ពលរដ្ឋ​ខេត្ត​កំពត​ស្នើ​ស្ថាប័ន​ជំនាញ​ដកហូត​ដី​ពី​ក្រុមហ៊ុន សូ ងួន ដែល​​ទុក​ដី​ទំនេរ​ចោល

ដោយ មាន ឫទ្ធិ
2018.01.01
ដី​សម្បទាន ត្រពាំងភ្លាំង កំពត ៨៥៥ ពលរដ្ឋ​រស់​នៅ​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ប្រាប់​អំពី​ទំហំ​ដី​ដែល​ក្រុមហ៊ុន ​វើលដ៍ ទ្រីស្តារ អ៊ីនធឺថេនមិន (World Tristar Entertainment Co., Ltd) ទទួល​បាន ប៉ុន្តែ​មិន​ឃើញ​មាន​ការ​អភិវឌ្ឍ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។ RFA/Yang Chandara
RFA/Yang Chandara

ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត អំពាវនាវ​យ៉ាង​ទទូច​ឱ្យ​ស្ថាប័ន​ជំនាញ​របស់​រដ្ឋាភិបាល ជាពិសេស ក្រសួង​កសិកម្ម ឱ្យ​ចុះ​មក​សិក្សា និង​ឈាន​ដល់​ការ​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ឯកជន​មួយ ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ ប៉ុន្តែ​ទុក​ដី​ទំនេរ​ចោល​មិន​ឃើញ​មានការ​អភិវឌ្ឍ។ ក្រុម​ពលរដ្ឋ​ចង់​ឱ្យ​អាជ្ញាធរ​វាស់វែង​ដី​ទាំងនោះ ចែក​ជូន​ពលរដ្ឋ​ក្រីក្រ ដើម្បី​ឱ្យ​ពួកគាត់​អាច​មាន​លទ្ធភាព​ដាំ​ដុះ​បង្កបង្កើនផល​បាន​តទៅ​ថ្ងៃមុខ ជាជាង​ការ​ទុក​ដី​ទំនេរ​ចោល។

ការ​អំពាវនាវ​ម្ដង​ហើយ​ម្តង​ទៀត របស់​ក្រុម​ពលរដ្ឋ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​នេះ ធ្វើឡើង​ដោយសារតែ​ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៊ិនធើថេនមិន (World Tristar Entertainment Co., Ltd) ដែល​ពលរដ្ឋ​និយម​ហៅថា ក្រុមហ៊ុន សូ ងួន នោះ បាន​បន្ត​ទុក​ដី​ទំនេរ​ចោល ដោយ​គ្មាន​ការ​អភិវឌ្ឍ​អ្វី​ជា​ដុំកំភួន ដែល​ជា​ការអនុវត្ត​ផ្ទុយ​នឹង​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល ស្ដីពី​សម្បទាន​ដី​សេដ្ឋកិច្ច។

ពលរដ្ឋ​ភូមិ​ព្រៃពាយ​ម្នាក់ គឺ​លោក អ៊ំ សាមិត្ត បញ្ជាក់​ថា ក្រុមហ៊ុន​បាន​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​ច្បាប់ ដូចជា កាប់​ឈើ​ក្នុង​តំបន់​ដី​សម្បទាន​លក់​អស់​គ្មាន​សល់ ទុក​ដី​ទំនេរ​ចោល​មិន​ធ្វើការ​អភិវឌ្ឍ ទន្ទ្រាន​ដី​បន្ថែម រំលោភបំពាន​ដី​ប្រជាពលរដ្ឋ និង​សហគមន៍ ដុត​ផ្ទះ និង​ឈូស​បំផ្លាញ​ផលដំណាំ​កសិកម្ម​របស់​ពលរដ្ឋ​អស់​រាប់ពាន់​ហិកតារ ព្រមទាំង​ដាក់កុង​ត្រូល​យក​លុយ​ពី​ពលរដ្ឋ​ដែល​ដឹក​អុស ឬ​ដឹក​អនុផល​កាត់​តាម​តំបន់​ដី​សម្បទាន​របស់​ក្រុមហ៊ុន ហើយ​មិន​ឃើញ​មានការ​អភិវឌ្ឍ​អ្វី​នៅ​តំបន់​នោះ​ឡើយ។ «»

