សហគមន៍​កួយ​ខេត្ត​ព្រះវិហារ​លើក​គ្នា​ទៅ​ដេក​យាម​ដី​ខ្លាច​ក្រុមហ៊ុន​ចិន​ឈូស​ឆាយ

0:00 / 0:00

ជម្លោះ​ដីធ្លី​រវាង​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ ជាមួយ​ក្រុមហ៊ុន​ដាំ​អំពៅ​របស់​ចិន បាន​ចាប់​ផ្ដើម​កម្រើក​ឡើង​វិញ​រយៈពេល ៥​ថ្ងៃ​មក​នេះ បន្ទាប់​ពី​ស្ងប់ស្ងាត់​មួយ​រយៈពេល​ខ្លី​មក។

ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា រហូត​មក​ដល់​ពេល​នេះ ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ នៃ​ស្រុក​ត្បែងមានជ័យ ព្រម​ទាំង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆែប ប្រមាណ ១០០​នាក់ បាន​ដាក់​វេន​គ្នា​ទៅ​បោះ​ជំរំ​ដេក​ចាំ ហើយ​ដើរ​ល្បាត​ការពារ​ដី​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន​ហ្វេង (Lan Feng) ប្រើ​គ្រឿងចក្រ​ទៅ​ឈូស​រំលោភ​យក​ដី​ស្រែ​របស់​ពួក​គេ​ត​ទៅ​ទៀត។

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​ដែល​ធ្វើ​ការងារ​ជួយ​សហគមន៍​នៅ​ក្នុង​ខេត្ត​ព្រះវិហារ សម្ដែង​កង្វល់​ជា​ថ្មី​ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ជាមួយ​នឹង​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​សម្រាប់​ដាំ​អំពៅ​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប នោះ។

ក្ដី​កង្វល់​បាន​កើត​ឡើង​នៅ​ពេល​ដែល​គេ​មើល​ឃើញ​ថា ជម្លោះ​ដីធ្លី​រវាង​ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ និង​ប្រជាពលរដ្ឋ​ស្រុក​ឆែប ជាមួយ​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ​ហ្វេង (Ruy Feng) និង ឡាន​ហ្វេង (Lan Feng) បាន​កើត​មាន​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​ហាក់​ព្រងើយ​កន្តើយ​មិន​ដោះស្រាយ​ឲ្យ​ចំ​បញ្ហា​ទាល់​តែ​សោះ។

ចាប់​តាំង​តែ​ពី​ថ្ងៃ​ទី​១ ខែ​មករា មក ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ និង​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆែប ប្រមាណ ១០០​នាក់ បាន​ស្រុះស្រួល ហើយ​ប្ដូរ​វេន​គ្នា​ទៅ​បោះ​ជំរំ​នៅ​តាម​ដី​របស់​ពួក​គេ​ដោយ​ដេក​ចាំ ដើម្បី​រារាំង​កុំ​ឲ្យ​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​រំលោភ​យក​ដី​ស្រែ​បាន​ត​ទៅ​ទៀត។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ គឺ​លោកស្រី នួន ម៉ុន។ លោកស្រី​បាន​អះអាង​ថា នៅ​ថ្ងៃ​ទី​៥ ខែ​មករា ជនជាតិ​ដើម​ភាគតិច​ចំនួន ៦៩​នាក់ បាន​នាំ​គ្នា​ទៅ​បោះ​ជំរំ​ដេក​ចាំ​ការពារ​ដី​នៅ​ម្ដុំ​តំបន់​អូរ​ពពាំ។ នៅ​ទីនោះ ក្រុមហ៊ុន​ចិន ឈ្មោះ ឡាន​ហ្វេង (Lan Feng) កំពុង​ប្រើ​គ្រឿងចក្រ​ចំនួន ៨​គ្រឿង ឈូស​ឆាយ​ពង្រីក​ផ្ទៃដី​ដើម្បី​ដាំ​អំពៅ។

លោកស្រី នួន ម៉ុន អំពាវនាវ​ឲ្យ​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ និង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ជួយ​អន្តរាគមន៍​ទៅ​លើ​ក្រុមហ៊ុន​ចិន ដើម្បី​ឲ្យ​បញ្ឈប់​ការ​ឈូស​ឆាយ៖ « ក្រុមហ៊ុន​ឡាន​ហ្វេង ឈូស​ដី​ មិន​ឈប់ ​ទេ។ ដី​ខ្ញុំ​មាន​បង្កាន់ដ ទៅ​ហើយ នៅ​តែ​ឈូស។ កាល​ពី​វស្សា​មិញ ខ្ញុំ​ ទៅ​ធ្វើ ​ស្រែ គេ​ បាញ់​ថ្នាំ​ សម្លាប់​ស្រូវ​ របស់​ខ្ញុំ ខ្ញុំ​ប្ដឹង​ទៅ​អាជ្ញាធរ​ឃុំ - ស្រុក ក៏​គ្មាន​ដោះស្រាយ »

អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​ព្រះវិហារ អ៊ុន ចាន់ដា ដើម្បី​សុំ​ការ​ឆ្លើយតប​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ នៅ​ថ្ងៃ​ទី​៥ ខែ​មករា។

ចំណែក​អភិបាល​ស្រុក​ត្បែងមានជ័យ លោក អ៊ុង វុឌ្ឍី បាន​បដិសេធ​មិន​ធ្វើ​ការ​អធិប្បាយ​អ្វី​ទេ ដោយ​លោក​ឆ្លើយ​យ៉ាង​ខ្លី​ថា​កំពុង​ជាប់​រវល់៖ « ជាប់​ប្រជុំ​ណា ! ចាំ​បន្តិច ! ចាំ​មើល ​រួច​ដៃ​សិន។ ខ្ញុំ​ កំពុង​តែ ប្រជុំ​ពេល​នេះ »

ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ ស្រុក​ត្បែងមានជ័យ បាន​ចោទ​អាជ្ញាធរ​ស្រុក និង​ខេត្ត​ព្រះវិហារ ថា​ហាក់​ដូចជា​មាន​ចេតនា​អ្វី​មួយ ពីព្រោះ​តែ​អាជ្ញាធរ​យឺតយ៉ាវ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​សំណើ​របស់​ពួក​គេ ដែល​សុំ​ឲ្យ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព ប៉ុន្តែ​អាជ្ញាធរ​ហាក់​មិន​យក​ចិត្ត​ទុក​ដាក់។

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា បើ​តាម​លោក​ដឹង ចាប់​តាំង​ពី​ថ្ងៃ​ទី​១ ខែ​មករា រហូត​មក​ដល់​ថ្ងៃ​ទី​៥ គឺ​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ បាន​លើក​គ្នា​ទៅ​បោះ​ជំរំ​ដេក​ចាំ​ដី​នៅ​តំបន់​អូរ​ពពាំ និង​ប្រជាពលរដ្ឋ​ស្រុក​ឆែប មួយ​ក្រុម​ទៀត ក៏​បាន​លើក​គ្នា​ទៅ​បោះ​ជំរំ​ដេក​ក្នុង​ព្រៃ ដើម្បី​រារាំង​ក្រុមហ៊ុន​ចិន មិន​ឲ្យ​ឈូស​ឆាយ​ដី​នៅ​តំបន់​អូរ​ត្រពាំង​ថ្ម​ដែរ។

លោក ប៉ិក សោភ័ណ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ គួរ​តែ​ប្រញាប់​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​កាត់​បន្ថយ​កុំ​ឲ្យ​រាលដាល​កាន់​តែ​ធំៗ​ទៅ​បាន៖ « វា​ ជា​ការ ព្រួយ​បារម្ភ ដោយ​យើង​ មើល​ឃើញ​ ស្ថានភាព​ នោះ​កាន់​តែ ​ដុនដាប​ទៅៗ ហើយ​អាជ្ញាធរ​ ហាក់​ដូចជា មិន​ទាន់​បាន ​រក​ដំណោះស្រាយ​អ្វី​ ជូន​ប្រជាពលរដ្ឋ និង​ជនជាតិ​ដើម​ភាគតិច​ទាំងនោះ​ទាល់​តែ​សោះ »

អ្នក​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ ក៏​សម្ដែង​ក្ដី​ព្រួយ​បារម្ភ​ដូច​គ្នា​នេះ ហើយ​ថា​អាជ្ញាធរ​ស្រុក​ត្បែងមានជ័យ ស្រុក​ឆែប និង​ខេត្ត​ព្រះវិហារ ជាដើម គួរ​តែ​ជួប​ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​សាកសួរ​អំពី​ព័ត៌មាន​នានា ហើយ​ឈាន​ទៅ​រក​ការ​ដោះស្រាយ​ជុំវិញ​រឿង​ជម្លោះ​ដីធ្លី​នោះ មិន​គួរ​ទុក​ចោល​ដូច្នេះ​ទេ។

លោក ឡោ ចាន់ បញ្ជាក់​ថា តាម​ការ​សង្កេត​របស់​លោក​ឃើញ​ថា ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរុ គឺ​ទាមទារ​ឲ្យ​អាជ្ញាធរ​ចុះ​បញ្ជី​ដីធ្លី​ជា​សមូហភាព​សម្រាប់​ពួក​គេ​ជាង ១​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​អាជ្ញាធរ​នៅ​មិន​ទាន់​យល់ព្រម ជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​អស់​ជំនឿ បាន​ជា​លើក​គ្នា​ទៅ​ដេក​ចាំ​ដី​ដូច្នេះ៖ « អាជ្ញាធរ​ខេត្ត និង​ប្រជាពលរដ្ឋ គួរ​ណា តែ​មាន ​ជំនួប​គ្នា ដើម្បី​ជជែក​អំពី​ទំហំ​ដី​ក៏ដូចជា​ព្រំប្រទល់​មួយ​ចំនួន។ អា​ហ្នឹង​បើ​សិន​ជា​ចង់​រក​ច្រក​ចេញ​ទាំងអស់​គ្នា​ឲ្យ​បាន​ទៅ​មុខ​រួច »

អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើ​ការងារ​ផ្នែក​សិទ្ធិ​មនុស្ស និង​ជួយ​ជ្រោមជ្រែង​ដល់​សហគមន៍ ឲ្យ​ដឹង​ថា តាម​ការ​ប៉ាន់ស្មាន​ក្រៅ​ផ្លូវ​ការ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​បច្ចុប្បន្ន គឺ​មាន​ផ្ទៃដី​របស់​ប្រជាពលរដ្ឋ​ចំនួន​ប្រហែល​ជាង ២.០០០​ហិកតារ ដែល​រង​ការ​ប៉ះពាល់ ដោយសារ​តែ​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​ដាំ​អំពៅ។ អង្គការ​ក្រៅ​រដ្ឋាភិបាល រិះគន់​ថា អាជ្ញាធរ​ខេត្ត​ព្រះវិហារ គួរ​តែ​ប្រញាប់​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី​ទាំងនោះ មិន​គួរ​ទុក​ឲ្យ​មាន​បញ្ហា​ជម្លោះ​រ៉ាំរ៉ៃ​រហូត​ដល់​ទៅ​រយៈពេល​ជាង ៣​ឆ្នាំ​ទៅ​ហើយ​ដូច្នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។