ពលរដ្ឋ​ជិត​១០០​នាក់​បិទ​ផ្លូវ​ជាតិ​លេខ​៤​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​បញ្ឈប់​រុះរើ​ផ្ទះ

0:00 / 0:00

ក្រុម​ប្រជាពលរដ្ឋ​មាន​ទីលំនៅ​ក្នុង​តំបន់​ក្បាលឆាយ ខេត្ត​ព្រះសីហនុ បាន​អះអាង​ថា នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ និង​បិទ​ផ្លូវ​ជាតិ​លេខ​៤​ជា​បន្ត​ទៀត បើ​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ បន្ត​រុះរើ​ផ្ទះ​សម្បែង និង​ផល​ដំណាំ​របស់​ពួក​គាត់​នា​ថ្ងៃ​អនាគត។

ចំណែក​អភិបាល​រង​ខេត្ត​ព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន់ ចោទ​ថា ពលរដ្ឋ​បាន​មក​សង់​ផ្ទះ​នៅ​លើ​ដី​ប្រភព​ទឹក​នា​តំបន់​ក្បាលឆាយ​អនាធិបតេយ្យ ទើប​អាជ្ញាធរ​មាន​វិធានការ​រុះរើ ដើម្បី​រក្សា​ដី​តំបន់​ប្រភព​ទឹក​សម្រាប់​បម្រុង​ដល់​ការ​ប្រើប្រាស់។

ការ​អះអាង​របស់​ក្រុម​ប្រជាពលរដ្ឋ​បែប​នេះ កើត​ឡើង​បន្ទាប់​ពី​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​អាវុធ​ជិត ១០០​នាក់ បាន​លួច​ឆ្មក់​ចូល​រុះរើ​ផ្ទះ​ពួក​គាត់​អស់​ចំនួន ៩​ខ្នង ក្នុង​ភូមិ​១ សង្កាត់​១ ក្រុង និង​ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែ​វិច្ឆិកា។

បន្ទាប់​ពី​ត្រូវ​សមត្ថកិច្ច​បំផ្លាញ​ផ្ទះ​អស់​ចំនួន ៩​ខ្នង ក្រុម​ប្រជាពលរដ្ឋ​ក៏​ផ្ទុះ​ការ​តវ៉ា និង​ប្រមូល​ផ្តុំ​គ្នា​បិទ​ផ្លូវ​ជាតិ​លេខ​៤​ប្រមាណ ២​ម៉ោង ចាប់​ពី​ម៉ោង ១០​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ ដើម្បី​តវ៉ា​ទាមទារ​អោយ​អាជ្ញាធរ​ខេត្ត​បញ្ឈប់​ការ​រុះរើ​ផ្ទះ និង​បំផ្លាញ​ផល​ដំណាំ​ពួក​គាត់។ ការ​តវ៉ា​នោះ ក្រុម​ប្រជាពលរដ្ឋ​បាន​លើក​បដា និង​ដុត​កង់ឡាន​ផង​នៅ​លើ​ផ្លូវ​ជាតិ​លេខ​៤ ប៉ុន្តែ​ក្រោយ​មក​ក៏​បាន​រំសាយ​ការ​ប្រមូល​ផ្តុំ បន្ទាប់​ពី​មន្ត្រី​សាលា​ខេត្ត​ព្រះសីហនុ បាន​ចុះ​មក​សម្រប​សម្រួល និង​ស្នើ​ឲ្យ​ពលរដ្ឋ​ចាត់​តំណាង​ចូលរួម​ពិភាក្សា​ដោះស្រាយ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​២ ខែ​វិច្ឆិកា។

