សហគមន៍ប្រជាពលរដ្ឋនៅឃុំម្លូព្រៃ២ នៃស្រុកឆែប ជំរុញឲ្យអាជ្ញាធរខេត្តព្រះវិហារ ត្រូវពន្លឿនការដោះស្រាយទំនាស់ដីធ្លីរវាងពួកគេ ជាមួយនឹងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់ចិន ឈ្មោះ រួយ ហ្វេង (Ruoy Feng) ឲ្យបានឆាប់រហ័ស។
ការជំរុញឲ្យអាជ្ញាធរប្រញាប់ប្រញាល់ដោះស្រាយរឿងដីធ្លីនេះ គឺនៅស្របពេលដែលក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង បានយកគ្រឿងចក្រទៅឈូសឆាយ ធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការ និងវាលស្មៅចិញ្ចឹមសត្វរបស់អ្នកភូមិជាបន្តបន្ទាប់។
អ្នកភូមិបុស្ស នៃឃុំម្លូព្រៃ២ ស្រុកឆែប មានគម្រោងនឹងប្រមូលផ្ដុំគ្នាតវ៉ាជាទ្រង់ទ្រាយធំ ប្រឆាំងនឹងក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង ដែលនៅតែព្យាយាមឈូសឆាយពង្រីកដីសម្បទានសេដ្ឋកិច្ច ធ្វើឲ្យប៉ះពាល់ដីស្រែចម្ការរបស់ពួកគេកាន់តែច្រើន ប្រសិនបើអាជ្ញាធរមិនមានវិធានការដោះស្រាយឲ្យបានឆាប់រហ័សទេនោះ។
កាលពីរសៀលថ្ងៃទី៣១ ខែមករា អ្នកភូមិស្រីប្រុស ក្មេងចាស់ ប្រមាណជាង ១៦០នាក់ បានលើកគ្នាទៅរារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនចិន រួយ ហ្វេង មិនឲ្យឈូសឆាយពង្រីកផ្ទៃដីសម្បទានសេដ្ឋកិច្ចបានទេ។
តំណាងអ្នកភូមិបុស្ស គឺលោស្រី ហេង ណាវី។ លោកស្រីមានប្រសាសន៍កាលពីរសៀលថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ថា រូបគាត់ក៏ដូចជាអ្នកភូមិ កំពុងភ័យខ្លាចបាត់បង់ដីស្រែចម្ការ និងវាលស្មៅចិញ្ចឹមសត្វគោក្របី។ ស្ត្រីដដែលបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែមករា ក្រុមហ៊ុនចិន រួយ ហ្វេង បានយកគ្រឿងចក្រចំនួន ៣គ្រឿង ទៅឈូសឆាយដីជិតតំបន់ពួកគាត់រស់នៅ ធ្វើឲ្យប៉ះពាល់ដីស្រែ និងចម្ការជាច្រើនហិកតារ។ អ្នកភូមិមិនបណ្ដែតបណ្ដោយឲ្យក្រុមហ៊ុនចិន ឈូសឆាយបំពានបានស្រេចតែចិត្តទេ៖ «ដីស្រែដីចម្ការ ហើយទុកក្បាលស្រែមិនបាន ១០ម៉ែត្រផង។ ពួកខ្ញុំតវ៉ា ពីព្រោះថាដីព្រៃសហគមន៍វាសឹងតែអស់ទៅហើយ។ ចំណែកដីវាលស្មៅសម្រាប់គោក្របី ក៏អស់»។
