គណៈកម្មការអាចារ្យវត្ត ព្រមទាំងប្រជាពលរដ្ឋចំណុះជើងវត្ត នៅស្រុកពាមរក៏ ខេត្តព្រៃវែង នាំគ្នាផ្ដិតស្នាមមេដៃ ប្ដឹងទាមទារដីពីនាយកសាលាបឋមសិក្សាព្រៃខ្លា មកដាក់ជារបស់វត្តវិញ។
ពួកគាត់អះអាងថា នាយកសាលាបឋមសិក្សាព្រៃខ្លា ប្រើល្បិចបន្លំយកដីទៅលក់ឲ្យកូនប្រសារបស់ខ្លួន ដោយពុំបានពិគ្រោះយោបល់ពីប្រជាពលរដ្ឋ និងព្រះសង្ឃក្នុងវត្តឡើយ។ ប៉ុន្តែ នាយកសាលាបញ្ជាក់ថា ដីដែលមានទំនាស់នោះ ជាដីអំណោយរបស់រដ្ឋមកឲ្យលោក ពុំមែនជាដីវត្តដូចការលើកឡើងឡើយ។
ក្រុមប្រជាពលរដ្ឋទាំងនោះប្រមូលស្នាមមេដៃបានប្រមាណជិត ២០០ស្នាមមេដៃ ដាក់ពាក្យបណ្ដឹងទៅអភិបាលស្រុកពាមរក៏ ដើម្បីឲ្យជួយដោះស្រាយតាមរយៈមេភូមិ និងមេឃុំ។ ផ្ទៃដីដែលមានទំនាស់នោះទំហំទទឹង ៣៤ម៉ែត្រ និងបណ្ដោយប្រមាណ ៤៣ម៉ែត្រ ស្ថិតនៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៏ ខេត្តព្រៃវែង។
គណៈកម្មការវត្តព្រៃខ្លាខាងជើង លោក យ៉ុន យឿន មានប្រសាសន៍នៅថ្ងៃទី១០ មិថុនា ថា លោកនាយកបឋមសិក្សាព្រៃខ្លា កាលពីឆ្នាំ១៩៩៩ បានយកដីរបស់វត្តទំហំប្រមាណ ១៥អា នោះ ទៅលក់ឲ្យកូនប្រសារបស់ខ្លួនមានមុខងារជាប្រធាននគរបាលរដ្ឋបាលប៉ុស្តិ៍ឃុំព្រៃកណ្ដៀង ក្នុងរូបភាពលក់យកលុយសាងសង់សាលារៀន ដោយពុំបានពិគ្រោះយោបល់ពីប្រជាពលរដ្ឋចំណុះជើងវត្តឡើយ។ លោកបញ្ជាក់ថា ដីដែលមានទំនាស់នោះជាដីរបស់វត្តតាំងពីឆ្នាំ១៩៧៩ ទុកសម្រាប់សាងសង់សាលារៀន ឬមណ្ឌលសុខភាពភូមិ ជាប្រយោជន៍រួមរបស់សាធារណៈ៖ «បាទ! ម្សិលមិញខាងព្រះសង្ឃនៅខាងរាជធានីភ្នំពេញ គឺជាចៅអធិការវត្តកំពែង ព្រមទាំងសហការីរបស់សម្ដេចសង្ឃ នន់ ង៉ែត ក៏លោកចុះមកជួយជ្រោមជ្រែងនៅក្នុងយកដីវត្តអារាមនេះ ដើម្បីទុកឲ្យប្រជាជន និងកូនចៅជំនាន់ក្រោយ។ ដើម្បីងាយស្រួលក្នុងការស្ថាបនានូវវិស័យផ្សេងៗ ទាំងពុទ្ធអាណាចក្រ និងអាណាចក្រទាន។ អឺ! អស់លោកដែលមានតួនាទីសម្រាប់ដោះស្រាយនៅដីវត្តអារាមនេះ សូមជួយគាំទ្រដល់ប្រជាពលរដ្ឋនៅក្នុងភូមិព្រៃខ្លា ផង»។
រីឯអ្នកភូមិម្នាក់ទៀតឈ្មោះ ឡាត ស៊ុយ គូសបញ្ជាក់ថា ប្រជាពលរដ្ឋចំណុះជើងវត្តក្នុងភូមិម្នាក់ៗ ខ្លាចលោកនាយកសាលាពុំហ៊ានចេញមុខតវ៉ារឿងទំនាស់ដីនេះដោយចំៗនោះទេ ព្រោះលោកនាយកសាលាស្គាល់មន្ត្រីធំៗច្រើន ហើយកន្លងមកក៏ធ្លាប់លាបពណ៌ប្រជាពលរដ្ឋដែលតវ៉ារឿងទំនាស់ដីនោះ ថាធ្វើសកម្មភាពក្នុងគោលបំណងដើម្បីបម្រើគណបក្សនយោបាយម្ដងរួចទៅហើយ។ លោកថា ប្រជាពលរដ្ឋក្នុងភូមិព្រួយបារម្ភខ្លាចបាត់បង់ដីរបស់វត្ត ទៅជាកម្មសិទ្ធិរបស់លោកនាយកសាលា ដោយពុំមែនជាប្រយោជន៍រួមរបស់អ្នកភូមិ។
