ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​ព្រះវិហារ​ស្នើ​ពន្លឿន​ដំណោះស្រាយ

ដោយ ហង្ស សាវយុត
2016-02-01
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
អ្នក​ភូមិ​​បុះ ជាង ១៥០​នាក់ លើក​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង (Ruoy Feng) មិន​ឲ្យ​បន្ត​ឈូស​ឆាយ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ នៅ​ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៦។ រូបភាព​សហគមន៍
អ្នក​ភូមិ​​បុះ ជាង ១៥០​នាក់ លើក​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង (Ruoy Feng) មិន​ឲ្យ​បន្ត​ឈូស​ឆាយ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ នៅ​ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប ខេត្ត​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៦។ រូបភាព​សហគមន៍
រូបភាព​សហគមន៍

សហគមន៍​ប្រជាពលរដ្ឋ​នៅ​ឃុំ​ម្លូព្រៃ២ នៃ​ស្រុក​ឆែប ជំរុញ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ត្រូវ​ពន្លឿន​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​ពួក​គេ ជាមួយ​នឹង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ចិន ឈ្មោះ រួយ ហ្វេង (Ruoy Feng) ឲ្យ​បាន​ឆាប់​រហ័ស។

ការ​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រញាប់ប្រញាល់​ដោះស្រាយ​រឿង​ដីធ្លី​នេះ គឺ​នៅ​ស្រប​ពេល​ដែល​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេង បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ និង​វាល​ស្មៅ​ចិញ្ចឹម​សត្វ​របស់​អ្នក​ភូមិ​ជា​បន្តបន្ទាប់។

អ្នក​ភូមិ​បុស្ស នៃ​ឃុំ​ម្លូព្រៃ២ ស្រុក​ឆែប មាន​គម្រោង​នឹង​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ជា​ទ្រង់ទ្រាយ​ធំ ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន ឈ្មោះ រួយ ហ្វេង ដែល​នៅ​តែ​ព្យាយាម​ឈូស​ឆាយ​ពង្រីក​ដី​សម្បទាន​សេដ្ឋកិច្ច ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​ពួក​គេ​កាន់​តែ​ច្រើន ប្រសិន​បើ​អាជ្ញាធរ​មិន​មាន​វិធានការ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​រហ័ស​ទេ​នោះ។

កាល​ពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា អ្នក​ភូមិ​ស្រី​ប្រុស ក្មេង​ចាស់ ប្រមាណ​ជាង ១៦០​នាក់ បាន​លើក​គ្នា​ទៅ​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង មិន​ឲ្យ​ឈូស​ឆាយ​ពង្រីក​ផ្ទៃ​ដី​សម្បទាន​សេដ្ឋកិច្ច​បាន​ទេ។

តំណាង​អ្នក​ភូមិ​បុស្ស គឺ​លោស្រី ហេង ណាវី។ លោកស្រី​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី​១ ខែ​កុម្ភៈ ថា រូប​គាត់​ក៏ដូចជា​អ្នក​ភូមិ កំពុង​ភ័យ​ខ្លាច​បាត់បង់​ដី​ស្រែ​ចម្ការ និង​វាល​ស្មៅ​ចិញ្ចឹម​សត្វ​គោ​ក្របី។ ស្ត្រី​ដដែល​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ក្រុមហ៊ុន​ចិន រួយ ហ្វេង បាន​យក​គ្រឿងចក្រ​ចំនួន ៣​គ្រឿង ទៅ​ឈូស​ឆាយ​ដី​ជិត​តំបន់​ពួក​គាត់​រស់នៅ ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ស្រែ និង​ចម្ការ​ជាច្រើន​ហិកតារ។ អ្នក​ភូមិ​មិន​បណ្ដែតបណ្ដោយ​ឲ្យ​ក្រុមហ៊ុន​ចិន ឈូស​ឆាយ​បំពាន​បាន​ស្រេច​តែ​ចិត្ត​ទេ៖ «ដី​ស្រែ​ដី​ចម្ការ ហើយ​ទុក​ក្បាល​ស្រែ​មិន​បាន ១០​ម៉ែត្រ​ផង។ ពួក​ខ្ញុំ​តវ៉ា ពីព្រោះ​ថា​ដី​ព្រៃ​សហគមន៍​វា​សឹងតែ​អស់​ទៅ​ហើយ។ ចំណែក​ដី​វាល​ស្មៅ​សម្រាប់​គោ​ក្របី ក៏​អស់»

