អភិបាលខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរត្រៀមចុះទៅរុះរើផ្ទះ ឬខ្ទមតូចៗរបស់ជនអនាធិបតេយ្យដែលចូលទៅកាប់រានបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ នៅតំបន់ពយម៉ាចូវ ឬចុងឆ្នេរអូរត្រេះ២ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ នៅពេលខាងមុខ។ សង្គមស៊ីវិលរិះគន់ថា បច្ចុប្បន្ននេះបរិវេណដីគម្របព្រៃឈើបៃតងមានទីតាំងនៅចុងឆ្នេរអូរត្រេះ២ នាពេលបច្ចុប្បន្ន គឺត្រូវគេទន្ទ្រានកាន់កាប់ដីធ្វើកម្មសិទ្ធិទាំងស្រុងអស់ទៅហើយ។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានអះអាងថា អាជ្ញាធរខេត្តនេះមានគម្រោងចុះទៅរុះរើផ្ទះ ឬខ្ទមតូចៗដែលជនអនាធិបតេយ្យបានចូលទៅសង់នៅលើដីក្នុងបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ នៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់។
លោក យន្ត មីន បានហៅអ្នកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយសកម្មភាពចូលទៅកាប់រានដីគម្របព្រៃឈើឆ្នាំ២០០២ នៅតំបន់ពយម៉ាចូវ ឬចុងឆ្នេរអូរត្រេះ២ ថាខុសច្បាប់ ហើយអ្នកជាប់ពាក់ព័ន្ធអាចនឹងត្រូវផ្ដន្ទាទោស បើពួកគេប្រឆាំងនឹងអាជ្ញាធរដែលត្រៀមចុះរៀបចំសណ្ដាប់ធ្នាប់នៅតំបន់នោះនាថ្ងៃខាងមុខ៖ « តំបន់ពយម៉ាចូវ ឬតំបន់ចុងឆ្នេរអូរត្រេះហ្នឹង គឺយើងមានគម្រោងថា នៅពេលដែលយើងបញ្ចប់កិច្ចការងារបែងចែកសម្បទានសង្គមកិច្ចជូនពលរដ្ឋរស់នៅតំបន់ដីអនុក្រឹត្យលេខ៧៦ រដ្ឋបានហាមឃាត់ហ្នឹងហើយ គឺអាជ្ញាធរនឹងបោះជំហានទៅដល់ពយម៉ាចូវថែមទៀត។ ដូច្នេះបញ្ហាទំនាស់ដីធ្លីនៅតំបន់ពយម៉ាចូវ គឺមានលក្ខណៈស្មុគស្មាញជាងនៅតំបន់ក្បាលឆាយទៅទៀត ហើយមានដីខ្លះត្រូវម្ចាស់ដីអះអាងថា មានលិខិតទិញលក់ទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ - សង្កាត់ ម្ចាស់ខ្លះថាមានប្លង់រឹង និងម្ចាស់ខ្លួនអះអាងថាមានប្លង់រក្សាព្រៃឈើគម្របបៃតងជាដើម គឺគ្នាពីរទៅបីម្ចាស់នៅលើទីតាំងដីតែមួយកន្លែង។ ករណីនេះ ទៅថ្ងៃអនាគត យើងនឹងធ្វើកិច្ចការងារដោះស្រាយទំនាស់ដីធ្លី ឬការចូលកាន់កាប់ដីបរិវេណគម្របព្រៃឈើបៃតងនេះឲ្យបានរៀបរយឡើងវិញ »។
ឆ្លើយតបសំណួរអ្នកកាសែតដែលចោទសួរថា តើប្រជាពលរដ្ឋ ឬអ្នកជាប់ពាក់ព័ន្ធដែលបានទៅសង់ផ្ទះនៅលើបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ដែលបានកាប់រាននោះ តើរដ្ឋបាលខេត្តនឹងមានគម្រោងផ្តល់ជូនដីសង្គមកិច្ច ចែកជូនពួកគាត់ដែរឬយ៉ាងណា នៅពេលពួកគេត្រូវចាកចេញពីតំបន់នោះ? លោក យន្ត មីន ឆ្លើយថា ទំនងជាអាជ្ញាធរមិនមានដីសង្គមកិច្ចសម្រាប់ចែកជនអនាធិបតេយ្យទាំងនោះ ដែលបានចូលទៅតាំងទីលំនៅលើដីគម្របបៃតងនៅចុងឆ្នេរអូរត្រេះ២ ដោយខុសច្បាប់។