លោក ឡាត ស៊ុយ៖ «លាបពណ៌សុទ្ធតែអ្ហា! ចូលបក្សនេះបក្សនោះទៅ គ្នាខ្លាចទៅវាបិទអារឿងហ្នឹងទៅសូន្យទៅ វាថាចូលគណបក្សហ៊្វុនស៊ិនប៉ិច ឯណាតាតាចូលគណបក្សហ៊្វុនស៊ិនប៉ិច អីតាតាគាត់មានចូលគិតតែកសាងអភិវឌ្ឍក្នុងទីវត្តអារាមនេះ ដើម្បីឧបាសកឧបាសិកាគេសក្ការ។ ហើយទាមទារនេះក៏ពុំមែនទាមទារយកទៅណាទេ គ្រាន់តែថាកសាងក្នុងវត្ត បើសាលារៀនត្រូវការកសាង កសាងទៅ តាតាគណៈកម្មការចៅអធិការលោកគ្មានទំនាស់អី គ្រាន់តែជម្រាបប្រាប់ទៅ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ នាយកបឋមសិក្សាព្រៃខ្លា លោក សៀន សាមៀត មានប្រសាសន៍បញ្ជាក់ថា ដីដែលមានទំនាស់នោះជាដីអំណោយឧបត្ថម្ភរបស់លោក ដែលរដ្ឋផ្ដល់ឲ្យក្នុងនាមជានាយកសាលា ពុំមែនជាដីរបស់វត្តដូចការលើកឡើងរបស់អ្នកភូមិទាំងនោះឡើយ។ លោក សៀន សាមៀត ថ្លែងថា ក្រុមប្រជាពលរដ្ឋចោទប្រកាន់មកលើរូបលោកថា រំលោភយកដីវត្តទៅនោះ វាហាក់ដូចជាធ្ងន់ធ្ងរពេកទៅហើយ។ លោកថា ដីនោះជាដីរបស់ខ្លួន តែសុខចិត្តលះបង់ប្រយោជន៍ផ្ទាល់ខ្លួន ដើម្បីប្រយោជន៍រួម ហើយយកដីទៅលក់យកប្រាក់មកជួសជុលសាលាដែលមានសភាពទ្រុឌទ្រោម។
លោក សៀន សាមៀត៖ «ដីនេះ គឺជាដីអំពកសកម្មភាពសាលា គឺមានគ្រប់សាលាទាំងអស់បង មិនមែនមានតែខ្ញុំទេបង។ អាងថាអ៊ីចេះ ក្រុមគេហ្នឹងគេអាងថាហឺ! គ្នាយើងផ្ដិតមេដៃទៅសំខាន់មេដៃទេ ការពិតខ្ញុំមានឯកសារគ្រប់គ្រាន់តាំងពី ៧៩មក ខ្ញុំធ្វើមក ខ្ញុំមិនដែលទៅប្រព្រឹត្តអ៊ីចឹងៗទេបង! ខ្ញុំមិនដែលសោះ។ បាទ! ការពិតគេចោទប្រកាន់ច្រើនលើកច្រើនសាណាស់បងហឺយ! គេចោទខ្ញុំទេ ការពិតមិនមែនរឿងពិតបង ខ្ញុំមានឯកសារ»។
ដីដែលមានទំនាស់នោះ កាលពីឆ្នាំ១៩៩៩ អ្នកភូមិធ្លាប់ប្ដឹងទៅសាលាស្រុកឲ្យជួយដោះស្រាយម្ដងរួចមកហើយ ប៉ុន្តែការប្ដឹងពេលនោះ អាជ្ញាធរពុំបានសម្រេចថាយ៉ាងណានៅឡើយទេ។ នាយកសាលាបានធ្វើស្រែលើដីទំនាស់នោះជាបន្តបន្ទាប់ ក្រោយមកនៅដើមខែមិថុនា ឆ្នាំ២០១៤ អ្នកភូមិបាននាំគ្នាផ្ដិតស្នាមមេដៃប្ដឹងតវ៉ាម្ដងទៀត បន្ទាប់ពីក្រុមសុរិយោដីចុះវាស់វែងធ្វើប្លង់កម្មសិទ្ធិដីដល់ប្រជាពលរដ្ឋនៅតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។