ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ភរិយាលោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានលើកគ្នាប្រមាណជា ៦០នាក់ មកតវ៉ានៅខាងមុខសាលាខេត្ត នៅព្រឹកថ្ងៃទី៩ ខែមិថុនា។
ក្រុមអ្នកភូមិព្រមានបិទកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិឡពាង នៃឃុំតាជេស ប្រសិនបើអាជ្ញាធរខេត្តពុំមានសមត្ថភាពផ្អាកគ្រឿងចក្ររបស់ក្រុមហ៊ុនដែលឈូសឆាយនៅលើដីកំពុងមានជម្លោះ ដោយពុំទាន់មានការដោះស្រាយបញ្ចប់បញ្ហាជាមុនទេនោះ។
អ្នកភូមិដែលអះអាងថា ខ្លួនគឺជាជនរងគ្រោះក្នុងរឿងដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី មកពីភូមិសំរោង បឹងកក់ និងភូមិឡពាង នៃឃុំតាជេស ប្រដាប់ដោយបដាពាក្យស្លោក និងឧបករណ៍បំពងសំឡេងស្រែកទាមទារឲ្យអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធចេញមុខមកដោះស្រាយក្នុងរឿងដីធ្លីរបស់ពួកគាត់។
តំណាងប្រជាពលរដ្ឋលោក រាជ សីម៉ា មានប្រសាសន៍ថា សម្រាប់លោកផ្ទាល់មិនសូវមានជំនឿលើចំណាត់ការរបស់អាជ្ញាធរខេត្តឡើយ ប៉ុន្តែអ្នកភូមិនៅតែនាំគ្នាមកដាក់ញត្តិជូនអភិបាលខេត្តដោយសង្ឃឹមថា នឹងទទួលបានដំណោះស្រាយ។
លោកព្រមានថា យ៉ាងយូរបីថ្ងៃទៀត នឹងមានសកម្មភាពបិទផ្លូវជាតិ ប្រសិនអាជ្ញាធរពុំមានការឆ្លើយតប ឬចំណាត់ណាមួយទៅលើភាគីក្រុមហ៊ុន៖ «បើអភិបាលខេត្តអសមត្ថភាពមិនធ្វើការហាមឃាត់នេះពួកខ្ញុំនឹងប្រើជម្រើសចុងក្រោយ គឺធ្វើការបិទផ្លូវជាតិតែម្ដង។ សូម្បីថាយើងប្ដឹងទៅក្នុងតុលាការក៏គ្មានតុលាការណាហ៊ានចាត់ការដែរ ព្រោះរឿងនេះនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន នៅពីក្រោយខ្នង។ បានជាខ្ញុំហ៊ានអះអាង ព្រោះធម្មតាប្រជាពលរដ្ឋទាំងអស់នៅក្រោមច្បាប់សូម្បីតែជំទាវ ជា ខេង ក៏នៅក្រោមច្បាប់ដែរ ដូចជាយើងឃើញជាគំរូស្រាប់ថា មានអ្នកខ្លះប្ដឹងនាយករដ្ឋមន្ត្រីតែបណ្ដឹងរបស់គាត់មិនត្រូវបានតុលាការណាហ៊ានចាត់ការនោះទេ»។
ឆ្លើយតបបញ្ហានេះស្នងការរងទទួលបន្ទុកផែនការសណ្ដាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក លី វីរៈ ថ្លែងបញ្ជាក់ថា ប្រសិនបើក្រុមអ្នកតវ៉ាធ្វើសកម្មភាពអ្វីដែលប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈដូចជាការបិទផ្លូវជាដើមនោះ ខាងសមត្ថកិច្ចនឹងមានវិធានការបើកផ្លូវមិនអាចឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់ចរាចរណ៍បាននោះទេ។
ប្រជាពលរដ្ឋអះអាងថា ក្រុមហ៊ុនបានរំលោភយកដីអ្នកភូមិចំនួន ៥៧គ្រួសារ ស្មើនឹងផ្ទៃដីប៉ះពាល់សរុបជាង ១០០ហិកតារ រហូតមកដល់បច្ចុប្បន្នមិនទាន់ដោះស្រាយបញ្ចប់នៅឡើយ។ ក្រុមអ្នកភូមិនៅតែបន្តស្រែកតវ៉ានៅខាងមុខសាលាខេត្តរហូតមកដល់ព្រលប់ថ្ងៃទី៩ ខែមិថុនានេះ ប៉ុន្តែមិនឃើញមានអាជ្ញាធរចេញមកទទួលញត្តិរបស់ពួកគាត់ឡើយ។ នៅមុនការរំសាយសកម្មភាពតវ៉ាតំណាងប្រជាពលរដ្ឋបង្ហើបថា អ្នកភូមិនឹងរកវិធីសាស្ត្រថ្មីដោយមិនមកតវ៉ានៅខាងមុខសាលាខេត្តទៀតនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។