ជម្លោះ​ដីធ្លី​កើតឡើង​ជាថ្មី​នៅ​ស្រុក​គាស់ក្រឡ​ខេត្ត​បាត់ដំបង​ជាមួយ​ទាហាន​ភូមិ​ភាគ៥

0:00 / 0:00

ទំនាស់​ដីធ្លី​នៅ​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង បាន​កម្រើក​ឡើងវិញ​ជា​បន្ត​បន្ទាប់​នា​រយៈពេល​ចុងក្រោយ​នេះ។ ស្រុក​គោលដៅ​ដែល​មាន​ទំនាស់​ដីធ្លី​ខ្លាំងក្លា​ជាង​គេ​នោះ គឺ​នៅ​ស្រុក​ថ្មគោល ស្រុក​បវេល និង​ស្រុក​គាស់ក្រឡ។ ករណី​ទំនាស់​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ គឺ​មាន​កង​ទាហាន ភូមិភាគ​៥​ជាច្រើន​នាក់​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ហាមឃាត់​មិន​ឲ្យ​អ្នកភូមិ​ជា​ម្ចាស់​ដី ភ្ជួរ​រាស់​បង្កបង្កើន​ផលដំណាំ​នៅ​លើ​ដី​ដែល​គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​នោះ​ឡើយ។

អ្នកភូមិ​ជាង​៥០​គ្រួសារ បាន​អំពាវនាវ​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋអំណាច​មូលដ្ឋាន​និង​រាជរដ្ឋាភិបាល​ឲ្យ​ដោះស្រាយ លើ​ករណី​ជម្លោះដីធ្លី​ទំហំ​ជាង​១​រយ​ហិកតារ ដែល​កំពុង​កើត​មាន​ទំនាស់​ជាមួយ​កង​ទាហាន​ភូមិភាគ​៥។ ទាហាន​ភូមិភាគ​៥​ជាច្រើន​នាក់ បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ហាមឃាត់​គ្រឿងចក្រ​របស់​អ្នកភូមិ មិន​ឲ្យ​ឈូស​ឆាយ​នៅ​លើ​ផ្ទៃដី​ទំហំ​ជាង​១​រយ​ហិកតារ​ដើម្បី បង្កបង្កើនផល​បាន​នោះ​ឡើយ។

ដី​មាន​ទំនាស់​នេះ​ឋិត​នៅ​ភូមិ​គោករកា ឃុំ​ដូន​បា ស្រុក​គាស់ក្រឡ ខេត្ត​បាត់ដំបង។ អ្នក​ភូមិ​ឈ្មោះ នួន ពៅ បញ្ជាក់​ថា ដីស្រែ​ចម្ការ​ទំហំ​ជាង​១​រយ​ហិកតារ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​អ្នកភូមិ​ជាង​៥០​គ្រួសារ។ ដី​នោះ​ត្រូវ​បាន​ក្រុម​និស្សិត​ស្ម័គ្រចិត្ត និង គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត ចុះទៅ​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​ជូន​ពួកគាត់​រួចរាល់​ហើយ ប៉ុន្តែ​នៅ​ដើម​រដូវ​វស្សា​នេះ​ក្រុម​អ្នកភូមិ​បាន​ដាក់​គ្រឿងចក្រ​ទៅ​ភ្ជួរ​រាស់ ដើម្បី​បង្កបង្កើនផល​ស្រាប់​តែ​មាន​កង​ទាហាន​ជាច្រើន​នាក់​ចុះទៅ​ហាម​ឃាត់៖«មក​គំរាម​មិន​ឲ្យ​យើង​ភ្ជួរ​រក​ចាប់​អាត្រាក់ ហើយ​យើង​ត្រូវ​ការ​ដាំដុះ​ទាហាន​អត់​មាន​សំអាង​អី​ផង​សួរ​ថា​ប្លង់ដី​បង្កាន់ដៃ អត់​មាន​គេ​ថា​អាង​តែ​គេ​ទាហាន​ម្សិលមិញ​២​នាក់​ដឹកនាំ​កម្លាំង​ជាង​១០​នាក់ ហាម​មិន​ឲ្យ​ភ្ជួរ​ដាំ​ដុះ​ហើយ​ថត​យក​អា​ត្រាក់​ដែល​ខ្ញុំ​ជួល​អា​ត្រាក់​គេ​មក​ភ្ជួរ​ថត​យក​អា​ត្រាក់​គេ​ថា អ្នកណា​ហ៊ាន​ភ្ជួរ​គេ​ចាប់​អាត្រាក់ ម្ចាស់​អា​ត្រាក់​គ្នា​ភ័យខ្លាច។ ខ្ញុំ​សំណូមពរ​កុំ​ឲ្យ​ទាហាន​មក​ធ្វើបាប​ប្រជាជន​អ្នកភូមិ​មានកម្ម​សិទ្ធិ​ដី​ច្បាស់លាស់​អស់ហើយ លោក ហ៊ុន សែន ចារ​មក​ឲ្យ​ធ្វើ​អ៊ីចឹង​ពេក​ដូច​វា​ហួសហេតុ​ពេក​ប្រជាជន​រស់​នឹង​ស្រែចម្ការ ដល់​មក​ធ្វើការ​ហាមឃាត់​គ្នា​អ៊ីចឹង​ដាច់​បាយ​ដាច់​ទឹក​រត់​ទៅ​ថៃ​អស់»។