រហូត​ដល់​រសៀល​ថ្ងៃ​ច័ន្ទ ទី​១ ខែ​កុម្ភៈ ក្រុម​អ្នក​ភូមិ​នៅ​តែ​ចាត់​កម្លាំង​ឃ្លាំ​មើល​ក្រុមហ៊ុន​ចិន មិន​ឲ្យ​ឈូស​ឆាយ​ដី​ត​ទៅ​ទៀត។ ក្រុម​អ្នក​ភូមិ ទាមទារ​ឲ្យ​អាជ្ញាធរ​ស្រុក​ឆែប និង​ខេត្ត​ព្រះវិហារ ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ប៉ះពាល់​ដីធ្លី​ពួក​គេ​ឲ្យ​បាន​ឆាប់​រហ័ស បើ​មិន​ដូច្នោះ​ទេ គឺ​គេ​នឹង​ប្រមូល​កម្លាំង​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​ចិន ជា​ទ្រង់ទ្រាយ​ធំ។

អាជ្ញាធរ​ស្រុក​ឆែប ដែល​បាន​ចុះ​ទៅ​ចរចា​ជាមួយ​ក្រុម​ប្រជាពលរដ្ឋ​អ្នក​តវ៉ា​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ម្ដង​មក​ហើយ បាន​សន្យា​ថា​នឹង​ណាត់​ជួប​អ្នក​ភូមិ​នៅ ៤​ថ្ងៃ​ខាង​មុខ​ទៀត​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងអស់​គ្នា។

អភិបាល​ស្រុក​ឆែប លោក សុខ សានតារា មាន​ប្រសាសន៍​ថា លោក​បាន​ទៅ​ជួប​ក្រុម​អ្នក​ភូមិ​បុស្ស ដែល​លើក​គ្នា​រារាំង​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន រួយ ហ្វេង នោះ ក៏ប៉ុន្តែ​លោក​មិន​ដឹង​ប្រាកដ​ពី​គោល​បំណង​របស់​អ្នក​ភូមិ​ថា ចង់​បាន​អ្វី​នៅ​ឡើយ​ទេ។ លោក​អភិបាល​ស្រុក​ឆែប ឲ្យ​ដឹង​ថា ក្រុមហ៊ុន​ចិន រួយ ហ្វេង មាន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជិត​ភូមិ​បុស្ស នោះ​ទំហំ​ជិត ២.០០០​ហិកតារ ប៉ុន្តែ​អាជ្ញាធរ​បាន​ឆ្វៀល​ការ​ប៉ះពាល់​លើ​ប្រជាពលរដ្ឋ​ចេញ​អស់ នៅ​សល់​តែ ៥០០​ហិកតារ​ទេ។ ទោះ​យ៉ាង​ណា លោក​អភិបាល​ស្រុក​ឆែប ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ចិន រួយ ហ្វេង ដែល​ឈូស​ឆាយ​ដី​នៅ​ជិត​ភូមិ​បុស្ស គឺ​ពិត​ជា​បាន​ប៉ះពាល់​ដី​ស្រែ​ចម្ការ​របស់​អ្នក​ភូមិ​ខ្លះ​មែន៖ «ស្រែ​មាន​មែន ប៉ុន្តែ​បទបញ្ជា​០១ នៃ​យុទ្ធសាស្ត្រ​ស្បែក​ខ្លា គឺ​យើង​មិន​ត្រឹម​តែ​ឆ្វៀល​ចេញ​ទេ គឺ​ទុក​ដី​ក្បាល​ស្រែ​ឲ្យ​គាត់​ទៀត ប៉ុន្តែ​គាត់​តវ៉ា​ម្សិលមិញ គឺ​ចង់​បាន​ដី​ឃ្វាល​គោ​ឃ្វាល​អី​ថែម​ទៀត»

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ ឲ្យ​ដឹង​ថា តាំង​តែ​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​ចិន រួយ ហ្វេង ពិត​ជា​បាន​ឈូស​ឆាយ​រំលោភ​លើ​ដី​ស្រែ​របស់​ប្រជាពលរដ្ឋ​មែន ប៉ុន្តែ​អាជ្ញាធរ​ហាក់​មាន​ចំណាត់​ការ​ដោះស្រាយ​យឺតយ៉ាវ ដោយ​ទុក​បញ្ហា​ឲ្យ​នៅ​មាន​ជា​បន្តបន្ទាប់​រហូត​មក​ដល់​បច្ចុប្បន្ន។ មន្ត្រី​អង្គការ​ពន្លក​ខ្មែរ ដដែល កំពុង​ឲ្យ​អ្នក​ភូមិ​បុស្ស ឃុំ​ម្លូព្រៃ២ ធ្វើ​ជំរឿន​ដី​ស្រែ និង​ចម្ការ​ដែល​ប៉ះពាល់​ទាំងអស់​ឲ្យ​បាន​ច្បាស់លាស់ ដើម្បី​ឲ្យ​អង្គការ​របស់​លោក​អាច​ជួយ​ជ្រោមជ្រែង​តវ៉ា​ទៅ​តាម​ផ្លូវ​ច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល
គេហទំព័រ​ទាំងមូល