ជម្លោះដីធ្លីរវាងប្រជាពលរដ្ឋនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ភរិយាលោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅតែបន្តអូសបន្លាយ និងកាន់តែមានភាពស្មុគស្មាញក្នុងការដោះស្រាយ។
យ៉ាងណាមន្ត្រីអង្គការក្រៅរដ្ឋាភិបាលបង្ហាញពីភាពជឿជាក់ថា បញ្ហានឹងត្រូវបានដោះស្រាយបញ្ចប់ដោយងាយ ប្រសិនបើរដ្ឋាភិបាលបើកការស៊ើបអង្កេតរកការពិតលើទីតាំងដីដែលមានទំនាស់ ដើម្បីកុំឲ្យភាគីក្រុមហ៊ុនឆ្លៀតឱកាសប្រើឥទ្ធិពលទៅលើអ្នកអនុវត្តច្បាប់ ដែលជាហេតុនាំឲ្យបញ្ហាកាន់តែរីកធំឡើង។
គណៈកម្មការចម្រុះដោះស្រាយវិវាទដីធ្លីរបស់ខេត្តកំពង់ឆ្នាំង បានបញ្ចប់ការងាររបស់ខ្លួនក្នុងការលើកយកបណ្ដឹងពលរដ្ឋភូមិឡពាង ចំនួន ៥២គ្រួសារ មកដោះស្រាយក្រៅប្រព័ន្ធតុលាការ។ ជាលទ្ធផលមានពលរដ្ឋជាង ៣០គ្រួសារ បានយល់ព្រមទទួលយកសំណងជាប្រាក់ ដើម្បីបញ្ចប់បញ្ហាជាមួយក្រុមហ៊ុន ក្រៅពីនេះមានគ្រួសារខ្លះទាមទារឲ្យគណៈកម្មការចុះស៊ើបអង្កេតរកការពិតក្នុងរឿងដីធ្លីរបស់ខ្លួន មុននឹងធ្វើការដោះស្រាយ និងគ្រួសារខ្លះទៀតទាមទារប្រាក់សំណងទៅតាមហាងឆេងតម្លៃដីលើទីផ្សារបច្ចុប្បន្ន។
នៅគ្រាដែលបញ្ហារបស់ប្រជាពលរដ្ឋទាំង ៥២គ្រួសារនេះ មិនទាន់ដោះស្រាយបញ្ចប់គ្រប់គ្នាផង ស្រាប់តែមានប្រជាពលរដ្ឋចំនួន ៤០គ្រួសារទៀតមកពីភូមិសំរោង បឹងកក់ និងភូមិឡពាង នៃឃុំតាជេស នាំគ្នាប្ដឹងទាមទារដីទំហំជាង ៨០ហិកតារពីក្រុមហ៊ុនដោយអះអាងថា ខ្លួនក៏ជាអ្នករងគ្រោះក្នុងរឿងដីធ្លីនេះដែរ។ នៅព្រឹកថ្ងៃទី២៦ ខែឧសភា មានប្រជាពលរដ្ឋប្រមាណជា ៥០នាក់ ប្រមូលផ្ដុំគ្នានៅខាងមុខសាលាខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងដាក់ពាក្យបណ្ដឹង និងសុំជួបអភិបាលខេត្តលោក ឈួរ ច័ន្ទឌឿន ប៉ុន្តែត្រូវបានមន្ត្រីសាលាខេត្តប្រាប់ថាលោកមិននៅ។
ភ្លាមៗមន្ត្រីសាលាខេត្តហាក់មានភាពស្ទាក់ស្ទើរក្នុងការទទួលយកពាក្យបណ្ដឹងរបស់ពលរដ្ឋដោយជំរុញឲ្យប្ដឹងទៅស្ថាប័នតុលាការ។ មួយសន្ទុះក្រោយមកទើបមានមន្ត្រីសាលាខេត្តចំនួន ២រូប ចេញមកហៅតំណាងប្រជាពលរដ្ឋចំនួន ៤នាក់ទៅពិភាក្សា និងយល់ព្រមទទួលយកពាក្យបណ្ដឹងដោយសន្យាថានឹងយកទៅឆ្លងយោបល់ពីលោកអភិបាលខេត្ត ប៉ុន្តែសុំឲ្យប្រជាពលរដ្ឋនាំគ្នាវិលត្រឡប់ទៅលំនៅឋានវិញសិន។
