ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ៣០នាក់ តំណាងឲ្យ ៣១គ្រួសារ នៅព្រឹកថ្ងៃទី២១ កុម្ភៈ លើកគ្នាទៅដល់សាលាក្រុង ដើម្បីស្នើឲ្យអាជ្ញាធរជួយអន្តរាគមន៍ ទៅការិយាល័យរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ វាស់វែងដីធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគាត់។
តំណាងប្រជាពលរដ្ឋ លោក ឆាង ហេង ឲ្យដឹងនៅថ្ងៃទី២១ កុម្ភៈថា មូលហេតុដែលពួកគាត់ទៅស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរក្រុងប៉ោយប៉ែត គឺដោយសារ កាលពីថ្មីៗនេះ ការិយាល័យរៀបចំដែនដីធ្លីរបស់សាលាក្រុងមួយនេះ បានចុះវាស់វែងដី ដើម្បីធ្វើប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋនៅតំបន់ពួកគាត់រស់នៅ ក៏ប៉ុន្តែមន្ត្រីរបស់ទាំងនោះទុកដី របស់ពួកគេចំនួន ៣១គ្រួសារចោល ហើយទៅវាស់វែងនៅកន្លែងផ្សេងទៀត ដោយយកលេសថាពួកគាត់រស់នៅលើដីរដ្ឋខុសច្បាប់៖ «បាទភ័យខ្លាចបើគេដេញពួកខ្ញុំទៅ តើពួកខ្ញុំទៅរស់នៅឯណាទេ ? ព្រោះពួកខ្ញុំក្រីក្រ ដោយមួយចំនួនធ្វើការនៅក្នុងកាស៊ីណូ នៅជិតកន្លែងស្នាក់នៅ ហើយប្រសិនបើអាជ្ញាធរបណ្ដេញ ឬមួយបង្ខំឲ្យពួកខ្ញុំទៅនៅកន្លែងផ្សេង គឺលំបាកណាស់ ព្រោះនៅឆ្ងាយពីកន្លែង ត្រូវចំណាយថវិកាធ្វើដំណើរច្រើនពួកខ្ញុំរត់មិនរួចទេ » ។
ទីតាំងដីដែលពលរដ្ឋស្នើសុំឲ្យអាជ្ញាធរធ្វើប័ណ្ណកម្មសិទ្ធិ ស្ថិតក្នុងទីប្រជុំជន នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ឆាយ ហេង អះអាងថា ដោយពលរដ្ឋខ្លះមានដីទទឹងចាប់ពី ៤ម៉ែត្រ ទៅ ១៥ម៉ែត្រ នឹងមានបណ្ដោយ ២០ម៉ែត្រ ហើយដីនោះគឺពួកគាត់បានតាំងទីលំនៅប្រមាណពី ១០ ទៅ ២០ឆ្នាំមកហើយ។ ទោះជាយ៉ាងណា បន្ទាប់ពីពលរដ្ឋបានជួបជុំគ្នានៅមុខសាលាក្រុង ប្រមាណ ៣ម៉ោងមក គឺអភិបាលក្រុងប៉ោយប៉ែត លោក សាន ស៊ានហូ បានអនុញ្ញាតឲ្យពួកគាត់ចូលជួបពិភាក្សា ក៏ប៉ុន្តែអាជ្ញាធរពុំបានដោះស្រាយជូនពួកគាត់នៅឡើយទេ ដោយលោក សាន ស៊ានហូ បានប្រាប់ពលរដ្ឋថា លោកនឹងនាំសំណើរបស់ពលរដ្ឋទៅពិភាក្សាជាមួយមន្ត្រីជំនាញពាក់ព័ន្ធបន្តទៀត។ ក្រុមពលរដ្ឋបានត្រឡប់ទៅផ្ទះវិញ នៅព្រឹកថ្ងៃទី២១កុម្ភៈ ហើយពួកគាត់លើកឡើងថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយជូនពួកគាត់ទេ គឺពួកគេនឹងនាំគ្នាតវ៉ានៅមុខសាលាក្រុងក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។