ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន និងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ព្រួយបារម្ភខ្លាចបាត់បង់ដីចម្ការរបស់ពួកគាត់។ ក្តីបារម្ភនេះ ក្រោយពេលមានក្រុមមិនស្គាល់មុខបានដាក់គ្រឿងចក្រទៅឈូសឆាយកាយជាប្រឡាយតាមក្បាលដីរបស់ពលរដ្ឋដោយលួចលាក់ កាលពីថ្ងៃទី១៦ មិថុនា បន្ទាប់ពីដីតំបន់នោះ អាជ្ញាធរសម្រេចធ្វើអត្តសញ្ញាណកម្មជូនពលរដ្ឋរួចរាល់ហើយ ដោយរង់ចាំដោះស្រាយសម្រេចជាផ្លូវការប៉ុណ្ណោះ។
ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន និងឃុំទន្លូង ស្នើឲ្យអាជ្ញាធរពន្លឿនការដោះស្រាយដីធ្លីជូនពួកគាត់ឲ្យបានចប់សព្វគ្រប់ ដើម្បីឈានទៅបញ្ចប់វិវាទដីធ្លីនៅតំបន់មួយចំនួន។ អ្នកភូមិយល់ថា ប្រសិនអាជ្ញាធរនៅតែពន្យារពេលការដោះស្រាយ សកម្មភាពឈូសឆាយដីចម្ការរបស់ពួកគាត់ នឹងកើតមានដោយលួចលាក់បន្តទៀតជាក់ជាមិនខាន។
ពលរដ្ឋនៅឃុំទន្លូង អ្នកស្រី អួន ស្រីនួន ឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ មិថុនា មានអ្នកភូមិប្រមាណ ៦០នាក់លើកគ្នាទៅកាន់តំបន់ដីជម្លោះស្រែរំពាក់ ដើម្បីមើលស្ថានភាពឈូសឆាយដីរបស់ពួកគាត់ ក្រោយទទួលព័ត៌មានថា មានមនុស្សមួយក្រុមនាំគ្នាយកគ្រឿងចក្រមួយគ្រឿងចូលទៅតំបន់នោះ។ អ្នកស្រីបន្តថា អ្នកស្រុកបានប្រទះឃើញស្លាកស្នាមថ្មីៗនៃការឈូសឆាយព័ទ្ធតាមក្បាលដីរបស់ពួកគាត់ប្រមាណ ៣០០ម៉ែត្រ ប៉ុន្តែអ្នកភូមិមិនបានប្រទះឃើញជនទាំងនោះទេ៖ « ខ្ញុំបារម្ភថា គេនៅតែយកដីយើងដដែល គេនឹងមិនប្រគល់ឲ្យយើងទេ លុះត្រាតែគេឈប់មកធ្វើ »។
ដីតំបន់ស្រែរំពាក់តំបន់ទួលគ្រោះ តំបន់ពុលប្រម៉ា និងតំបន់មួយចំនួនទៀត កាលពីឆ្នាំ២០១៥ អាជ្ញាធរខេត្តបានធ្វើអត្តសញ្ញាណកម្មជូនពលរដ្ឋដើម្បីសម្គាល់ក្បាលដី និងចំនួនគ្រួសាររួចមកហើយ។ ប្រជាពលរដ្ឋដែលរង់ចាំការដោះស្រាយមានចំនួនជាង ៣០០គ្រួសារ លើទំហំផ្ទៃដីប្រមាណ ១ពាន់ហិកតារ ដែលមានជម្លោះជាមួយក្រុមហ៊ុនចម្ការកៅស៊ូ ម៉ែន សារុន។ ប៉ុន្តែក្រោយមក មានបុគ្គលមានអំណាច និងមានប្រាក់មួយចំនួន ចូលទៅកាន់កាប់ចំណែកដីខ្លះលើដីដែលប្រជាពលរដ្ឋធ្លាប់កាន់កាប់ រហូតបង្កើតជាសកម្មភាពហិង្សាដើរដុតរោងចាំចម្ការគ្នាទៅវិញទៅមកទៀតផង។
ទាក់ទងបញ្ហានេះ អភិបាលរងខេត្តត្បូងឃ្មុំ ទទួលបន្ទុកដីធ្លី លោក ហាក់ សុខមករា មិនបានមានប្រសាសន៍យ៉ាងណាទេ ដោយលោកថាជាប់ប្រជុំជាមួយប្រជាពលរដ្ឋ។
ចំណែកតំណាងពលរដ្ឋនៅឃុំជាំក្រវៀន លោក ផុន សុផល បញ្ជាក់ថា សកម្មភាពយកគ្រឿងចក្រទៅឈូសឆាយ និងកាយជាប្រឡាយព័ទ្ធដីប្រជាពលរដ្ឋបាន គឺបង្ហាញថាអាជ្ញាធរមិនបានយកចិត្តទុកដាក់ដោះស្រាយជូនពលរដ្ឋ និងបង្ហាញពីអសមត្ថភាពរបស់ពួកគេទៀតផង៖ « ប្រសិនបើអាជ្ញាធរនៅតែដំអក់ការដោះស្រាយទៀត ខ្ញុំគិតថាប្រហែលនឹងមានបញ្ហាកើតឡើងសម្រាប់ប្រជាពលរដ្ឋមួយចំនួន ដែលទ្រាំមិនបាននឹងក្រុមហ៊ុន និងអ្នកមានអំណាចរំលោភបំពាននោះ »។
សកម្មភាពឈូសឆាយ និងកាយដីប្រជាពលរដ្ឋជាថ្មីទៀតនេះ កើតឡើងស្របពេលអាជ្ញាធរឃុំជាំក្រវៀន បានកោះហៅពលរដ្ឋមានជម្លោះដីធ្លីទៅប្រជុំនៅសាលាឃុំជាច្រើនលើក កាលពីថ្ងៃទី១៣ មិថុនា ដើម្បីជ្រើសរើសតំណាងរបស់ខ្លួនឈានទៅជជែករកដំណោះស្រាយលើបញ្ហាដីធ្លីរបស់ពួកគាត់ ជាមួយអាជ្ញាធរខេត្តនៅពេលខាងមុខ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មើលឃើញថា ចំណាត់ការរបស់អាជ្ញាធរកន្លងមក គឺមិនទទួលបានជោគជ័យឡើយ ហើយហាក់មានទំនោរការពារក្រុមហ៊ុន ឬបុគ្គលមានអំណាចច្រើនជាងប្រជាពលរដ្ឋទៅវិញ៖ « ហ្នឹងហើយអ្នកយកហ្នឹងដដែលទេ។ មានក្រុមទាហាន មានក្រុមថៅកែ មានអ្នករត់ការ មេការដីហ្នឹងដដែលហ្នឹង អត់មានអ្នកប្លែក អត់មានអ្នកផ្សេងណាទេ ! ហើយពួកហ្នឹងធ្វើការជាមួយស្រុក ទៅមកៗជាមួយគណៈកម្មការហ្នឹង »។
លោកព្រួយបារម្ភថា ប្រសិនបើអាជ្ញាធរនៅតែពន្យារពេលការដោះស្រាយទៀតនោះ វានឹងអាចឈានជាអំពើហិង្សាកើតឡើង។ លោកយល់ថា ជាការល្អប្រសើរ ក្រុមការងារដោះស្រាយទំនាស់ដីធ្លីថ្នាក់ជាតិ ត្រូវចុះពិនិត្យ និងដោះស្រាយតាមភាពជាក់ស្តែង ដើម្បីឈានទៅបញ្ចប់វិវាទដីធ្លីទាំងនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។