ពលរដ្ឋ​៦៤​គ្រួសារ​នៅ​ព្រះវិហារ​ស្នើ​ដោះស្រាយ​ជម្លោះ​ដីធ្លី​មុន​បោះឆ្នោត

ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ជាមួយ​ស្ថាប័ន​រដ្ឋ និង​ជាមួយ​កង​ទាហាន​ខ្លះ​នៅ​ខេត្ត​ភាគ​ឧត្តរ​របស់​ប្រទេស បាន​កើត​មាន និង​អូស​បន្លាយ​ជា​យូរ​មក​ហើយ ក៏ប៉ុន្តែ​មិន​មាន​អាជ្ញាធរ​ណា​ចេញ​មុខ​ដោះស្រាយ​ឱ្យ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​ជា​ម្ចាស់​ឆ្នោត យល់​ឃើញ​ថា គាត់​ចង់​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​បញ្ហា​នេះ​នៅ​មុន​ពេល​បោះឆ្នោត​ថ្ងៃ​ទី២៨ កក្កដា។

0:00 / 0:00

ក្រុម​ប្រជាពលរដ្ឋ​ចំនួន ៦៤​គ្រួសារ នៅ​ឃុំ​គូលែន​ខាង​ជើង ឃុំ​គូលែន​ខាង​ត្បូង និង​ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្ត​ព្រះវិហារ បាន​ដាក់​សំណើ​ទៅ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​នោះ​កាល​ពី​ពេល​ថ្មីៗ ឱ្យ​ជួយ​អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ដី​ទំហំ ៩៣​ហិកតារ ដែល​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ បាន​គូស​ផែនទី​ដក​ហូត​យក​ពី​ពួក​គេ។

ក្រុម​អ្នក​ភូមិ​ទាំង​នោះ​និយាយ​ថា មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ដក​ហូត​យក​ដី​ផ្នែក​ខ្លះ​នោះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ខ្វះ​ដី​សង់​លំនៅឋាន និង​មិន​មាន​ដី​ធ្វើ​កសិកម្ម​គ្រប់គ្រាន់។

តំណាង​អ្នក​ភូមិ​គូលែន​ខាង​ត្បូង ម្នាក់ ក្នុង​ចំណោម​តំណាង ៤​រូប​ផ្សេង​ទៀត គឺ​អ្នកស្រី ហួន គឹមអៃ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា អ្នក​ភូមិ​របស់​គាត់​ចំនួន ២៥​គ្រួសារ កំពុង​មាន​បញ្ហា​ដោយសារ​តែ​រដ្ឋបាល​ព្រៃ​ឈើ​ដក​ហូត​យក​ដីធ្លី។ ក្រៅ​ពី​នោះ មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​មក​ពី​ភូមិ​ផ្សេង​ទៀត នៃ​ឃុំ​គូលែន​ខាង​ជើង និង​ឃុំ​ស្រយង់៖ «រដ្ឋបាល​ព្រៃ​ឈើ​គាត់​គំរាម​កំហែង ហ៊ាន​តែ​ចូល​ធ្វើ ភ្ជួរ​ដី ដាំ​ស្រូវ​អី ចាប់​ដាក់​គុក​ដាក់​ច្រវាក់ គាត់​ថា​អីចេះ។ មាន​តែ​ដី​ប៉ុណ្ណឹង​ឯង ដល់​ពេល​រដ្ឋបាល​ព្រៃ​ឈើ​មិន​ឱ្យ​ធ្វើ មិន​ដឹង​បាន​អី​ហូប​ទេ​នេះ។ ចង់​ទាមទារ​ឱ្យ​បាន​មុន​បោះឆ្នោត»