លោក យន្ត មីន ស្នើប្រជាពលរដ្ឋ ឈ្មួញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពិសេសមន្ត្រីមានតួនាទីខ្ពស់នានា បើមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសចូលទៅកាប់រានបរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ដែលរដ្ឋបម្រុងទុកមានទីតាំងនៅភូមិគគីរ ឃុំបិតត្រាំង ត្រូវដកខ្លួនឲ្យឆ្ងាយពីបទល្មើសនេះ៖ « ក្រោយយើងដោះស្រាយបញ្ចប់បញ្ហាដីធ្លីនៅតំបន់ក្បាលឆាយ គឺយើងនឹងធ្វើការដោះស្រាយនៅតំបន់ពយម៉ាចូវវិញម្តង។ ហើយករណីដីធ្លីនៅតំបន់ពយម៉ាចូវនេះ គឺឆ្លើយតបសំណួរសួរថា តើនឹងផ្តល់សម្បទានសង្គមកិច្ចជូនពលរដ្ឋដែលទៅតាំងទីលំនៅលើដីរដ្ឋហាមឃាត់នោះ ឬយ៉ាងណា គឺបញ្ហានេះ ពិបាកក្នុងការឆ្លើយតបណាស់ ព្រោះយើងមិនទាន់មានអនុក្រឹត្យ ឬមានច្បាប់ទម្លាប់ និងមានការណែនាំណាមួយពីថ្នាក់លើរបស់ខ្ញុំ មករដ្ឋបាលខេត្តព្រះសីហនុ ថាតើត្រូវអនុវត្តបែបណានោះ គឺមិនទាន់មាននៅឡើយទេរហូតមកដល់ពេលនេះ។ ប៉ុន្តែនៅចំពោះមុខ គឺយើងមានតែសកម្មភាពចុះទប់ស្កាត់កុំឲ្យកាប់ចាក់ដណ្ដើមដីគ្នា ឲ្យបានប៉ុណ្ណឹងសិន ទម្រាំតំបន់ក្បាលឆាយត្រូវដោះស្រាយ ឬបែងចែកដីជូនពលរដ្ឋរួចរាល់សិន ចាំគិតតំបន់ពយម៉ាចូវបន្តទៀតនាថ្ងៃខាងមុខ »។
ទាក់ទិនបញ្ហានេះ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម ឲ្យដឹងថា បរិវេណដីគម្របព្រៃឈើឆ្នាំ២០០២ ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ឲ្យរដ្ឋបាលខេត្តព្រះសីហនុ ថែរក្សា និងការពារឲ្យបានគង់វង្សទុកជាគម្របព្រៃឈើបៃតង បច្ចុប្បន្ននេះត្រូវបំផ្លាញរលាយហិនហោចអស់ហើយ។
អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ពិនិត្យឃើញថា អ្នកជាប់ពាក់ព័ន្ធ ឬនៅពីក្រោយបទល្មើសនេះ ក៏មានបុគ្គលខ្លះបម្រើការងារនៅក្រោមឱវាទរដ្ឋបាលខេត្តព្រះសីហនុ ជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឈ្មួញ និងពលរដ្ឋសាមញ្ញ។
អ្នកស្រី សុធារី ស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសរដ្ឋាភិបាល ត្រូវជួយអន្តរាគមន៍ដកហូតបរិវេណដីគម្របព្រៃឈើបៃតង ដែលត្រូវជនខិលខូចរំលោភកាន់កាប់ ដើម្បីយកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងអភិរក្សដាំកូនឈើឡើងវិញសម្រាប់បម្រើដល់វិស័យទេសចរណ៍នៅថ្ងៃអនាគត៖ « ខ្ញុំក៏សំណូមពរដ៏ទទូចដែរទៅរដ្ឋបាលខេត្តព្រះសីហនុ និងអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ទាន់មានឱកាស យើងអាចធ្វើអន្តរាគមន៍ថែរក្សាដីព្រៃឈើគម្របបៃតង ឬដីបរិវេណគម្របព្រៃឈើឆ្នាំ២០០២ មិនទាន់ហួសពេល។ ដូច្នេះស្នើឲ្យអាជ្ញាធរកុំទាន់ចាំដល់ពេលដីតំបន់ទាំងអស់នោះត្រូវបានគេកែប្រែផ្លាស់ប្ដូរស្ថានភាព ទៅជាសំណង់អគាររឹងមាំអស់ហើយ ទើបមានវិធានការទប់ស្កាត់ គឺមិនទាន់ពេលទេ។ បញ្ហានេះ ទាមទារឲ្យអាជ្ញាធរ ឬសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញដទៃទៀតដែរ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាតំបន់ធនធានធម្មជាតិទាំងអស់នោះ ឲ្យដូចជាគោលនយោបាយ និងការយកចិត្តទុកដាក់របស់ក្រសួងជំនាញ ព្រមទាំងរាជរដ្ឋាភិបាលផងដែរ »។
មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួនទៀតមានអង្គការលីកាដូ (LICADHO) ជាដើម ក៏បានរិះគន់អាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ថាគ្មានសមត្ថភាពទប់ស្កាត់បទល្មើសកាប់រានដីគម្របព្រៃឈើឆ្នាំ២០០២ នោះទេ ដោយទុកឲ្យជនខិលខូចឃុបឃិតកាប់រានធ្វើកម្មសិទ្ធិទាំងស្រុងនៅពេលនេះ។
មន្ត្រីសង្គមស៊ីវិលអះអាងថា បច្ចុប្បន្ន ដីគម្របព្រៃឈើនៅតំបន់ពយម៉ាចូវ គឺគ្មានដីនៅសេសសល់ពីការទន្ទ្រានកាន់កាប់ធ្វើកម្មសិទ្ធិឯកជននោះទេ។ ពួកគេបានអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយអន្តរាគមន៍ដកហូតគម្របព្រៃឈើដែលជនអនាធិបតេយ្យ ពិសេសឈ្មួញ និងមន្ត្រីមានអំណាចទាំងថ្នាក់ខេត្ត រហូតដល់មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិរំលោភយកធ្វើកម្មសិទ្ធិជាបន្តបន្ទាប់មកនេះ យកមកដាក់ជាសម្បត្តិរដ្ឋគ្រប់គ្រង និងដាំកូនឈើអភិរក្សតំបន់នេះឡើងវិញ។
មន្ត្រីសង្គមស៊ីវិល ឲ្យដឹងថា កន្លងទៅ បទល្មើសកាប់រានបរិវេណគម្របព្រៃឈើបៃតងនៅចុងឆ្នេរអូរត្រេះ២ គឺគ្មានសមត្ថកិច្ចចុះបង្ក្រាបឲ្យមានប្រសិទ្ធភាពទេ ហើយករណីនេះ ទំនងជាអាចដោយសារមានមន្ត្រីបម្រើការងារនៅតាមស្ថាប័នជំនាញខ្លះមានជាប់ពាក់ព័ន្ធ ដោយចែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ជាងនេះទៀត ឈ្មួញមានទ្រព្យ និងមន្ត្រីមានអំណាចមួយចំនួន បាននៅឈរពីក្រោយបទល្មើសនេះ ដោយបានជួលពលរដ្ឋឲ្យចូលទៅកាប់រានព្រៃដើម្បីលក់ដីកាប់រានឲ្យពួកគេក្នុងតម្លៃទាប ទើបគ្មានការបង្ក្រាប និងគ្មានវិធានការផ្លូវច្បាប់រហូតមកដល់ពេលនេះ។
មន្ត្រីសង្គមស៊ីវិល បានប្រដូចសកម្មភាពកាប់រានដីបរិវេណគម្របព្រៃឈើឆ្នាំ២០០២ នៅចុងឆ្នេរអូរត្រេះ និងតំបន់ពយម៉ាចូវ នឹងពាក្យមួយឃ្លាដែលសរសេរថា «តូចស៊ីតាមតូច ធំស៊ីតាមធំ» អ៊ីចឹងដែរ ពោលគឺបុគ្គលដែលមានអំណាច ឬមានឥទ្ធិពល អាចទន្ទ្រានកាន់កាប់ដីគម្របព្រៃឈើឆ្នាំ២០០២ នេះចាប់ពី ១០ហិកតារទៅរាប់សិបហិកតារ ហើយមានឈ្មួញ និងមន្ត្រីមានអំណាចខ្លះអាចធ្វើកម្មសិទ្ធិស្របច្បាប់លើដីគម្របព្រៃឈើឆ្នាំ២០០២ នេះថែមទៀត។ ជាងនេះ ក៏មានឈ្មួញ និងបុគ្គលខ្លះបានដឹកដើមឈើហូបផ្លែធំៗជាច្រើនប្រភេទមកពីទីតាំងផ្សេង ដែលមានចេញផ្លែផ្កាស្រាប់ យកមកដាំនៅលើដីដែលពួកគេបានទន្ទ្រានកាន់កាប់ដោយមានសង់ផ្ទះ និងហ៊ុមព័ទ្ធរបងសម្គាល់ក្បាលដីរៀងៗខ្លួន និងគ្មានអាជ្ញាធរចុះហាមឃាត់ទេកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។