សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី​បន្ត​ទាមទារ​ដី​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ

0:00 / 0:00

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ជិត ២០០​គ្រួសារ រស់នៅ​ឃុំ​តាលាវ ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី រង់ចាំ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​ពី​អាជ្ញាធរ​ខេត្ត​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​កន្លង​ទៅ ដើម្បី​ទាមទារ​ដី​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ចំនួន​៤ បាន​ឈូស​ឆាយ​ទៅ​លើ​ដី​ចម្ការ​វិល​ជុំ ដី​កប់​សព ព្រៃ​គោរព​បូជា និង​ព្រៃ​អភិរក្ស​របស់​អ្នក​ភូមិ។ អ្នក​ភូមិ​អះអាង​ថា ដី​ដែល​អ្នក​ភូមិ​នៅ​សេសសល់​តិចតួច មិន​គ្រប់គ្រាន់​សម្រាប់​គម្រោង​ចុះ​បញ្ជី​ដីធ្លី​សហគមន៍​ជា​កម្មសិទ្ធិ​សមូហភាព​បាន​ឡើយ។

សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​កាចក់ ភូមិ​កាណាត នៅ​ថ្ងៃ​ទី​២២ ខែ​តុលា អះអាង​ជា​ថ្មី​ថា ពួក​គេ​នៅ​តែ​បន្ត​ការ​តស៊ូ​មតិ​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ និង​រាជ​រដ្ឋាភិបាល ប្រគល់​ដី​ដែល​ក្រុមហ៊ុន​សម្បទាន​ចំនួន​៤ បាន​ឈូស​ឆាយ​យក​វិនិយោគ​ដំណាំ​កៅស៊ូ។

ការ​អះអាង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​អនុ​គណៈកម្មាធិការ​ស៊ើប​អង្កេត​មក​ពី​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម (CHRAC) អង្គការ​ការពារ​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ អាដហុក (ADHOC) សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ (KKKHRDA) បាន​ចុះ​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​ជម្លោះ​ដីធ្លី​សហគមន៍​បន្ថែម​ទៀត ដើម្បី​ស្វែងរក​យុទ្ធវិធី​ជួយ​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​បញ្ចប់​បញ្ហា ដែល​កើត​មាន​ចំពោះ​ក្រុម​ជនជាតិ​ដើម​ភាគ​តិច​នេះ។

ប្រធាន​សហគមន៍ លោក សល់ ណឺក ចាត់​ទុក​ការ​អូស​បន្លាយ​ពេលវេលា​ដោះស្រាយ​ដីធ្លី​សហគមន៍ ថា​ជា​ចេតនា​ធ្វើ​ឲ្យ​សហគមន៍​បាត់បង់​ដីធ្លី។ មួយ​វិញ​ទៀត អ្នក​ភូមិ​បច្ចុប្បន្ន​នេះ​គ្មាន​ដី​គ្រប់គ្រាន់ ដើម្បី​រៀបចំ​ឯកសារ​ចុះ​បញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព​បាន​ទាន់​ពេលវេលា។ កត្តា​ទាំងអស់​នេះ គឺ​ជា​ហេតុ​ធ្វើ​ឲ្យ​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច​កាន់​តែ​ស្រុត​ចុះ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ជីវភាព​រស់នៅ​របស់​អ្នក​ភូមិ៖ «ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច គាត់​ថា​ប្រុង​ចុះ​បញ្ជី​សមូហភាព​ជនជាតិ​ដើម​ភាគ​តិច ហើយ​ក្រុមហ៊ុន​យក​អស់។ ដល់​យក​អស់ សហគមន៍​ប្ដឹង​ក្រុមហ៊ុន​ចាប់​ពី​ឆ្នាំ​ទៅ​ហ្នឹង​ជាង​មួយ​ឆ្នាំ​ហើយ អត់​ដំណោះស្រាយ»

របាយការណ៍​អង្កេត​របស់​អនុ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម អង្គការ​សិទ្ធិ​មនុស្ស ឲ្យ​ដឹង​ថា ចាប់​តាំង​ពី​ឆ្នាំ​២០០៩ រហូត​បច្ចុប្បន្ន ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ទាំង​បួន គ្រប់គ្រង​ដោយ​ជនជាតិ​វៀតណាម មាន​ក្រុមហ៊ុន ហេង ប្រាឌ័រ (Heng Brother) ទទួល​បាន​ដី​សម្បទាន​ជាង ២​ពាន់​ហិកតារ ក្រុមហ៊ុន​វាសនា អិនវេសមែន (Veasna Investment) ទទួល​បាន​ដី​ជាង ៥​ពាន់​ហិកតារ ក្រុមហ៊ុន ក្រុង ប៉ុក (Krong Pok) ទទួល​បាន​ដី​ជាង ៦.៦០០​ហិកតារ ក្រុមហ៊ុន ស៊ី.អ.ឌី (CRD) ទទួល​បាន​ដី​ជាង ៧.៥០០​ហិកតារ។ ក្រុមហ៊ុន​ទាំង​បួន សុទ្ធតែ​បាន​ពាក់ព័ន្ធ​ជម្លោះ​ដីធ្លី​មួយ​ផ្នែក​ជាមួយ​សហគមន៍​ភូមិ​កាណាត។

