ពលរដ្ឋជនជាតិដើមភាគតិច ១២គ្រួសាររស់នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ចោទអាជ្ញាធរពាក់ព័ន្ធ ថាបណ្ដោយឲ្យឈ្មួញចំណាកស្រុកចូលទៅដាំដំណាំ និងកាប់រានដើមឈើលើដីដែលកំពុងមានទំនាស់រវាងឈ្មួញ និងពលរដ្ឋ។
ពលរដ្ឋអះអាងថា ទំនាស់នោះកើតឡើងដោយសារឈ្មួញចំណាកស្រុកទាំងនោះ បានកាប់បំផ្លាញដើមឈើផលិតជ័រទឹក ឬដើមច្បោះជ័រជនជាតិដើមភាគតិចគួយ កាលពីឆ្នាំ២០១៣ អស់ជិត ៣០០ដើម។ ការចោទប្រកាន់នេះ ធ្វើឡើងនៅពេលដែលឈ្មួញចំណាកស្រុក បានដាំដំណាំដំឡូងមីលើដីមានទំនាស់ កាលពីថ្ងៃទី១៣ ឧសភា កន្លងមក ពុំមានមន្ត្រីជំនាញចុះទប់ស្កាត់ឡើយ។ ប៉ុន្តែមន្ត្រីរដ្ឋបាលព្រៃឈើអះអាងថា ពួកគេមិនទាន់ទទួលបានដំណឹងអំពីបញ្ហានេះទេ។
ពលរដ្ឋជនជាតិដើមភាគតិចចំនួន ១២គ្រួសារ រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ កំពុងបារម្ភពីការបាត់បង់ដីព្រៃសហគមន៍ នៅពេលក្រុមគ្រួសារ លោក សន សូត្រ ជាឈ្មួញចំណាកស្រុកបានដាំដំណាំលើដីមានជម្លោះនឹងពលរដ្ឋ។ សកម្មភាពដាំដំឡូងមីនោះ ពលរដ្ឋអះអាងថា មានកម្មករប្រមាណជិត ១០នាក់ បានយកគោយន្តភ្ជួរដី និងសម្អាតដីកាប់រំលំដើមឈើដេកដួល ដើម្បីដាំដំឡូងមី ហើយពុំមានអាជ្ញាធរមូលដ្ឋានចុះត្រួតពិនិត្យសកម្មភាពនេះទេ កាលពីថ្ងៃទី១៣ ឧសភា។
តំណាងពលរដ្ឋ អ្នកស្រី ចាន់ សុខា រៀបរាប់ថា នៅពេលពលរដ្ឋបានឃើញសកម្មភាពដាំដំណាំលើដីមានជម្លោះ ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន តែពុំឃើញទប់ស្កាត់ឡើយ។ លោកស្រីបន្តថា អាជ្ញាធរឃុំឆ្វាំង និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើគំរាមចាប់អ្នកភូមិដាក់គុក បើអ្នកភូមិនៅតែរឹងទទឹងដាំដំណាំលើដីមានទំនាស់ ចំណែកភាគីខាងឈ្មួញចំណាកស្រុក បែរជាមកដំណាំនៅទីនេះបានធម្មតា៖ «តាសូត្រ ចុះកាប់ចុះធ្វើម៉ាស៊ី ៣-៤ ហើយគេមិនចាប់រហូតគេដាំទៀតហើយ គេនៅតែគំរាមមិនឲ្យដាំ មិនឲ្យធ្វើចាប់ដាក់គុក។ វ៉ា សុខា អ្នកនិយាយផ្ទាល់ហ្មង នៅលើសាលាឆទានឃុំឆ្វាំង ឲ្យម្នាក់ងាប់ម្នាក់រស់ណាអូន! អត់មានស្មើភាពគ្នាសោះ»។
ស្ត្រីដដែលបន្តថា មន្ត្រីពាក់ព័ន្ធមិនបានដោះស្រាយការតវ៉ារបស់ពលរដ្ឋឡើយ ហើយបានចោទពលរដ្ឋជាជនល្មើសកាប់បំផ្លាញព្រៃឈើខុសច្បាប់ទៅវិញ។ អ្នកស្រីថា ឈ្មោះ សន សូត្រ ជាប្រជាពលរដ្ឋចំណាកស្រុកមករស់នៅភូមិអន្លង់ជ្រៃ ហើយជួលកម្មករកាប់ដើមឈើច្បោះជាអនុផលព្រៃឈើមុខរបរដងជ័រទឹកអស់ជិត ៣០០ដើមកាលពីឆ្នាំ២០១៣។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយជុំវិញការចោទប្រកាន់នេះពីក្រុមគ្រួសារ លោក សន សូត្រ បានទេនៅថ្ងៃទី១៥ ឧសភា។
