អភិបាល​ខេត្ត​ព្រះសីហនុ​ស្នើ​សង្គម​ស៊ីវិល​និង​ពលរដ្ឋ​សហការ​ពន្លឿន​ដោះស្រាយ​ជម្លោះ​ដីធ្លី

0:00 / 0:00

ថ្នាក់​ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ជួប​ពិភាក្សា​គ្នា​ជាមួយ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​រិះរក​វិធី​ដោះស្រាយ​វិវាទ​ដីធ្លី និង​ពន្លឿន​សកម្មភាព​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​មួយ​ចំនួន ឈាន​ដល់​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​នា​ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​ឲ្យ​បាន​ចប់​ឆាប់។

ចំពោះ​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ ថ្លែង​ថា មន្ត្រី​ជំនាញ​កំពុង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ពន្លឿន​សកម្មភាព​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ស្នើ​ឲ្យ​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ ត្រូវ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ជំនាញ​ឲ្យ​បាន​ទាំងអស់​គ្នា។

មន្ត្រី​នៅ​តាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត ដឹកនាំ​ដោយ​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ទទួល​ជួប​ពិភាក្សា​គ្នា​ជាមួយ​ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ស្ថាប័ន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​សីហា ដើម្បី​រួម​គ្នា​រក​វិធី​ដោះស្រាយ​ទំនាស់​ដីធ្លី និង​ពន្លឿន​សកម្មភាព​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​មួយ​ចំនួន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ឲ្យ​បាន​ឆាប់​ចប់។

លោក យន្ត មីន បាន​ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​ថា រដ្ឋបាល​ខេត្ត​នេះ​បាន​ខិតខំ​ពន្លឿន​សកម្មភាព​ចុះ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​មិន​ស្ថិត​ក្នុង​ប្រព័ន្ធ​តុលាការ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នានា​ដែល​ទន្ទឹង​រង់ចាំ​ប្លង់​កម្មសិទ្ធិ​កាន់​កាប់​ដី​លំនៅឋាន និង​ដី​កសិកម្ម​ស្រប​ច្បាប់​ពី​អាជ្ញាធរ។

នៅ​ក្នុង​ជំនួប​នោះ លោក យន្ត មីន អះអាង​ថា ចំពោះ​កង្វល់​របស់​ប្រជាពលរដ្ឋ​រស់នៅ​សហគមន៍​ព្រែក​ត្របែក អណ្ដូងទឹក ថ្ម​ធំ និង​សហគមន៍​វាល​ចន្ទី ស្ថិត​ក្នុង​ឃុំ​រាម ស្រុក​ព្រៃនប់ ដែល​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​ពន្លឿន​សកម្មភាព​ចុះ​វាស់​កំណត់​ក្បាល​ដី​ឈាន​ដល់​ផ្តល់​ប្លង់​កម្មសិទ្ធិ​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន ឈ្មោះ យិះ​ចៀ (Yee Jia) រដ្ឋបាល​ខេត្ត​បាន​បែង​ចែក​មន្ត្រី​ជំនាញ​ឲ្យ​ចុះ​អនុវត្ត​ការងារ​នេះ​ហើយ ប៉ុន្តែ​ការ​យឺតយ៉ាវ​កន្លង​មក ដោយសារ​នៅ​មូលដ្ឋាន​នេះ​មាន​ភ្លៀង​ធ្លាក់​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ នាំ​ឲ្យ​រាំង​ស្ទះ​ដល់​ការងារ​របស់​មន្ត្រី​ជំនាញ៖ « ខ្ញុំ​សូម​ឲ្យ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ជួយ​គាំទ្រ​សកម្មភាព​ការងារ​ចុះ​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ពី​សំណាក់​រដ្ឋបាល​ខេត្ត និង​ស្រុក​នានា ព្រោះ​មាន​ពេល​ខ្លះ គឺ​ប្រជាពលរដ្ឋ​រស់នៅ​តាម​សហគមន៍​មួយ​ចំនួន​មិន​បាន​សហការ ឬ​ព្រម​ទទួល​យក​ការ​សម្របសម្រួល​របស់​ប្រជាពលរដ្ឋ​នោះ​ទេ ហើយ​បាន​ទាមទារ​ដំណោះស្រាយ​ហួសហេតុ​ពេក នាំ​ឲ្យ​អាជ្ញាធរ​មិន​អាច​ដោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ឬ​កង្វល់​ជូន​ពួក​គាត់​បាន​រលូន​ទេ ។ ជាក់ស្តែង បញ្ហា​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន យិះ​ចៀ នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ដែរ »

អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ស្នើ​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ឲ្យ​ចូលរួម​សហការ​ការងារ​ជួយ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​នៅ​តាម​សហគមន៍​នានា​ជាមួយ​អាជ្ញាធរ​ឲ្យ​បាន​រលូន ដើម្បី​ឲ្យ​សកម្មភាព​ចុះ​វាស់ និង​កាត់​ឆ្វៀល​ដី​ឈាន​ដល់​ផ្តល់​ប្លង់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​មាន​ការ​វិវឌ្ឍន៍​ទៅ​មុខ​បាន​ឆាប់។

ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​ក្រៅ​រដ្ឋាភិបាល​ជាច្រើន​ស្ថាប័ន ទាំង​មក​ពី​រាជធានី​ភ្នំពេញ និង​ប្រចាំ​ការ​នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​បង្ហាញ​ការ​គាំទ្រ​ចំពោះ​សកម្មភាព​របស់​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​តំណាង​មន្ត្រី​នៅ​តាម​ស្ថាប័ន​ជំនាញ​ក្រោម​ឱវាទ​ខេត្ត​នេះ ដែល​បាន​អនុញ្ញាត​ឲ្យ​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល ចូល​ជួប​ពិភាក្សា​គ្នា​លើ​បញ្ហា​ដីធ្លី​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​រាម ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ យិះ​ចៀ ជាដើម។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក ស៊ឹង សែនករុណា ដែល​ដឹកនាំ​ក្រុម​ការងារ​មក​ពី​រាជធានី​ភ្នំពេញ ស្ថិត​ក្នុង​ចំណោម​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ច្រើន​ស្ថាប័ន​ទៀត មាន​អង្គការ​លីកាដូ (LICADHO) និង​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ហៅ​កាត់​ថា ស៊ី.អ៊ិន.រ៉ូ ប្រចាំ​ខេត្ត​ព្រះសីហនុ ជាដើម បាន​ប្រកាស​ថា​នឹង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត​នេះ ព្រម​ទាំង​ជួយ​សម្របសម្រួល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មាន​ទំនាស់​ដីធ្លី​នានា ដើម្បី​រួម​ចំណែក​ជំរុញ​ឲ្យ​សកម្មភាព​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចប់​ឲ្យ​បាន​ឆាប់៖ « អភិបាល ​ខេត្ត​ព្រះសីហនុ និង​ថ្នាក់​ដឹកនាំ​នៅ​តាម​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​នេះ បាន​ផ្តល់​ឱកាស​ឲ្យ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ពួក​ខ្ញុំ​បាន​ជួប​ពិភាក្សា​គ្នា ទៅ​លើ​នីតិវិធី​នៃ​ការ​ចុះ​ធ្វើ​ការងារ​របស់​គណៈកម្មការ​វាស់​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ​ដោយ​ចំហ និង​បាន​យល់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​បេសកកម្ម​ការងារ​របស់​អង្គការ ដែល​បាន​ចុះ​ធ្វើ​ការងារ​ទាក់ទង​បញ្ហា​ដីធ្លី​នៅ​ខេត្ត​ព្រះសីហនុ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ក៏​បាន​បើក​ទូលាយ​ដល់​ការ​ចូលរួម​សម្របសម្រួល​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល ទៅ​លើ​វិវាទ​ដីធ្លី​នា​ថ្ងៃ​អនាគត »