ទាក់ទិន​ទៅ​នឹង​ការ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​សហគមន៍​កាណាត នេះ ប្រធាន​អនុ​គណៈកម្មការ​ស៊ើប​អង្កេត នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម និង​ជា​អ្នក​ស៊ើប​អង្កេត​ជាន់​ខ្ពស់​សិទ្ធិ​ដីធ្លី នៃ​អង្គការ​អាដហុក លោក យី សុខសាន្ត ថ្លែង​បញ្ជាក់​ថា គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម​បាន​ចុះ​ស៊ើប​អង្កេត​តាម​ដាន និង​ធ្វើ​បច្ចុប្បន្ន​ភាព​រឿង​ក្តី​សហគមន៍​នេះ និង​បាន​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ពាក់ព័ន្ធ ចូលរួម​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា អ្នក​ភូមិ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​យុត្តិធម៌​ណា​មួយ ពាក់ព័ន្ធ​ការ​តវ៉ា​នោះ​នៅ​ឡើយ។ លើស​ពី​នេះ​ទៀត លោក​ចាត់​ទុក​ការ​បាត់បង់​ដីធ្លី​សហគមន៍ គឺ​ជា​កត្តា​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ជនជាតិ​ដើម​ភាគ​តិច ដែល​ច្បាប់​ជាតិ និង​អន្តរជាតិ បាន​គាំពារ៖ «លើក​នេះ យើង​នឹង​រៀបចំ​ទៅ​ថ្នាក់​ជាតិ បើ​សិន​ជា​អាជ្ញាធរ​នៅ​តែ​មិន​ដោះស្រាយ​ទៀត យើង​នឹង​រៀបចំ​សន្និសីទ​កាសែត​នៅ​ថ្នាក់​ជាតិ ដើម្បី​ផ្តល់​ឱកាស​ឲ្យ​ពួក​គាត់​និយាយ​ពី​ការ​លំបាក​របស់​គាត់ ទទួល​រង​ការ​លំបាក​ពី​អាជ្ញាធរ និង​ក្រុមហ៊ុន»

វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​តុលា មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​រតនគិរី ទទួល​បន្ទុក​ដោះស្រាយ​ដីធ្លី លោក យឹម ផែន សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ។

ចំណែក​អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ ថ្លែង​ថា អាជ្ញាធរ​ស្រុក រួម​នឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ បាន​សិក្សា​កាត់​ចេញ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​រួច​ហើយ ទាក់ទិន​ដី​ត្រៀម​បម្រុង។ តំបន់​ព្រៃ​គោរព​បូជា មិន​លើស​ពី ៧​ហិកតារ និង​ព្រៃ​កប់​សព មិន​លើស​ពី ៧​ហិកតារ សម្រាប់​ការ​ចុះ​បញ្ជី​ដី​សមូហភាព​សហគមន៍៖ «ដល់​យើង​ចុះ​ទៅ​ឲ្យ​គាត់​ចង្អុល​មើល​គាត់​ថា​ទាំងអស់​ដី​ទាំងអស់។ ទាមទារ​ឲ្យ​គាត់​ធ្វើ​សំណើ​ទៅ​ដាក់​ទៅ​រដ្ឋាភិបាល​ទៅ​អ្វី​ដែល​ចង់​បាន»

យ៉ាង​ណា​ក៏ដោយ ប្រធាន​សហគមន៍​ព្រមាន​ថា ប្រសិន​អាជ្ញាធរ​មិន​ដោះស្រាយ​កាត់​ដី​ពី​ក្រុមហ៊ុន​ប្រគល់​ឲ្យ​ពួក​គាត់​ប្រើប្រាស់​វិញ​ទេ អ្នក​ភូមិ​នឹង​បញ្ឈប់​ការ​គាំទ្រ​មន្ត្រី​មូលដ្ឋាន​តាម​រយៈ​សន្លឹក​ឆ្នោត​នា​ពេល​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​នៅ​ឆ្នាំ​២០១៧ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។