ទាក់ទិនករណីនេះ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ លោក វ៉ា សុខា ឲ្យដឹងនៅថ្ងៃទី១៥ ឧសភា ថា លោកពុំទាន់ទទួលដំណឹងទាក់ទិនការដំណាំដំឡូងមីលើដីមានទំនាស់ទេ។ លោកបន្តថា ដីតំបន់នោះមន្ត្រីជំនាញបានចេញប័ណ្ណកម្មសិទ្ធិទៅឲ្យប្រជាពលរដ្ឋចំណាកស្រុកមួយចំនួនធំហើយ ក៏ប៉ុន្តែអ្នកភូមិប៉ុនប៉ងទាមទារដីនោះវិញ។ លោកថា បើពលរដ្ឋធ្លាប់អាស្រ័យផលដើមឈើផលិតជ័រទឹក ឬដើមច្បោះជ័រក្នុងព្រៃដីទីនោះ មិនមែនជាកម្មសិទ្ធិពលរដ្ឋទេ គឺនៅតែជាព្រៃរបស់រដ្ឋដដែល។ ចំណែកដើមឈើផលិតជ័រទឹក ឬដើមច្បោះ ក៏ពុំសូវឃើញមានដែរនៅតំបន់នោះ៖ «បើអាស្រ័យផលច្បោះ គឺគាត់បានតែរឿងជ័រទឹកទេ សូម្បីតែដើមច្បោះក៏គាត់មិនអាចកាប់បាន សូម្បីតែដីដុះដើមច្បោះ ក៏មិនមែនជាដីរបស់គាត់ដែរ»។
ក្នុងករណីនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តស្ទឹងត្រែង លោក ហូ សំអុល មានប្រសាសន៍ថា ដីដែលកំពុងមានជម្លោះ ហើយមានភាគីម្ខាងអាស្រ័យផលថាអំពើល្មើសច្បាប់។ លោកថា អាជ្ញាធរមូលដ្ឋានគ្មានឆន្ទៈដោះស្រាយរវាងពលរដ្ឋជនជាតិដើមភាគតិច និងពលរដ្ឋចំណាកស្រុកឡើយ។ លោកអះអាងថា ដើមច្បោះរបស់ពលរដ្ឋពិតជាត្រូវបានឈ្មួញកាប់បំផ្លាញ និងពុំមានមន្ត្រីជំនាញបង្ក្រាប បែរជាបណ្ដោយឲ្យឈ្មួញចំណាកស្រុកទាំងនោះកាប់ទន្ទ្រានដីព្រៃផលិតជ័រទឹក និងលក់ដីនោះបន្តឲ្យជនជាតិចាម ទៅវិញ។ លោកអំពាវនាវឲ្យអាជ្ញាធរខេត្ត ពន្លឿនការដោះស្រាយជូនពលរដ្ឋដោយយុត្តិធម៌៖ «ទៅធ្វើអាស្រ័យផលនៅហ្នឹង គឺគាត់មានការបើកដៃពីអាជ្ញាធរហ្នឹងហើយ ចឹង គឺគាត់មានតែពឹងទៅលើអាជ្ញាធរភូមិ ឃុំ ប៉ុស្តិ៍ហ្នឹងទេ។ ដោយឡែកជាក់ស្តែង គាត់មិនអើពើសោះ ចឹងមានន័យថា មិនបាច់ធ្វើឃុំធ្វើអីហ្នឹងទេ ធ្វើឃុំធ្វើអី បើធ្វើឃុំដូចជាម៉ែឪប្រជាពលរដ្ឋ ហីអើៗ ចឹងធ្វើឃុំធ្វើអី»។
កាលពីខែមករា ឆ្នាំ២០១៥ មន្ត្រីជំនាញ រួមទាំងអាជ្ញាធរស្រុក បានកោះប្រជុំភាគីទំនាស់ គឺពលរដ្ឋចំណាកស្រុក និងជនជាតិដើមភាគតិច ១២គ្រួសារសម្របសម្រួល។ ក៏ប៉ុន្តែភាគីខាងពលរដ្ឋចំណាកស្រុក មិនយល់ព្រមនូវការសម្របសម្រួលនោះទេ។
ប្រពៃណីជនជាតិដើមភាគតិចគួយ គឺរស់អាស្រ័យអនុផលព្រៃឈើ ដូចជាការរកវល្លិ ផ្ដៅ បន្លែផ្លែឈើព្រៃដងជ័រ និងប្រមាញ់សត្វ ជាដើម។ ការបាត់បង់ដើមឈើផលិតជ័រទឹក ឬដើមច្បោះជ័រ ត្រូវឈ្មួញចំណាកស្រុកកាប់បំផ្លាញ ធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់មុខរបរជនជាតិដើមភាគតិចគួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។