មន្ត្រីសង្គមស៊ីវិល ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនដែលបានទៅដល់កោះរ៉ុង ខេត្តព្រះសីហនុ បានបង្ហាញការព្រួយបារម្ភចំពោះសកម្មភាពពុះច្រៀកដីព្រៃធម្មជាតិ ដែលជាដីសាធារណៈរបស់រដ្ឋនៅតាមតំបន់ខ្លះនាមូលដ្ឋានសង្កាត់កោះរ៉ុង ផ្ដើមដោយបុគ្គលមានសិទ្ធិអំណាច និងអាជ្ញាធរភូមិ-សង្កាត់កោះរ៉ុង មួយចំនួន។
ការព្រួយបារម្ភរបស់មន្ត្រីសង្គមស៊ីវិល ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួនជុំវិញភាពអនាធិបតេយ្យនៃការពុះច្រៀកដីព្រៃធម្មជាតិមានដុះដើមឈើធំៗនៅលើកោះរ៉ុងបែបនេះ កើតឡើងក្រោយពេលរាជរដ្ឋាភិបាល តាមរយៈក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានសម្រេចដាក់ព្រៃធម្មជាតិមួយចំនួននាតំបន់កោះរ៉ុង ឲ្យក្លាយជាឧទ្យានជាតិ និងតម្រូវឲ្យអាជ្ញាធរស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រះសីហនុ ថែរក្សាព្រៃធម្មជាតិទាំងនោះកុំឲ្យមានការបំផ្លិចបំផ្លាញ ឬទន្ទ្រានកាន់កាប់។
មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋទាំងនោះស្នើដល់រដ្ឋបាលខេត្តព្រះសីហនុ ពិសេសថ្នាក់ដឹកនាំក្រសួងបរិស្ថាន ជាដើម ជួយបញ្ជូនមន្ត្រីស្អាតស្អំចុះអង្កេត និងឈានដល់ទប់ស្កាត់សកម្មភាពពុះច្រៀក ឬទន្ទ្រានដីព្រៃធម្មជាតិផ្ដើមដោយបុគ្គលខ្លះ ឬអ្នកមានតួនាទីដឹកនាំភូមិ និងមន្ត្រីថ្នាក់ដឹកនាំខ្លះនៃសង្កាត់កោះរ៉ុង ដែលកន្លងមកបានលក់ដីព្រៃធម្មជាតិមានដុះដើមឈើធំៗ ឲ្យបានទាន់ពេល ដើម្បីរក្សាព្រៃឈើនៅសេសសល់ដាក់ជាឧទ្យានជាតិនាថ្ងៃខាងមុខ។ ជាងនេះ បើរកឃើញកំហុសឆ្គងលក់ដូរដីព្រៃធម្មជាតិដូចការចោទមែននោះ រដ្ឋបាលខេត្តព្រះសីហនុ ត្រូវមានវិធានការតាមផ្លូវច្បាប់ទៅលើបុគ្គលទាំងនោះ។
អ្នកស្រី ជៀប សុធារី អ្នកសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ បានសាទរចំពោះសេចក្តីសម្រេចរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលដាក់ព្រៃធម្មជាតិនៅតំបន់ខ្លះនៃសង្កាត់កោះរ៉ុង ឲ្យក្លាយជាឧទ្យានជាតិសម្រាប់បម្រើដល់វិស័យទេសចរណ៍។ ប៉ុន្តែអ្នកស្រីស្នើឲ្យមន្ត្រីពាក់ព័ន្ធ ពិសេសរដ្ឋបាលខេត្តព្រះសីហនុ ត្រូវអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាព។ ជាងនេះទៀត ក៏ស្នើដល់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ពិសេសរដ្ឋាភិបាលត្រូវមានយន្តការ ឬដាក់ក្រុមការងារចម្រុះចុះតាមដានសកម្មភាពរបស់អាជ្ញាធរខេត្តព្រះសីហនុ ឲ្យបានដិតដល់ និងច្បាស់លាស់ ដើម្បីឈានដល់ថែរក្សាព្រៃធម្មជាតិដែលនៅសេសសល់ពីការទន្ទ្រានកាន់កាប់នៅលើកោះរ៉ុង ដាក់អភិរក្សជាឧទ្យានជាតិឲ្យបានគង់វង្ស៖ « ប្រសិនបើរដ្ឋាភិបាលបានប្រកាសដាក់ព្រៃធម្មជាតិនៅលើកោះរ៉ុងជាឧទ្យានជាតិ ប្រកាសដោយច្បាប់ ឬមានលិខិតបទដ្ឋាន ព្រះរាជក្រឹត្យ និងឯកសារច្បាប់ផ្សេងៗជាច្រើនទៀតបែបណាក៏ដោយ ប៉ុន្តែបើយន្តការនៃការគ្រប់គ្រងរបស់អាជ្ញាធរស្ថាប័នពាក់ព័ន្ធ ឬរដ្ឋាភិបាលមិនបានដិតដល់ ឬមានភាពច្បាស់លាស់ទេ គឺមិនអាចការពារដីព្រៃធម្មជាតិនៅលើកោះរ៉ុងឲ្យគង់វង្សបានទេ ជាពិសេសអាជ្ញាធរខេត្ត គឺត្រូវយកចិត្តទុកដាក់ ព្រោះរាល់ឯកសារទិញលក់ដីនៅតាមតំបន់នានា ឬនៅលើកោះរ៉ុង ទាល់តែមានការឆ្លងកាត់អាជ្ញាធរសង្កាត់ដឹងឮទៅលើឯកសារផ្លូវច្បាប់មួយចំនួនពីចៅសង្កាត់ »។
ត្រង់ចំណុចនេះ អ្នកឃ្លាំមើលការអភិវឌ្ឍសង្គមមួយចំនួន បានគាំទ្រចំពោះសេចក្តីសម្រេចរបស់រដ្ឋាភិបាលដែលសម្រេចដាក់ព្រៃធម្មជាតិតំបន់កោះរ៉ុង និងតំបន់ទឹកសាបបឹងព្រែកទប់ ជាឧទ្យានជាតិ ព្រមទាំងអភិរក្សថែរក្សាឲ្យបានគង់វង្សនាថ្ងៃអនាគត។
ចៅសង្កាត់កោះរ៉ុង លោក អ៊ួង និត ទទួលស្គាល់ថា កន្លងមកពិតជាមានសកម្មភាពទិញលក់ដីព្រៃធម្មជាតិនៅលើសង្កាត់កោះរ៉ុង ពិតមែន ប៉ុន្តែរូបលោកក្នុងនាមរដ្ឋបាលសង្កាត់កោះរ៉ុង មិនបានស៊ីញេទៅលើលិខិតទិញលក់របស់បុគ្គលមួយចំនួន ដែលបានស្នើសុំមករូបលោកនោះទេ ជាពិសេសដីធ្លីដែលពាក់ព័ន្ធព្រៃធម្មជាតិត្រៀមដាក់ចូលជាឧទ្យានជាតិ៖ « យើងបានបង្កករាល់ឯកសារ ឬមិនចុះហត្ថលេខាទៅលើលិខិតទិញលក់មួយចំនួន ដែលបុគ្គលមួយចំនួនបញ្ជូនមកឲ្យលោកដឹងឮ ឬទទួលស្គាល់ទៅលើឯកសារទិញលក់ដីធ្លីនៅលើកោះរ៉ុងជាច្រើនករណី ដោយយល់ថា ដីធ្លីនៅតំបន់នេះកំពុងស្ថិតក្នុងដៃក្រុមការងាររដ្ឋាភិបាលចុះវាស់តាមរូបមន្តស្បែកខ្លាជូនពលរដ្ឋ។ ជាងនេះ រដ្ឋបាលខេត្តព្រះសីហនុ មិនទាន់អាចគ្រប់គ្រងផ្នែករដ្ឋបាលបានត្រឹមត្រូវទេទៅលើការទិញលក់ដីនៅតំបន់នេះ ទើបបដិសេធមិនចុះហត្ថលេខា និងបញ្ជូនឯកសារជូនម្ចាស់ទិញលក់ដីមួយចំនួនវិញ »។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន មានប្រសាសន៍ថា នឹងពិនិត្យតាមដានលើករណីនេះដោយយកចិត្តទុកដាក់។ លោកបន្តថា ព័ត៌មាននៃសកម្មភាពលក់ដូរដីព្រៃធម្មជាតិដែលជាដីសាធារណៈរបស់រដ្ឋ ផ្ដើមដោយអ្នកមានតួនាទីជាថ្នាក់ដឹកនាំនៅតាមភូមិ និងមន្ត្រីដឹកនាំសង្កាត់កោះរ៉ុង ខ្លះ ដែលប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលមានការព្រួយបារម្ភ និងលើកឡើងនេះទេ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានសម្រេចបង្កើតតំបន់ការពារធម្មជាតិចំនួន ៣ថ្មីបន្ថែមទៀត មានឧទ្យានជាតិកោះរ៉ុង តំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ខេត្តព្រះសីហនុ និងតំបន់បេតិកភណ្ឌភ្នំត្បែង នៅខេត្តព្រះវិហារ ឲ្យស្ថិតក្រោមការគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន។
បញ្ហានេះ មន្ត្រីសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនថ្លែងថា នឹងរង់ចាំមើលប្រសិទ្ធភាពនៃការអនុវត្តទៅលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលបានដាក់តំបន់ព្រៃធម្មជាតិតំបន់កោះរ៉ុង និងតំបន់ទឹកសាបបឹងព្រែកទប់ជាឧទ្យានជាតិ ថាតើអាជ្ញាធរ ឬរដ្ឋបាលខេត្តព្រះសីហនុ អនុវត្តមានប្រសិទ្ធភាពដែរឬទេ?៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។