ប្រជាពលរដ្ឋមកពីភូមិបឹងកក់ម្នាក់ អ្នកស្រី នាង បក់ មានប្រសាសន៍ថា អ្នកភូមិដែលឡើងមកតវ៉ានៅថ្ងៃនេះ គឺជាអ្នករងគ្រោះពិតប្រាកដ ពីព្រោះតាំងពីឆ្នាំ២០០៧មក ពួកគាត់ធ្លាប់ដើរតវ៉ា និងប្ដឹងផ្ដល់ស្ទើរគ្រប់ស្ថាប័នជាមួយពលរដ្ឋភូមិឡពាង ទាំង ៥២គ្រួសារដែរ ប៉ុន្តែអាជ្ញាធរមិនព្រមទទួលយកពាក្យបណ្ដឹងរបស់ពួកគាត់ និងមានការគំរាមកំហែងពីសំណាក់ក្រុមហ៊ុន និងអាជ្ញាធរខ្លាំងពេកទើបផ្អាកការដើរប្ដឹងផ្ដល់និងតវ៉ាមួយរយៈ៖ «រឿងដាក់ពាក្យហ្នឹងដាក់យូរហើយ ក៏ប៉ុន្តែគេមិនអើពើ។ ឈប់មួយរយៈមកដោយសារតែគេគំរាមខ្ញុំ គេឲ្យខ្ញុំដើរប្ដឹងដើរផ្ដល់ គេគំរាមថា ហានដើរប្ដឹងទៀតគេយកខ្ញុំដាក់គុក។ គំរាមកំហែងក៏លែងខ្លាចដែរម្ដងនេះ លែងខ្លាចហេតុដោយសារតែស្រែហ្នឹងហើយ»។
មន្ត្រីសេវាកម្មច្បាប់របស់សាលាខេត្តកំពង់ឆ្នាំង លោក វណ្ណ សាវឿន បានជួបពិភាក្សា និងទទួលយកពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទាំង ៤០គ្រួសារថ្មីនោះ ប៉ុន្តែលោកបដិសេធមិនធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះជាមួយវិទ្យុអាស៊ីសេរី ឡើយ ដោយលោកបញ្ជាក់ថា ព័ត៌មានមិនទាន់ច្បាស់លាស់មិនអាចផ្ដល់បទសម្ភាសន៍បាន។ ចំណែកអភិបាលរងទទួលបន្ទុកដោះស្រាយវិវាទដីធ្លីខេត្តកំពង់ឆ្នាំង លោក ចេញ ញ៉ាន់ អះអាងថា អ្នកស្រី ដោក សុទ្ធា ដែលជាអ្នកនាំពាក្យសាលាខេត្ត គឺជាអ្នកទទួលបន្ទុកដោះស្រាយក្នុងករណីដីធ្លីមួយនេះ។
អ្នកនាំពាក្យសាលាខេត្តកំពង់ឆ្នាំង និងជាអតីតប្រធានគណៈកម្មការដោះស្រាយទំនាស់ដីធ្លីនេះ អ្នកស្រី ដោក សុទ្ធា មានប្រសាសន៍យ៉ាងខ្លីថា នៅព្រឹកថ្ងៃទី២៦ ខែឧសភា អ្នកស្រីជាប់ប្រជុំជាមួយសាលាក្រុង ដូច្នេះអ្នកស្រីមិនដឹងថា មានប្រជាពលរដ្ឋឡើងមកដាក់ពាក្យបណ្ដឹងនៅខាងមុខសាលាខេត្តនោះទេ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា បើទោះបីជាមានពាក្យបណ្ដឹងថ្មីបន្ថែមទៀត ក៏ខាងអ្នកស្រីមិនអាចទទួលយកទៅដោះស្រាយបានដែរ៖ «អូ! អត់ទេ ចប់បេសកកម្មខ្ញុំហើយ ព្រោះខ្ញុំធ្វើត្រឹមតែអាការងារ ៥២គ្រួសារទេប៉ុណ្ណឹងបានហើយ»។
យ៉ាងណាកាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៤ អ្នកស្រី ដោក សុទ្ធា ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា គណៈកម្មការដែលបានបង្កើតឡើងដោយសាលាខេត្ត តាមការស្នើសុំរបស់ភាគីក្រុមហ៊ុន គឺបានដំណើរការ និងទទួលបានលទ្ធផលល្អប្រសើរ ដោយមានប្រជាពលរដ្ឋជាង ៣០គ្រួសារយល់ព្រមទទួលយកសំណងដើម្បីបញ្ចប់បញ្ហាជាមួយក្រុមហ៊ុន។ ចំណែកគ្រួសារដែលបដិសេធមិនទទួលយកការដោះស្រាយ គឺខាងគណៈកម្មការនឹងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការ និងជំរុញឲ្យមានការដោះស្រាយឲ្យបានឆាប់លើរឿងនេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងតំណាងក្រុមហ៊ុន ខេ.ឌី.ស៊ី លោក ថៃ ហ៊ី ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃ២៦ ខែឧសភា ប៉ុន្តែជាទូទៅលោក ថៃ ហ៊ី មិនដែលផ្ដល់បទសម្ភាសន៍ជាក់លាក់ណាមួយជាមួយបណ្ដាញផ្សព្វផ្សាយព័ត៌មានបរទេសនោះទេ។