កាល​ពី​ថ្ងៃ​ទី៦ ខែ​មិថុនា កន្លង​ទៅ ក្រុម​អ្នក​ភូមិ​ចំនួន ៦៤​គ្រួសារ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​ព្រះវិហារ ដោយ​ស្នើសុំ​ឱ្យ​ជួយ​អន្តរាគមន៍​ក្នុង​ការ​ជំរុញ​អាជ្ញាធរ ឱ្យ​ជួយ​ដោះស្រាយ​ជូន​មក​ពួក​គាត់​វិញ។ ក្នុង​លិខិត​នោះ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ចូល​ទៅ​រុក​រាន​ដី​ព្រៃ​ចំនួន ៩៣​ហិកតារ ដើម្បី​ធ្វើ​ស្រែ និង​ចម្ការ តាំង​ពី​អំឡុង​ឆ្នាំ​២០០២ មក​ម្ល៉េះ។ ក៏ប៉ុន្តែ កាល​ពី​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០១៣ កន្លង​ទៅ រដ្ឋបាល​ព្រៃ​ឈើ បាន​គូស​ផែនទី​កាត់​យក​ដី​ទាំង​នោះ បណ្ដាល​ឱ្យ​ប៉ះពាល់​ដី​ស្រែ​ចម្ការ និង​ដី​លំនៅឋាន។

អ្នក​ភូមិ​បាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ពួក​គេ​បាន​សុំ​ឱ្យ​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ជំរុញ​ទៅ​អាជ្ញាធរ​ឱ្យ​មាន​ដំណោះស្រាយ គឺ​កាល​ពី​ថ្ងៃ​ទី១២ ខែ​កក្កដា កន្លង​ទៅ អភិបាល​ខេត្ត​ព្រះវិហារ បាន​ចុះ​ទៅ​ពិនិត្យ ហើយ​សន្យា​ថា​នឹង​រក​ដី​ផ្សេង​ដោះ​ដូរ​ឱ្យ​ប្រជាពលរដ្ឋ នៅ​ក្រោយ​ពេល​បោះឆ្នោត​រួច។ ទោះ​យ៉ាង​ណា អ្នក​ភូមិ​បាន​បង្ហាញ​អារម្មណ៍​ថា គេ​មិន​ជឿ​លើ​ការ​សន្យា​នោះ​ទេ ដោយសារ​តែ​អាជ្ញាធរ​មិន​បាន​ធ្វើ​ជា​លាយលក្ខណ៍​អក្សរ គឺ​បាន​ត្រឹម​តែ​និយាយ​ផ្ទាល់​មាត់។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ំ ម៉ារ៉ា ជា​អភិបាល​ខេត្ត​ព្រះវិហារ និង​លោក ជុំ ពុយ ជា​អភិបាល​ស្រុក​គូលែន ជុំវិញ​បញ្ហា​នេះ​នៅ​ឡើយ។

ចំណែក​អាជ្ញាធរ​ថ្នាក់​ឃុំ​មួយ​ចំនួន បាន​បញ្ជាក់​ថា គេ​បាន​ប្រឹងប្រែង​ជួយ​ប្រជាពលរដ្ឋ​ក្នុង​រឿង​នោះ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា ថ្នាក់​ឃុំ​មិន​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ណា​មួយ​ទៅ​តាម​ការ​ចង់​បាន​របស់​ប្រជាពលរដ្ឋ​ឡើយ។

