មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)ខេត្តព្រះវិហារ គ្រោងនឹងចុះអង្កេតដីរ៉ែមាសមួយកន្លែងនៅជិតតំបន់ភ្នំអន្លង់ ភូមិត្រពាំងទទឹម នៃឃុំរមទម ដែលកំពុងមានទំនាស់រវាងពលរដ្ឋម្នាក់ជាមួយនឹងឧត្តមសេនីយ៍យោធាចំនួន ២រូប។
ការចុះស៊ើបអង្កេតនោះ បំណងស្រាវជ្រាវរកមូលហេតុទំនាស់ឲ្យបានច្បាស់លាស់ មុននឹងសម្រេចថាតើត្រូវជួយជ្រោមជ្រែងផ្លូវច្បាប់ដល់ពលរដ្ឋម្នាក់នោះ ឬក៏យ៉ាងណា?
ពលរដ្ឋម្នាក់នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ចោទប្រកាន់ឧត្តមសេនីយ៍យោធា ២រូបនៅអង្គភាពកងពលតូចលេខ៧០ ថាបានរំលោភយកដីតំបន់រ៉ែមាសរបស់គាត់ ដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។
បុរសអាយុ ៣៣ឆ្នាំដែលអះអាងថាជាម្ចាស់ដី គឺលោក ផាន់ វុទ្ធី។ លោកមានប្រសាសន៍នៅរសៀលថ្ងៃពុធ ទី២៣ ខែសីហា ថា តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ ជនជាតិចិន ម្នាក់បានទៅទិញដី ៣ប្លង់នៅជិតតំបន់ភ្នំអន្លង់ ភូមិត្រពាំងទទឹម នៃឃុំរមទម ដើម្បីរុករករ៉ែមាស។ ដោយសារតែច្បាប់ភូមិបាលរបស់កម្ពុជា មិនអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិទិញដីធ្លី ជនជាតិចិន នោះក៏បានសុំឲ្យរូបគាត់ឈរឈ្មោះជំនួស។ បន្តិចក្រោយមក ឧត្តមសេនីយ៍យោធាបានទៅចូលហ៊ុនរកស៊ីជាមួយនឹងចិន នោះ ហើយបានទិញយកដីមួយប្លង់នៅជាប់គ្នា។
លោក ផាន់ វុទ្ធី បញ្ជាក់ថា រយៈពេល ៨ខែក្រោយពីការទិញដីនោះ គឺជនជាតិចិន ដែលរុករករ៉ែមាសបានក្ស័យធន ក៏លែងរកស៊ីតទៅទៀត ហើយបានលក់ដីចំនួន ២ប្លង់មកឲ្យរូបលោក ក៏ប៉ុន្តែកាលពីពាក់កណ្ដាលខែមិថុនា កន្លងទៅ ឧត្តមសេនីយ៍យោធាចំនួន ២រូបនៅអង្គភាពកងពលតូចលេខ៧០ បានទៅរំលោកយកដីរបស់លោកទាំង ២ប្លង់នោះ៖ « ខ្ញុំជាអ្នកមើលថែលើដីហ្នឹង គឺខ្ញុំបានឲ្យអតីតម្ចាស់ដើមនៃដីនោះរស់នៅលើនោះអាស្រ័យផលលើដីហ្នឹងទៅ។ ស្រាប់តែឧត្តមសេនីយ៍យោធាមកអះអាងថាជាដីរបស់គាត់ »។
ចំណែកលោកឧត្តមសេនីយ៍ផ្កាយ២ ហួត ឈៀងអន បានច្រានចោលថា លោកមិនបានទៅរំលោភយកដីរបស់ពលរដ្ឋដូចការចោទប្រកាន់របស់ឈ្មោះ ផាន់ វុទ្ធី នោះទេ។ ឧត្តមសេនីយ៍ដដែលបញ្ជាក់ថា ដី ២ប្លង់នោះ គឺរូបលោក និងជនជាតិចិន បានដាក់ភាគហ៊ុនរកស៊ីជាមួយគ្នាម្នាក់ពាក់កណ្ដាល ចំណែកឯឈ្មោះ ផាន់ វុទ្ធី មិនមែនជាម្ចាស់ភាគហ៊ុនទេ គ្រាន់តែជាអ្នកបកប្រែភាសាចិន ស៊ីប្រាក់ខែប៉ុណ្ណោះ ហើយឈ្មោះនោះបានឈរឈ្មោះជាអ្នកទិញដីឲ្យជនជាតិចិន។ ប៉ុន្តែក្រោយមក ឈ្មោះ ផាន់ វុទ្ធី បានស៊ុមគ្រលុំគ្នាជាមួយជនជាតិចិន យកប្លង់ដីនោះទៅកាន់៖ « ដោយសារចិន មិនអាចមានសិទ្ធិទិញដីបាន គឺឲ្យឈ្មោះ ផាន់ វុទ្ធី ឈរឈ្មោះជំនួស រួចហើយឈ្មោះហ្នឹងអះអាងថាជាម្ចាស់ដី។ នេះគឺរំលោភលើសេចក្តីទុកចិត្តរបស់ខ្ញុំមួយផ្នែក ឯភាគហ៊ុនចិន នោះ ក៏រំលោភលើសេចក្តីទុកចិត្តរបស់ខ្ញុំដែរ »។
លោក ហួត ឈៀងអន យល់ថាការដែលឈ្មោះ ផាន់ វុទ្ធី ចោទប្រកាន់រូបលោកថាបានរំលោភដីធ្លីនោះ គឺជាការបរិហារកេរ្តិ៍ខុសពីការពិត។
ទោះជាយ៉ាងណា អាស៊ីសេរី មិនអាចទាក់ទងអភិបាលស្រុករវៀង លោក ឯ សារ៉ូ ដើម្បីសុំការពន្យល់ជុំវិញបញ្ហាទំនាស់ដីធ្លីនេះបានថាយ៉ាងណានៅឡើយនៅថ្ងៃទី២៣ ខែសីហា។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC)ខេត្តព្រះវិហារ កំពុងស្មុគស្មាញចំពោះករណីទំនាស់ដីធ្លីរវាងពលរដ្ឋ និងមន្ត្រីយោធានេះ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា លោកមានគម្រោងនឹងចុះស៊ើបអង្កេតករណីនេះក្នុងបំណងរកសាក្សី និងដើមហេតុនៃទំនាស់ដីរ៉ែមាសនោះឲ្យបានច្បាស់ ដើម្បីឲ្យប្រាកដថា តើនឹងត្រូវជួយជ្រោមជ្រែងផ្លូវច្បាប់ចំពោះពលរដ្ឋម្នាក់ដែលកំពុងមានទំនាស់ជាមួយមន្ត្រីយោធានោះដែរឬក៏យ៉ាងណា?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។