ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ដាក់​ញត្តិ​ឲ្យ​ធនាគារ ANZ

0:00 / 0:00

អ្នក​ខេត្ត​កំពង់ស្ពឺ ជិត ១​ពាន់​គ្រួសារ ដែល​រង​ផល​ប៉ះពាល់​ពី​ការ​អភិវឌ្ឍ​ចម្ការ​អំពៅ​របស់​ក្រុមហ៊ុន លី យ៉ុងផាត់ នៅ​តែ​មិន​ទាន់​បាន​ទទួល​សំណង​សមស្រប​នៅ​ឡើយ។ ដោយសារ​បញ្ហា​នេះ ធ្វើ​ឱ្យ​អ្នក​ស្រុក​មួយ​ចំនួន ស្វែងរក​អន្តរាគមន៍​ពី​ធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ (ANZ Royal) នៅ​ភ្នំពេញ។

អ្នក​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​អំពៅ​របស់ លោក លី យ៉ុងផាត់ នៅ​ស្រុក​ឱរ៉ាល់ និង​ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ ចំនួន ១៣​នាក់ ដែល​អះអាង​ថា​ជា​តំណាង​អ្នក​ភូមិ នាំ​គ្នា​ដាក់​ញត្តិ​ដល់​ធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ នៅ​ភ្នំពេញ ដើម្បី​ឱ្យ​ធនាគារ​ផ្ដល់​ដំណោះស្រាយ​សមស្រប​សម្រាប់​ពួក​គាត់។

តំណាង​អ្នក​ភូមិ​នៅ​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ មួយ​រូប គឺ​លោក ចាន់ សុខឿន ថ្លែង​នៅ​មុខ​ធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ នៅ​រសៀល​ថ្ងៃ​ទី​១ សីហា ថា មូលហេតុ​ដែល​ពួក​គាត់​មក​រក​អន្តរាគមន៍​នៅ​ទី​នេះ ពីព្រោះ​ធនាគារ​នេះ​ធ្លាប់​បាន​ផ្ដល់​លុយ​ឱ្យ​ក្រុមហ៊ុន​របស់ លោក លី យ៉ុងផាត់ ខ្ចី ដើម្បី​ដាំ​អំពៅ​នៅ​ទី​នោះ៖ «ធនាគារ អេអ៊ិនហ្សិត ផ្ដល់​ប្រាក់​កម្ចី​ឱ្យ​ទៅ​ក្រុមហ៊ុន លី យ៉ុងផាត់។ អ៊ីចឹង ក្រុមហ៊ុន​ហ្នឹង​បាន​ធ្វើ​ការ​ដាំដុះ​ដំណាំ​នៅ​តំបន់​នោះ មាន​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​យើង​ខ្ញុំ។ ខ្ញុំ​មក​ដល់​ទៅ​ពីរ​ស្រុក តែ​គិត​តែ​ខាង​ឃុំ​អមលាំង ខ្ញុំ ៣១៧​គ្រួសារ»

តំណាង​អ្នក​ភូមិ​មួយ​រូប​ទៀត​មក​ពី​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ គឺ​អ្នកស្រី ចេង សុភាព មាន​ប្រសាសន៍​ថា ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ចម្ការ​អំពៅ​របស់ លោក លី យ៉ុងផាត់ ដែល​មាន​ឈ្មោះ​ថា ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) ធ្វើ​ឱ្យ​ពួក​គាត់​បាត់​បង់​ដី​ធ្វើ​ស្រែ​ចម្ការ ចិញ្ចឹម​សត្វ និង​រក​អនុផល​ព្រៃ​ឈើ​ចិញ្ចឹម​ជីវិត។ អ្នកស្រី​បន្ត​ថា សព្វថ្ងៃ ពួក​គាត់​កំពុង​មាន​ជីវភាព​លំបាក​ខ្លាំង៖ «ប្រជាពលរដ្ឋ​ពួក​ខ្ញុំ​កាល​ពី​ដើម​មិន​ទាន់​ឈូស​ឆាយ មាន​កន្លែង​ឃ្វាល​គោ ចិញ្ចឹម​គោ​បាន​ច្រើន ហើយ​បន្ទាប់​មក​ទៀត ធ្វើ​ស្រែ​ក៏​បាន​ផល​ច្រើន។ អត់​មាន​ការ​ខ្វះខាត​ទេ។ អនុផល​ព្រៃ​ឈើ អាច​កាត់​ឧស​ការេ​ក្រៀមៗ​យក​មក​លក់​ទីផ្សារ​បាន។ សព្វ​ថ្ងៃ​នេះ​ចូល​ក្រុមហ៊ុន​មិន​បាន​ទេ គឺ​បាន​ឈូស​ឆាយ​ទាំង​អស់ បិទ​ទាំង​ផ្លូវ​មិន​ឱ្យ​ចូល​ទៀត»

