Opens in new windowតំណាងពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ គ្រោងដាក់ញត្តិចូលរដ្ឋសភា ក្រសួងកសិកម្ម និងអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីឲ្យស្ថាប័នទាំងនេះស៊ើបអង្កេត និងចាត់វិធានការផ្លូវច្បាប់ចំពោះជនល្មើស និងអាជ្ញាធរមូលដ្ឋានដែលឃុបឃិតគ្នា ទន្ទ្រានដីព្រៃរបស់រដ្ឋនៅឃុំស្វាយស យកទៅធ្វើជាកម្មសិទ្ធិឯកជន។ បញ្ហានេះ មន្ត្រីសិទ្ធិមនុស្ស គាំទ្រចំពោះសកម្មភាពរបស់ប្រជាពលរដ្ឋ។
ក្រោយពីដាក់បណ្ដឹងទៅសាលាដំបូងខេត្តពោធិ៍សាត់ កាលពីខែមិថុនា ឆ្នាំ២០១៥ និងខណ្ឌរដ្ឋបាលព្រៃឈើនៅដើមខែសីហា ឆ្នាំ២០១៥ មិនទាន់បានលទ្ធផលអ្វីនោះ តំណាងពលរដ្ឋ ៥នាក់នៅឃុំឈើតុំ ស្រុកក្រគរ កំពុងរៀបចំញត្តិភ្ជាប់ស្នាមមេដៃពលរដ្ឋ ២៣០នាក់ ទៅស្ថាប័នទាំងបីនៅថ្ងៃទី១៨ ឬថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥។ ពលរដ្ឋអះអាងថា មន្ត្រីរដ្ឋបាលព្រៃឈើ មិនអើពើនឹងបទល្មើសនេះទេ។
តំណាងពលរដ្ឋម្នាក់ លោក ម៉េង ប៊ុនរឿន ឲ្យដឹងថា ជនល្មើសដែលមានការត្រូវរ៉ូវគ្នាជាមួយអាជ្ញាធរមូលដ្ឋាន បានដាក់គ្រឿងចក្រ ៨គ្រឿង ឈូសព្រៃរបស់រដ្ឋនៅចំណុចភ្នំតាកុច ច្រាបផ្ចឹក និងចំណុចបឹងកណ្ដាលទួល ជាថ្មីទៀត ចាប់តាំងពីថ្ងៃទី១៩ ខែសីហា មក។ លោកថា បានទូរស័ព្ទទៅនាយខណ្ឌ និងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកក្រគរ ដែរ តែត្រូវគេស្ដីបន្ទោសពីការប្ដឹងរបស់លោកទៅវិញ៖ «រដ្ឋបាលព្រៃឈើស្រុកពេលដែលមានបញ្ហា ពួកខ្ញុំតេ (ទូរស័ព្ទ) ជូនដំណឹងគាត់ថា ពួកខ្ញុំហ្នឹងជាមន្ត្រីចាំបញ្ជាក្បាលគាត់។ ដាក់ញត្តិក្នុងគោលបំណងឲ្យក្រសួង អង្គភាពប្រឆាំងអំពើពុករលួយ ហើយរដ្ឋសភា ចុះសួរនាំទៅលើអាជ្ញាធរដែលមានអំពើរលួយ រឿងដីធ្លីនៅក្នុងភូមិអន្សាចំបក់ ឃុំស្វាយស និងឃុំឈើតុំ នេះ»។
ឆ្លើយតបបញ្ហានេះ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកក្រគរ លោក ប៉ុល ចន្ថា បញ្ជាក់ថា ទីតាំងដីដែលកំពុងមានការកាប់រុករាននោះ គឺឋិតនៅក្នុងប្លង់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនភាពីម៉ិច (Pheapimex) ប៉ុន្តែពលរដ្ឋទាមទារដីនៅតំបន់នោះមកគ្រប់គ្រងយ៉ាងណានោះ លោកមិនដឹងឡើយ ដោយលោកគ្រាន់តែបានចុះពិនិត្យស្ថានភាពជាក់ស្ដែង ហើយធ្វើរបាយការណ៍ជូនអភិបាលស្រុក និងនាយខណ្ឌប៉ុណ្ណោះ៖ «របាយការណ៍ដែលខ្ញុំដាក់ជូនទៅស្រុក គឺរកឃើញមិនមែនឈ្មោះពីរនាក់ ឬបីនាក់ហ្នឹងទេ តែក៏ការទន្ទ្រានក្បែរៗហ្នឹងដែលគ្មានឈ្មោះដែរ។ បាទ! មានគ្រប់តែកន្លែងច្រើនណាស់ មានអ្នកខ្លះកាប់ឆ្ការអីដែរ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីនាយខណ្ឌរដ្ឋបាលព្រៃឈើពោធិ៍សាត់ លោក ឆៃ សារ៉ាន់ បានទេនៅថ្ងៃទី១២ និងថ្ងៃទី១៣ ខែកញ្ញា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែលោកធ្លាប់បញ្ជាក់កាលពីពេលថ្មីៗនេះថា ខាងលោកពិតជាបានទទួលបណ្ដឹងរបស់ពលរដ្ឋ ហើយលោកកំពុងពិនិត្យមើលលើស្នាមមេដៃ ដែលពលរដ្ឋនាំគ្នាផ្ដិតភ្ជាប់ជាមួយពាក្យបណ្ដឹងនោះ ដោយលោកថាមានភាពមិនប្រក្រតី។
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ (LICADHO) ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន ថ្លែងថា កន្លងទៅក្រុមពលរដ្ឋអស់សង្ឃឹមលើការបង្ក្រាបរបស់មន្ត្រីជំនាញ ទើបពួកគាត់ចាប់ជនល្មើស ឬរារាំងគ្រឿងចក្រដោយខ្លួនឯង។ លោកថា ពលរដ្ឋមានសិទ្ធិចូលរួមការពារសម្បត្តិធម្មជាតិដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយលោកគាំទ្រដែលពលរដ្ឋហ៊ានតតាំងនឹងជនល្មើស ឬអាជ្ញាធរពាក់ព័ន្ធតាមផ្លូវច្បាប់៖ «ប្រជាពលរដ្ឋរាយការណ៍ពីបទល្មើសព្រៃឈើ ទៅជាទីបញ្ចប់ខាងរដ្ឋបាលព្រៃឈើថាស្នាមមេដៃដែលផ្ដិត មិនប្រក្រតីអ៊ីចឹងទៅវិញ តាមពិតអាបទល្មើសកើតឡើង គាត់អត់បានទៅមើលថា វាមានបទល្មើសជាក់ស្ដែងអ៊ីចឹងមែន ត្រូវមានវិធានការអីទប់ស្កាត់ គាត់អត់គិតពីបញ្ហាហ្នឹង គាត់ទៅរករឿងអ្នកប្ដឹងវិញ»។
អ្នកភូមិបំណក់ និងភូមិក្បាលទាហាន នៃឃុំឈើតុំ ស្រុកក្រគរ បានឈឺឆ្អាលនឹងសកម្មភាពឈូសឆាយដីព្រៃនៅតំបន់ភ្នំតាកុច ឋិតនៅក្នុងទឹកដីរដ្ឋបាលឃុំស្វាយស តាំងពីដើមឆ្នាំ២០១៥ ដោយសារតែពលរដ្ឋទាំងពីរភូមិ ឋិតនៅក្បែរជើងភ្នំតាកុច ហើយធ្លាប់ចូលទៅអាស្រ័យអនុផលព្រៃឈើនៅទីនោះ។ ក្រុមពលរដ្ឋ ចោទអាជ្ញាធរភូមិក្បាលទាហាន និងភូមិអន្សាចំបក់ ថាបានឃុបឃិតជាមួយជនល្មើស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
