ជនជាតិដើមភាគតិច ៣២គ្រួសាររស់នៅឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ចោទឈ្មួញម្នាក់ថារំលោភយកដីចម្ការវិលជុំរបស់ពួកគាត់ និងកាប់បំផ្លាញដើមឈើផលិតជ័រទឹករបស់ជនជាតិដើមភាគតិចរាប់ពាន់ដើម ក្រោមរូបភាពផ្តល់ដីសម្បទានសង្គមកិច្ច។ ពួកគេបានប្តឹងរឿងនេះទៅអាជ្ញាធរជាង ២ឆ្នាំហើយ តែពុំមានលទ្ធផល ក៏ប៉ុន្តែបែរជាឈ្មួញរូបនោះប្តឹងពួកគេវិញទៅតុលាការកាលពីពេលថ្មីៗនេះ។
ជនជាតិដើមភាគតិច ៣២គ្រួសារ បានមកប្រឹក្សាផ្នែកច្បាប់នៅសមាគមអាដហុក (ADHOC) ជាថ្មីទៀត បន្ទាប់ពីឈ្មួញឈ្មោះ ងិន សារី ប្តឹងពួកគាត់ទៅតុលាការដោយចោទថា អ្នកភូមិកាន់កាប់ដីខុសច្បាប់ ក៏ប៉ុន្តែសំណុំរឿងនេះត្រូវបានតំណាងអយ្យការខែត្រស្ទឹងត្រែង បង្វែរឲ្យអាជ្ញាធរខែត្រស្ទឹងត្រែង ដោះស្រាយវិញ។
តំណាងជនជាតិដើមភាគតិច ៣២គ្រួសារ លោក សៀក សែន ឲ្យដឹងនៅថ្ងៃទី២៤ សីហា ថា អ្នកភូមិទាមទារឲ្យលោកស្រី ងិន សារី ទទួលខុសត្រូវការបាត់បង់ដើមឈើទាលជាឈើផលិតជ័រទឹក ដោយត្រូវសងក្នុងមួយដើម ១០ម៉ឺនរៀល និងប្រគល់ដីចម្ការវិលជុំ ៥០ហិកតារជូនអ្នកភូមិវិញ។ លោកថា បន្ទាប់ពីលោកស្រី ងិន សារី ដាក់ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចកាលពីឆ្នាំ២០១៣ បានសម្រុកកាប់បំផ្លាញដើមឈើផលិតជ័រទឹករាប់ពាន់ដើម និងកាប់ទន្ទ្រានព្រៃស្រោងជាជម្រកសត្វនៅចំណុចអូរហុងស៊ីម័រ រហូតដល់អូរសៀមបូក ដែលនាំឲ្យប៉ះពាល់ជីវភាពរស់នៅរបស់ជនជាតិដើមភាគតិច៖ « ច្បោះជ័រទឹកអី កាប់បំផ្លាញរបស់ពលរដ្ឋអស់ហើយ។ ពលរដ្ឋអត់មានអីបង្កបង្កើនផលផង ដូចថាដងជ័រដងអីចិញ្ចឹមលក្ខណៈគ្រួសារអត់មានទេ គាត់កាប់បំផ្លាញអស់ហើយ »។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងលោកស្រី ងិន សារី ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេនៅថ្ងៃទី២៤ សីហា។
កាលពីឆ្នាំ២០១៣ អាជ្ញាធរខែត្រស្ទឹងត្រែង បានឯកភាពស្នើសុំដីសម្បទានសង្គមកិច្ចទំហំ ១.៥០០ហិកតារនៅឃុំចម្ការលើ ស្រុកថាឡាបរិវ៉ាត់ តាមសំណើរបស់ពលរដ្ឋខែត្រត្បូងឃ្មុំ ព្រោះពលរដ្ឋចំនួន ១១៧គ្រួសាររស់នៅឃុំជំនីក ស្រុកក្រូចឆ្មារ ជួបគ្រោះបាក់ច្រាំងទន្លេ និងខ្វះខាតដីរស់នៅ។ ពលរដ្ឋមួយគ្រួសារត្រូវទទួលបានដី ៥ហិកតារ។ អាជ្ញាធរខែត្រស្ទឹងត្រែង បញ្ជាក់ថា ការផ្តល់ដីសម្បទានសង្គមកិច្ចនេះមានតំណាងពលរដ្ឋឈ្មោះ ងិន សារី ជាអ្នកសម្រួលការងារអាជ្ញាធរទាំងពីរខែត្រ ហើយពុំតម្រូវឲ្យពលរដ្ឋបង់ប្រាក់ឡើយ។
របាយការណ៍អង្កេតរបស់សមាគមអាដហុក (ADHOC) រកឃើញថា ការផ្តល់ដីសម្បទានសង្គមកិច្ចនេះប៉ះពាល់ពលរដ្ឋក្នុងឃុំចម្ការលើ ឃុំកាំងចាម និងឃុំអន្លង់ភេ ដោយការបាត់បង់ដើមជ័រច្បោះ និងជីវចម្រុះក្នុងព្រៃស្រោង។ ចំណែកស្ត្រីឈ្មោះ ងិន សារី ជាអ្នកចាត់ចែងឲ្យពលរដ្ឋចូលរស់នៅកាប់ទន្ទ្រានព្រៃតាំងពីឆ្នាំ២០១៤ រហូតបច្ចុប្បន្ន ព្រៃស្រោងតំបន់នោះបានក្លាយជាទីវាលមួយផ្នែកធំ។
