រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ព្រមានកោះហៅម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច (Phan Imex) ដើម្បីមកដោះស្រាយរាល់បញ្ហាដីធ្លីរបស់ក្រុមហ៊ុននេះ ជាមួយពលរដ្ឋនៅពេលខាងមុខ បន្ទាប់ពីលោកដោះស្រាយបញ្ហាដីធ្លីមួយចំនួនរួចរាល់។
លោក ជា សុផារ៉ា ថ្លែងដូចនេះក្នុងកិច្ចប្រជុំពិភាក្សាគម្រោងអភិវឌ្ឍន៍អគារសប៊ូឌីង នាទីស្ដីការក្រសួង នៅថ្ងៃទី៨ វិច្ឆិកា។ លោកបញ្ជាក់ថា បច្ចុប្បន្នលោកមានសំណុំរឿងបញ្ហាដីធ្លីរបស់ម្ចាស់ក្រុមហ៊ុន ផាន អ៊ីម៉ិច អ្នកស្រី ស៊ុយ សុផាន នៅក្នុងដៃជាង១០០ករណី៖ «ស៊ុយ សុផាន នេះ គឺគាត់ចំណាប់ណាស់ ! មនុស្សខ្ញុំថា មួយស្រុកខ្មែរ មនុស្សប្រុសដែលស្រីបោកបាន ខ្ញុំហើយលើកទី១។ ខ្ញុំគឺគាត់ ( ស៊ុយ សុផាន ) បោកបានមុនគេបង្អស់តាំងពីខ្ញុំនៅធ្វើចៅហ្វាយក្រុង ( ភ្នំពេញ ) ។ ខ្ញុំថា ( គាត់ ) ពូកែណាស់ ពូកែតាំងពីនិយាយ ពូកែតាំងពីអី ។ គាត់ថានែកប្អូន ! ខ្ញុំ ( ស៊ុយ សុផាន ) សុខចិត្តប្រមូលលុយនៅតាមដងផ្លូវយកភាស៊ី ហើយខ្ញុំ ( ស៊ុយ សុផាន ) ធ្វើផ្លូវជូនប្អូនឯង។ ខ្ញុំថាដូចសមដែរ យកស្លឹកត្នោត ខ្ចប់ស្ករត្នោត។ តែមានអី យាយ ផាន ( ស៊ុយ សុផាន ) ប្រមូលយកលុយអស់ ហើយផ្លូវយាយផានធ្វើបានតែបន្តិចនៅជុំវិញផ្សារថ្មីហ្នឹង ! ខ្ញុំសួរយាយផាន យ៉ាងម៉េចហើយ ? គាត់ ( ស៊ុយ សុផាន ) ថា ចេះមួយចុះពីររហូត។ យាយផាន និងខ្ញុំថ្ងៃខែមិនត្រូវគ្នា។ ឥឡូវមកដល់ក្រសួងរៀបចំដែនដីនេះ មានជាង១០០រឿង ដែលគាត់ប៉ះពាល់វិវាទដីធ្លី។ ខ្ញុំថា ឲ្យតែស្រឡះបន្តិច គឺដល់ម៉ោងហើយ។»
ប៉ុន្តែលោក ជា សុផារ៉ា មិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់ ថាលោកនឹងជជែកដោះស្រាយបញ្ហាដីធ្លីជាមួយអ្នកស្រី ស៊ុយ សុផាន នៅពេលណានោះទេ។
ឆ្លើយតបនឹងការព្រមាននេះ អ្នកស្រី ស៊ុយ សុផាន ឆ្លើយតបនៅថ្ងៃទី៨ វិច្ឆិកាថា អ្នកស្រីនឹងទៅតាមការកោះហៅរបស់លោក ជា សុផារ៉ា នៅពេលមានលិខិតផ្លូវការ។
អ្នកស្រី ស៊ុយ សុផាន ក៏ទទួលស្គាល់ថា អ្នកស្រីពិតជាមានបញ្ហាទំនាស់ដីធ្លីជាមួយពលរដ្ឋមែន គឺប្រមាណ១០០គ្រួសារ ដែលនៅជាប់នឹងព្រំប្រទល់ដីរបស់ខ្លួននៅសង្កាត់វាលស្បូវ។ ប៉ុន្តែចំពោះបញ្ហាដីធ្លីជាមួយពលរដ្ឋបុរីកីឡា អ្នកស្រីអះអាងថា អ្នកស្រីបានដោះស្រាយចប់សព្វគ្រប់អស់ហើយ។
ប៉ុន្តែយ៉ាងណាក៏ដោយ អតីតអ្នកបុរីកីឡា អ្នកស្រី ឆាយ គឹមហ៊ន ថា បញ្ហាដីធ្លីរបស់ក្រុមហ៊ុននេះ ជាមួយពលរដ្ឋបុរីកីឡា មិនទាន់បញ្ចប់ទេ ព្រោះពលរដ្ឋជាង៣០គ្រួសារទៀត មិនទាន់ទទួលបានសំណងតាមការសន្យាពីក្រុមហ៊ុន។
អ្នកស្រី ឆាយ គឹមហ៊ន បន្តថា កាលពីឆ្នាំ២០០៤ ក្រុមហ៊ុន ផាន អ៊ីមិច បានសន្យាថា សាងសង់អគារពីរខ្នងបន្ថែមទៀត ដែលមានកម្ពស់ ៦ជាន់ ឲ្យគ្រប់ ១០អគារតាមកិច្ចសន្យា សម្រាប់ផ្ដល់ជូនអ្នករងគ្រោះដីធ្លីក្រោយការបណ្ដេញចេញ។
ប៉ុន្តែការសាងសង់នេះបានខកខាន ដោយក្រុមហ៊ុនថា ខ្លួនក្ស័យធន។ អ្នកស្រី ឆាយ គឹមហ៊ន បញ្ជាក់ថា រហូតមកដល់ពេលនេះ អ្នកដែលនៅសល់ ពួកគេបន្តតវ៉ាសុំការដោះស្រាយពីក្រុមហ៊ុន ពីព្រោះពួកគេរស់នៅក្នុងស្ថានភាពលំបាក ដោយអ្នកខ្លះត្រូវរស់នៅក្រោមសំយ៉ាបផ្ទះគេ ហើយខ្លះទៀតត្រូវជួលផ្ទះគេជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។