ការ​គំរាមកំហែង​ពី​សំណាក​យោធា​ភូមិភាគ​៥ ទៅលើ​ក្រុម​អ្នកភូមិ​ជា​ម្ចាស់​ដី​នេះ បាន​ចាប់​កម្រើក​ឡើងវិញ​តាំងពី​អំឡុង​ខែ​មេសា រហូតមកដល់​ខែ​ឧសភា ឆ្នាំ​២០១៤។ ក្រុម​អ្នកភូមិ​ដែល​ជា​ម្ចាស់​ដី និង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ស្របច្បាប់​រួចរាល់​ហើយ​នោះ កំពុង​មាន​ការ​ព្រួយ​បារម្ភ នៅ​គ្រា​ដែល​ពួកគាត់​រង​ការ​គំរាមកំហែង​ពី​សំណាក​កងទ័ព។ ទន្ទឹម​គ្នា​នេះ​ពួកគាត់​បាន​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត ចុះទៅ​ដោះស្រាយ​ជាបន្ទាន់​លើ​បញ្ហា​ករណី​ទំនាស់​ដីធ្លី​នេះ​ដើម្បី​ជួយ​ឲ្យ​អ្នកភូមិ​ធ្វើការ​បង្ក​បង្កើន​ផល​ទាន់​ដើម​រដូវ​វស្សា៖ «ដី​មាន​ប្លង់​រ៉ឹង​ហើយ​យើង​ភ្ជួរ​អាត្រាក់ គេ​មក​ហាមឃាត់ ថា ឲ្យ​ទៅ​ដោះស្រាយ​ជាមួយ​ទាហាន​សិន គេ​ថា​យើង​មាន​ប្លង់​គេ​សុំ​ឲ្យ​អ្នកភូមិ​យក​ប្លង់​ឲ្យ​មេទាហាន​គេ​មើល ដី​ហ្នឹង​យើង​អាស្រ័យ​ផល​ជា​រៀង​រាល់​ឆ្នាំ​ហើយ​និស្សិត​គាត់​បាន​ចុះ​មក​វាស់វែង ដី​ហ្នឹង​អត់​មាន​អស់​លោក​ណា​ថា ជា​ដី​លោក​នេះ លោក​នោះ​ទេ ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​ដាំ​ដំណាំ​ប្រចាំ​ឆ្នាំ ប្រចាំខែ​អត់​ដែល​មាន​អាក់ខាន​ម្ដងណា​ទេ​ដល់​ពេល​យើង​ទៅ​ភ្ជួរ​ដាំ​ដំឡូង​ដាំ​អី​គេ​ថា បើ​សិន​យើង​ដាំ​គេ​ឈូស​ឆាយ​ចោល»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​មន្ត្រី​យោធា​ភូមិភាគ​៥ ជុំវិញ​ការ​លើក​ឡើង​របស់​ក្រុម​អ្នកភូមិ​នេះ​បានទេ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​ឧសភា ឆ្នាំ​២០១៤ ប៉ុន្តែ អ្នក​សម្របសម្រួល​អង្គ​ការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​បាត់ដំបង លោក ស៊ុន តឹក យល់​ថា​ទាហាន​មិន​គួរ​ទៅ​រំលោភ​លើ​ដី​ប្រជាពលរដ្ឋ​ដែល​មាន​កម្មសិទ្ធិ​ស្របច្បាប់​រួចហើយ​នោះ​ទេ។ លោក​បន្ត​ថា តាម​ការសិក្សា​ស្រាវជ្រាវ​របស់​អង្គការ រក​ឃើញ​ថា​ករណី​ទំនាស់​ដីធ្លី​នៅ​ក្នុង​ខេត្ត​បាត់ដំបង កំពុង​កម្រើក​ឡើងវិញ​នេះ ទំនង​មាន​ជាប់​ទាក់ទិន​ទៅ​នឹង​ភាព​មិន​ច្បាស់លាស់​នៃ​ការ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ ហើយ​បញ្ហា​នេះ​ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត មានការ​ប្ដេជ្ញា​ចិត្ត​និង​ការទទួលខុសត្រូវ​ខ្ពស់​ចំពោះ​បញ្ហា​នេះ។ ដើម្បី​ទប់ស្កាត់​នូវ​បាតុភាព​ផ្សេងៗ​ដែល​អាច​កើតមានឡើង​នោះ មន្ត្រី​អង្គការ​លីកាដូ​ដដែល ជំរុញ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​គួរ​មាន​កិច្ច​អន្តរាគមន៍​ជួយ​ដល់​ក្រុម​អ្នកភូមិ៖ «បើ​នៅតែ​អ៊ីចឹង​ប្រជាពលរដ្ឋ​គាត់​អស់​ជំនឿ​លើ​អាជ្ញាធរ ដែល​ដោះស្រាយ​ខ្យល់​អោយ​ពួកគាត់​វា​អត់​មានអី​ជា​ដុំកំភួន​ទេ មាន​ប្លង់​មាន​ដី​តែ​អត់​បាន​ធ្វើស្រែ​នៅ​លើ​ដី​នោះ តើ​មានន័យ​អី ហើយ​មួយទៀត​មាន​ប្លង់​អត់​ដី​មាន​ប្រយោជន៍​អី ប្រជាពលរដ្ឋ​នៅ​បាត់ដំបង​ក្នុង​ក្រុង​នឹង​ជនបទ​ទៅ​ថៃ​ចង់​អស់​ហើយ ដោយសារ​បញ្ហា​អត់​ដី​ធ្វើស្រែ​ចម្ការ»។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ អភិបាលខេត្ត​បាត់ដំបង លោក ច័ន្ទ សុផល មាន​ប្រសាសន៍​ថា​អាជ្ញាធរ​ខេត្ត​កំពុង​គិតគូរ និង​រៀបចំ​ផែនការ​ធ្វើដំណើរ​ទៅកាន់​ទីតាំង​ដី​មាន​ទំនាស់​ជាក់ស្ដែង​ដើម្បី​ជួយ​ដល់​អ្នកភូមិ។ លោក​បន្ត​ថា​ករណី​ទំនាស់​ដីធ្លី​រវាង​អ្នកភូមិ និង​កង​ទាហាន​នៅ​ឃុំ​ដូនបា ស្រុក​គាស់ក្រឡ ជា​បន្ទុក​ថ្មី​មួយ​បន្ថែម​ទៀត ក្នុងចំណោម​ករណី​ទំនាស់​ដីធ្លី​ជាច្រើន​កន្លែង​ផ្សេងទៀត​នៅ​ស្រុក​បវេល និង​ស្រុក​ថ្មគោល៖ «ចាំ​ខ្ញុំ​ទាក់ទង​ទៅ​ស្រុក​ឲ្យ​ពួក​ខ្ញុំ​ចុះទៅ​ថ្ងៃ​ទី​២០​នេះ ពួក​ខ្ញុំ​ចុះ​ទៅ​ស្រុក​បវេល​ដែល​មាន​បាតុភាព​ដូច​គ្នា​អ៊ីចឹង ហើយ​បន្ទាប់​ពី​ថ្ងៃ​២០ ខ្ញុំ​ចុះ​ទៅ​ស្រុក​ថ្មគោល បាតុភាព​ដូចគ្នា​ដូច្នេះ​មាន​បញ្ហា​នេះ​មួយទៀត​ចាំ​មើល​ខ្ញុំ​លៃ​កម្មវិធី​ចុះទៅ​ជួយ»។