មន្ត្រី​ធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ បាន​អនុញ្ញាត​ឱ្យ​តំណាង​អ្នក​ភូមិ​ចំនួន ២​រូប ចូល​ជួប​ពិភាក្សា និង​ទទួល​យក​ញត្តិ​របស់​ពួក​គាត់។ អគ្គនាយក​ធនាគារ អេអ៊ិនហ្សិត លោក ហ្គ្រែន ណាក់ឃី (Grant Knuckey) នៅ​មិន​ទាន់​អាច​ធ្វើ​អត្ថាធិប្បាយ​អ្វី​បាន​នៅ​ឡើយ​ទេ បន្ទាប់​ពី​ទទួល​ញត្តិ​របស់​អ្នក​ភូមិ​នៅ​កំពង់ស្ពឺ នោះ។ ជំនួយ​ការ​របស់​លោក​បញ្ជាក់​ថា លោក​នឹង​ប្រជុំ​ពិនិត្យ​ញត្តិ​របស់​អ្នក​ភូមិ​ទាំង​នោះ​សិន។

កាល​ពី​ខែ​កក្កដា កន្លង​ទៅ​នេះ ក្រុមហ៊ុន លី យ៉ុងផាត់ បាន​ទូទាត់​ប្រាក់​កម្ចី​ឱ្យ​ទៅ​ធនាគារ អេអ៊ិនហ្សិត រ៉ូយ៉ាល់ វិញ​ហើយ។

នៅ​ក្រោយ​ជំនួប​នោះ តំណាង​អ្នក​ភូមិ​រំពឹង​ថា នឹង​ទទួល​ការ​ឆ្លើយ​តប​ពី​ធនាគារ​នៅ​ក្នុង​ពេល​ឆាប់ៗ ពីព្រោះ​ពេល​នេះ​ដល់​រដូវ​ធ្វើ​ស្រែ៖ «គាត់​សន្យា។ យើង​ដាក់​តែ​មួយ​អាទិត្យ តែ​គាត់​នឹង​ពិនិត្យ​ឯកសារ​ដែល​យើង​ដាក់​ទៅ​ហ្នឹង​វា​យ៉ាង ហើយ​នឹង (ធ្វើ) ទំនាក់ទំនង​ទៅ​ក្រុមហ៊ុន លី យ៉ុងផាត់ និង​ភ្នំពេញ ស៊ូហ្គើរ ហ្នឹង ជជែក​គ្នា​រឿង​ដំណោះស្រាយ។ ខ្ញុំ​និយាយ​រៀប​រាប់​តាំង​ពី​ដំណោះស្រាយ តាំង​ពី​ការ​ចរចា (នៅ​សណ្ឋាគារ) សាន់វ៉េ អី គាត់​ដឹង​ឮ​ដែរ​ថា ធនាគារ អេអ៊ិនហ្សិត ហ្នឹង​ចូលរួម​ចរចា​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ នៅ សាន់វ៉េ។ អ៊ីចឹង ក្រុមហ៊ុន​ហ្នឹង​ថា ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​រួច​អស់​ហើយ អត់​មាន​ពាក់ព័ន្ធ​អី​ទៀត​ទេ បាន​ជា​គាត់​វេរ​លុយ​មក​ឱ្យ​វិញ។ អ៊ីចឹង​ធនាគារ អេអ៊ិនហ្សិត អត់​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​តែ​វេទនា នៅ​តែ​អត់​ដីធ្លី នៅ​តែ​ខ្វះ​អត់​មាន​ស្បៀង​គ្រប់គ្រាន់​សម្រាប់​គ្រួសារ»