យ៉ាង​ណា​ក៏ដោយ ក្រុម​ពលរដ្ឋ​អះអាង​ថា នឹង​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​ទ្រង់ទ្រាយ​ធំ​នា​ថ្ងៃ​អនាគត បើ​អាជ្ញាធរ​គ្មាន​ដំណោះស្រាយ និង​មាន​បំណង​រុះរើ​លំនៅឋាន​ពួក​គាត់​ទៀត​នោះ៖ «សូម​ឲ្យ​លោក​ចៅហ្វាយ​ខេត្ត និង​ចៅហ្វាយ​ក្រុង គិត​មើល​ផង? គណបក្ស​ប្រជាជន​ធ្លាក់​សំឡេង​ដោយសារ​អា​រឿង​ហ្នឹង ឲ្យ​សិក្សា​ឡើង ហើយ​មក​ធ្វើ​ចឹង​ទៀត មក​វ៉ៃ​ចាន​វ៉ៃ​ឆ្នាំង​ពលរដ្ឋ និង​បំផ្លាញ​ដើម​ឈើ​គាត់ តើ​ឲ្យ​គាត់​ទៅ​រស់នៅ​ទីណា? គាត់​ថា លំនៅឋាន​ណា​ដែល​បងប្អូន​រស់នៅ គឺ​រស់នៅ​ចុះ​ខ្ញុំ​អត់​រុះរើ​ទេ ហើយ​មាន​ដំណាំ​អី​ផ្សេងៗ គឺ​ដាំ​ដុះ​ទៅ និង​កុំ​ឲ្យ​រុះរើ​ទៅ​ណា។ កន្លែង​ណា​មាន​បងប្អូន​រស់នៅ គឺ​រដ្ឋ​មិន​យក​ទេ មាន​ដើម​ឈើ មាន​ស្វាយ និង​អណ្ដូងទឹក កុំ​ឲ្យ​រុះរើ​ទៅ​ណា។ គាត់​មក​និយាយ​ចឹង​បាន​ជា​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ដាំ​ដើម​ស្វាយ»

ទាក់ទិន​បញ្ហា​នេះ លោក ស្រ៊ុន ស្រ៊ន់ អភិបាល​រង​ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា មាន​ពលរដ្ឋ​ជាង ១​ពាន់​គ្រួសារ បាន​មក​តាំង​ទី​លំនៅ​នៅ​ប្រភព​ក្បាល​ទឹក តំបន់​ក្បាលឆាយ ដើម្បី​បម្រើ​ការ​ប្រើប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ។ លោក​បន្ត​ថា ពេល​ថ្មីៗ​នេះ​មាន​ពលរដ្ឋ​ជិត ៤០​គ្រួសារ បាន​មក​តាំង​ទី​លំនៅ​ថ្មី​នៅ​លើ​ដី​ប្រភព​ទឹក​តំបន់​ក្បាយ​ឆាយ ទើប​អាជ្ញាធរ​មាន​វិធានការ​រុះរើ​សំណង់​អនាធិបតេយ្យ​ទាំង​នោះ៖ «យើង​អត់​គិត​បញ្ជី​ចាស់​ទេ គឺ​យើង​គិត​តែ​បញ្ជី​ថ្មី​ដែល​គាត់​មក​ចូល​ស្នាក់​នៅ​ថ្មីៗ​នេះ​ជាង ៣០​គ្រួសារ ដែល​គាត់​មក​ទន្ទ្រាន​ថ្មី។ អា​ហ្នឹង​យើង​មិន​និយាយ​ចាស់​ទេ និយាយ​តែ​អ្នក​ថ្មី​ទេ។ ចំណែក​អ្នក​ចាស់ គឺ​មាន​ចំនួន​ជាង ១​ពាន់​គ្រួសារ​ជាង ហើយ​អ្នក​ទាំងអស់​ហ្នឹង គឺ​យើង​មិន​ប៉ះពាល់​អី​ទេ។ ដោយ​ឡែក​ដែល​យើង​មាន​វិធានការ​ថ្ងៃ​មិញ គឺ​សម្រាប់​តែ​អ្នក​លួច​កាប់​ទន្ទ្រាន​ថ្មី»

