របាយការណ៍៖ ក្រុមហ៊ុន​មួយ​រំលោភ​យក​ដី​ជនជាតិ​ដើម​ភាគ​តិច​នៅ​មណ្ឌលគិរី

0:00 / 0:00

របាយការណ៍​ស៊ើប​អង្កេត​ចេញ​ផ្សាយ​ដោយ​ក្រុម​សង្គម​ស៊ីវិល បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋាភិបាល បាន​រំលោភ​យក​ដី​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​មណ្ឌលគិរី ជាង ១.០០០​ហិកតារ។

​របាយការណ៍​នេះ​បង្ហាញ​ថា ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើរ ១ (Binh Phuoc Kratie Rubber 1 Company Limited) ដែល​ទទួល​បាន​ដី​សម្បទាន​ចំនួន ៥.១០០​ហិកតារ បាន​រំលោភ​ដី​ព្រៃ​សហគមន៍​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​របស់​ជនជាតិ​ដើម​ភាគតិច​ព្នង នៅ​ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។ ការ​ស៊ើប​អង្កេត​នេះ រៀបចំ​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សមាគម​អាដហុក (ADHOC) មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជា ដោយ​សម្ភាសន៍​ប្រជាសហគមន៍ អាជ្ញាធរ​មូលដ្ឋាន និង​ការ​ចុះ​អង្កេត​ផ្ទាល់​របស់​មន្ត្រី​សង្គម​ស៊ីវិល។

​របាយការណ៍​ស៊ើប​អង្កេត​នេះ​អះអាង​ថា ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើរ ១ ដែល​ទទួល​បាន​ដី​សម្បទាន​ពី​រដ្ឋ បាន​វាតទី​ច្បាម​យក​ដី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច ដោយ​បាន​ចូល​កាប់​បំផ្លាញ​ព្រៃឈើ ដែល​ជា​ប្រភព​នៃ​ជីវិត​របស់​ប្រជា​សហគមន៍។

​មន្ត្រី​ផ្នែក​ច្បាប់​នៃ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល លោក វង្ស កុសល ឲ្យ​ដឹង​ថា ដី​ព្រៃ​សហគមន៍​ចំនួន​ ១.៥០០​ហិកតារ ត្រូវ​ក្រុមហ៊ុន​ច្បាម​យក​អស់ ១.១២៥​ហិកតារ។ លោក​ថា ការ​បាត់​ដី​ព្រៃ​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ក្នុង​ភូមិ​ចក់ចារ ចំនួន ៨៦៩​នាក់។

​លោក វង្ស កុសល បញ្ជាក់​ថា ផ្អែក​តាម​ការ​ផ្ទៀងផ្ទាត់​ផ្នែក​ច្បាប់ ដី​សហគមន៍​របស់​ជនជាតិ​ដើម​ភាគ​តិច​ជា​ដី​ស្រប​ច្បាប់ ដែល​បាន​ចុះបញ្ជី​ម្ចាស់​កម្មសិទ្ធិ​ដំណាក់កាល​ទី​២។ លោក​ថា ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើរ ១ មិន​បាន​ស្រាវជ្រាវ​ពី​ផល​ប៉ះពាល់​បរិស្ថាន (EIA) និង​មិន​បាន​ពិភាក្សា​ជាមួយ​ប្រជាពលរដ្ឋ មុន​នឹង​ចាប់​ផ្ដើម​អនុវត្ត​គម្រោង​អភិវឌ្ឍន៍​របស់​ខ្លួន​នោះ​ទេ។

​លោក​បន្ថែម​ថា ការ​អនុវត្ត​គម្រោង​របស់​ក្រុមហ៊ុន ក៏​ធ្វើ​មិន​ត្រូវ​តាម​នីតិវិធី ដោយ​ក្រុមហ៊ុន​មិន​បាន​ចុះ​បញ្ជី​ដីធ្លី​ត្រឹមត្រូវ៖ «យើង​ឃើញ​ថា មក​ទល់​ពេល​នេះ ក្រុមហ៊ុន​មិន​ទាន់​បាន​ដាក់​ពាក្យ​សុំ​ត្រឹមត្រូវ ឬ​ក៏​ការ​ចុះ​បញ្ជី​ដី​នៅ​ឡើយ​ទេ។ មួយ​ទៀត​ យើ​ង​ពិនិត្យ​ឃើញ​ថា ក្រុមហ៊ុន​បាន​ឈូស​ឆាប់​ដី​នៅ​តំបន់​នៅ​តំបន់​ភូមិ​ចក់ចារ​ហ្នឹង»