រហូតដល់រសៀលថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ក្រុមអ្នកភូមិនៅតែចាត់កម្លាំងឃ្លាំមើលក្រុមហ៊ុនចិន មិនឲ្យឈូសឆាយដីតទៅទៀត។ ក្រុមអ្នកភូមិ ទាមទារឲ្យអាជ្ញាធរស្រុកឆែប និងខេត្តព្រះវិហារ ត្រូវតែដោះស្រាយបញ្ហាប៉ះពាល់ដីធ្លីពួកគេឲ្យបានឆាប់រហ័ស បើមិនដូច្នោះទេ គឺគេនឹងប្រមូលកម្លាំងធ្វើការតវ៉ាប្រឆាំងក្រុមហ៊ុនចិន ជាទ្រង់ទ្រាយធំ។
អាជ្ញាធរស្រុកឆែប ដែលបានចុះទៅចរចាជាមួយក្រុមប្រជាពលរដ្ឋអ្នកតវ៉ាកាលពីថ្ងៃទី៣១ ខែមករា ម្ដងមកហើយ បានសន្យាថានឹងណាត់ជួបអ្នកភូមិនៅ ៤ថ្ងៃខាងមុខទៀតនេះ ដើម្បីដោះស្រាយបញ្ហាទាំងអស់គ្នា។
អភិបាលស្រុកឆែប លោក សុខ សានតារា មានប្រសាសន៍ថា លោកបានទៅជួបក្រុមអ្នកភូមិបុស្ស ដែលលើកគ្នារារាំងគ្រឿងចក្ររបស់ក្រុមហ៊ុនចិន រួយ ហ្វេង នោះ ក៏ប៉ុន្តែលោកមិនដឹងប្រាកដពីគោលបំណងរបស់អ្នកភូមិថា ចង់បានអ្វីនៅឡើយទេ។ លោកអភិបាលស្រុកឆែប ឲ្យដឹងថា ក្រុមហ៊ុនចិន រួយ ហ្វេង មានដីសម្បទានសេដ្ឋកិច្ចនៅជិតភូមិបុស្ស នោះទំហំជិត ២.០០០ហិកតារ ប៉ុន្តែអាជ្ញាធរបានឆ្វៀលការប៉ះពាល់លើប្រជាពលរដ្ឋចេញអស់ នៅសល់តែ ៥០០ហិកតារទេ។ ទោះយ៉ាងណា លោកអភិបាលស្រុកឆែប ទទួលស្គាល់ថា ក្រុមហ៊ុនចិន រួយ ហ្វេង ដែលឈូសឆាយដីនៅជិតភូមិបុស្ស គឺពិតជាបានប៉ះពាល់ដីស្រែចម្ការរបស់អ្នកភូមិខ្លះមែន៖ «ស្រែមានមែន ប៉ុន្តែបទបញ្ជា០១ នៃយុទ្ធសាស្ត្រស្បែកខ្លា គឺយើងមិនត្រឹមតែឆ្វៀលចេញទេ គឺទុកដីក្បាលស្រែឲ្យគាត់ទៀត ប៉ុន្តែគាត់តវ៉ាម្សិលមិញ គឺចង់បានដីឃ្វាលគោឃ្វាលអីថែមទៀត»។
មន្ត្រីផ្នែកតស៊ូមតិរបស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ ឲ្យដឹងថា តាំងតែពីឆ្នាំមុន ក្រុមហ៊ុនចិន រួយ ហ្វេង ពិតជាបានឈូសឆាយរំលោភលើដីស្រែរបស់ប្រជាពលរដ្ឋមែន ប៉ុន្តែអាជ្ញាធរហាក់មានចំណាត់ការដោះស្រាយយឺតយ៉ាវ ដោយទុកបញ្ហាឲ្យនៅមានជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន។ មន្ត្រីអង្គការពន្លកខ្មែរ ដដែល កំពុងឲ្យអ្នកភូមិបុស្ស ឃុំម្លូព្រៃ២ ធ្វើជំរឿនដីស្រែ និងចម្ការដែលប៉ះពាល់ទាំងអស់ឲ្យបានច្បាស់លាស់ ដើម្បីឲ្យអង្គការរបស់លោកអាចជួយជ្រោមជ្រែងតវ៉ាទៅតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។