ប្រជាពលរដ្ឋចំនួន ៣ភូមិនៅក្នុងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ បានចោទយោធិនម្នាក់ថាបានរំលោភយកដីរបស់ពួកគេដែលបានខិតខំកាប់រាន និងដោះមីនដោយខ្លួនឯងដើម្បីបង្កបង្កើនផលតាំងពីក្រោយឆ្នាំ១៩៧៩។ ពលរដ្ឋថា អ្នកភូមិខ្លះបានបាក់ស្បាតដោយសារអាជ្ញាធរមិនព្រមជួយពួកគេ តែទៅជ្រោមជ្រែងអ្នកមានអំណាចយកដីពីពលរដ្ឋទៅវិញ។
ពលរដ្ឋអះអាងថា ដីរបស់គាត់ដែលធ្លាប់ធ្វើស្រែ និងដាំដំណាំ ត្រូវបានយោធិនម្នាក់ឈ្មោះ ស្វាយ សារ៉ា រំលោភយក។ អ្នកភូមិប្រាប់ថា ពួកគាត់ឮតែគេហៅថា ស្វាយ សារ៉ា ដោយមិនបានដឹងពីអង្គភាពរបស់យោធិនរូបនោះទេ។ ដីដែលអ្នកភូមិចោទថាលោក ស្វាយ សារ៉ា ធ្វើរបងព័ទ្ធយក គឺភាគច្រើនពួកគាត់នាំកូននាំចៅទៅកាប់រានបានតាំងសម័យរដ្ឋកម្ពុជា ក្រោយឆ្នាំ១៩៧៩ ដោយដីទាំងនោះពីមុនជាជំរំទ័ពព្រៃរបស់អតីតខ្មែរក្រហម។
ក្រោយមកនៅឆ្នាំ២០១៤ ដីដែលពួកគាត់កាប់រានដោះមីន និងមានសមាជិកគ្រួសារខ្លះបានស្លាប់ដោយសារឈឺ និងគ្រុនចាញ់ ត្រូវបានយោធិនម្នាក់ឈ្មោះ ស្វាយ សារ៉ា យកគ្រឿងចក្រឈូសឆាយលើដីរបស់ពួកគាត់ ហើយនៅចុងឆ្នាំ២០១៥ អាជ្ញាធរមានកម្លាំងចម្រុះបានចាប់អ្នកភូមិ ទាំងយុវជនពេញកម្លាំង និងតាចាស់យាយចាស់ជរាសរុប ៩នាក់ វាយខ្នោះយកទៅអធិការដ្ឋានប៉ូលិសស្រុកត្រាំកក់ ដោយចោទពួកគាត់ពីបទរារាំងការអនុវត្តសាលក្រមរបស់តុលាការ។
ពលរដ្ឋរស់នៅភូមិស្ទឹង លោកស្រី អ៊ីង អាក់ អាយុជាង ៦០ឆ្នាំ ប្រាប់ថា លោកស្រី និងស្ត្រីវ័យចំណាស់ដទៃទៀតនៅក្នុងភូមិ ត្រូវបានកងកម្លាំងចម្រុះចាប់វាយខ្នោះ និងបញ្ជូនទៅឃុំខ្លួនដោយបង្អត់បាយចំនួន ១ថ្ងៃពេញនៅអធិការដ្ឋានស្រុកត្រាំកក់។ លោកស្រីថា សមត្ថកិច្ចបានចាប់ខ្លួនលោកស្រី គឺក្រោយពីលោកស្រី និងអ្នកភូមិចំនួន ២ភូមិទៀត មានក្មេងមានចាស់ បាននាំគ្នាតវ៉ាការឈូសឆាយដីរបស់លោក ស្វាយ សារ៉ា លើដីអ្នកភូមិដែលធ្លាប់តែបង្កបង្កើនផល៖ « យាយឯងទទឹងអី ព្រោះអីដីតែចូលដល់តុលាការច្បាប់ក្រមអី បានតែចំណេញទ្រុឌទ្រោមខ្លួនចឹង។ គេផ្ចាលចឹង ។ គេថាមិនបាច់សង្ឃឹមទេ គេថាតែគេយកគ្មាន បានទេ ខ្ញុំថាអឺ ! បើមិនបានមិនជាក៏អស់ចឹងទេអូន ទាល់ច្រកហី ខ្ញុំ សុខចិត្ត ងាប់ ឲ្យតែបានដី មកវិញ »។
កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ព្រះរាជអាជ្ញាខេត្តតាកែវ លោក ច្រឹង ខ្មៅ បានដឹកនាំកងកម្លាំងចម្រុះខេត្ត ចុះអនុវត្តសាលក្រមរក្សាការពារដីដែលសាលាដំបូងខេត្តតាកែវ បានកាត់ក្ដីឲ្យភាគីជម្លោះឈ្មោះ ស្វាយ សារ៉ា ឈ្នះក្ដី និងកាន់កាប់ដីដែលពលរដ្ឋធ្លាប់បានកាប់រានបង្កបង្កើនផលជាច្រើនឆ្នាំមក។ ក្នុងការចុះអនុវត្តសាលក្រមរក្សាការពារដីឲ្យឈ្មោះ ស្វាយ សារ៉ា ពលរដ្ឋអះអាងថា សមត្ថកិច្ចបានចាប់ពួកគាត់ ៩នាក់វាយខ្នោះ ហើយបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកត្រាំកក់ ដោយចោទថាបានរារាំងការអនុវត្ដច្បាប់។
ពលរដ្ឋរងគ្រោះម្នាក់ទៀត គឺជាស្ត្រីមេម៉ាយដែលមានកូន ៥នាក់ក្នុងបន្ទុក រស់នៅភូមិត្នោតជុំ លោកស្រី ស៊ឹម ហ៊ន បានចោទឈ្មោះ ស្វាយ សារ៉ា ថាបានយកដីរបស់ក្រុមគ្រួសារលោកស្រីចំនួន ៣ហិកតារ។ ការបាត់បង់ដី ៣ហិកតារនេះ បានធ្វើឲ្យកូនទាំង ៥នាក់របស់លោកស្រីបាត់បង់អនាគត ដោយត្រូវឈប់រៀន និងទៅធ្វើការនៅប្រទេសថៃ។ ស្ត្រីមេម៉ាយរូបនេះរៀបរាប់ថា បច្ចុប្បន្នមិនត្រឹមតែព្រាត់ប្ដីដែលស្លាប់ដោយសារឈឺពេលកាប់ដីព្រៃមានជម្លោះ ៣ហិកតារនោះទេ សូម្បីតែកូនក៏មិនអាចរស់នៅជាមួយគ្នាបានដែរ ដោយត្រូវចំណាកស្រុកក្រោយពេលគ្មានដីធ្វើស្រែ៖ « ពួកវា ចាប់ មិនដឹងខាងណាៗចាប់ ពួកខៀវៗហ្នឹង។ ខ្ញុំជេរមែន ខ្ញុំខឹងខ្ញុំថាចឹង អាងាប់ អារ លត់ អារ លាយ ធ្វើបាប ប្រជាពលរដ្ឋ ធ្វើបាប កូនចៅ ប្រជាជន ឲ្យគេចាប់ យកទៅ បោះដូចកង្កែបដូចត្រី ចង់រយះខ្លួន វា ចង់ច្របាច់ ដៃខ្ញុំឲ្យបាក់ តែម្ដង »។
អ្នកភូមិឆ្ងល់ថា ហេតុអ្វីបានជាសមត្ថកិច្ចជួយយោធិនឈ្មោះ ស្វាយ សារ៉ា រំលោភយកដីពួកគាត់ ព្រោះអ្នកភូមិអះអាងថា មិនធ្លាប់ស្គាល់ឈ្មោះ ស្វាយ សារ៉ា និងមិនដែលលក់ដីដែលខំកាប់រានដល់ស្លាប់សមាជិកគ្រួសារនោះទេ។