ពលរដ្ឋ​ម្នាក់ទៀត​នៅ​ភូមិ​ព្រៃពាយ គឺ​លោក ម៉ែន សម្បត្តិ ថ្លែង​ថា ក្រុមហ៊ុន​នេះ​ចាប់ផ្ដើម​មាន​វត្តមាន​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅ​ឆ្នាំ២០០៥ ហើយ​ផ្ដើម​ឈូស​ឆាយ​ប៉ះពាល់​ដីធ្លី និង​ផ្ទះសម្បែង​ពលរដ្ឋ​ពី​នៅ​ឆ្នាំ​២០០៦ រហូត​មក។ លោក​បន្ត​ថា សកម្មភាព​របស់​ក្រុមហ៊ុន បាន​ប៉ះពាល់​ដល់​ពលរដ្ឋ​ជាង ៦០០​គ្រួសារ នៅ​ក្នុង​ភូមិ​ទួលដូនតី ភូមិ​ព្រៃពាយ ភូមិ​ដុំ​ផ្ដៅ នៃ​ឃុំ​ត្រពាំង​ភ្លាំង និង​ភូមិ​តេជោពង្រក ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ហើយ​មិន​ឃើញ​អាជ្ញាធរ​ខេត្ត​កំពត​ចុះ​មក​ដោះស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ជូន​ពួកគាត់​នោះ​ទេ។ «»

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​អំពី​បញ្ហា​នេះ​ពី​អាជ្ញាធរ​ខេត្ត​កំពត​បាន​នៅឡើយ។

ចំណែក​ភាគី​ខាង​ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៊ិនធើថេនមិន ធ្លាប់​បាន​បញ្ជាក់​ប្រាប់​អាស៊ីសេរី កាល​ពី​ពេល​កន្លងទៅ​ថា ក្រុមហ៊ុន​កំពុង​ពិភាក្សា​ជាមួយ​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ អំពី​ផែនការមេ​ក្នុង​ការ​អភិវឌ្ឍ​ដំណាំ​កសិ​-​ឧស្សាហកម្ម​លើ​ដី​សម្បទាន​ទាំងនោះ។ តំណាង​ក្រុមហ៊ុន លោក ឡាយ សាំងលី ថ្លែង​ថា ក្រុមហ៊ុន​បាន​ដាំ​ដុះ​កូន​អាកាស្យា​ជា​បន្តបន្ទាប់ ហើយ​ជំហាន​បន្ទាប់ ក្រុមហ៊ុន​គ្រោង​នឹង​ដាំដូង​ប្រេង​នៅ​លើ​ដី​នោះ ដោយ​ប្រើប្រាស់​កម្លាំង​ពលកម្ម​របស់​ពលរដ្ឋ​នៅ​មូលដ្ឋាន។ «»

ទោះបីជា​យ៉ាងណា ការ​លើកឡើង​នេះ​ត្រូវ​បាន​ច្រានចោល​ដោយ​ក្រុម​ពលរដ្ឋ។ ពលរដ្ឋ​នៅ​ឃុំ​ត្រពាំងភ្លាំង ម្នាក់​ទៀត គឺ​លោកស្រី ចាន់ រឿន ថ្លែង​ថា ថ្វីត្បិតតែ​ក្រុមហ៊ុន​បាន​ឈូស​ឆាយ​ដី​ពិតមែន តែ​ក្រុមហ៊ុន​បាន​ដាំ​ដើម​អាកាស្យា​បាន​ប្រមាណ ៥០០ ទៅ ៦០០​ហិកតារ ប៉ុណ្ណោះ ចំណែក​ឯ​ដី​នៅសល់​មិន​ត្រូវ​បាន​ដាំ​ដុះ ឬ​អភិវឌ្ឍ​តំបន់​នោះ​ទេ ដោយ​ក្រុមហ៊ុន​បាន​ទុក​ដី​ទាំងនោះ​ឱ្យ​ទំនេរ​ចោល ពិសេស​ក្រុមហ៊ុន​បាន​ទន្ទ្រាន​ដី​បន្ថែម​ដែល​ប៉ះពាល់​លើ​ដី​ដែល​ពួកគាត់​ធ្លាប់​កាន់កាប់ និង​បង្កបង្កើនផល​កាល​ពី​ពេល​មុន។ លោកស្រី​សំណូម​ដល់​អាជ្ញាធរ​ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត​ឲ្យ​ចុះ​ដោះស្រាយ​បញ្ហា​នេះ​ផង កុំ​ឱ្យ​នៅ​បន្ត​រ៉ាំរ៉ៃ​បែបនេះ​តទៅទៀត។ «»

