ពលរដ្ឋ​១៦​គ្រួសារ​នៅ​ខេត្ត​ព្រះសីហនុ​អំពាវនាវ​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​រឿង​ជម្លោះ​ដីធ្លី

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ​ចំនួន ១៦​គ្រួសារ នៅ​សហគមន៍​អូរ​ខ្សាច់ មាន​ទីតាំង​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ស្នើ​ឲ្យ​សាលា​កំពូល និង​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ជួយ​លើក​យក​សំណុំ​រឿង​ក្តី​ចំនួន ២​ករណី​ដាច់​ដោយឡែក​ពី​គ្នា មក​បើក​សវនាការ​ជម្រះ​ក្តី​ឲ្យ​បាន​ឆាប់។

មន្ត្រី​សិទ្ធិ​មនុស្ស ដែល​តាម​ឃ្លាំ​មើល​ទំនាស់​នេះ​ពី​ដើម​រហូត​មក ក៏​ស្នើ​ឲ្យ​សាលា​កំពូល និង​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ត្រូវ​បំពេញ​ការងារ​ឲ្យ​ឯករាជ្យ និង​ឈរ​លើ​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពលរដ្ឋ​ទាំង ១៦​គ្រួសារ មាន​សិទ្ធិ​ប្រើប្រាស់​ដី​នេះ​ឡើង​វិញ។

តំណាង​ប្រជាពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់​ចំនួន ១៦​គ្រួសារ លោកស្រី ឡុច ទូច មាន​ប្រសាសន៍​ថា ពលរដ្ឋ​សហគមន៍​នេះ​កំពុង​ទន្ទឹង​រង់ចាំ​យុត្តិធម៌​ពី​សាលា​កំពូល និង​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ករណី​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​របស់​ពួក​គាត់​តាំង​ពី​ឆ្នាំ​២០០៨។ លោកស្រី​បន្ត​ថា ទំនាស់​នេះ​ពួក​គាត់​បាន​ពឹង​មេធាវី​សមាគម​អាដហុក (ADHOC) ឲ្យ​ជួយ​ដាក់​ពាក្យ​បណ្ដឹង​ជូន​សាលា​កំពូល កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៥ ស្នើ​លើក​យក​សំណុំ​រឿង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទាំង ១៦​គ្រួសារ​ដែល​មាន​វិវាទ​ជាមួយ​ភាគី លោក ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ និង​បច្ចុប្បន្ន​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន មក​ជម្រះ​សាជាថ្មី​ឡើង​វិញ ប៉ុន្តែ​គិត​មក​ដល់​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​កុម្ភៈ តុលាការ​មិន​ទាន់​បើក​សវនាការ​ទេ។

បន្ថែម​លើ​នេះ តំណាង​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​រដ្ឋប្បវេណី​មួយ​ករណី​ទៀត ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៤ ស្នើសុំ​មោឃៈ និង​រំលាយ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ដែល​ពលរដ្ឋ​សហគមន៍​នេះ​ចោទ​ថា ត្រូវ​ភាគី​ទំនាស់ លោក ប៉ុន សារឿន លោក សុខ ហួន និង​លោក វង្ស សោភា ព្រម​ទាំង​អ្នក​ជាប់​ពាក់ព័ន្ធ​ដទៃ​ទៀត ឃុបឃិត​លួច​ធ្វើ​ប្លង់​រំលោភ​យក​ដី​ពលរដ្ឋ​ទាំង ១៦​គ្រួសារ មាន​ផ្ទៃដី​សរុប​ចំនួន ២៧​ហិកតារ ក៏​តុលាការ​ខេត្ត​នេះ​មិន​ទាន់​ចាត់ការ​ដែរ។