មេ​ឃុំ​គូលែន​ខាង​ត្បូង លោក ស៊ឹម សាំ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ក្នុង​ឃុំ​របស់​លោក​ចំនួន​ជាង ២០​គ្រួសារ ដែល​ទទួល​រង​ការ​ប៉ះពាល់​ដោយសារ​ការ​ដក​ហូត​ដី​នោះ។ លោក​មេ​ឃុំ​គូលែន​ខាង​ត្បូង បាន​បញ្ជាក់​ថា កាល​ពី​អំឡុង​ឆ្នាំ​២០០៦ គឺ​ប្រជាពលរដ្ឋ​របស់​លោក​បាន​នាំគ្នា​ទៅ​ចាប់​ដី​ព្រៃ​ទី​នោះ ក៏ប៉ុន្តែ មិន​ទាន់​ហ៊ាន​កាប់​ឆ្ការ​ធ្វើ​កសិកម្ម​ទេ ដោយសារ​ក្រុមហ៊ុន​ឯកជន​មួយ​បាន​យក​ធ្វើ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច។ ក្រោយ​មក​រយៈពេល​ប្រហែល ៥​ឆ្នាំ ក្រុមហ៊ុន​នោះ​មិន​បាន​ធ្វើ​អ្វី ក៏​រដ្ឋាភិបាល​ដក​ហូត​យក​វិញ។ ពេល​នោះ ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​ទៅ​កាន់​កាប់​វិញ ក៏ប៉ុន្តែ​ត្រូវ​បាន​រដ្ឋបាល​ព្រៃ​ឈើ​ហាម​ឃាត់។

ជាមួយ​គ្នា​នេះ​ដែរ មេ​ឃុំ​ស្រយង់ លោក ប៉ែន ឡាម បាន​មាន​ប្រសាសន៍​ថា ដី​ដែល​រដ្ឋបាល​ព្រៃ​ឈើ​ដក​ហូត​នោះ គឺ​បាន​ប៉ះពាល់​ដល់​ដី​សង់​លំនៅឋាន និង​ដី​ស្រែ​ចម្ការ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក​មួយ​ចំនួន។ លោក​ធ្លាប់​ចូលរួម​ជួយ​ដោះស្រាយ​ប្រជាពលរដ្ឋ​ជាច្រើន​លើក ក៏ប៉ុន្តែ​មិន​អាច​ជួយ​ប្រជាពលរដ្ឋ​ទាំង​នោះ​បាន៖ «លើក​មុន​ខ្ញុំ​ដោះស្រាយ​តាម​នីតិវិធី សួរ​ទៅ​ស្រុក ខេត្ត ឡើង​ទៅ​ដល់​ក្រសួង ដល់​ទៅ​ណា​នោះ ថា​ឱ្យ ប៉ុន្តែ​ដល់​ទី​បញ្ចប់ អត់​ទាន់​មាន​ឃើញ​ការ​វាស់វែង​ឱ្យ​ទេ។ ដូច​នៅ​ភូមិ​ខ្ញុំ គឺ​ខ្ញុំ​បាន​នាំ​បង​ប្អូន​តស៊ូ​មតិ​ជួយ​ដោះស្រាយ​បាន​សម្រេច​ជា​ស្ថាពរ​ហើយ​ជាមួយ​ក្រុម ក៏ប៉ុន្តែ​ដោយ​ឡែក​ជាមួយ​រដ្ឋ​បាល​ព្រៃ​ឈើ​ហ្នឹង គឺ​នៅ​មិន​ទាន់​បាន​ដោះស្រាយ​ពិត​ប្រាកដ​ទេ»

កន្លង​ទៅ បញ្ហា​ទំនាស់​ដីធ្លី​នេះ ក្រុម​ប្រជាពលរដ្ឋ​បាន​ដាក់​បណ្ដឹង​ទៅ​រដ្ឋសភា និង​ប្រមុខ​រដ្ឋាភិបាល​ឱ្យ​ជួយ​ដោះស្រាយ។ កាល​ពី​អំឡុង​ខែ​មិថុនា កន្លង​ទៅ រដ្ឋសភា និង​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លិខិត​ផ្ញើ​ជូន​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ឱ្យ​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​នេះ។

ដោយ​ឡែក នៅ​ឯ​ខេត្ត​ឧត្តរមានជ័យ ឯ​ណោះ​វិញ ប្រជាពលរដ្ឋ​ចំនួន ៣​គ្រួសារ រស់នៅ​ភូមិ​ផ្អុង សង្កាត់​កូនក្រៀល ក្រុង​សំរោង ត្រូវ​បាន​កង​ទាហាន​យក​ដី​ស្រែ​ប្រមាណ ៨​ហិកតារ ទៅ​ធ្វើ​ជា​បន្ទាយ បណ្ដាល​ឱ្យ​ពួក​គាត់​គ្មាន​ដី​ធ្វើ​ស្រែ​ទេ​ក្នុង​ឆ្នាំ​នេះ។

