មន្ត្រីសង្គមស៊ីវិល រិះគន់អាជ្ញាធរខេត្តស្ទឹងត្រែង ថាហាក់មិនយកចិត្តទុកដាក់ពន្លឿនការដោះស្រាយជម្លោះដីធ្លីរបស់ជនជាតិដើមភាគតិច ដែលកំពុងបង្កផលប៉ះពាល់ជីវភាពពួកគាត់ធ្ងន់ធ្ងរ។ ការរិះគន់នេះ កើតមាននៅពេលដែលជនជាតិដើមភាគតិចកួយ រស់នៅស្រុកថាឡាបរិវ៉ាត់ ចំនួន ១២គ្រួសារ មានវិវាទដីធ្លីជាមួយអ្នកចំណាកស្រុកតាំងពីឆ្នាំ២០១៣ មិនទាន់ទទួលបានដំណោះស្រាយពីអាជ្ញាធររដ្ឋាភិបាលឡើយ។ ឆ្លើយតបនឹងការរិះគន់នេះ អាជ្ញាធរខេត្តស្ទឹងត្រែង អះអាងថា មន្ត្រីជំនាញកំពុងដោះស្រាយវិវាទនេះ។
មន្ត្រីសង្គមស៊ីវិល ឲ្យដឹងថា ពលរដ្ឋជនជាតិដើមភាគតិចកួយ ចំនួន ១២គ្រួសារ កំពុងទន្ទឹងរង់ចាំដំណោះស្រាយវិវាទដីធ្លី ករណីពលរដ្ឋចំណាកស្រុកកាប់បំផ្លាញដើមឈើផលិតជ័រទឹកពួកគាត់ជាង ៣០០ដើម ឋិតនៅឃុំសំអាង និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ តាំងពីឆ្នាំ២០១៣ ដើម្បីយកដីប្រើប្រាស់កម្មសិទ្ធិឯកជន ហើយរហូតបច្ចុប្បន្ន សំណុំរឿងនេះ អាជ្ញាធរខេត្តកំពុងស៊ើបអង្កេត។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តស្ទឹងត្រែង លោក ហូ សំអុល ដែលចុះអង្កេតករណីនេះ ស្នើឲ្យអាជ្ញាធរខេត្តស៊ើបអង្កេតជម្លោះដីធ្លីច្រើនករណីនៅស្រុកថាឡាបរិវ៉ាត់ជាពិសេសវិវាទដីធ្លីជនជាតិដើមភាគតិចកួយ ១២គ្រួសារជាមួយពលរដ្ឋចំណាកស្រុកដោយត្រឹមត្រូវ និងឯករាជ្យ ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគេ។ លោកកត់សម្គាល់ថា សំណុំរឿងនេះផ្ដើមដោយអ្នកចំណាកស្រុក កាប់បំផ្លាញដើមឈើផលិតជ័រទឹកជនជាតិដើមភាគតិចរាប់រយដើម កាលពីឆ្នាំ២០១៣ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីរដ្ឋបាលព្រៃឈើ មិនត្រឹមតែមិនចាត់វិធានការតាមច្បាប់ទេ ថែមទាំងសម្រួលដំណើរការកាប់ឆ្ការព្រៃ និងដើមឈើផលិតជ័រទឹកឲ្យទទួលបានដីកម្មសិទ្ធិស្របច្បាប់ទៀតផង បន្ទាប់ពីដីនោះកំពុងចម្រូងចម្រាស៖ « ភាគី ១២គ្រួសារដែលជាដើមបណ្ដឹង គាត់អត់អាចធ្វើអីបានទេ គឺគាត់រង់ចាំច្បាប់ ប៉ុន្តែច្បាប់ដូចជាបណ្តែតបណ្តោយឲ្យគាត់។ យើងឃើញភាគីជម្លោះក្រុមគ្រួសារ លោក សន សូត្រ មកពីស្រុកក្រោមហ្នឹង ឃើញថាធ្វើលើដីហ្នឹងដោយមិនមានឈប់ទេ ចឹងខុសនីតិវិធី »។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង និងជានាយករងរដ្ឋបាលសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង មានប្រសាសន៍ថា កន្លងទៅ អាជ្ញាធរខេត្តបានចាត់ឲ្យមន្ត្រីបច្ចេកទេស ចុះស៊ើបអង្កេតតាមនីតិវិធី។ លោកថា អាជ្ញាធរខេត្តដោះស្រាយជម្លោះដីធ្លីប្រកាន់គោលជំហរត្រឹមត្រូវ និងផ្អែកលើច្បាប់ជាមូលដ្ឋាន។ ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តក៏បានចាត់មន្ត្រីជំនាញច្រើនក្រុម ចុះស៊ើបអង្កេតករណីវិវាទដីធ្លីច្រើនករណីនៅស្រុកថាឡាបរិវ៉ាត់ ក្នុងនោះក៏មានវិវាទជនជាតិដើមភាគតិច ១២គ្រួសារដែរ៖ « ការងារគេបានអនុវត្តតាមជំហានរបស់គេ គេកំពុងស្រាវជ្រាវតាមនីតិវិធី ចឹងសូមទុកឱកាសឲ្យអាជ្ញាធរខេត្តធ្វើការងារតាមតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីជាផលប្រយោជន៍ដល់មូលដ្ឋាន »។
កាលពីខែមករា ឆ្នាំ២០១៥ មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរស្រុកថាឡាបរិវ៉ាត់ បានកោះប្រជុំភាគីទំនាស់ គឺពលរដ្ឋចំណាកស្រុក និងជនជាតិដើមភាគតិច ១២គ្រួសារ សម្របសម្រួលបញ្ចប់ជម្លោះដោយចែកដីទាំងនោះអាស្រ័យផល ក៏ប៉ុន្តែភាគីខាងពលរដ្ឋចំណាកស្រុក មិនយល់ព្រមការសម្របសម្រួលនោះទេ។
វិទ្យុអាស៊ីសេរី មិនអាចរកប្រភពទាក់ទងពលរដ្ឋចំណាកស្រុក លោក សន សូត្រ ដើម្បីសុំការបំភ្លឺជុំវិញពាក្យបណ្ដឹងនេះបានទេ នៅថ្ងៃទី២ មេសា។
តំណាងជនជាតិដើមភាគតិចកួយ ១២គ្រួសារ លោកស្រី ចាន់ សុខា កត់សម្គាល់ថា អភិបាលខេត្តស្ទឹងត្រែង ដែលទើបឡើងកាន់តំណែងថ្មី លោក ម៉ុម សារឿន ធ្លាប់សន្យាថា នឹងពន្លឿនការដោះស្រាយវិវាទដីធ្លីនេះឲ្យចប់សព្វគ្រប់នៅអំឡុងខែមីនា ឆ្នាំ២០១៦។ លោកស្រីថា ពាក្យបណ្ដឹង គឺលោកស្រីទាមទារសំណងដើមឈើផលិតជ័រទឹកជាង ៣០០ដើម ក្នុងមួយដើម ១លានរៀល។ ម្យ៉ាងទៀត បើមិនបានសំណងជាប្រាក់ លោកស្រីទាមទារដីនៅតំបន់ដើមច្បោះនោះសម្រាប់ធ្វើកសិកម្មទំហំ ១៥ហិកតារ។ លោកស្រីរំពឹងថា អាជ្ញាធរខេត្តនឹងពន្លឿនដោះស្រាយវិវាទនេះ ដើម្បីជួយសម្រាលជីវភាពពួកគាត់៖ « អត់មានចង់បានអីក្រៅពីដីដាំស្រូវអង្ករទេ បើម្នាក់ៗដើរតែស៊ីឈ្នួលគេ បើកាប់រានអស់ហើយ អាដើមដែលនៅសល់ត្រូវចោះ ក៏កាប់អស់ដែរ ចឹងមានតែសុំដីដាំស្រូវ គេបើកដៃឲ្យម្ខាង ម្ខាងងាប់ម្ខាងរស់ »។
កាលពីចុងខែមីនា ឆ្នាំ២០១៦ អាជ្ញាធរខេត្តស្ទឹងត្រែង បានសន្យាចំពោះមុខអ្នករាយការណ៍ពិសេសនៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថានឹងយកចិត្តទុកដាក់ធានាសិទ្ធិជនជាតិដើមភាគតិចរស់នៅខេត្តនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។