកភូមិចំនួន ១២គ្រួសារ។ មកដល់បច្ចុប្បន្ន អាជ្ញាធរនៅតែបន្តឈូសឆាយដីទីនោះកាន់តែធំឡើងៗ សម្រាប់ធ្វើជាទីទួលសុវត្ថិភាពបម្រុងទុកនៅពេលដែលមានគ្រោះធម្មជាតិកើតឡើង ព្រមទាំងផ្នែកខ្លះបែងចែកជាឡូឲ្យប្រជាពលរដ្ឋដែលគ្មានដីធ្លី។
អភិបាលស្រុកអន្លង់វែង លោក ហោ ជិនវិរៈយុទ្ធ បានច្រានចោលការចោទប្រកាន់ដែលថា អាជ្ញាធរគំរាមចាប់ខ្លួនពលរដ្ឋនោះ។ លោក ហោ ជិនវិរៈយុទ្ធ បានចាត់ទុកប្រជាពលរដ្ឋដែលតវ៉ាប្រឆាំងអាជ្ញាធរទាំងនោះ ថាជាអ្នករំលោភដីរដ្ឋ ហើយអាជ្ញាធរបានហៅឲ្យចូលជួបដោះស្រាយគ្នាដោយសន្តិវិធី ប៉ុន្តែពលរដ្ឋទាំងនោះមិនព្រមឡើយ៖ « ការគំរាមកំហែងចាប់ឃាត់ខ្លួន គឺគ្មានទេ។ អ្នកដែលចោទប្រកាន់ថាអាជ្ញាធរគំរាមនោះ គឺមានតែខ្លួនឯងជាអ្នកប្រព្រឹត្តិខុស »។
ទោះជាយ៉ាងណា អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន អះអាងថា លោកទើបតែទទួលបានព័ត៌មានស្ដីពីអាជ្ញាធរគំរាមចាប់ខ្លួនអ្នកតវ៉ាដីធ្លីនោះ ក៏ប៉ុន្តែលោកមិនទាន់បានចុះអង្កេតនៅឡើយទេ។ លោក ស្រី ណារ៉េន អំពាវនាវឲ្យអាជ្ញាធរស្រុកអន្លង់វែង និងប្រជាពលរដ្ឋ យោគយល់ និងដោះស្រាយគ្នាដោយសន្តិវិធី ដើម្បីជៀសវាងនូវការប្រើហិង្សាដាក់គ្នាក្នុងរឿងទំនាស់ដីធ្លីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។