ពលរដ្ឋ​មាន​ជម្លោះ​ដី​ខេត្ត​បាត់ដំបង​និង​បន្ទាយមានជ័យ​តវ៉ា​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ

0:00 / 0:00

ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​មក​ពី​​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ​ និង​ស្រុក​បវេល​ ខេត្ត​បាត់ដំបង ប្រមាណ ១០០​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​មករា ប្រមូលផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​បាត់ដំបង ឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​ឲ្យ​បាន​ឆាប់រហ័ស​ដើម្បី​ពួកគាត់​យក​ដី​ទៅ​ដាំដុះ​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ។ ការ​តវ៉ា​នេះ​ ធ្វើ​ឡើង​បន្ទាប់​ពី​ពួកគាត់​ទន្ទឹង​រង់ចាំ​ការ​ដោះស្រាយ​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​អស់​ជា​ច្រើន​ខែ​មក​​ តែ​ពុំ​ទទួល​បាន​លទ្ធផល។

​ក្រុម​អ្នក​តវ៉ា​លើក​ឡើង​ថា ពួក​គាត់​ទាមទារ​អោយ​អាជ្ញាធរ​គោរព​ការ​សន្យា​ជាមួយ​ពលរដ្ឋ​កាល​ខែ​កញ្ញា ឆ្នាំ​២០១៤​​ ក្នុង​នោះ​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ ព្រមទាំង​លោក​ ឈាង វុន អ្នក​តំណាងរាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋ​សភា​ធ្លាប់​សន្យា​ថា​ ដោះស្រាយ​​ដីធ្លី​​ជូន​​ពួកគាត់​ឲ្យ​បាន។ ក្នុង​ពេល​នោះ លោក ឈាង វុន បាន​ស្បថ​ឲ្យ​ចុះ​នរក ប្រសិន​បើ​ដោះស្រាយ​មិន​បាន​សម្រេច។

អ្នក​ភូមិ​ថ្លែង​ថា​ ពួកគាត់​លះ​បង់​កម្លាំង​កាយ​កម្លាំង​ចិត្ត​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​នៅ​យប់​ថ្ងៃ​ទី​២៧ ខែ​មករា ហើយ​មក​​ដល់​មុខ​សាលា​បាត់ដំបង នៅ​ម៉ោង ១​កន្លះ​យប់​ ដើម្បី​ស្កាត់​មក​រក​អាជ្ញាធរ​អោយ​ជួយ​ដោះស្រាយ។ ពួកគាត់​ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​បញ្ចប់​ជម្លោះ​ និង​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ ដើម្បី​ងាយ​ស្រួល​យក​ដី​ដាំដុះ ដោយ​គ្មាន​ការ​គំរាមកំហែង​ពី​សំណាក់​អាជ្ញាធរ​ និង​អ្នក​មាន​ទ្រព្យធន​ទៀត៖ «ខ្លះ​ក៏​បាន​សម្រាក ខ្លះ​ក៏​មិន​បាន​សម្រាក​ទេ គឺ​នៅ​អង្គុយ​យាម​គ្នា​ម្ដង​ម្នាក់។ ពួក​គាត់​មក​ថ្ងៃ​នេះ​សុំ​ឲ្យ​តែ​លោក​អភិបាល​ខេត្ត ជួយ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​បាន​ធ្វើ​ប្លង់​ដី​ឲ្យ​កូន​ចៅ​តែ​ប៉ុណ្ណឹង​ឯង»

ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​រស់​នៅ​ភូមិ​ប្រសាទ រ៉ាង ឃុំតាគង់ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ និង​មួយ​ចំនួន​ទៀត​មក​ពី​ភូមិ​បឹង២ ឃុំ​បឹងប្រាំ ស្រុក​បវេល​ ខេត្ត​បាត់ដំបង។ ពួកគាត់​អះអាង​ថា ផ្ទៃដី​មាន​ទំនាស់​ប្រមាណ ១.៧០០​ហិកតារ នៅ​ភូមិ​ប្រសាទរ៉ាង និង​ភូមិ​បឹង២។ ដី​នេះ​ អ្នក​ភូមិ​ចំនួន​ជាង ៣០០​គ្រួសារ មាន​ទំនាស់​ជាមួយ​​លោក​ឧកញ៉ា សង ថន ឧកញ៉ា ប៉ែន កិ និង​ឧកញ៉ា ហ៊ា ប៊ុន។ អ្នក​ស្រុក​អះអាង​ថា​ ពួកគាត់​បាន​កាន់​កាប់​ដី​នោះ​តាំង​ពី​ឆ្នាំ​២០០៤ រហូត​មក​តែ​ការ​កាន់​នោះ​ពួកគាត់​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុម​​របស់​លោក​ឧកញ៉ា​ទាំង ៣​នាក់ គំរាមកំហែង​ជា​បន្ត​បន្ទាប់។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ អភិបាល​ខេត្ត​បាត់ដំបង​ លោក​ ច័ន្ទ សុផល​ មាន​ប្រសាសន៍​ថា ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ ដោយសារ​ពួកគាត់​យល់​ច្រឡំ។ លោក​បញ្ជាក់​ថា​ ការ​​យឺតយ៉ាវ​មក​នេះ​គឺ​ពុំ​មែន​អាជ្ញាធរ​មិន​ដោះស្រាយ​ដីធ្លី​ជូន​ពួកគាត់​នោះ​ទេ គឺ​ដោយសារ​អាជ្ញាធរ​ខេត្ត​ជាប់​រវល់​​ធ្វើ​​ផែន​ទី​កំណត់​ព្រំ​ប្រទល់​ឲ្យ​បាន​ច្បាស់លាស់​ ដើម្បី​ងាយ​ស្រួល​ដល់​ការ​​ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ៖ «ពួក​ខ្ញុំ​គិត​ថា ឲ្យ​តែ​ធ្វើ​ផែនទី​រួច​រាល់​ពេល​ណា នឹង​បន្ត​ចុះ​វាស់​ដី​ជូន​ពួក​គាត់​ទៀត។ សូម​ឲ្យ​បង​ប្អូន​ទុក​ចិត្ត​ពួក​ខ្ញុំ​ចុះ។ យើង​មិន​បាន​ទុក​ចោល​មិន​ដោះស្រាយ​ឲ្យ​ពួក​គាត់​នោះ​ទេ»

​​​​​​​​​​​​​​​​​​​​​​​​​ទោះ​យ៉ាង​នេះ​ក្ដី​មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​តវ៉ា​នេះ​ ដោយសារ​ពួកគាត់​ជា​ប្រជាពលរដ្ឋ​​ក្រីក្រ ខឹងសម្បា​នឹង​អាជ្ញាធរ​ដែល​មិន​បាន​ដោះស្រាយ​ទំនាស់​ដី​ជូន​ពួកគាត់។ លោក​បញ្ជាក់​ថា​ កន្លង​ទៅ​អាជ្ញាធរ​ខេត្ត​បាត់ដំបង ធ្លាប់​បាន​សន្យា​ឲ្យ​ពួកគាត់​ដាំដុះ​នៅ​លើ​ដី​នោះ​រហូត​ដល់​មាន​ការ​ដោះស្រាយ តែ​ផ្ទុយ​ទៅ​វិញ ពួកគាត់​មិន​អាច​ដាំដុះ​លើ​ដី​នោះ​បាន​ទេ៖ «ខ្ញុំ​នៅ​តែ​មាន​ក្ដី​កង្វល់​ថា តើ​អាជ្ញាធរ​នឹង​ចុះ​ដោះស្រាយ​ឲ្យ​នៅ​ពេល​ណា? ព្រោះ​ការ​លើក​ឡើង​របស់​ឯកឧត្ដម អត់​ជាក់លាក់​នៅ​ឡើយ​ទេ។ ប្រសិន​បើ​អភិបាល​ខេត្ត​លោក​កំណត់​ពេល​ឲ្យ​បាន​ច្បាស់លាស់​ទៅ នោះ​ប្រជាពលរដ្ឋ​នឹង​សប្បាយ​ចិត្ត​ហើយ»

​​​​​​​​​​​​បន្ទាប់​ពី​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ប្រមាណ ១​ម៉ោង អាជ្ញាធរ​ខេត្ត​បាត់ដំបង អនុញ្ញាត​ឲ្យ​តំណាង​អ្នក​តវ៉ា​ចំនួន ៥​នាក់ ចូល​ជួប​ពិភាក្សា​នៅ​ខាង​​ទីធ្លា​មុខ​សាលា​ខេត្ត។ អភិបាល​ខេត្ត​បាត់ដំបង​ សន្យា​នឹង​ចុះ​ដោះស្រាយ​ជូន​ពួកគាត់​ដល់​ទី​កន្លែង​យ៉ាង​យូរ ១០​ថ្ងៃ​ទៀត។ ប្រជាពលរដ្ឋ​បាន​សម្រេច​ចិត្ត​​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃ​ដដែល​ ហើយ​ពួកគាត់​រង់ចាំ​មើល​ បើ​សិន​ការ​ដោះស្រាយ​នេះ​​ពុំ​ទទួល​បាន​លទ្ធផល​ទេ​ នឹង​នាំ​គ្នា​តវ៉ា​សា​ជា​ថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។