តំណាង​អ្នក​ភូមិ​អះអាង​ថា ដី​ដែល​នៅ​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន លី យ៉ុងផាត់ នោះ មាន​ទំហំ​ជាង ១​ពាន់​ហិកតារ។

មេ​ឃុំ​អមលាំង គឺ​កញ្ញា គឹម ជីន បញ្ជាក់​ថា អ្នក​ភូមិ​មិន​ពេញ​ចិត្ត​នឹង​ក្រុមហ៊ុន​ដែល​ដោះស្រាយ​យឺត៖ «គាត់​ព្យាយាម​ដោះស្រាយ។ ក៏ប៉ុន្តែ​ការ​ដោះស្រាយ​របស់​គាត់​នោះ វា​ហាក់​ដូច​ជា​យឺតយ៉ាវ​បន្តិច ព្រោះ​គាត់​ដោះស្រាយ​ម្ដង​មួយ​គ្រួសារ ឬ​ពីរ​គ្រួសារ​អ៊ីចឹង។ (ប្រជាពលរដ្ឋ) គាត់​អត់​ពេញ​ចិត្ត​ទេ ព្រោះ​កន្លង​មក​ទាក់ទង​នឹង​រឿង​ដីធ្លី​ហ្នឹង សភា​ពាណិជ្ជកម្ម​អឺរ៉ុប គេ​ចុះ​មក​ស្រាវជ្រាវ​ដល់​មូលដ្ឋាន​ផ្ទាល់។ ប៉ុន្តែ​កន្លង​មក​ឃើញ​ថា សភា​ពាណិជ្ជកម្ម​អឺរ៉ុប និង​ប្រជាពលរដ្ឋ​បាន​ជួប​គ្នា​នៅ​ថ្នាក់​មូលដ្ឋាន។ ក៏ប៉ុន្តែ លោក លី យ៉ុងផាត់ គាត់​អត់​បាន​ចូលរួម​ជួប​ជាមួយ​ប្រជាពលរដ្ឋ។ អ៊ីចឹង​ដំណោះស្រាយ​នៅ (អត់) មាន​នៅ​ឡើយ​នៅ​ឃុំ​អមលាំង»

អ្នកស្រី ចេង សុភាព ថ្លែង​ថា កាល​ពី​ខែ​កុម្ភៈ លោក លី យ៉ុងផាត់ បាន​ជួប​សន្យា​ជាមួយ​អ្នក​ភូមិ​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ឆាប់៖ «គាត់​ថា​នឹង​ទទួល​សង​ដោយ​បន្ទាន់​បំផុត និង​សមស្រប។ តែ​ក្រោយ​មក​ទៀត​ហ្នឹង គាត់​អត់​បាន​ធ្វើ​តាម​ពាក្យ​គាត់​ដែល​បាន​សន្យា​ជាមួយ​តំណាង​ពួក​ខ្ញុំ​ទេ។ អ៊ីចឹង គាត់​បែរ​ជា​ឱ្យ​តំណាង​របស់​គាត់​ដោះ​ម្ដង​មួយៗ។ ឧទាហរណ៍​ដូច​ជា​ដី ៣​ហិកតារ អ៊ីចឹង ជីក​ស្រះ​កណ្ដាល​មួយ ឱ្យ​គ្នា ១.៥០០ (ដុល្លារ) សន្យា​ថា ឱ្យ​ចូល​ធ្វើ​ដី​ស្រែ​ហ្នឹង​ចុះ ស្រះ​ហ្នឹង​ប្រើ​ចុះ។ តែ​បែរ​ជា​មក​ចុង​ក្រោយ​វិញ គ្នា​ផ្ដិត​មេដៃ​ទទួល​យក​លុយ ១.៥០០ ហើយ បែរ​ជា​អត់​ឱ្យ​ស្រែ​គ្នា​ធ្វើ​វិញ។ អ៊ីចឹង​វា​ទទេ​ទាំងអស់»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន លី យ៉ុងផាត់ ដើម្បី​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១ សីហា។ អ្នក​ដែល​ទទួល​ទូរស័ព្ទ​ឆ្លើយ​តប​ថា លោក​ជា​បុគ្គលិក​ធម្មតា មិន​ដឹង​ពី​បញ្ហា​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។