ប្រជាពលរដ្ឋមានទំនាស់ដីធ្លីជាង ១០០នាក់ តំណាងឲ្យពលរដ្ឋជិត ២៥០គ្រួសារនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១៦ ខែសីហា នាំគ្នាទៅតវ៉ានៅមុខសាលាខេត្តឲ្យអាជ្ញាធរពន្លឿនការដោះស្រាយបញ្ហាដីធ្លីពួកគាត់។ ទន្ទឹមគ្នានេះ គោយន្តដឹកក្រុមអ្នកតវ៉ា ២គ្រឿងត្រូវបានអាជ្ញាធរស្រុកអូរជ្រៅ ឃាត់ជាប់ ធ្វើឲ្យពួកគាត់មួយចំនួនមិនអាចធ្វើដំណើរទៅដល់កន្លែងតវ៉ាបាន។
ក្រុមអ្នកតវ៉ាប្រមាណ ៥០នាក់ បានទៅដល់ទីកន្លែងតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ចំណែកឯពលរដ្ឋពាក់កណ្ដាលទៀតមិនបានទៅដល់គោលដៅឡើយ។
តំណាងពលរដ្ឋមានទំនាស់ដីធ្លីអ្នកស្រី ឡុង សុគន្ធី ប្រាប់អាស៊ីសេរី តាមទូរស័ព្ទថា មូលហេតុដែលពួកគាត់តវ៉ាដោយសារកន្លងមកអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធបានត្រឹមតែសន្យាខ្យល់ជាមួយពួកគាត់ដោយពុំបានដោះស្រាយអ្វីឡើយ។
អ្នកស្រីស្នើឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ ដោះស្រាយ ដោយធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់ឲ្យបានឆាប់រហ័ស៖ «ពួកខ្ញុំចេះតែរង់ចាំមើលអាជ្ញាធរដោះស្រាយ ហើយសួរពេកក៏គាត់និយាយ នឹងដោះស្រាយជូនតែរហូត ធ្វើឲ្យប្រជាពលរដ្ឋខ្លះមិនអាចរង់ចាំបាន ហើយធ្វើចំណាកស្រុកជាច្រើននាក់»។
ដីទំនាស់មានទំហំជាង ២ពាន់ហិកតារ ដើមឡើយស្ថិតនៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ប៉ុន្តែក្រោយមកអាជ្ញាធរខេត្តបន្ទាយមានជ័យ បានកាត់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ភូមិបឹងស្នោ ឃុំស្លាក្រាម ស្រុកស្វាយចេក វិញ។ អ្នកភូមិអះអាងថា ដីនេះប្រជាពលរដ្ឋជាង ២០០គ្រួសារបានកាន់កាប់ និងដាំដុះតាំងពីឆ្នាំ១៩៩៩ មក។ ដីនេះប្រជាពលរដ្ឋមានទំនាស់ជាមួយក្រុមហ៊ុន សំផាន់ ណារិទ្ធ អាជ្ញាធរស្រុកស្វាយចេក និងអ្នកមានទ្រព្យធនមួយចំនួនទៀត ហើយដោះស្រាយមិនចេញតាំងពីឆ្នាំ២០០៨ រហូតមក។
ឆ្លើយតបនឹងការតវ៉ានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ មានប្រសាសន៍ថា លោកត្រៀមបញ្ជូនអភិបាលរងខេត្តម្នាក់ និងមន្ត្រីពាក់ព័ន្ធក្នុងមូលដ្ឋាន ប្រជុំដោះស្រាយជាមួយប្រជាពលរដ្ឋនៅសាលាស្រុកអូរជ្រៅ នៅថ្ងៃទី១៧ ខែសីហា។
លោកអះអាងថា នឹងដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋឲ្យបានក្នុងពេលឆាប់ៗ៖ «យើងនឹងខិតខំ ដោះស្រាយឲ្យអស់លទ្ធភាព ថ្វីត្បិតរឿងនេះស្មុគស្មាញយ៉ាងណាក៏ដោយ ដើម្បីស្រាវជ្រាវរកសាវតារទំនាស់ឡើងវិញ ហើយខិតខំដោះស្រាយសម្របសម្រួលឲ្យចប់»។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន កត់សំគាល់ថា រឿងទំនាស់ដីនេះអូសបន្លាយពេលជាច្រើនឆ្នាំ ដោយសារកន្លងមកអាជ្ញាធរពាក់ព័ន្ធបានត្រឹមតែសន្យាក្នុងរូបភាពបន្ទន់ចិត្តប្រជាពលរដ្ឋដោយពុំមានចេតនាដោះស្រាយជូនពួកគាត់ឡើយ៖ «អាជ្ញាធរខេត្តគួរតែពន្លឿនដោះស្រាយរឿងនេះឲ្យបានឆាប់។ បើសិនជាអាជ្ញាធរខេត្តដោះស្រាយតាមសេចក្ដីសម្រេចរបស់មន្ត្រីសុរិយោដី ហើយចេញសេចក្ដីសម្រេចទៅ ហើយបើសិនជាភាគីណាមិនសុខចិត្ត អាចមានសិទ្ធិប្ដឹងទៅស្ថាប័នថ្នាក់ជាតិ ឬបន្តនីតិវិធីទៅតុលាការទៀតទៅ»។
ក្រុមអ្នកតវ៉ាបានស្ទាក់រថយន្តអភិបាលខេត្តបន្ទាយមានជ័យ នៅមុខសាលាខេត្ត ហើយបានជួបនិយាយផ្ទាល់ជាមួយលោកអភិបាលខេត្ត។ ពួកគាត់បានវិលត្រឡប់ទៅផ្ទះវិញ នៅរសៀលថ្ងៃទី១៦ ខែសីហា ដដែល ហើយរង់ចាំមើលលទ្ធផលការប្រជុំដោះស្រាយនៅសាលាស្រុកអូរជ្រៅ បន្តទៀត។ ក្រុមអ្នកតវ៉ាបញ្ជាក់ថា ប្រសិនបើការប្រជុំនោះគ្មានដំណោះស្រាយទេ ពួកគាត់នឹងតវ៉ាសាជាថ្មីទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