មន្ត្រី​សមាគម​អាដហុក លោក សែនករុណា សំណូមពរ​ដល់​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ សូម​កុំ​ចាត់​ទុក​សកម្មភាព​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ថា​ជា​ការ​ជ្រៀតជ្រែក ឬ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ការងារ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល ឬ​ជា​អ្នក​ញុះញង់​ពលរដ្ឋ​ឲ្យ​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​លើ​វិវាទ​ដីធ្លី​នោះ ជា​រឿង​មិន​ពិត​ទេ។

ស្រដៀង​គ្នា​ដែរ លោក សុខ សុខុម ប្រធាន​អង្គការ ស៊ី.អ៊ិន.រ៉ូ (CNRO) សាខា​ខេត្ត​ព្រះសីហនុ ក៏​គាំទ្រ​ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ខេត្ត​នេះ ដែល​បើក​ទូលាយ​ដល់​មន្ត្រី​សង្គម​ស៊ីវិល​បាន​ចូលរួម​ដោះស្រាយ​វិវាទ​ដីធ្លី ឬ​ចូលរួម​សម្របសម្រួល​ការងារ​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ជូន​ពលរដ្ឋ​ឲ្យ​ឆាប់​ជាមួយ​អាជ្ញាធរ​នៅ​ពេល​នេះ។

យ៉ាង​ណា​ក៏ដោយ​ចុះ លោក សុខ សុខុម បាន​ស្នើ​ដល់​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​ការងារ​វាស់វែង​ក្បាល​ដី​នៅ​តាម​សហគមន៍​នីមួយៗ ត្រូវ​កំណត់​កាលបរិច្ឆេទ និង​បញ្ជាក់​អត្តសញ្ញាណ​មន្ត្រី​ជំនាញ​ចុះ​អនុវត្ត​ការងារ​នេះ​ឲ្យ​បាន​ច្បាស់លាស់។ ជាង​នេះ ក៏​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ទាក់ទង​សកម្មភាព​ការងារ​របស់​អាជ្ញាធរ​ចុះ​កាត់​ឆ្វៀល​ដី ឬ​ចុះ​វាស់​កំណត់​ព្រំ​ដី​នៅ​តាម​សហគមន៍​នីមួយៗ​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​ទន្ទឹង​រង់ចាំ ហើយ​ដែល​ការ​រង់ចាំ​នោះ បាន​ប៉ះពាល់​ដល់​ពេលវេលា​ប្រកប​របរ​ទទួល​ទាន​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់៖ « ថ្នាក់​ដឹកនាំ​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បើក​ទូលាយ និង​បាន​សហការ​ជាមួយ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ដីធ្លី​ដែល​កើត​មាន​នៅ​តាម​សហគមន៍​នីមួយៗ ជាង​នេះ បាន​បើក​ទូលាយ​ដល់​មន្ត្រី​សង្គម​ស៊ីវិល បាន​ចូលរួម​ពិភាក្សា ឬ​សម្របសម្រួល​ទៅ​លើ​កង្វល់ ឬ​វិវាទ​ដីធ្លី​នៅ​តាម​សហគមន៍​នានា »