ក្រុមហ៊ុន វើលដ៍ទ្រីស្តារ អ៊ិនធើថេនមិន ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជិត ១ ម៉ឺន​ហិកតារ (.៨០០) នៅ​ស្រុក​ឈូក ខេត្ត​កំពត ពី​រដ្ឋាភិបាល​កាលពី​ឆ្នាំ​២០០៥ ក្រោម​កិច្ចសន្យា​សម្បទាន​រយៈពេល ៧០ ឆ្នាំ។ ក៏ប៉ុន្តែ​កាលពី​ខែ​សីហា ឆ្នាំ​២០១៦ រដ្ឋាភិបាល​បាន​ធ្វើ​អនុបយោគ​ដី​នេះ មក​នៅ​ត្រឹម​ជាង ៦ ពាន់​ហិកតារ (.១០៧) វិញ សម្រាប់​ឱ្យ​វិនិយោគ​ដំណាំ​កសិកម្ម កសិ​-​ឧស្សាហកម្ម និង​ចិញ្ចឹម​សត្វ។

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក (Adhoc) ខេត្ត​កំពត លោក ហេង ភារៈ ដែល​តាមដាន​ករណី​នេះ បញ្ជាក់​ថា ដី​ភាគច្រើន​ដែល​ក្រុមហ៊ុន​ទទួល​បាន ត្រូវ​បាន​ក្រុមហ៊ុន​ទុក​ទំនេរ​ចោល ដោយ​គ្មាន​ការ​អភិវឌ្ឍ ហើយ​ក្រុមហ៊ុន​ចេះតែ​បន្ត​ឈូស​ឆាយ​ដោយ​មិន​ឃើញ​មាន​ការ​ដាំដុះ​អ្វី​ឱ្យ​បាន​ជាក់លាក់​ឡើយ។ លោក​ស្នើ​សុំ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ គួរតែ​ចុះ​ស៊ើបអង្កេត​ករណី​នេះ​ដោយ​យកចិត្តទុកដាក់ ដើម្បី​រក​ដំណោះស្រាយ​ជូន​ពលរដ្ឋ ចៀសវាង​ការ​ទុក​បណ្ដែតបណ្ដោយ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ និង​ក្រុមហ៊ុន បន្ត​ប្រឈមមុខ​ដាក់គ្នា។ ហើយ​បើ​រក​ឃើញ​ថា ក្រុមហ៊ុន​មិន​អនុវត្ត​កិច្ចសន្យា​មែន​នោះ រដ្ឋាភិបាល​ត្រូវ​និរាករណ៍​កិច្ចសន្យា​របស់​ក្រុមហ៊ុន។ «»

ច្បាប់​ភូមិបាល​ឆ្នាំ​២០០១ ត្រង់​មាត្រា៦២ ចែងថា រាល់​សម្បទាន​ដី​សម្រាប់​ដំណាំ​ឧស្សាហកម្ម ត្រូវ​ចាប់​ផ្តើម​ធ្វើ​អាជីវកម្ម​ក្នុង​រយៈពេល ១២​ខែ បន្ទាប់ពី​ការ​ផ្តល់​សម្បទាន បើ​មិន​ដូច្នោះ​ទេ នឹង​ត្រូវ​ទុកជា​មោឃៈ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។