លោកស្រី ឡុច ទូច បាន​ចោទ​ថា ភាគី លោក ប៉ុន សារឿន បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មួយ​ចំនួន​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​ពលរដ្ឋ​ក្នុង​សហគមន៍ មាន​ទីតាំង​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ទាំង​ពលរដ្ឋ​មិន​ដឹង​ខ្លួន៖ « តុលាការ​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ច័ន្ទ ខាង​មុខ នឹង​ជួយ​ធ្វើ​ឯកសារ​កោះ​ហៅ​ភាគី លោក ប៉ុន សារឿន និង គឹម ចាន់នី ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ​នៅ​ចំពោះ​មុខ​តុលាការ។ ទំនាស់​ដីធ្លី​នេះ លោក ប៉ុន សារឿន បាន​និយាយ​ថា បាន​ទិញ​ដី​ទំនាស់​នេះ​ពី​ឈ្មោះ គឹម ចាន់នី ហើយ លោក គឹម ចាន់នី និយាយ​ថា បាន​ទិញ​ដី​ទំនាស់​នេះ​ពី​ឈ្មោះ កើត រី បន្ត​មក។ ដូច្នេះ​ពេល​នេះ ខ្ញុំ​ប្ដឹង​ស្នើសុំ​ឲ្យ​តុលាការ​កោះ​មនុស្ស​ទាំង ៣ ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ទាំង ៣​នាក់ នៅ​ចំពោះ​មុខ​តុលាការ លើ​ករណី​រំលោភ​យក​ដី​ពលរដ្ឋ​ទាំង ១៦​គ្រួសារ​នៅ​សហគមន៍​អូរ​ខ្សាច់ របស់​ពួក​ខ្ញុំ។ ហើយ​ខាង​ភាគី លោក ប៉ុន សារឿន ក៏​បាន​និយាយ​ថា រូប​គាត់​ក៏​បាន​ទិញ​ដី​ពី​ឈ្មោះ ឡុញ តាយ បាន​លក់​ដី​ឲ្យ​ខ្លួន ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ លោក ឡុញ តាយ បាន​ស្លាប់​បាត់​ទៅ​ហើយ គឺ​នៅ​មុន​ពេល​ភាគី លោក ប៉ុន សារឿន និយាយ​ថា​ទិញ​ដី​ពី លោក ឡុញ តាយ ហើយ​បាន​ធ្វើ​ប្លង់​ដី​កម្មសិទ្ធិ​លើ​ទីតាំង​ដី​ពលរដ្ឋ​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ទៅ​ទៀត។ អ៊ីចឹង​មាន​តែ​គាស់​ខ្មោច​មក​ផ្ដិត​មេដៃ​ជូន លោក ប៉ុន សារឿន ដើម្បី​ធ្វើ​ប្លង់​ដី​នេះ ឬ​លក់​ដី​ជូន លោក ប៉ុន សារឿន។ និយាយ​រួម ប្លង់​ដី​របស់​ភាគី លោក ប៉ុន សារឿន គឺ​បាន​មក​ដោយសារ​ការ​ឃុបឃិត​រវាង​ភាគី លោក ប៉ុន សារឿន និង​មន្ត្រី​នៅ​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ខេត្ត​ព្រះសីហនុ តែ​ម្តង។ ហើយ​ទំនាស់​នេះ ប្រជាពលរដ្ឋ​សហគមន៍​ខ្ញុំ​ទាំង ១៦​គ្រួសារ បាន​ចាញ់​ក្តី​រហូត​ដល់​សាលា​កំពូល។ ប៉ុន្តែ​ពេល​នេះ ខ្ញុំ​បាន​ស្នើ​លោក​មេធាវី​សមាគម​អាដហុក លោក ឡុង លន់ ដាក់​ពាក្យ​បណ្ដឹង​ទៅ​សាលា​កំពូល ស្នើសុំ​បើក​សវនាការ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​ដីធ្លី​នេះ​ជា​ថ្មី​ឡើង​វិញ។ ហើយ​ពេល​នេះ ខ្ញុំ​ស្នើ​ដល់​តុលាការ​សាលា​កំពូល មុន​នឹង​ជម្រះ​ក្តី​លើ​សំណុំ​រឿង​ដីធ្លី​របស់​ពលរដ្ឋ​ទាំង ១៦​គ្រួសារ​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ស្នើ​ឲ្យ​ចុះ​មក​ពិនិត្យ​ដល់​មូលដ្ឋាន​ជាក់ស្តែង​ជា​មុន ទើប​សម្រេច​ក្តី​ជា​ក្រោយ »