ទាក់ទិន​បញ្ហា​នេះ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ ដែល​តាម​ឃ្លាំ​មើល​សកម្មភាព​រុះរើ​លំនៅឋាន​ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា មាន​ពលរដ្ឋ​ខ្លះ​បាន​មក​តាំង​ទី​លំនៅ​តំបន់​ក្បាល​ឆាយ​ក្នុង​សង្កាត់​១ ខេត្ត​ព្រះសីហនុ តាំង​ពី​ឆ្នាំ​២០០៧ មក។ ហើយ​ក៏​មាន​ពលរដ្ឋ​ខ្លះ​ទៀត ទើប​បាន​មក​ទិញ​ដីធ្លី​នៅ​តំបន់​នេះ ដើម្បី​សង់​លំនៅឋាន​រស់នៅ​ជា​បន្តបន្ទាប់។

លោក ប៊ួន ណារិទ្ធ បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​ព្រះសីហនុ គួរ​មាន​គោល​នយោបាយ​បែង​ចែក​ចំណែក​ដី​មួយ​ផ្នែក​ជូន​ពលរដ្ឋ ដែល​បាន​ទៅ​សង់​ផ្ទះ​នៅ​តំបន់​ក្បាល​ឆាយ​ដែល​ត្រូវ​អាជ្ញាធរ​រុះរើ​ផ្ទះ​ពេល​នេះ។ លោក​បន្ត​ថា ដី​នៅ​តំបន់​ក្បាយ​ឆាយ​នេះ ក៏​មាន​ចំណែក​ដី​របស់​អតីត​អភិបាល​ខេត្ត​ព្រះសីហនុ លោក ស្បោង សារ៉ាត មន្ត្រី​សាលា​ក្រុង​ព្រះសីហនុ និង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រម​ទាំង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​ព្រះសីហនុ ជាច្រើន​ប្លង់ និង​ច្រៀក​លក់​ដូរ​ជា​បន្តបន្ទាប់​រហូត​មក​ដល់​ពេល​នេះ៖ «ប្រជាពលរដ្ឋ​រស់នៅ​ទី​ហ្នឹង គឺ​ទិញ​ដី​តៗ​គ្នា ហើយ​អ្នក​ខ្លះ​រស់នៅ​យូរ​ឆ្នាំ​ហើយ អ្នក​ខ្លះ​ទៀត​ទើប​មក​រស់នៅ។ អ្នក​ខ្លះ​សង់​ផ្ទះ​យូរ​ហើយៗ អ្នក​ខ្លះ​ក៏​ទើប​នឹង​សាងសង់​ជា​បន្តៗ​ដែរ។ និយាយ​រួម​ទៅ គឺ​តាំង​ពី​ឆ្នាំ​២០០៧ និង​ឆ្នាំ​២០០៨ គឺ​នៅ​ពេល​ដែល​ដី​ឡើង​ថ្លៃ។ ហើយ​ភាគ​ច្រើន​ទិញ​ដី​ហ្នឹង គឺ​ទិញ​ពី​ទាហាន ឬ​កង​កម្លាំង​ដែល​ការពារ​តំបន់​ក្បាល​ឆាយ​ហ្នឹង គឺ​គាត់​ទិញ​តៗ​គ្នា​មក។ ដី​ហ្នឹង​ភាគ​ច្រើន​ជា​ដី​តំបន់​អនុក្រឹត្យ​លេខ​៧០ និង​លេខ​៧៦ ដែល​គេ​រក្សា​ទុក​ជា​តំបន់​ការពារ​ទឹក​ស្អាត​ក្បាល​ឆាយ»

អភិបាល​រង​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​សង្គម​ស៊ីវិល បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​មក​តាំង​ទីលំនៅ​នា​តំបន់​ក្បាល​ឆាយ ដែល​រដ្ឋ​បាន​ហាម​ឃាត់​នេះ សរុប​មាន​ចំនួន​ជាង ១​ពាន់​គ្រួសារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។