ក្នុង​រយៈពេល​ចុងក្រោយ​នេះ គេ​សង្កេត​ឃើញ​ថា​មាន​បាតុភាព​ជាច្រើន​កើត​មាន​ឡើង​ទាក់ទិន​បញ្ហា​ទំនាស់​ដីធ្លី នៅ​តាម​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្ត​បាត់ដំបង។ ជាក់ស្ដែង​ដូច ជា​ក្រុម​អ្នកភូមិ រស់នៅ​ឃុំ​មួយ​ចំនួន​នៅ​ស្រុក​គាស់ក្រឡ អ្នកខ្លះ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី ស្របច្បាប់​ពី​រដ្ឋាភិបាល​រួចហើយ ប៉ុន្តែ​ពួកគេ​មិន​អាច​ចុះទៅ​បង្កបង្កើត​ផល​នៅ​លើ​ដី​នោះ​បាន​ដោយសារ​មាន​ក្រុម​ទាហាន ភូមិភាគ​៥​ចុះទៅ​គំរាម​ហាមឃាត់។ អ្នកភូមិ​ខ្លះ​ទៀត​មានឈ្មោះ​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្របច្បាប់ ហើយ​ប៉ុន្តែ ពុំ​ទទួល​បាន​ដី​ជាក់ស្ដែង សម្រាប់​បង្កបង្កើនផល​នោះ​ឡើយ។ បញ្ហា​ទាំង​នេះ បាន​ធ្វើ​ពួកគាត់​ជួប​ការ​លំបាក​ខ្លាំង លើ​ការងារ​ជីវភាព​ប្រចាំថ្ងៃ ហើយ​អ្នកភូមិ​ខ្លះ​បាន​បង្ខំចិត្ត​ធ្វើដំណើរ​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃឡង់ដ៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។