ផ្ដើម​ពី​បញ្ហា​នេះ ស្ត្រី​ដែល​មាន​សក់​ក្បាល​សក្បុស​ឈ្មោះ ឡុច ទូច បាន​ស្នើ​ដល់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ និង​សាលា​កំពូល ឲ្យ​ជួយ​លើក​យក​សំណុំ​រឿង​របស់​ពលរដ្ឋ​ទាំង ១៦​គ្រួសារ មក​បើក​សវនាការ​ជម្រះ​ក្តី​ជា​ថ្មី​ឡើង​វិញ ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពួក​គាត់​អាច​ចូល​ទៅ​រស់នៅ និង​បង្កបង្កើនផល​លើ​ដី​ជាក់ស្តែង​ដូច​ដើម​ឡើង​វិញ។

ទាក់ទិន​បញ្ហា​នេះ​ដែរ លោក ប៊ួន ណារិទ្ធិ មន្ត្រី​សម្រប​សម្រួល​នៃ​អង្គការ​លីកាដូ (LICADHO) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​តាម​ឃ្លាំ​មើល​វិវាទ​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់ ក៏​ស្នើ​ដល់​តុលាការ​នៅ​តាម​ស្ថាប័ន​នីមួយៗ ត្រូវ​ចុះ​មក​ពិនិត្យ​ដល់​ទីតាំង​ដី​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​ទាំង ១៦​គ្រួសារ​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ដោយ​ផ្ទាល់​ភ្នែក ជា​ជាង​កាត់​សេចក្តី​ដោយ​ផ្អែក​តែ​ទៅ​លើ​ឯកសារ ឬ​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ទទួល​បាន​ពី​ការ​ឃុបឃិត​របស់​ភាគី​ទំនាស់​ម្ខាង​ទៀត។

មន្ត្រី​សិទ្ធិ​មនុស្ស​រូប​នេះ ក៏​ទទូច​ដល់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ និង​សាលា​កំពូល ជួយ​លើក​យក​សំណុំ​រឿង​ដីធ្លី​របស់​ពលរដ្ឋ​ចំនួន ១៦​គ្រួសារ មក​បើក​សវនាការ ឬ​វិនិច្ឆ័យ​ក្តី​ជា​ថ្មី​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​ផ្តល់​យុត្តិធម៌​ជូន​ពលរដ្ឋ​រងគ្រោះ​ដែល​ធ្លាប់​រស់នៅ និង​អាស្រ័យ​ផល​លើ​ដី​ជាក់ស្តែង​នា​ពេល​កន្លង​មក៖ « ភាគ​ច្រើន​ប្រជាជន​ទាំង ១៦​គ្រួសារ​នៅ​សហគមន៍​អូរ​ខ្សាច់ ពួក​គាត់​បាន​ចំណាយ​កម្លាំង និង​ថវិកា​សម្រាប់​យក​ទៅ​បង្កបង្កើនផល​នៅ​លើ​ដី​រស់នៅ​ជាក់ស្តែង ប៉ុន្តែ​ខាង​ភាគី​អ្នក​មាន​អំណាច​វិញ គឺ​ពួក​គេ​បាន​ចំណាយ​លុយ​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​រត់​ការ​ធ្វើ​ឯកសារ ឬ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​សម្រាប់​ដាក់​ជូន​តុលាការ ដើម្បី​សវនាការ​ជម្រះ​ក្តី ហើយ​បាន​ឈ្នះ​ក្តី និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ទីតាំង​ដី​ទំនាស់។ ដូច្នេះ បើ​តុលាការ​កាត់​សេចក្តី​ដោយ​ផ្អែក​តែ​ទៅ​លើ​ឯកសារ​ដែល​ទទួល​បាន​ពី​ការ​ឃុបឃិត ឬ​មាន​សំណូក​ពុក​រលួយ​ពី​ស្ថាប័ន​ណា​មួយ​នៅ​ខេត្ត​ព្រះសីហនុ គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អូរ​ខ្សាច់​ទាំង ១៦​គ្រួសារ ទទួល​នូវ​ភាព​អយុត្តិធម៌​បំផុត។ ប៉ុន្តែ​បើ​តុលាការ​កាត់​ក្តី​ដោយ​ពិនិត្យ​ទៅ​លើ​ភស្តុតាង​ជាក់ស្តែង ការ​កាន់​កាប់​ដី​ជាក់ស្តែង និង​ឯកសារ​បញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ - ឃុំ​ជាដើម ទើប​ប្រជាជន​ទាំង ១៦​គ្រួសារ​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ អាច​ទទួល​បាន​យុត្តិធម៌​ពិត​ប្រាកដ »