អភិបាលស្រុកថាឡាបរិវ៉ាត់ លោក ថោង ស្រាន់ បដិសេធមិនអធិប្បាយរឿងនេះទេ ដោយលោកជំរុញឲ្យសួរទៅរដ្ឋបាលខែត្រវិញ។ អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខែត្រស្ទឹងត្រែង លោក ម៉ែន គុង ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេនៅថ្ងៃទី២៤ សីហា ព្រោះទូរស័ព្ទហៅចូលពុំមានអ្នកទទួល។
មេឃុំចម្ការលើ លោក ព្រះ ហែម ទទួលស្គាល់ថា ជនជាតិដើមភាគតិចបាត់បង់ប្រាក់ចំណូលដោយសារបាត់បង់ដើមឈើផលិតជ័រទឹក តែអាជ្ញាធរមូលដ្ឋានបានដោះស្រាយជូនពលរដ្ឋបានមួយចំនួន ដោយផ្តល់សំណងជូនពលរដ្ឋមួយគ្រួសារ ២០ម៉ឺនរៀលថ្លៃបាត់បង់ដើមឈើផលិតជ័រទឹក។ លោកថាសំណុំរឿងនេះហួសពីសមត្ថភាពអាជ្ញាធរឃុំ តែអាជ្ញាធរខែត្រគ្រោងចុះដោះស្រាយជូនពលរដ្ឋឆាប់ៗនេះ៖ « សម្រាប់ថ្ងៃម្សិល គឺមានកិច្ចព្រមព្រៀងមួយ គឺយើងផ្ដិតមេដៃដោះស្រាយ គឺនៅស្ងៀមសិន ចាំទុកឱកាសឲ្យលោកអភិបាលខែត្រលោកជាអ្នកមានការចាត់ចែងយ៉ាងណាៗ ស្រេចលើច្បាប់របស់រដ្ឋាភិបាល »។
លោក ព្រះ ហែម បន្ថែមថា កាលពីខែកុម្ភៈ ឆ្នាំ២០១៧ រាជរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹង (ស.ជ.ណ) សម្រេចផ្តល់ដីសម្បទានសង្គមកិច្ចឲ្យពលរដ្ឋ ១១៧គ្រួសារ ឋិតនៅតំបន់នោះ ហើយអាជ្ញាធរពាក់ព័ន្ធបានចុះកំណត់ព្រំដីរួចហើយ។ រហូតមកទល់ពេលនេះ ពលរដ្ឋដែលមានឈ្មោះទទួលបានដីសម្បទានសង្គមកិច្ចមករស់នៅជាបណ្តើរៗប្រហែលជាង ៣០ភាគរយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ខែត្រស្ទឹងត្រែង លោក ហូ សំអុល រកឃើញថា ការផ្តល់ដីសម្បទានសង្គមកិច្ចជូនលោកស្រី ងិន សារី របស់អាជ្ញាធរមានភាពមិនប្រក្រតីច្រើន ដែលប៉ះពាល់ជីវភាព និងសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិចកួយ រួមមានបាត់បង់ដីចម្ការវិលជុំ បាត់បង់ព្រៃស្រោងជាជម្រកសត្វព្រៃ បាត់បង់ដើមឈើផលិតជ័រទឹក ការកាប់រានដីព្រៃមុនពេលរដ្ឋាភិបាលមិនទាន់ចេញអនុក្រឹត្យ និងការលក់ដូរដីក្នុងបរិវេណផ្តល់ដីសម្បទានសង្គមកិច្ចខុសច្បាប់៖ « ច្បាប់ភូមិបាលគេនិយាយថាពាក់ព័ន្ធផ្តល់ដីសម្បទានសង្គមកិច្ចហ្នឹង គឺទាល់តែពលរដ្ឋអ្នកស្នើសុំមករស់នៅ ៥ឆ្នាំសិន បានអាចលក់ដូរបាន ប៉ុន្តែនេះពលរដ្ឋអត់មានរស់នៅទេ គឺលក់ដូរបាត់ហើយ។ ចឹងវាខុសលក្ខខណ្ឌនៃការផ្តល់ដីសម្បទានសង្គមកិច្ច »។
កាលពីចុងឆ្នាំ២០១៥ ពលរដ្ឋចំនួន ៩៣គ្រួសារ បានផ្ដិតមេដៃសុំកិច្ចអន្តរាគមន៍ពីមន្ត្រីអាដហុក និងអាជ្ញាធរពាក់ព័ន្ធ ករណីលោកស្រី ងិន សារី បានជួលកម្មករកាប់ឆ្ការព្រៃ និងដើមផលិតជ័រទឹករបស់សហគមន៍ ហើយកាលពីខែមេសា ឆ្នាំ២០១៧ ពលរដ្ឋ ១៧គ្រួសារ បាននាំគ្នាតវ៉ានៅសាលាស្រុកថាឡាបរិវ៉ាត់ ករណីលោកស្រី ងិន សារី ដកហូតពាក្យស្នើសុំដីសម្បទានសង្គមកិច្ចពីពួកគេ ដើម្បីយកដីលក់ឲ្យពលរដ្ឋផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។