ទាក់ទិន​បញ្ហា​នេះ នាយក​រដ្ឋបាល​សាលា​ខេត្ត​ព្រះសីហនុ លោក ឯម ភាព ថ្លែង​ក្នុង​ជំនួប​ជាមួយ​ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​១០ ខែ​សីហា នា​សាល​ប្រជុំ​ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា សកម្មភាព​ចុះ​វាស់​ក្បាល​ដី​ជាក់ស្តែង​នៅ​តាម​សហគមន៍​នានា ឈាន​ដល់​ផ្តល់​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់​ជូន​ពលរដ្ឋ រដ្ឋបាល​ខេត្ត​នេះ​បាន​បែង​ចែក​ការងារ​ជា ៤​ក្រុម ដោយ​បាន​បែង​ចែក​តួនាទី ឬ​ការងារ​ទទួល​ខុស​ត្រូវ​ជូន​អភិបាល​រង​ខេត្ត​ទាំងអស់​ឲ្យ​ទទួល​ខុស​ត្រូវ ប្រយោជន៍​ជួយ​ពន្លឿន​ឲ្យ​ការងារ​ចុះ​ដោះស្រាយ​វិវាទ​ដីធ្លី និង​ការ​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ឈាន​ដល់​ផ្តល់​ប្លង់​កម្មសិទ្ធិ​នេះ​ចេញ​ជា​រូបរាង​ឲ្យ​បាន​ឆាប់៖ « អភិបាល​រង​ខេត្ត​ព្រះសីហនុ ទទួល​បន្ទុក​នៅ​តាម​សហគមន៍​នីមួយៗ ឲ្យ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​នីមួយៗ ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ដោយ​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់ ព្រោះ​ត្រូវ​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការងារ​នេះ​ជា​ប្រចាំ »

នាយក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ លោក ឯម ភាព ស្វាគមន៍​ចំពោះ​វត្តមាន​របស់​មន្ត្រី​សង្គម​ស៊ីវិល​នានា​ដែល​ប្រាថ្នា​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ ដោយ​ដើរ​តួ​ជា​អ្នក​ជួយ​សម្របសម្រួល ឬ​ដោះស្រាយ​វិវាទ​ដីធ្លី ដែល​កើត​មាន​នៅ​តាម​សហគមន៍​នានា​ក្នុង​មូលដ្ឋាន​នេះ​ជាមួយ​អាជ្ញាធរ និង​ពលរដ្ឋ។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ប៊ួន ណារិទ្ធិ ក៏​បាន​ទទូច​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ត្រូវ​មាន​យន្តការ​ដោះស្រាយ​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ឲ្យ​បាន​ច្បាស់លាស់ និង​ជួយ​វែក​មុខ​មន្ត្រី​ពុក​រលួយ​ដែល​ឃុបឃិត​បង្កើត​ឲ្យ​មាន​ទំនាស់​ដីធ្លី​នា​មូលដ្ឋាន​នេះ​កន្លង​មក យក​មក​ផ្ដន្ទាទោស។ លោក ប៊ួន ណារិទ្ធិ រិះគន់​ថា ការងារ​ចុះ​វាស់​កាត់​ឆ្វៀល​ដី​ឈាន​ដល់​ចេញ​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចេញ​ពី​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន ទៅ​តាម​រូបមន្ត​ស្បែក​ខ្លា​ដែល​ប្រមុខ​ដឹកនាំ​បាន​ដាក់​ឲ្យ​អាជ្ញាធរ​អនុវត្ត មិន​គួរ​អាជ្ញាធរ​នៅ​តាម​ខេត្ត​នីមួយៗ មិន​អនុវត្ត​តាម ឬ​មិន​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ដូច​រាល់​ថ្ងៃ​នេះ​ទេ។

របាយការណ៍​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ នៅ​ឆមាស​ទី​១ ឆ្នាំ​២០១៦ បង្ហាញ​ថា ខេត្ត​ជាប់​ឆ្នេរ​សមុទ្រ​មួយ​នេះ​មាន​ប្រជាពលរដ្ឋ​ជាង ២០​សហគមន៍​មាន​វិវាទ​ដីធ្លី ហើយ​អាជ្ញាធរ​មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ទេ។ ទំនាស់​ខ្លះ​បាន​អូស​បន្លាយ​ពេល​ចន្លោះ​ពី ៥​ឆ្នាំ​ទៅ​ដល់​ជាង ២០​ឆ្នាំ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ឲ្យ​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។