បន្ថែម​លើ​នេះ លោក ប៊ួន ណារិទ្ធិ ក៏​បាន​ស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជាពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បញ្ជូន​មន្ត្រី​ឯករាជ្យ​ចុះ​ស៊ើប​អង្កេត​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ ដែល​អូស​បន្លាយ​តាំង​ពី​ឆ្នាំ​២០០៨ មក​ជម្រះ​ក្តី​ឲ្យ​ចប់​បាន​ឆាប់ ហើយ​ត្រូវ​វែក​រក​មុខ​មន្ត្រី​ជាប់​ពាក់ព័ន្ធ​ការ​ឃុបឃិត​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​រំលោភ​យក​ដី​ប្រជាពលរដ្ឋ​ទាំង ១៦​គ្រួសារ យក​ទៅ​ផ្ដន្ទាទោស៖ « ខ្ញុំ​សំណូមពរ​ដល់​ស្ថាប័ន​តុលាការ ពិសេស​សាលា​កំពូល មេត្តា​ផ្តល់​ភាព​យុត្តិធម៌​ជូន​ពលរដ្ឋ​ទាំង ១៦​គ្រួសារ​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ដែល​បាន​ចូល​ទៅ​រស់នៅ និង​កាន់​កាប់​ដីធ្លី​ជាក់ស្តែង ហើយ​មាន​លិខិត​ស្នាម​ផ្សេងៗ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ត្រឹមត្រូវ។ ខ្ញុំ​សង្កេត​ឃើញ​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​អូរ​ខ្សាច់​រវាង​ពលរដ្ឋ​ចំនួន ១៦​គ្រួសារ ត្រូវ​អ្នក​មាន​អំណាច​បាន​ឃុបឃិត​រត់​ការ​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​ជាក់ស្តែង​របស់​ប្រជាពលរដ្ឋ ហើយ​បាន​យក​ប្លង់​ដី​ទាំង​នោះ សម្រាប់​ដាក់​ប្ដឹង​ទៅ​កាន់​តុលាការ​ដើម្បី​ឈ្នះ​ក្តី និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន ឬ​ដី​ជាក់ស្តែង​របស់​ពលរដ្ឋ »