អ្នកភូមិជាស្ត្រីចំណាស់ចំនួន ៣នាក់ ដែលអះអាងថា ពួកគាត់ត្រូវបានកងកម្លាំងចម្រុះចាប់ពួកលោកស្រីវាយខ្នោះកាលពីចុងឆ្នាំ២០១៦ ប្រាប់ថា មុនចាប់វាយខ្នោះពួកគាត់ សមត្ថកិច្ចបានចាប់ពួកគាត់វាយបោះគ្រវែង ហើយស្ត្រីពោះធំម្នាក់ដែលមកតវ៉ា ក៏ត្រូវបានសមត្ថកិច្ចចាប់បោះគ្រវែងរំលងផ្លូវលំចូលដីមានជម្លោះនោះដែរ។ បន្ទាប់មក សមត្ថកិច្ចបានក្រៀកពួកគាត់បណ្ដើរចូលឡានបញ្ជូនទៅអធិការដ្ឋានប៉ូលិសស្រុកត្រាំកក់។ អ្នកភូមិហៅសកម្មភាពទាំងនោះ ថាជាការជួយជនខិលខូចប្លន់យកដីអ្នកភូមិ ដោយប្រើរូបភាពផ្លូវច្បាប់ និងកម្លាំងសមត្ថកិច្ច ដើម្បីបំបាក់ស្មារតីអ្នកដែលហ៊ានងើបតវ៉ា។ ជារឿយៗ ពួកគាត់ក៏រងការចោទថា ក្រុមអ្នកតវ៉ា គឺជាក្រុមប្រឆាំងផងដែរ។
ជំទប់ទី២ ឃុំអូរសារាយ លោក សឿន ង៉ន ប្រាប់ថា ដីដែលអ្នកភូមិចោទថាយោធិនឈ្មោះ ស្វាយ សារ៉ា បានរំលោភបំពាននោះ ពិតជាដីដែលអ្នកភូមិបានកាប់រានដោយកម្លាំងតជំនាន់តាំងពីសម័យរដ្ឋកម្ពុជា មែន។ លោកថា កន្លងទៅ អាជ្ញាធរមូលដ្ឋានក្រោយសម័យឆ្នាំ១៩៧៩ បានចែកដីទាំងនោះឲ្យទៅអ្នកភូមិ ដើម្បីឲ្យពលរដ្ឋរស់នៅធ្វើជារបងការពារទ័ពខ្មែរក្រហមចេញពីព្រៃមកធ្វើបាបអ្នកស្រុក។ អាជ្ញាធរបានជួយកសាងផ្ទះ និងចែកពាងដាក់ទឹកឲ្យពលរដ្ឋនៅទីនោះ និងចាត់ទុកជាភូមិគំរូ ប៉ុន្តែក្រោយមក ផ្ទះគំរូ និងពាងទាំងនោះបានពុកផុយបែកបាក់អស់ហើយ៖ « សម័យរដ្ឋកម្ពុជា គេបានរៀបចំឲ្យពលរដ្ឋជាភូមិគំរូ ដើម្បីជារបងកុំឲ្យ ខ្មែរក្រហម ចូលក្នុង ភូមិ។ រដ្ឋមកវាស់ ចែក ឲ្យមានដីស្រែ ដីភូមិ មានពាងទឹក ឲ្យ ខ្ចីលុយ ទិញគោទៀត ។ ចឹងការដែលមករស់នៅ គឺរដ្ឋជាអ្នកផ្គត់ផ្គង់ រដ្ឋ ជាអ្នក ចែកដីធ្លីលំនៅឋាន មិនមែន គាត់មកចូលបំពានយកទេ។ នៅពេល ស្វាយ សារ៉ា ចំណុចចាប់ផ្ដើមដំបូង គាត់មកដល់គាត់ចាប់កាយព្រំដី កំណត់ ៥០ហិកតារ ហ្នឹងទី១ ។ ទី២ ទៀត ពេលគាត់ បានព្រំដី ហ្នឹងហើយ នៅពេល តុលាការចេញ ដីកាការពារ មិនមែនដីកាឲ្យគាត់ឈូសឆាយ ឬ ដីកាស្ថាពរ ទេ ចឹង គួរតែ រក្សា ដីកាការពារ ឲ្យពលរដ្ឋដោះស្រាយ អស់ចិត្ត អស់ថ្លើមសិន »។