កសិករ​ម្នាក់ គឺ​លោក យឹម យឿត បាន​មាន​ប្រសាសន៍​ថា ដី​ស្រែ​របស់​គាត់ ដី​កូន និង​ដី​ប្អូន​ចំនួន ៨​ហិកតារ ត្រូវ​ទាហាន​កង​រថក្រោះ​យក​ធ្វើ​បន្ទាយ​តាំង​ពី​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ហើយ​ហាម​ឃាត់​ពួក​គាត់​មិន​ឱ្យ​ភ្ជួរ​រាស់​ទេ។ បុរស​ដដែល​បាន​បញ្ជាក់​ថា ក្រុម​គ្រួសារ​របស់​គាត់​កំពុង​ប្រឈម​មុខ​នឹង​ការ​ខ្វះ​ស្បៀង ពីព្រោះ​តែ​ពុំ​មាន​ដី​ធ្វើ​ស្រែ៖ «ដី​ខ្ញុំ​អត់​មាន​ប៉ះពាល់​អី​កន្លែង​រថក្រោះ​ទេ។ តាំង​ពី​ចូល​ឆ្នាំ​រួច ខ្ញុំ​ចាប់​ផ្ដើម​ចូល​ទៅ​ភ្ជួរ​ត្រាក់ទ័រ ដល់​នេះ គេ​អត់​ឱ្យ​ខ្ញុំ​ភ្ជួរ លើក​ទី១។ ដល់​លើក​ទី២ ខ្ញុំ​ទៅ​ភ្ជួរ​ទៀត គេ​ដេញ​ទៀត។ លើក​ក្រោយ ខ្ញុំ​ទៅ​ធ្វើ​ទៀត គេ​ភ្ជួរ​ពូន​រង​ដំឡូង​អស់។ ប្រាប់​មេ​ឃុំ គេ​ថា​ចាំ​មើល​គេ​ដោះស្រាយ​ឱ្យ ហើយ​ដល់​ខ្ញុំ​ទៅ​សួរ​ឃុំ គេ​ថា​គេ​ប្រគល់​ទៅ​ក្រុង​ឱ្យ​ក្រុង​ដោះស្រាយ ទៅ​មើល​ពាក្យ​នៅ​ក្រុង​វិញ។ ដល់​ខ្ញុំ​ចេះ​តែ​ចាំ​មើលៗ តែ​ឆ្នាំ​នេះ ខ្ញុំ​មិន​មាន​ដី​ព្រោះ​ស្រូវ​ទេ»

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ខេត្ត​ឧត្តរមានជ័យ លោក ស្រី ណារេន បាន​មាន​ប្រសាសន៍​ថា ជាច្រើន​ឆ្នាំ​មក​នេះ ទំនាស់​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ទាហាន ជាមួយ​ក្រុមហ៊ុន និង​ជាមួយ​អ្នក​មាន​អំណាច​ខ្លះ បាន​កើត​មាន​ជាច្រើន​កន្លែង ដូច​ជា​នៅ​ស្រុក​ត្រពាំងប្រាសាទ នៅ​ភូមិ​ជ្រឹង សង្កាត់​កូនក្រៀល ជាដើម​។ លោក ស្រី ណារេន បាន​បញ្ជាក់​ថា ទំនាស់​ដី​ទាំង​នោះ​បាន​អូស​បន្លាយ​ជា​យូរ​មក​ហើយ ក៏ប៉ុន្តែ​គេ​មិន​ឃើញ​មាន​ដំណោះស្រាយ​ទេ ដោយសារ​អាជ្ញាធរ​ខ្លះ​ហាក់​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​ឱ្យ​ពិត​ប្រាកដ​ជូន​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។