បញ្ហា​នេះ តំណាង​ពលរដ្ឋ​សហគមន៍​អូរ​ខ្សាច់ លោកស្រី ឡុច ទូច បាន​អំពាវនាវ​ដល់​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត ឲ្យ​ជួយ​ពិនិត្យ​ទៅ​លើ​សកម្មភាព​របស់​មន្ត្រី​នៅ​តាម​មន្ទីរ​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ដែល​ឃុបឃិត​លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​រំលោភ​យក​ដី​លំនៅឋាន​ពួក​គាត់ ហើយ​បាន​ប្រើ​កម្លាំង​ប្រដាប់​អាវុធ មាន​កម្លាំង​នគរបាល និង​កង​រាជ​អាវុធហត្ថ ពិសេស​ស្ថាប័ន​តុលាការ ចាប់​ដាក់​គុក ដើម្បី​រំលោភ​យក​ដី​ពលរដ្ឋ​ពួក​គាត់​កន្លង​មក យក​ទៅ​ផ្ដន្ទាទោស។

ក្រុម​ប្រជាពលរដ្ឋ​នៅ​សហគមន៍​អូរ​ខ្សាច់ ថ្លែង​ថា នឹង​មិន​លះបង់​ការ​តវ៉ា​ទេ ហើយ​មាន​ជំនឿ​ថា នៅ​ថ្ងៃ​ណា​មួយ តុលាការ​គ្រប់​ជាន់​ថ្នាក់​នៅ​កម្ពុជា នឹង​ផ្តល់​ជូន​យុត្តិធម៌​ដល់​ពួក​គាត់ ជាពិសេស​អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជាដើម នឹង​បញ្ជូន​មន្ត្រី​ស្អាតស្អំ​ចុះ​ពិនិត្យ​ដល់​ទីតាំង​ដី​ទំនាស់​ជាក់ស្តែង ហើយ​សើរើ​សំណុំ​រឿង​ដីធ្លី​របស់​ពលរដ្ឋ​ទាំង ១៦​គ្រួសារ​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ឈាន​ដល់​ផ្តល់​យុត្តិធម៌​ពិត​ប្រាកដ​ជូន​ពលរដ្ឋ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង លោក ប៉ុន សារឿន អតីត​ចៅ​សង្កាត់​រង​សង្កាត់​លេខ​១ ក្រុង​ព្រះសីហនុ ហើយ​បច្ចុប្បន្ន​មាន​ឋានៈ​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ទេ​តាម​ទូរស័ព្ទ នៅ​ថ្ងៃ​សៅរ៍ ទី​១៣ ខែ​កុម្ភៈ។ កន្លង​មក លោក ប៉ុន សារឿន បាន​ឈ្នះ​ក្តី​ទៅ​លើ​សំណុំ​រឿង​ដីធ្លី​ជាមួយ​ពលរដ្ឋ​ទាំង ១៦​គ្រួសារ​នេះ ចាប់​ពី​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បន្ត​ដល់​សាលា​កំពូល។ ជាង​នេះ លោក ប៉ុន សារឿន ក៏​ធ្លាប់​ដាក់​ពាក្យ​បណ្ដឹង ប្ដឹង​ប្រជាពលរដ្ឋ​ចំនួន ៤​នាក់ ដែល​តវ៉ា​ការពារ​ដីធ្លី​របស់​ខ្លួន​នៅ​សហគមន៍​អូរ​ខ្សាច់ ទៅ​កាន់​សាលា​ដំបូង​ខេត្ត​នេះ ហើយ​ត្រូវ​តុលាការ​ចោទ​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ទុច្ចរិត​ទៅ​លើ​អ្នក​កាន់​កាប់​អចលនវត្ថុ ប្រព្រឹត្ត​នៅ​ភូមិ​៤ ឃុំ​អូរត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាល​ពី​ឆ្នាំ​២០០៨ ដែល​បទល្មើស​នេះ​មាន​ចែង​ឲ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ​មាត្រា​២៥៣ នៃ​ច្បាប់​ភូមិបាល។ ពលរដ្ឋ​ទាំង ៤​នាក់​នោះ​មាន​ឈ្មោះ ឡុច ទូច ឃឹម មុំ អេង វ៉ាន់ និង​កៅ ហួរ។ ពលរដ្ឋ​ទាំង ៤​នាក់​នេះ ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទាំង ១៦​គ្រួសារ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ​ជាមួយ លោក ប៉ុន សារឿន ដែល​ពលរដ្ឋ​ចោទ​ថា លោក ប៉ុន សារឿន បាន​ឃុបឃិត​ជាមួយ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន មាន​មន្ត្រី​កំពុង​បម្រើ​ការងារ​នៅ​មន្ទីរ​សុរិយោដី​ខេត្ត​ព្រះសីហនុ ជាដើម លួច​ធ្វើ​ប្លង់​កម្មសិទ្ធិ​លើ​ដី​លំនៅឋាន និង​ដី​ចម្ការ​ពួក​គាត់។ មនុស្ស ៤​នាក់​ដែល លោក ប៉ុន សារឿន ប្ដឹង​ទៅ​កាន់​តុលាការ​កាល​ណោះ មាន ៣​នាក់​ជា​មនុស្ស​ស្រី និង​ជា​ស្ត្រី​មេម៉ាយ ហើយ​បច្ចុប្បន្ន​មាន​អាយុ​ជាង ៥០​ឆ្នាំ ហើយ​អ្នក​ខ្លះ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផង។