ពលរដ្ឋប្រាប់ថា ពួកគាត់ធ្លាប់មានបង្កាន់ដៃកម្មសិទ្ធិដីដែលចេញដោយអាជ្ញាធរនៅកំឡុងឆ្នាំ១៩៩០ ប៉ុន្តែបង្កាន់ដៃទាំងនោះត្រូវបានភូមិឃុំប្រមូលយកទៅទុកនៅសាលាឃុំ ហើយក្រោយមក ភ្លើងបានឆេះសាលាឃុំបណ្ដាលឲ្យបង្កាន់ដៃទាំងនោះឆេះខ្ទេចគ្មានសល់។
អាស៊ីសេរី មិនអាចរកប្រភពទាក់ទងលោក ស្វាយ សារ៉ា ដែលពលរដ្ឋចោទថារំលោភយកដីពលរដ្ឋបានទេកាលពីថ្ងៃទី១៩ កក្កដា។
ពលរដ្ឋដែលមានជម្លោះដីជាមួយយោធិនឈ្មោះ ស្វាយ សារ៉ា ប្រាប់ថា អ្នកមានអំណាចរូបនោះមិនត្រឹមតែយកដីរបស់ពួកគាត់ទេ ថែមទាំងបានប្ដឹងពួកគាត់ទៅតុលាការថែមទៀត។
មេធាវីការពារក្ដីឲ្យអ្នកភូមិទាំង ៩នាក់ លោក ម៉ែន មករា ប្រាប់ថា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តតាកែវ បានយល់ព្រមពន្យារពេលកោះហៅកូនក្ដីឲ្យចូលបំភ្លឺតាមសំណើរបស់មេធាវីហើយ តែលោកមិនដឹងថា តុលាការនឹងកោះហៅនៅថ្ងៃណាជាក់លាក់នោះទេ។
ចំណែកអនុប្រធានផ្នែកដីធ្លីនៃសមាគមអាដហុក (ADHOC) លោក សួស វណ្ណៈ ប្រាប់ថា ករណីដីជម្លោះនៅក្នុងភូមិស្ទឹង ឃុំអូរសារាយ សមាគមអាដហុកបានសិក្សាយូរណាស់មកហើយ។ លោកចាត់ទុកករណីនេះ អយុត្តិធម៌សម្រាប់ពលរដ្ឋ។ លោកមើលឃើញថា អាជ្ញាធរ និងតុលាការនៅខេត្តតាកែវ បានអនុវត្តស្តង់ដារពីរសម្រាប់ពលរដ្ឋក្រីក្រនៅឃុំអូរសារាយ និងអ្នកមានអំណាចដែលដណ្ដើមដីរបស់ពលរដ្ឋ៖« ទោះបីជា ប្រជាពលរដ្ឋ កាន់កាប់ ដីហ្នឹង ស្របច្បាប់ យ៉ាង ណា ក៏ដោយ ក៏មានភាពលម្អៀង សម្រេចក្ដីឲ្យពលរដ្ឋ ចាញ់ក្ដី រឿងហ្នឹង »។
អ្នកភូមិ និងសង្គមស៊ីវិល អំពាវនាវយ៉ាងទទូចឲ្យសាលាដំបូងខេត្តតាកែវ ទម្លាក់បទចោទលើអ្នកទាំង ៩នាក់នោះ។ អ្នកភូមិប្រាប់ថា បច្ចុប្បន្នពួកគាត់គ្មានដីធ្វើស្រែនោះទេ ពួកគាត់ត្រូវនាំគ្នាដើរស៊ីឈ្នួលស្ទូងស្រូវឲ្យគេ ខណៈដែលកូនៗរបស់អ្នកភូមិត្រូវបង្ខំចិត្តឈប់រៀន ទៅធ្វើពលករនៅប្រទេសថៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។