នៅមុនការបង្កើតគណៈកម្មការចម្រុះដោះស្រាយវិវាទដីធ្លីនៅភូមិឡពាង និងភូមិបឹងកក់ របស់សាលាខេត្តកំពង់ឆ្នាំង កាលពីដើមខែមីនា ឆ្នាំ២០១៤ ភាគីក្រុមហ៊ុន ខេ.ឌី.ស៊ី បានស្នើសុំឲ្យមន្ត្រីសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា និងតំណាងពលរដ្ឋភូមិឡពាង លោក រាជ សីម៉ា ធ្វើលិខិតបញ្ជាក់លើចំនួនគ្រួសារដែលនឹងត្រូវដោះស្រាយក្រោយការបង្កើតគណៈកម្មការ។ តំណាងពលរដ្ឋ និងមន្ត្រីសមាគមក៏យល់ព្រមតាមសំណើដោយបញ្ជាក់ថា ពលរដ្ឋភូមិឡពាង និងបឹងកក់ ចំនួន ៥២គ្រួសារ បានដាក់ពាក្យបណ្ដឹងចូលដល់ដៃតុលាការរាជធានីភ្នំពេញ និងតុលាការខេត្តកំពង់ឆ្នាំង ប៉ុន្តែមិនបញ្ជាក់អំពីចំនួននៃប្រជាពលរដ្ឋមានទំនាស់ដីធ្លីមួយក្រុមហ៊ុនថា ចំនួនប៉ុន្មានពិតប្រាកដនោះទេ។
អនុប្រធានផ្នែកអង្កេតបញ្ហាដីធ្លី និងធនធានធម្មជាតិនៃសមាគមអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ករណីទំនាស់ដីធ្លីរវាងក្រុមហ៊ុន ខេ.ឌី.ស៊ី របស់អ្នកស្រី ជា ខេង ជាមួយនឹងប្រជាពលរដ្ឋមិនងាយនឹងដោះចប់ឡើយ ប្រសិនបើរដ្ឋាភិបាលមិនបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់ទៅលើដីរបស់អ្នកភូមិ និងព្យាយាមដោះស្រាយបញ្ហានេះនៅក្រៅប្រព័ន្ធតុលាការទេនោះ។
លោក ចាន់ សុវ៉េត៖ «រឿងបញ្ហាហ្នឹងមានអីពិបាក ប៉ុន្តែដោយសារថា រដ្ឋាភិបាលមិនព្រមធ្វើ ហើយក្រុមហ៊ុនឆ្លៀតឱកាសក្នុងការប្រើប្រាស់ឥទ្ធិពលដល់អ្នកមានអំណាចផង ទៅធ្វើឲ្យសភាពកាន់តែវឹកវរតទៅទៀត ហើយអ្នកដែលរងគ្រោះថ្នាក់គឺពលរដ្ឋ។ តែក្រុមហ៊ុនទេអ្នកធ្វើក្រោយដែលគាត់មានប្លង់ដី អ៊ីចឹងអ្នកមានអាចធ្វើបាន រីឯអ្នកក្រអត់ធ្វើអត់បានទេ អ៊ីចឹងប្រសិនប្ដឹងទៅតុលាការម៉េចឈ្នះ តុលាការផ្អែកទៅលើស្ថានឯកសារជាក់ស្ដែង ហើយដល់ពេលពលរដ្ឋអត់មានបានអីទៅប្ដឹងឈ្នះ អ៊ីចឹងរឿងនេះបើសិនជាដោះនៅតុលាការវិញ ពលរដ្ឋខុសទាំងស្រុងតែម្ដង អ៊ីចឹងរឿងនេះចាំបាច់ទទូចស្នើសុំដោះស្រាយក្រៅប្រព័ន្ធតុលាការ រកមធ្យោបាយដោះស្រាយតាមគោលនយោបាយរបស់រដ្ឋាភិបាល»។
វិបត្តិដីធ្លីរបស់ពលរដ្ឋជាច្រើនគ្រួសារនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានអូសបន្លាអស់រយៈពេលជិត ១០ឆ្នាំមកហើយ។ វិបត្តិនេះបានរុញច្រានឲ្យជីវភាពរបស់អ្នកភូមិធ្លាក់ដុនដាបខ្លាំង ដែលមានពលរដ្ឋខ្លះធ្លាក់ខ្លួនដើរកាប់ជន្លេន ចាប់កូនកង្កែប និងដេរស្លឹកកណ្ដបលក់ជាដើម។ ចំណែកមនុស្សពេញកម្លាំងធ្វើការវិញ បានធ្វើចំណាកស្រុកស្ទើរស្ងាត់ភូមិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