តំណាង​ពលរដ្ឋ​ទាំង ១៦​គ្រួសារ ថ្លែង​ថា ការ​ដែល​តុលាការ​គ្រប់​ជាន់​ថ្នាក់​កាត់​ក្តី​ឲ្យ​ពួក​គាត់​ចាញ់​ក្តី​ភាគី លោក ប៉ុន សារឿន និង​បុគ្គល​ផ្សេង​ទៀត គឺ​ជា​រឿង​អយុត្តិធម៌ ទើប​ពួក​គាត់​បាន​ស្នើ​ឲ្យ​មេធាវី ដាក់​ពាក្យ​បណ្ដឹង​ជូន​សាលា​កំពូល ស្នើ​ជម្រះ​ក្តី​លើ​សំណុំ​រឿង​ដីធ្លី​នេះ​ជា​ថ្មី​ឡើង​វិញ និង​បាន​ដាក់​ពាក្យ​បណ្ដឹង​ជូន​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ ស្នើ​មោឃៈ និង​រំលាយ​នូវ​កំណត់​ហេតុ​អង្កេត​ដី និង​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់​កាប់​ប្រើប្រាស់​ដីធ្លី​របស់​ភាគី លោក ប៉ុន សារឿន លោក សុខ ងួន និង​លោក វង្ស សោភា ប៉ុន្តែ​គិត​មក​ដល់​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ សាលា​កំពូល មិន​ទាន់​ចាត់ការ​ទេ។

មន្ត្រី​អង្គការ​លីកាដូ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ខេត្ត​ទេសចរណ៍​មួយ​នេះ​មាន​ពលរដ្ឋ​ជាង ២០​សហគមន៍​កើត​មាន​ទំនាស់​ដីធ្លី​រ៉ាំរ៉ៃ។ ទំនាស់​ដីធ្លី​ភាគ​ច្រើន កើត​មាន​ជាមួយ​មន្ត្រី​មាន​អំណាច និង​ក្រុមហ៊ុន​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល។ វិវាទ​នេះ អាជ្ញាធរ​ចាប់​ពី​ថ្នាក់​ខេត្ត រហូត​ដល់​ថ្នាក់​ជាតិ មិន​ទាន់​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​នៅ​តាម​សហគមន៍​នីមួយៗ ឲ្យ​មាន​យុត្តិធម៌​ទៅ​តាម​ការ​ស្នើសុំ​របស់​ពួក​គាត់​នៅ​ឡើយ​ទេ។ ជម្លោះ​ខ្លះ ក៏​បាន​អូស​បន្លាយ​ពេល​ជាង ១០​ឆ្នាំ​ទៅ​ហើយ នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។