​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក អ៊ាង សុផល្លែត មាន​ប្រសាសន៍​ថា លោក​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​គម្រោង​របស់​ក្រុមហ៊ុន ប៊ិញ ភឿក ក្រចេះ រ៉ាប់ប៊ើរ ១ នៅ​ខេត្ត​មណ្ឌលគិរី នៅ​ឡើយ​ទេ។ លោក​ស្នើ​ឲ្យ​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​មាន​ជម្លោះដីធ្លី​ដាក់​ពាក្យ​បណ្ដឹង ឬ​ផ្ញើ​របាយការណ៍​មក​ក្រសួង ឬ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ ដើម្បី​ងាយ​ដោះស្រាយ​បញ្ហា៖ «មាន​បី​កន្លែង ទី​មួយ​ទៅ​អាជ្ញាធរ ហើយ​អាច​ទៅ​ក្រសួង​កសិកម្ម អាច​ទៅ​គណៈកម្មាការ​ដោះស្រាយ​ជម្លោះ​ដីធ្លី»

​តំណាង​ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​នៅ​ភូមិ​ចក់ចារ លោកស្រី ម៉ែន សុគន្ធា រៀបរាប់​ថា ការ​បាត់​បង់​ដី​សហគមន៍​នេះ ប៉ះពាល់​ប្រពៃណី​ធ្វើ​ចម្ការ​វិល​ជុំ​បាត់បង់​ដើម​ជ័រទឹក និង​ព្រៃ​ឈើ​ផ្សេង​ទៀត ដែល​ជា​ឆ្នាំង​បាយ​របស់​ជនជាតិ​ដើម​ភាគ​តិច៖ «គ្មាន ​អី​សង្ឃឹម​ទេ ដូច​ដើម​ជ័រ​ជា​ដើម គេ​កាប់​អស់​ហើយ គ្មាន​ស្អី​រក​ទេ។ ខ្ញុំ​ខំ​ដើរ​រើស​ចុង​ឈើ តែ​ពេល​យក​ទៅ​សិប្បកម្ម​ គេ​ចាប់​យក​លុយ ២០ ទៅ ៣០​ម៉ឺន​ទៀត។ ពួក​ខ្ញុំ​គ្មាន​អី​លោះ មាន​តែ​យក​ម៉ូតូ​ដែល​សម្រាប់​ចុះ​អភិរក្ស​ព្រៃឈើ។ បើ​ឡាន​ចេញ ទាំង​ឡានៗ មួយ​យប់ៗ​ទល់​ភ្លឺ គេ​បិទ​ភ្នែក បិទ​ច្រមុះ ចំណែក​ខ្ញុំ​ទល់​ច្រក​រក​អ្វី​ហូប​គ្មាន​ឥឡូវ។ គេ​ធ្វើ​បាន​ពួក​ខ្ញុំ​ដល់​ទី​បញ្ចប់»

​មន្ត្រី​ផ្នែក​ច្បាប់​លោក វង្ស កុសល បញ្ជាក់​ថា នៅ​ក្នុង​ទីតាំង​ក្រុមហ៊ុន​មាន​រោង​អារ​ឈើ​ដែល​មាន​កម្លាំង​សមត្ថកិច្ច​នៅ​យាមកាម។ លោក​សង្ស័យ​ថា មាន​មន្ត្រី​មាន​អំណាច​នៅ​ពី​ក្រោយ​ការពារ​ក្រុមហ៊ុន​ឯកជន​នេះ។

​របាយការណ៍​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ផ្សាយ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៦ រក​ឃើញ​ថា ប្រព័ន្ធ​ការិយាល័យ​គ្មាន​ប្រសិទ្ធភាព និង​អំពើ​ពុករលួយ ជា​មូលហេតុ​សំខាន់​ជាង​គេ ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​បាត់បង់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។